សូមអបអរសាទរ ភាពជោគជ័យរបស់ក្រុមពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រី
អត្ថប្រយោជន៍នៃការបង្កើតធនាគារភូមិ
ក្រុមស្ត្រីមួយចំនួនដែលបានក្លាយទៅជាធនាគារភូមិ បានទទួលជោគជ័យគួរអោយកត់សំគាល់ ដោយសារសមាជិកគណៈកម្មការធនាគារភូមិ អាចគ្រប់គ្រងធនាគារភូមិរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធិភាព ដោយរួមទាំងការសន្សំប្រាក់ ការផ្ដល់ប្រាក់កម្ចីឱ្យទៅសមាជិកយកទៅប្រកបមុខរបរ និងការចូលរួមសកម្មភាពផ្សេងៗទៀត ដូចជា ការទប់ស្កាត់ការជួញដូរមនុស្ស ការអភិវឌ្ឍសហគមន៍ និងការថែទាំសុខភាពជាដើម។ ភាពជោគជ័យនេះបានធ្វើឱ្យក្រុមដទៃទៀតចាប់អារម្មណ៍និងរៀនសូត្រតាម។ បច្ចុប្បន្នមានក្រុមស្ត្រីចំនួន ១១១ក្រុម ក្នុងចំណោមស្ត្រី១៤៤ក្រុម នៃកម្មវិធីពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រី បានក្លាយជាធនាគារភូមិជាបន្តបន្ទាប់។ នេះគឺជាមោទនភាពដ៏ធំធេងមួយរបស់ក្រុមស្ត្រី ដែលយល់ច្បាស់អំពីអត្ថប្រយោជន៍នៃការក្លាយទៅជាធនាគារភូមិ។ ចាប់ផ្ដើមពីបទពិសោធន៍ដែលខ្លួនមានក្នុងការគ្រប់គ្រងធនាគារភូមិ និងរួមជាមួយនឹងការប្ដេជ្ញាចិត្តខ្ពស់ ធ្វើឱ្យស្ត្រីបាននឹងកំពុងក្លាយទៅជាអ្នកដឹកនាំនៅក្នុងសហគមន៍របស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព។
ការចូលរួមរបស់ស្ត្រីនៅក្នុងការពង្រឹងវិស័យអប់រំ
សមាជិកក្រុមស្ត្រីនៅភូមិសែនបទ ឃុំលាយបូ ស្រុកត្រាំងកក់ ខេត្តតាកែវ បានរៃអង្គាសប្រាក់គ្នាបានចំនួន ២០ ០០០រៀល ដើម្បីចូលរួមទិញរង្វាន់លើកទឹកចិត្តដល់សិស្សពូកែ នៅសាលាបឋមសិក្សាវត្តអង្គសមាធិ ក្នុងឱកាសបើកបវេសនកាលនាឆ្នាំ២០០៧នេះ។ ថវិកា ២០ ០០០ រៀលនេះ គឺទិញប៊ិចបានចំនួន២០ដើម និងសៀវភៅចំនួន២០ក្បាល ដើម្បីចូលរួមចំណែកផ្ដល់ជារង្វាន់លើកទឹកចិត្តដល់សិស្សពូកែទាំងនោះ។ ថ្វីត្បិតតែទឹកប្រាក់មានចំនួនតិចតួចក៏ពិតមែន ប៉ុន្តែនេះគឺជាទឹកចិត្តដ៏ប្រពៃ របស់ស្ត្រីក្នុងការចូលរួមលើកស្ទួយលើវិស័យអប់រំ ដើម្បីជួយលុបបំបាត់ភាពមិនចេះអក្សរ នៅក្នុងប្រទេសកម្ពុជា។
ភាពជោគជ័យរបស់ក្រុមស្ត្រីនៅឃុំលាយបូ
ដោយមើលឃើញពីភាពជោគជ័យរបស់ក្រុមស្ត្រីកាច់ត្រកសាមគ្គី នៅភូមិកាច់ត្រក ក៏ដូចជាក្រុមស្ត្រីនៅភូមិដទៃទៀត ក្នុងឃុំលាយបូ ដែលមានការផ្លាស់ប្ដូរជាវិជ្ជមានគួរអោយកត់សំគាល់ ទាំងផ្នែកសន្សំប្រាក់ ការប្រកបមុខរបរខ្នាតតូច និងសាមគ្គីនៅក្នុងក្រុម បានធ្វើឱ្យស្ត្រីប្រមាណ១៥នាក់ នៅភូមិកាច់ត្រកដែលមិនទាន់បានចងក្រងជាក្រុមនោះ បានសុំឱ្យក្រុមការងារ និងក្រុមស្ត្រីជួយពួកគេក្នុងការបង្កើតក្រុមផងដែរ។
លើសពីនេះទៀតអាជ្ញាធរឃុំលាយបូ ក៏បានសំណូមពរអោយក្រុមការងារយើងជួយបង្កើតក្រុមស្ត្រីចំនួន១០ក្រុមបន្ថែមទៀត នៅភូមិដទៃនៅក្នុងឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ដូចជា ភូមិទួលត្បែងអង់តាកុក ត្រពាំងកក់អង់តាចាន់សីម៉ា និងភូមិត្រពាំងត្រាច។
