ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ស្ត្រី​​ឆ្លង​ទន្លេ​មិន​រួច ​ពេទ្យ​វះកាត់​សង្គ្រោះ​បាន​តែ​ជីវិត​កូន​ បាត់​ជីវិត​ម្ដាយ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ខេត្ត​កំពត៖ មហា​ទុក្ខ​សម្រាប់​បុរស​​ជា​ប្ដី​ និង​ក្រុម​គ្រួសារ​ គឺ​មិន​​អាច​ពិពណ៌នា​បាន​នោះ​ទេ​ ខណៈ​ដែល​ស្ត្រី​​ជា​ភរិយា​បាន​ស្លាប់​ពេល​ទទួល​ការ​វះ​កាត់​ឆ្លង​ទន្លេ​ ហើយ​វា​រឹត​តែ​ក្ដុកក្ដួល​ចិត្ត​ថែម​ទៀត​នោះ​ គឺ​ទារក​ដែល​ចាក​ពី​ឧទរ​ម្ដាយ​គ្មាន​​វាសនា​​នឹង​​បាន​ស្គាល់​មុខ​ម្ដាយ។ រឿង​រ៉ាវ​នៃ​ជីវិត​ទុក្ខ​សោក​តែ​មួយ​ប៉ប្រិច​ភ្នែក​នេះ​ ត្រូវ​បាន​​ក្រុម​គ្រួសារ​​ស្ត្រី​ដែល​ស្លាប់​ ដោយ​ការ​វះ​កាត់​សំរាល​​កូន​​បាន​ធ្វើ​​ការ ​​ស្ដី​បន្ទោស​ដល់​ក្រុម​គ្រូ​ពេទ្យ​ថា​ ការ​ស្លាប់​នេះ​ដោយសារ​តែ​ខ្វះ​ឈាម​ ហើយ​គ្រូពេទ្យ​មិន​យក​ចិត្ត​ទុកដាក់។

តាម​ប្រភព​ព័ត៌មាន​ទាក់ទិន​នឹង​ករណី​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​​ដែល​​ស្លាប់​​ឈ្មោះ​ សុខ​ ម៉ៅ​ អាយុ​២៨​ឆ្នាំ​ នៅ​ភូមិ​ដំណាក់​ក្រឡាញ់​ ​ឃុំ​កន្ថោរ​ខាង​កើត​ ស្រុក​កំពង់ត្រាច ​ត្រូវ​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​សោកសៅ​បំផុត​ ខណៈ​ដែល​ស្ត្រី​រូប​នេះ​ឆ្លង​ទន្លេ​មិន​រួច​ហើយ​​ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​​ស្រុក​កំពង់ត្រាច​ធ្វើការ​សំរាល​ដោយ​ប្រើ​វិធី​វះកាត់​យក​ទារក​ពី​ក្នុង​ផ្ទៃ​ម្ដាយ​ចេញ​ កាល​ពី​វេលា​ម៉ោង​​៨​ព្រឹក​ថ្ងៃទី​១៣​ធ្នូ។ តាម​ការ​​រៀបរាប់​របស់​បុរស​ជា​ប្ដី​ឈ្មោះ​ ឌុប​ ដៀង​ បាន​និយាយ​ថា​ នៅ​យប់​ថ្ងៃ​ទី​១៣​ធ្នូ​ ប្រពន្ធ​​របស់​គាត់​ឈឺ​ពោះ​ឆ្លង​ទន្លេ​ ហើយ​បាន​បញ្ជូន​មក​មណ្ឌល​សុខភាព​កន្ថោរ​ តែ​គ្រូពេទ្យ​ប្រចាំ​​ការ​មិន​អាច​ជួយ​សំរាល​បាន​ ក៏​បញ្ជូន​​បន្ត​ទៅ​មន្ទីរពេទ្យ​ស្រុក​កំពង់ត្រាច​ ដើម្បី​ធ្វើការ​សំរាល​ដោយ​វះកាត់។ នៅ​ព្រឹក​ថ្ងៃ​​ទី​១៤​ ធ្នូ​ ការ​វះកាត់​​របស់​ក្រុម​គ្រូពេទ្យ​បាន​សម្រេច​ យក​ទារក​ចេញ​ពី​ផ្ទៃ​ម្ដាយ​ និង​មាន​សុខភាព​ល្អ​​ តែ​​គាត់​ក៏​មិន​ដឹង​ថា​ បច្ចេកទេស​វះកាត់​របស់​គ្រូពេទ្យ​យ៉ាង​ណា​នោះ​ដែរ​ ស្រាប់​តែ​​ប្រពន្ធ​របស់​គាត់​មាន​ការ​ឈឺ​ក្រហល់ក្រហាយ​ ទើប​គ្រូ​​ពេទ្យ​សម្រេច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ លុះ​ដល់​ម៉ោង​១០​យប់​ ប្រពន្ធ​គាត់​ក៏​ស្លាប់។ បុរស​ជា​ប្ដី​ស្ត្រី​រងគ្រោះ​និយាយ​ទៀត​ថា​ ក្នុង​ការ​វះកាត់​ គាត់​បាន​បង់​ថ្លៃ​គ្រូ​​ពេទ្យ​អស់​លុយ​៣០​ម៉ឺន​រៀល​ ហើយ​ពេល​ទៅ​​ដល់​មន្ទីរពេទ្យ​ខេត្ត​កំពត​ គ្រូ​ពេទ្យ​ទារ​លុយ​​៣០​ម៉ឺន​រៀល​ទៀត​ដើម្បី​ទិញ​ឈាម។

