
លោកស្រីអ៊ឹង កន្ថាផាវី ព្រមទាំងតំណាងស្ត្រីមកពីគណបក្សនយោបាយចូលរួមក្នុងព្រឹត្តិការណ៍ជំហានស្ត្រី (រូបថត វិសាល)ភ្នំពេញ ៖ គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ បានរៀបចំសកម្មភាពជាប្រវត្តិសាស្ត្រមួយដែលគេហៅថា «ព្រឹត្តិការណ៍ជំហានស្ត្រី» ដែលមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៨នេះ ក្នុងគោលដៅកសាងសាមគ្គីភាព និងទស្សនវិស័យរួមក្នុងតួនាទីជាស្ត្រី ក្រុមប្រឹក្សាឃុំ និងជាស្ត្រីថ្នាក់ដឹកនាំមូលដ្ឋានផ្ដល់ឱកាសដល់ស្ត្រីក្នុងការជួបជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សរៀងៗខ្លួន យុវជន និងយុវនារីនៅសកលវិទ្យាល័យ ព្រមទាំងការស្វែងរកការគាំទ្រសម្រាប់ស្ត្រីពីសំណាក់អ្នកដឹកនាំថ្នាក់ជាតិ ។
លោកស្រី ធីតា ឃិះ ប្រធានអង្គការសីលការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ បានមានប្រសាសន៍ថា ក្នុងឱកាសបើកវេទិកានៃព្រឹត្តិការណ៍ជំហានស្ត្រីថា ព្រឹត្តិការណ៍ជំហានស្ត្រីបានរៀបចំក្នុងពេលនេះ មានផែនការអញ្ជើញស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៣០០នាក់ មកពីគ្រប់ខេត្ត ក្រុង ជាពិសេសអញ្ជើញស្ត្រីមកពីគណបក្សនយោបាយមួយចំនួន៤ដូចជា គណបក្សប្រជាជនកម្ពុជា គណបក្សសម រង្ស៊ី គណបក្សនរោត្ដម រណឫទ្ធិ និងគណបក្សហ៊្វុនស៊ិនប៉ិច ។
លោកស្រីមានប្រសាសន៍ថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងពីសង្គមស៊ីវិល យើងមានមោទនភាពដោយសម្គាល់ឃើញថា ក្នុងដំណាក់កាលថ្មីនេះ តាមរយៈកម្មវិធីជំរុញស្ត្រីក្នុងការចូលរួម និងដឹកនាំសង្គមតាមក្របខ័ណ្ឌ នៃផែនការនានា ចំនួនស្ត្រីក្នុងក្រុមប្រឹក្សាឃុំសង្កាត់បានកើនឡើងពី ៨,៥ភាគរយមានក្នុងអាណត្តិទី១មក១៤,៦៤ភាគរយ ក្នុងអាណត្តិទី២ ។ លោកស្រីបានបញ្ជាក់ថា គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ក៏មានផែនការធ្វើសកម្មភាពបន្តទៀតដើម្បីពង្រឹង និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីដើម្បីធ្វើឲ្យចំនួនស្ត្រីក្នុងតួនាទីដឹកនាំ និងសម្រេចចិត្តស្របនឹងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា ។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីបានមានប្រសាសន៍ថា ស្ត្រីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ ។ លោកស្រីបានអះអាងថា នេះជាជំហានមួយបន្ថែមទៀតក្នុងការលើកកម្ពស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំការងារអភិវឌ្ឍន៍សហគមន៍ និងសង្គម ។
លោកស្រីរដ្ឋមន្ត្រី បានលើកឡើងនូវអ្វីដែលជាការខិតខំប្រឹងប្រែង របស់ក្រសួងកិច្ចការនារីក្នុងការកសាងផែនការយុទ្ធសាស្ត្រជាតិ៥ឆ្នាំនារីរតនៈទី២ ដែលផ្អែកលើការបញ្ជ្រាបទស្សនៈយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីជាតិ ។ លោកស្រីបានមានប្រសាសន៍ថា វិស័យ៥បានទទួលអាទិភាពដោយក្រសួងកិច្ចការនារីគឺជាវិស័យគន្លឹះក្នុងការលើកកម្ពស់តួនាទី ឋានៈ និងស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចរបស់ស្ត្រី ដូចជាវិស័យសេដ្ឋកិច្ច វិស័យការពារផ្លូវច្បាប់ និងវិស័យស្ត្រីក្នុងភាពជាអ្នកដឹកនាំ។
លោកស្រី ហូ ណូន ប្រធានគណៈកម្មការកិច្ចការនារីនៃរដ្ឋសភាបានមានប្រសាសន៍ថា ស្ត្រីមានតួនាទីសំខាន់ណាស់នៅក្នុងសង្គម ជាពិសេសនៅក្នុងគ្រួសារ ស្ត្រីបានបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ។ លោកស្រីក៏បានអះអាងថា ការកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍ទៅបានគឺមិនអាចកាត់ផ្ដាច់ចេញបានពីការចូលរួមរបស់ស្ត្រីទេ ។ ទន្ទឹមនឹងនេះលោកស្រីក៏បានស្នើដល់ស្ត្រីទាំងអស់ឲ្យប្រើប្រាស់នូវតួនាទីរបស់ខ្លួន ជានគរបាលយុត្តិធម៌ផងដែរ ដើម្បីសុវត្ថិភាព និងភាពសុខដុមនៅក្នុងគ្រួសារ និងក្នុងសង្គម ។
បើតាមគណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ បានឲ្យដឹងថា ព្រឹត្តិការណ៍ជំហានស្ត្រីក៏ជាការផ្ដល់ឱកាសលើកដំបូងក្នុងការបានជួបសម្ដែងការគួរសមជាមួយអង្គនីតិប្បញ្ញត្តិ និងផ្ដល់ឱកាសដល់ពួកគេក្នុងការបង្កើនសមត្ថភាពនិយាយជាសាធារណៈ និងកសាងទំនុកចិត្តក្នុងការសម្ដែងចេញនូវក្ដីបារម្ភផ្សេងៗលើបញ្ហាដែលប្រឈមមុខនៅក្នុងសហគមន៍ផ្ទាល់របស់ពួកគេ ។ ការធ្វើការរួបរួមគ្នានេះបង្កើតបាននូវសាររួមមួយជូនចំពោះអ្នកដឹកនាំជាតិ និងបណ្ដុះបាននូវគំនិតសាមគ្គីភាព និងជំរុញឲ្យមានវិធានការដើម្បីគាំទ្រ និងផ្ដល់ឱកាសដល់ស្ត្រីជាអ្នកដឹកនាំនៅគ្រប់ស្ថាប័នទូទាំងប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និងមូលដ្ឋាន និងដើម្បីរៀបចំថ្នាលដល់កុមារីទៅអនាគតផងដែរ ៕

