ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ស្ត្រី​ស្ថិត​នៅ​​បន្ទាត់​​ជួរ​មុខ​នៃ​ការ​ស្តា​សេដ្ឋកិច្ច​ឡើង​វិញ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

តាម​ការ​ប៉ាន់​ប្រមាណ​នូវ​ការ​ស្តារ​ឡើង​វិញ​នៃ​​សេដ្ឋកិច្ច​​ក្នុង​ប្រទេស​កម្ពុជា​​ដោយ​ទ្វេរគុណ​ក្នុង​ឆ្នាំ​២០១០​ ​ការ​ចូល​​រួម​ចំណែក​របស់​ស្ត្រី​ចំពោះ​សេដ្ឋកិច្ច​​មិន​​បាន​​ទទួល​​នូវ​​កតិគុណ​​​ដែល​សម​នឹង​បាន​​​​ទេ ក្នុង​ខណៈ​ពេល​ដែល​ស្ត្រី​នៅ​តែ​មិន​ទទួល​បាន​​ផល​​​ប្រយោជន៍​​ពី​កំណើននៃ​សេដ្ឋកិច្ច​នោះ។​

លោក​ស្រី​មូរ សុខហួរ សមាជិក​សភាមក​ពី​គណបក្ស​សមរង្ស៊ី និង​ជា​អ្នក​តស៊ូ​មតិ​ជាន់​ខ្ពស់​ខាង​យេនឌ័រ​ បាន​មាន​ប្រសាសន៍​ថា៖ «វា​គឺ​មិន​យុត្តិធ៌ម​​សោះ​សម្រាប់​ស្ត្រី​​យើង​ក្នុង​ការ​បរិច្ចាក​ចំពោះ​សេដ្ឋកិច្ច​នៃ​ប្រទេស ​ក្នុង​ខណៈ​ពេល​ដែល​មាន​ការ​វិនិយោគ​តិច​តួច​ទៅលើ​​​សុខភាព ​ការ​អប់រំ ​និង​អាជីវកម្ម​ធុន​​​​​តូច​ និង​មធ្យម​ ដែល​​​ជា​កន្លែង​​មានស្ត្រី​​​ច្រើន​​លើស​លុប​ធ្វើការ»។

បើ​យោង​ទៅ​តាម​អ្នក​ជំនាញ​​ និង​អង្គការ​អភិវឌ្ឍន៍​បាន​ឲ្យ​ដឹង​ថា​​ ស្ត្រី​បាន​ជួប​នូវ​ការ​ប៉ះ​ទង្គិច​ដ៏​ខ្លាំង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​ប្រទេស​កម្ពុជា​។​ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ប្រវត្តិសាស្ត្រវិបត្តិ​សេដ្ឋកិច្ច​ និង​​ហិរញ្ញវត្ថុ ដែល​បាន​ទន្ទ្រាន​ពិភព​លោក​នៅ​ក្នុង​រយៈ​ពេល​​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​នឹង​អាច​ជា​ឱ​កាស​មាស​ដើម្បី​ផ្ដល់​​អំណាច​​ដល់​ស្ត្រី ​​ទាំង​តួនាទី​ក្នុង​​សង្គម ​និង​​សេដ្ឋកិច្ច​។​

អង្គការ​ពលកម្ម​អន្តរជាតិ​មាន​ការិយាល័យ​អនុតំបន់​សម្រាប់​អាស៊ី​ខាង​កើត​ ​នៅ​​ក្នុង​ទីក្រុង​បាង​កក​ (ILO-SRO Bangkok ) បាន​ប្រាប់​សេដ្ឋកិច្ច​ថ្ងៃ​នេះ​ថា​​ «​វិបត្តិ​ហិរញ្ញ​វត្ថុ​ពិភព​លោក​បញ្ជាក់​នូវ​ភាព​បរាជ័យ​នៃ​គំរូ​សេដ្ឋកិច្ច​មួយ​ ដែល​ទទួល​ស្គាល់​​ដោយ​មនុស្ស​ជា​ច្រើន​ហើយ​ត្រូវ​បាន​បង្កើតឡើង​ និង​គ្រប​ដណ្តប់​ដោយ​បុរស។ ​វិបត្តិ​នៅ​ពេល​បច្ចុប្បន្ន​​​នេះ​អាច​បង្ហាញ​នូវ​ឱកាស​ថ្មី​​​ដល់​ស្ត្រី​ដើម្បី​​​ដើរ​ទន្ទឹម​គ្នា​ជាមួយ​បុរស ​ហើយ​និងបញ្ចេញ​​​​សំលេង​របស់​ពួក​គាត់​​​ដើម្បី​ផ្លាស់​ប្តូរ​សង្គម​​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង»។

