ខេត្តកំពង់ចាម៖ ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនដោយទទួលការចោទប្រកាន់ថា បានឆបោកប្រាក់គេជាង១ម៉ឺនដុល្លារ ក្នុងការធានាឲ្យមានអាពាហ៍ពិពាហ៍ជាមួយបុរសអាណិកជនខ្មែរនៅអាមេរិក ដើម្បីបានសិទ្ធិទៅរស់នៅទីនោះ។ ទោះជាយ៉ាងណាសូមកុំភ្លេចថា បានជាអាចមានអ្នកឆបោកបានក៏ដោយសារអ្នកខ្លះចង់បានប្ដីជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិកដែរ ទើបកើតមានរឿងរ៉ាវបែបនេះ។ ស្ត្រីជាប់ចោទឈ្មោះ ឡុង ចរិយា អាយុ៣៩ឆ្នាំ មានអាសយដ្ឋានលេខ១០Eo ផ្លូវលេខ២១៨ សង្កាត់ទឹកល្អក់ ខណ្ឌទួលគោកក្រុងភ្នំពេញត្រូវជាប់ចោទថា បានប្រើល្បិចឆបោកប្រាក់ចំនួន១០.២៩០ដុល្លារ ពីស្ត្រី២នាក់ នៅក្រុងកំពង់ចាម ក្នុងការធានាឲ្យមានអាពាហ៍ពិពាហ៍មួយ តែដោយសារដេកចាំពុំឃើញលទ្ធផលវិជ្ជមានក៏នាំគ្នាប្ដឹងប៉ូលិស។
លោក ហង្ស វ៉ាន់ចន អធិការរងប៉ូលិសស្រុកកំពង់ចាមបានឲ្យដឹងនៅព្រឹកថ្ងៃទី៩ ឧសភា ថាស្ត្រី២នាក់ ម្នាក់ឈ្មោះ អង់ ឆេងមួយ អាយុ២៥ឆ្នាំ រស់នៅភូមិចុងថ្នល់២ឃុំបឹងកុក ស្រុកកំពង់ចាម និងម្នាក់ទៀតឈ្មោះ ហម ថុល អាយុ៤៥ឆ្នាំ រស់នៅភូមិ៣ ឃុំវាលវង់ ស្រុកកំពង់ចាម នាំគ្នាទៅដាក់ពាក្យបណ្ដឹងជូនលោកអធិការប៉ូលិសស្រុកកំពង់ចាម ដោយប្ដឹងពីស្ត្រីឈ្មោះ ឡុង ចរិយា។ ចំពោះទឹកប្រាក់ត្រូវអ្នកទាំង២អះអាងថា ចាញ់បោកចំនួនជាង១ម៉ឺនដុល្លារដោយស្ត្រីឈ្មោះ ចរិយា ទទួលយកសម្រាប់រត់ការបំពេញឯកសារផ្សេងៗ ដើម្បីរៀបការជាមួយកំលោះអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ប៉ុន្តែគ្មានឃើញលទ្ធផលជាដុំកំភួនណាមួយសោះ។ នៅម៉ោង១២ថ្ងៃត្រង់ ទី៥ ឧសភា ២០០៨ ស្របពេលដែលស្ត្រីឈ្មោះចរិយា មកកាន់ក្រុងកំពង់ចាម ដើម្បីទទួលយកប្រាក់បន្ថែមនោះ ដោយដឹងថាបែបមិនស្រួល ក៏ដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឈានដល់ការឃាត់ខ្លួនតែម្ដង។
កញ្ញា អង់ ឆេងមួយ រស់នៅឃុំបឹងកុកជាតួអង្គកូនក្រមុំបានបំភ្លឺថា កាលពីថ្ងៃទី២០ មេសា ២០០៨ នាងបានទៅក្រុងភ្នំពេញ ហើយបានជួបស្ត្រីឈ្មោះចរិយាដោយចៃដន្យ។ ពេលនោះបានផ្ដើមនិយាយរឿងទៅរស់នៅអាមេរិក ហើយស្ត្រីរូបនេះបានណែនាំនាងឲ្យស្គាល់បុរសម្នាក់ឈ្មោះវិសាល ជាអាណិកជនខ្មែរអាមេរិក។ បន្ទាប់មកស្ត្រីរួបនេះបានបន្ថែមថា អាណិកជនខ្មែរនៅអាមេរិកនោះពេញចិត្តរួបនាង ហើយនិយាយទៀតថា អាណិកជនឈ្មោះ វិសាល និយាយថា បើបានរៀបការជាមួយគ្នាគេនឹងនាំនាងទៅរស់នៅឯសហរដ្ឋអាមេរិកដោយការធានាក្នុងនាមជាប្ដីស្របច្បាប់។ នាង ឆេងមួយបានបំភ្លឺបន្តទៀតថា បន្ទាប់មកនាងបាននាំស្ត្រីរួបនេះទៅសម្រាកនៅផ្ទះនាងមួយយប់។ លុះព្រឹកថ្ងៃទី២២ មេសា ២០០៨ នាងនិងឈ្មោះ ហម ថុល បានយកឯកសារ និងលុយ ១.