លោក​ពៅ​ សារី​ ប្រធាន​មន្ទីរពេទ្យ​ស្រុក​និយាយ​ថា​ ការ​វះ​កាត់​ស្ត្រី​ឆ្លង​ទន្លេ​នោះ​មក​ពី​ទារក​នោះ​កើត​មិន​រួច​ ព្រោះ​ចេញ​មក​ទទឹង​ទ្វារ​មាស​ ទើប​សំរេច​ធ្វើ​ការ​វះកាត់​យក​ទារក​ជា​កូន​ចេញ​​ ហើយ​បាន​ជោគជ័យ​ទៀត​ផង​​តែ​បន្ទាប់​ពី​វះ​កាត់​រួច​ ស្ត្រី​សំរាល​កូន​មាន​ឈាម​ធ្លាក់​ច្រើន​ ក៏​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​ខេត្ត​ ហើយ​ខ្វះ​ឈាម​ ទើប​បណ្ដាល​ឲ្យ​ស្លាប់​​នៅ​វេលា​ម៉ោង​១០​យប់​​ថ្ងៃ​ទី​១៤​ធ្នូ។ លោក​ ពៅ​ សារី​ និយាយ​ថា​ នៅ​មន្ទីរពេទ្យ​ ក៏​មាន​​ថវិកា​​សម្រាប់​​ជួយ​​​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​​សព​ដែរ​ ព្រោះ​ការ​ស្លាប់​នេះ​ដោយ​អចេតនា​ទេ។

ទោះ​ជា​​បែប​ណា​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ បាន​ស្ដី​បន្ទោស​ទៅ​ដល់​ក្រុម​គ្រូ​ពេទ្យ​ស្រុក​ និង​ខេត្ត​ដែល​មាន​ការ​ធ្វេសប្រហែស​ក្នុង​ការ​ជួយ​សង្គ្រោះ ទើប​ស្ត្រី​​ជា​ម្ដាយ​ត្រូវ​ស្លាប់។ សូម​បញ្ជាក់​ថា​ បុរស​ជា​ប្ដី​ឲ្យ​ដឹង​ថា​ ការ​សំរាល​កូន​នេះ​ គឺ​​​ជា​កូន​ដំបូង​ ហើយ​គាត់​ធ្លាប់​បាន​នាំ​ប្រពន្ធ​​មក​ពិនិត្យ​ផ្ទៃ​ពោះ​នៅ​ខែ​ដំបូង​តែ​ក្រោយ​មក​មិន​បាន​មក​ពិនិត្យ​ទៀត​ទេ​ លុះ​ដល់​ឈឺ​ពោះ​​ឆ្លង​ទន្លេ​ ទើប​នាំ​មក​មន្ទីរពេទ្យ។ នេះ​ជា​​មេរៀន​​មួយ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​គួរ​តែ​មក​កាន់​មណ្ឌល​សុខភាព​ ឬ​មន្ទីរពេទ្យ​ផ្នែក​សម្ភព​ដើម្បី​ពិនិត្យ​តាមដាន​​ផ្ទៃពោះ​ មិន​ត្រូវ​បណ្ដែត​បណ្ដោយ​ដូច​ករណី​ខាង​លើ​នេះ​ទេ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 16 Dec 2009