ការ​ចូលរួម​ចំណែក​​​របស់​​ស្ត្រី​ចំពោះ​សេដ្ឋកិច្ច

បើ​យោង​តាម​របាយការណ៍​វាយ​​តំលៃ​យេនឌ័រ​នៅ​​កម្ពុជា ឆ្នាំ​​២០០៨(CGA)​​របស់​ក្រសួង​កិច្ចការ​នារី​ បាន​ឲ្យ​ដឹង​ថា ​​កម្លាំង​​ពលកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​គឺ​មាន​ស្ត្រី​​ប្រហែល​ពាក់​កណ្តាល​ដោយ​ក្នុង​នោះ​ពលការិនី​មាន​៤៩,៤​%​​ ក្នុង​ចំណោម​​កម្លាំង​ពលកម្ម​​​សរុប​នៅ​ឆ្នាំ​២០០៤។ ​ប៉ុន្តែ​សម្រាប់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ​ស្ត្រី​​មាន​ចំនួន​ច្រើន​ជាង​បុរស​ដោយ​សារ​តែ​វិសមាមាត្រ​នៃការ​បាត់​បង់​នូវ​អាយុ​ជីវិត​របស់​បុរស ​ក្នុង​កំលុង​ពេល​​ពីរ​ទសវត្សរ៍​នៃ​សង្គ្រាម​ស៊ីវិល​។​ នៅ​ក្នុង​ឆ្នាំ​២០០៤​​ការ​ផ្លាស់​ប្តូរ​ក៏​កើត​មាន​ឡើង​​ក្នុង​ខណៈ​ពេល​ដែល​ជំនាន់​នៃ​ទារក​ជា​ប្រុស​ដ៏​ច្រើន​ក្នុង​ទសវត្សរ៍​​ឆ្នាំ​១៩៨០​បាន​គ្រប់​អាយុ​បំរើ​ការងារ​ ហើយ​ការ​ចូលរួម​របស់​ស្ត្រី​នៅ​ក្នុង​​កម្លាំង​​​​​​​​ការងារ​ក៏​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ។​

នៅ​​ពាក់​កណ្តាល​ទសវត្សរ៍​​​ឆ្នាំ​១៩៩០​កំណើន​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​នៅ​ប្រទេស​កម្ពុជា​​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​​កត់​សំគាល់ ដែល​ជា​សញ្ញា​នៃ​ការ​ផ្លាស់ប្ដូរ​បែបផែន​នៃការងារ​​​សំរាប់​ស្ត្រី​ពី​ការងារ​​មិន​ផ្លូវការ​ទៅ​កាន់​​​ការងារ​ផ្លូវការ​ជាមួយ​នឹង​ប្រាក់​កំរៃ។ ​បើ​យោង​ទៅ​តាម​របាយការណ៏​CGA បាន​ឲ្យ​ដឹង​ថា​ ​ចំណែក​របស់​ស្ត្រី​នៅ​ក្នុង​​ការងារ​​​មាន​ប្រាក់​កម្រៃ​គឺ​លោត​ពី​​តិច​ជាង​២៧​%​ក្នុង​ឆ្នាំ​១៩៩៨​ ទៅ​ដល់​ច្រើន​ជាង​៤០​%​ក្នុង​ឆ្នាំ​២០០៤។​​