នេះសរបញ្ជាក់អោយឃើញថា ក្រុមពង្រឹងសិទ្ធិជាម្ចាស់ដល់ស្ត្រីពិតជាមានសារប្រយោជន៍ដល់ស្ត្រី ក្នុងការចូលរួមអភិវឌ្ឍថ្នាក់មូលដ្ឋានប្រកបដោយនិរន្តរភាព ព្រោះការងារនេះបានជួយជំរុញឱ្យជីវភាពគ្រួសាររបស់ពួកគេកាន់តែប្រសើរឡើង ព្រមទាំងជួយជំរុញឱ្យស្ត្រីកាន់តែមានភាពក្លាហានក្នុងការចូលរួមអភិវឌ្ឍសហគមន៍។
ការប្រកបមុខរបរចិញ្ចឹមជ្រូក និងការផលិតជីវឧស្ម័ន
អ្នកស្រី ធុយ ថូ ជាសមាជិកក្រុមស្ត្រីសមូហភាព និងមានទីលំនៅនៅក្នុងភូមិព្រែកធំ ឃុំក្បាលកោះ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។ អ្នកស្រីប្រកបមុខរបរចិញ្ចឹមជ្រូក និងដាំបន្លែលក់ជាប្រចាំ ដើម្បីយកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារ។ អ្នកស្រីបានខ្ចីប្រាក់ពីក្រុមមួយចំនួន ដើម្បីរួមចំណែកក្នុងការចិញ្ចឹមជ្រូកនិងដាំបន្លែនៅក្បែរភូមិ។ អ្នកស្រីបានប្រើប្រាស់ប្រាក់កម្ចី ដើម្បីទិញកូនជ្រូក ចំណីជ្រូក និងទិញថ្នាំសម្លាប់សត្វល្អិតជាដើម។
មុនពេលចូលក្រុមស្ត្រី អ្នកស្រីតែងតែខ្ចីប្រាក់ពីឈ្មួញនៅក្នុងភូមិ ដែលមានការប្រាក់ខ្ពស់ប្រមាណ១០ភាគរយ ដើម្បីយកទៅប្រកបមុខរបរនេះ។ ប៉ុន្តែក្រោយពីបានចូលរួមក្នុងក្រុមស្ត្រីមកអ្នកស្រីបានខ្ចីលុយពីក្រុមដែលមានតម្លៃការប្រាក់ទាប ២% យកទៅប្រកបមុខរបរ។ ដូច្នេះអ្នកស្រីអាចរកប្រាក់កម្រៃបានច្រើនជាងមុនទ្វេដង។
លើសពីនេះទៅទៀតអ្នកស្រីបានសហការជាមួយនឹងអ្នកជិតខាង អ្នកស្រី វ៉េង គឹមស៊ាង និងស្វាមី ដែលជាសមាជិកក្រុមសមូហភាព ដើម្បីផលិតជីវឧស្ម័នដោយប្រើប្រាស់លាមកជ្រូក។ ក្នុងកិច្ចសហការនេះ អ្នកស្រីធុយ ថូ បានផ្ដល់លាមកជ្រូក ហើយលោកវ៉ែន វន ជាអ្នកផលិតជីវឧស្ម័ន។ ឧស្ម័នដែលបានមកពីការផលិតនេះ បានចែកចាយគ្នាប្រើរវាងគ្រួសារទាំងពីរនេះដោយឥតគិតថ្លៃ។ ការប្រើប្រាស់ជីវឧស្ម័នបានជួយកាត់បន្ថយការចំណាយមួយចំនួននៅក្នុងផ្ទះដូចជា ទិញអុស និងធ្យូង ព្រមទាំងជួយសន្សំពេលវេលាទៀតផង។
អ្នកស្រីវ៉េង គឹមស៊ាង និងគ្រួសារបានបញ្ជាក់ថា នឹងជួយបង្រៀនអំពីការផលិតជីវឧស្ម័ននេះ ដល់អ្នកដទៃទៀត ដែលមានបំណងចង់ផលិត និងប្រើប្រាស់ជីវឧស្ម័ននេះ។
មិនតែប៉ុណ្ណោះកាកសំណល់ដែលសល់ ពីការផលិតជីវឧស្ម័ននេះ អ្នកស្រី ថូ និងអ្នកជិតខាង បានយកទៅប្រើធ្វើជាជីធម្មជាតិសម្រាប់ដាំដំណាំនៅជុំវិញផ្ទះទៀតផង។
តើអ្នកដឹងទេថា មកដល់ពេលនេះ ក្រុមស្ត្រីយើងសន្សំប្រាក់បានប៉ុន្មាន?
| តំបន់គោលដៅ |
ចំនួនសមាជិក
|
ប្រាក់សន្សំ |
សមាជិកទទួលប្រាក់កម្ចី |
| ស្រុកត្រាំកក់ (ខេត្តតាកែវ) | ៨១៨ | ៣៧ ៦៧០ ០០០រៀល=៩ ៤១៧ដុល្លា | ៣៨១ |
| ស្រុកចំការលើ (ខេត្តកំពង់ចាម) | ៧៧៤ | ៦៤ ២៤២ ៥០០រៀល=១៦ ០៦០ដុល្លា | ៤៤៥ |
| ស្រុកបាទី (ខេត្តតាកែវ) | ៥៣៣ | ៣៨ ១៩៥ ៥០០រៀល=៩ ៥៤៩ដុល្លា | ៣៤៣ |
| ស្រុកកៀនស្វាយ (ខេត្តកណ្ដាល) | ៦០៧ | ៣០ ០៣៦ ១០០រៀល=៧ ៥០៨ដុល្លា | ១៩០ |
| សរុប៖ | ២ ៧៣២ | ១៧០ ១៤៤ ១០០រៀល=៤២ ៥៣៥ដុល្លា | ១ ៣៥៩ |

