អាជីវករ ពាណិជ្ជករ និងគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយ Web Portal (រូបថត៖ ក្រញូង)បាត់ដំបង៖ អាជ្ញាធររដ្ឋបាលស្រុកបាត់ដំបងថ្មីសហការជាមួយអ្នកជំនាញការជនជាតិអាល្លឺម៉ង់បានធ្វើការផ្សព្វផ្សាយវេបផតថល (Web Portal) ដល់អាជីវករ ពាណិជ្ជករម្ចាស់សណ្ឋាគារ ក្រុមហ៊ុន ដើម្បីឲ្យប្រជាជនលើពិភពលោកយល់ដឹងពីស្រុកបាត់ដំបងបានច្បាស់។ ការផ្សព្វផ្សាយនេះប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៨នៅសាលប្រជុំសាលាស្រុកបាត់ដំបងក្រោមអធិបតីភាពលោក ទឹម ជូនេត្ត្រ អភិបាលរងស្រុក លោក ថូម៉ាស ហែន (អ្នកជំនាញការរបស់ក្រុមហ៊ុន Net. Com A.6 នៃប្រទេសអាល្លឺម៉ង់) លោក អ៊ឹង គីមលី អនុប្រធានសភាពាណិជ្ជកម្មខេត្ត លោក ទូច វ៉ាន់ណេត អ្នកឯកទេសរបស់ក្រុមហ៊ុន Net. Com A.6។
លោក ទឹម ជូនេត្ត្រ អភិបាលរងស្រុកបាត់ដំបងមានប្រសាសន៍ថា ការជួបជុំពិភាក្សាជាមួយអាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សណ្ឋាគារ នាថ្ងៃនេះដើម្បីស្វែងយល់អំពីសារប្រយោជន៍នៃការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានទំនើបៗ។
លោក ថូម៉ាស ហែន (Thomas Heine) អ្នកជំនាញការរបស់ក្រុមហ៊ុន Net. Com A.6 នៃប្រទេសអាល្លឺម៉ង់មានប្រសាសន៍ថា គោលបំណងនៃការបង្កើត Web Portal សម្រាប់ស្រុកបាត់ដំបងដើម្បីបង្ហាញប្រាប់ពិភពលោកទាំងមូលឲ្យបានយល់ដឹងពីស្រុកបាត់ដំបង។ ចំណែកអ៊ិនធឺណែត (Internet) គឺជាទីផ្សារ ជាកន្លែងផ្លាស់ប្ដូរព័ត៌មាន ក៏ដូចជាកន្លែងសម្រាប់ផ្លាស់ប្ដូរបទពិសោធន៍ផ្សេងៗ។ វាជាឧបករណ៍ម្យ៉ាងសម្រាប់ស្វែងរកព័ត៌មានស្ដីពីព័ត៌មានឆ្ងាយពីតំបន់ដែលយើងរស់នៅ។ ជនជាតិបរទេសគេជឿលើទិន្នន័យនៅលើ Web Portal របស់រដ្ឋបាល គេមិនសូវជឿលើ Web Portal របស់ក្រុមហ៊ុនឯកជនទេ ព្រោះក្រុមហ៊ុនច្រើនគិតពីរឿងចំណេញ។ ជាពិសេស Web Portal នៅអឺរ៉ុបគេបង្កើតឡើងដើម្បីធ្វើជំនួញដើម្បីចំណេញ៕