ពលការិនី​កាត់ដេរ​វ័យ​ក្មេង​ជាមួយ​នឹង​ប្រាក់​កំរៃ​ថេរ​អប្បបរមា​នៃ​ច្បាប់​ និង​ប្រាក់​ថែម​ម៉ោង​អាច​នឹង​បង្កើន​នូវ​ប្រាក់​ចំណូល​របស់​ពួក​គាត់​ទៅ​ដល់​​ជា​មធ្យម​៧៥​ដុល្លា ​ក្នុង​មួយ​ខែ។ ​បន្ទាប់​មក​ពួក​គាត់​ក្លាយ​ទៅ​ជា​​​អ្នករក​ស៊ី​ចិញ្ចឹម​​គ្រួសារ​ ដែល​ជា​អ្នក​​ផ្គត់ផ្គង់​ជា​ប្រាក់កាស​ ម្ហូប​អាហារ ការ​ថែទាំ​សុខភាព​​ ក៏ដូច​ជា​ការ​អប់រំ ​សម្រាប់​ឪពុក​ម្តាយ​និង​បងប្អូន​​របស់​ពួក​គាត់។​​

ប៉ុន្តែ​ភាគ​ច្រើន​នៃ​ស្ត្រី​គឺ​នៅ​តែ​ត្រូវ​បាន​បង្ខាំង​​នៅ​ក្នុង​ការ​ងារ​ផ្ទាល់​ខ្លួន ​ឬ​ការងារ​គ្រួសារ​​ដែល​​មិន​ទទួល​បាន​ប្រាក់​កំរៃ​។​ ប្រហែល​ជា​៨៣​%​នៃ​ការងារ​របស់​​ស្ត្រី​​គឺ​ស្ថិត​នៅ​ក្នុង​ផ្នែក​​មិន​ផ្លូវ​ការ​​ក្នុង​ឆ្នាំ​២០០៤ ហើយ​ចំនួន​ដ៏​លើស​លុប​ជាង​អ្នក​ធ្វើការ​ជា​បុរស​នៅ​ក្នុង​ផ្នែក​ឧស្សាហ​កម្ម ​ហើយ​និង​​ផ្នែក​សេវាកម្ម។​
ក្នុង​កំណត់​ត្រា​របស់​លោ​ក​ស្រី​ ជឹម​ ម៉ាណា​វី​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​​ និង​ជា​អ្នក​គាំ​ទ្រ​សមភាព​យេនឌ័រ​បាន​ឲ្យ​ដឹង​ថា​ «ការ​កើន​ឡើងនៅ​ក្នុងការ​នាំ​ចេញ​​នៃ​វិស័​យ​វាយនភណ្ឌ​​បាន​បង្កើន​ឲ្យ​មាននូវ​​ការ​កើន​ឡើង​នូវ​ចំនួន​ការងារ​ផង​ដែរ​ ​ពិសេស​គឺ​សំរាប់​ស្ត្រី​»។ ​កំណត់​ត្រា​នោះ​បាន​បង្ហាញ​ទៀត​ថា​«ភាគ​ច្រើន​នៃ​ស្ត្រី​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​កិច្ច​ការ​ជំនួញ​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​។​ ពួក​គាត់​គឺ​ជា​កតាលិករ​ក្នុង​ការ​ជំរុញ​ឲ្យ​កិច្ចការ​ជំនួញ​រស់រាន​ និង​ឆ្ពោះ​ទៅ​មុខ​ ក្នុង​ខណៈ​ពេល​ដែល​ប្តី​របស់​ពួក​គាត់​កំពុង​តែ​ធ្វើ​ការ​ជា​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​ ឬ​ក៏​ជួយ​គ្រប់​គ្រង​នូវ​កិច្ច​ការ​ជំនួញ​ផង​ដែរ។»

បើ​តាម​របាយការណ៍​កាល​ពី​ខែ​មីនា​ក្នុង​ឆ្នាំ​២០០៩​ ដែល​ធ្វើ​ឡើង​ដោយ​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​(IFC) ​ហើយ​និង​​មូលនិធី​អាស៊ី​បាន​រក​ឃើញ​ នៅ​ក្នុង​ឆ្នាំ​២០០៨​​ថា​ ៦២​ភាគ​រយ​នៃ​ការ​ស្ទាបស្ទង់​​ជិត​៦៤.០០០ កិច្ច​ការ​ជំនួញ​គឺ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ស្ត្រី​។​

