សកម្មភាពកិច្ចប្រជុំ (រូបថត៖ អង្គការវិទ្យាស្ថានបើកទូលាយ)កម្មវិធីស្ត្រីនៃអង្គការវិទ្យាស្ថានបើកទូលាយសហការជាមួយអង្គការសន្តិភាពនិងអភិវឌ្ឍន៍(PAZ Y DESARROLLO-PYD) ដែលជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិនៃប្រទេសអេស្ប៉ាញធ្វើការទាក់ទងនឹងសិទ្ធិស្ត្រី ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសុខភាពបន្តពូជ រៀបចំកិច្ចប្រជុំស្ដីអំពី សៀវភៅមគ្គទេសក៍សម្រាប់ស្ត្រីក្នុងថ្ងៃនេះ(ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០០៩)នៅសាលប្រជុំនៃអង្គការវិទ្យាស្ថានបើកទូលាយពីម៉ោង៩ព្រឹករហូតដល់ម៉ោង១១ព្រឹក។
ចូលរួមនៅក្នុងកិច្ចប្រជុំនាព្រឹកនេះមានវត្តមានភ្ញៀវជាតិនិងអន្តរជាតិចំនួន២២នាក់មកពីស្ថាប័នចំនួនប្រមាណជា២០ផ្សេងៗគ្នាដែលជាតំណាងមកពីស្ថាប័នរដ្ឋាភិបាល អង្គការក្នុងស្រុកនិងអង្គការអន្តរជាតិជាដើម។
កិច្ចប្រជុំស្ដីអំពី សៀវភៅមគ្គទេសក៍សម្រាប់ស្ត្រី ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្ហាញអំពីសៀវភៅមគ្គទេសក៍សម្រាប់ស្ត្រីនិងស្វែងរកកិច្ចសហការរវាងស្ថាប័នស្ត្រី ក្នុងការចងក្រងសៀវភៅនេះឲ្យកាន់តែប្រសើរឡើង។
គួរបញ្ជាក់ដែរថាសៀវភៅមគ្គទេសក៍សម្រាប់ស្ត្រីនឹងធ្វើការបោះពុម្ពផ្សាយចំនួន២០០០ក្បាលក្នុងរយៈពេលមួយឆ្នាំម្ដងហើយនឹងត្រូវធ្វើការចែកចាយទៅដល់ខែត្រនិងស្រុកទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សៀវភៅនេះនឹងពាំនាំមកជាមួយនូវបណ្ដុំនៃភាសាសាមញ្ញងាយយល់អំពីច្បាប់ដែលអាចប្រើសម្រាប់គាំទ្រទៅដល់សិទ្ធិស្ត្រីហើយក្រៅពីនេះក៏មានបញ្ចូលទាំងព័ត៌មានអំពី បណ្ដាអង្គការទាំងឡាយដែលកំពុងធ្វើការទៅលើយេនឌ័រនិងសេវាកម្មផ្សេងៗសម្រាប់ជាប្រយោជន៍ដល់ស្ត្រីផងដែរ។