ទោះជា​យ៉ាង​ណា​​ ឧបសគ្គ​ជាច្រើន​បាន​កំណត់​ការ​ផ្ដល់​អំណាច​ខាង​សេដ្ឋកិច្ច​​ដល់​ស្ត្រី​បើទោះ​ជា​ស្ត្រី​បាន​ចូល​រួម​ចំណែក​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ចំពោះ​សេដ្ឋកិច្ច​ក៏​ដោយ ។​​​

Douglas Broderick ជា​អ្នក​សម្របសម្រួល​ប្រចាំ​តំបន់​របស់​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា​ «​ស្ត្រី​កម្ពុជា​មាន​នូវ​ដួង​ព្រលឹង​ដ៏​រឹងមាំ​ជា​សហគ្រិន ​ហើយ​ជា​អ្នក​កាច់​ចង្កូត​ដ៏​ខ្លាំង​ក្លា​ដើម្បី​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ និង​កំណើន​នៃ​ការ​​លូត​លាស់​នូវ​​សេដ្ឋកិច្ច​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ទសវត្សរ៍​​​កន្លង​​ទៅ​​នេះ​។» ​​ហើយ​​គាត់​បាន​​​បន្ថែម​​ទៀត​ថា​«ប៉ុន្តែ​កម្រិត​នៃ​ការ​អប់​រំ​​ទាប​​ និង​ការ​ចេះ​អាន​និង​សរសេរ​ក្នុង​​ចំណោម​ស្ត្រី​ ​​រួម​បញ្ចូល​ទាំង​ការ​ប្រើប្រាស់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​មាន​កំណត់ ​ បាន​បង្ខាំង​ស្ត្រី​នា​ពេល​បច្ចុប្បន្ន​ពី​ការ​ទទួល​បាន​នូវ​សក្ដានុពល​សេដ្ឋកិច្ច​របស់​ពួកគេ​បាន​ពេញលេញ។»

ការ​​​ប៉ះ​​ទង្គិច​ដ៏​ខ្លាំង​​​ក្លា

ដោយ​​​សារ​​​តែ​​ធម្មជាតិ​​នៃ​សេដ្ឋកិច្ច​កម្ពុជា​ និង​តួនាទី​ប្រពៃ​ណី​​ដែល​បាន​ដាក់​កំណត់​ទៅ​លើ​ស្ត្រី​នាំ​ឲ្យ​ពួក​គាត់​ត្រូវ​បាន​ចាត់​ទុក​ថា​​ជា​អ្នក​ទទួល​រង​គ្រោះ​បំផុត​អំពី​វិបត្តិ​នេះ។​​

បើ​យោង​ទៅ​តាម​សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) ដែល​បាន​ប្រាប់​ទៅ​កាន់​អង្គការ​ពលកម្ម​អន្តរជាតិ(ILO)ថា​ វិស័យ​វាយនភ័ណ្ឌ​​ជា​ផ្នែក​ដែល​ទទួល​ផល​ប៉ះពាល់បំផុត​​ដោយ​សារ​តែ​វិបត្តិសេដ្ឋកិច្ច ​ដោយ​កម្មករ ​កម្មការិនី​ប្រមាណ​ជា​៧០.០០០​នាក់​បាន​បាត់​បង់​ការងារ​របស់​ពួក​គាត់​តាំង​ពី​ឆ្នាំ​មុន ​​ហើយ​ក្នុង​ចំណោម​ពួក​គាត់​ទាំង​នោះ​គឺ​មាន​៩០​%​​ជា​ស្ត្រី​។ ភាគ​ច្រើន​នៃ​ស្ត្រី​ដែល​បាត់​បង់​ការងារ​គឺ​ត្រូវ​តែ​ស្វែង​រក​​នូវ​មធ្យោបាយ​ផ្សេង​ទៀត​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់​ពួក​គាត់​ ​​ប៉ុន្តែ​ជា​រឿយ​ៗ​គឺពួក​គាត់​ខ្វះខាត​នូវ​ជំនាញ​ដើម្បី​ធ្វើ។​

(សូម​ចុច​លើ​រូប​ដើម្បី​ពង្រីក) 

បើ​តាម​ប្រសាសន៍​របស់​លោក​ស្រី​ ជឹម​ ម៉ាណាវី ​​នាយិកា​ប្រតិបត្តិ​ អង្គការ​វិទ្យា​ស្ថាន​បើក​ទូលាយ​បាន​ឲ្យ​ដឹង​ថា​«ភាគ​ច្រើន​នៃ​កម្មការិនី​​​ធ្វើ​ការ​រោង​ចក្រ​មិន​ត្រូវ​បាន​ផ្តល់​ឲ្យ​នូវ​ជំនាញ​វិជ្ជាជីវ​ពិត​ប្រាកដ​ ឬ​ការ​កសាង​​សមត្ថភាព​និង​​ចំណេះ​ដឹង​ទេ។​ ពួក​គាត់​មិន​ត្រូវ​បាន​រៀបចំ​ ឬ​ត្រៀម​រួច​រាល់​សំរាប់​ការ​ផ្លាស់ប្តូរ​ថ្មី​នៅ​ក្នុង​ការងារ​របស់​ពួក​គាត់ ​ឬ​ក៏​ដើម្បី​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​វិវឌ្ឍន៍ផ្លាស់ប្តូរ​នៃ​ពាណិជ្ជកម្ម​។»

ILO-SRO Bangkok​ក៏​មាន​ការ​​បារម្ភ​ថា​ចំណូល​សុវត្តិភាព​ប្រពៃណី​នៅ​ទី​ជនបទ​ដែលមាន​ដូច​ជា​អាហារ​និង​​ទី​ជំរក​ដែល​ផ្តល់​ដោយ​ក្រុម​គ្រួសា​រ​​ គឺ​នឹង​មិន​គ្រប់​គ្រាន់​ឡើយ​ដើម្បី​ជួយ​​នូវ​កម្មករ​​កម្មការិនី​​វាយនភ័ណ្ឌ​ដែល​បាន​បាត់​បង់​ការងារ​ ក្នុង​ការ​លក​លៃដោះ​ស្រាយ​​ជាមួយ​វិបត្ត​ដែល​កំពុង​កើត​មាន​ឡើង​នោះ​។ បន្ថែម​ពី​លើ​នេះ​ទៅ​ទៀត​​ការិយាល័យ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​បាងកក​បាន​​បង្ហាញ​ចេញ​ទៀត​ថា​វា​គឺ​មិន​​ទាន់​ច្បាស់​ប្រសិន​បើ​​ពួក​គាត់​​អាច​ស្វែង​រក​នូវ​ការ​ងារ​ផលិតផល​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ពួកគាត់​​​បើ​មិនដូច្នេះ​ពួក​គាត់​​នឹង​មិនធ្វើ​ទេសន្តប្រវេសន៍​ចេញ​ពី​កន្លែង​ដំបូង​ឡើយ។​

ដោយ​សារ​តែ​កំរិត​នៃការ​អប់រំ​របស់​ស្ត្រី​នៅ​ទាប ​​និង​​មិន​បាន​រៀប​ចំ​សំរាប់​ជំរើស​ការងារ​​ហើយ​ពួក​គាត់ថែម​ទាំង​​​ប្រឈម​ទៅ​នឹង​​ហានិភ័យ​​ជា​ច្រើន​ទៀត​ដែល​មាន​ទាំង​ការ​​ទទួល​បាននូវ​​ប្រាក់​កំរៃ​ទាប​ លក្ខខណ្ឌ​ការងារ​មិន​ល្អ​ ការ​កេង​ប្រវញ្ច័​ខាង​ផ្លូវ​ភេទ និង​/ឬ ​ជួញដូរ​ផ្លូវ​ភេទ​ជា​ដើម។​​ ​

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ អង្គារ 29 Sep 2009