២០០ដុល្លារ ឲ្យស្ត្រីឈ្មោះ ឡុង ចរិយា សម្រាប់យកទៅធ្វើលិខិតឆ្លងដែន។ ថ្ងៃទី២៦ មេសាស្ត្រីឈ្មោះចរិយា បានទូរស័ព្ទមកនាងថា "សំណុំបែបបទបានធ្វើនៅក្រៅប្រទេសអស់ហើយ"។ បន្ទាប់មកមានទូរស័ព្ទលេខ ០០៨ ចុចមកចូលទូរស័ព្ទនាង (ឆេងមួយ) ដោយអះអាងថា ត្រូវជាម្ដាយកូនកំលោះនៅអាមេរិក ហើយឯកសារទាំងឡាយនោះបានទទួលអស់ហើយ។ ថ្ងៃទី២៧ មេសា ២០០៨ ម្ដាយកូនកំលោះដដែលបានទូរស័ព្ទមកជួបម្ដងទៀត ឲ្យនាងរៀបឯកសារបន្តឲ្យលឿន រួមនាងក៏បានទូរស័ព្ទទៅជួបស្ត្រីឈ្មោះ ចរិយា ជាមេអណ្ដើក។ ស្ត្រីមេអណ្ដើកប្រាប់ថា បើចង់បានលឿននោះទាល់តែបង់ក្នុងម្នាក់៣៥០ដុល្លារ។ ២នាក់ទៀតនោះគឺប្អូនស្រីរបស់នាងដែលចង់ទៅជាមួយដែរ។ មួយថ្ងៃបន្ទាប់មកនាងបានទូរស័ព្ទប្រាប់ទៅប្អូនប្រុសនៅភ្នំពេញឲ្យយកលុយទៅឲ្យស្ត្រីឈ្មោះចរិយា។
នាងបន្តថា នៅថ្ងៃទី៣០ មេសា ២០០៨ ម្ដាយកូនកំលោះនៅសហរដ្ឋអាមេរិកបានទូរស័ព្ទមកប្រាប់នាងទៀតថា ឯកសារបានទទួលហើយ ហើយនាងតបទៅវិញថា មានប្អូនស្រី២នាក់ទៀតក៏ចង់ទៅដែរ ស្ត្រីចរិយាឲ្យនាងរៀបចំឯកសារប្អូនៗឲ្យលឿន ហើយយកលុយក្នុងម្នាក់១.១៥០ដុល្លារ ថ្លៃធ្វើបែបបទសរុប ៣.០០០ដុល្លារ។ លុះថ្ងៃទី១ ឧសភា២០០៨ ប្អូនប្រុសបានយកលុយឲ្យទៅស្ត្រី ចរិយា និងនៅថ្ងៃទី២ ឧសភា ស្ត្រីចរិយាមកទទួលលុយរបស់នាងដល់ផ្ទះ នៅកំពង់ចាមចំនួន ៣.២៩០ដុល្លារ ដោយប្រាប់ថា សម្រាប់ទិញសំបុត្រយន្តហោះ។ ស្ត្រីឈ្មោះចរិយាទូរស័ព្ទមកប្រាប់នាងថ្ងៃទី៥ ឧសភាថា ខ្លួនមកម្ដងទៀត ដើម្បីយកលុយបន្ថែមសរុបទាំងអស់ ៨.៧៩០ដុល្លារ។
ដោយឡែកស្ត្រីដើមបណ្ដឹងម្នាក់ទៀតឈ្មោះ ហម ថុល រស់នៅភូមិ៣ ឃុំវាលវង់ស្រុកកំពង់ចាម ក៏បានបំភ្លឺដែរ ដោយចង់ឲ្យក្មួយស្រីម្នាក់ឈ្មោះ ហ៊ឺ គឹមលាង អាយុ២៩ឆ្នាំបានទៅនៅអាមេរិក គាត់ក៏ជាអ្នកចាញ់បោកដែរ។ ក្មួយស្រីគាត់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រុងភ្នំពេញ ហើយមូលហេតុដែលចាញ់បោកនេះ ដោយសារស្ត្រីឈ្មោះ ចរិយា បានមកនិយាយឃោសនាអូសទាញថា "មានអ្នកនៅអាមេរិកមករកការប្រពន្ធ"។ ដោយឮការនិយាយបែបនេះ គាត់បានឲ្យរូបថតក្មួយស្រីទៅស្ត្រីឈ្មោះ ចរិយា នោះ។ បន្ទាប់ពីប្រគល់រូបថតរួចស្ត្រីឈ្មោះចរិយាប្រាប់ថា ចាំថ្ងៃទី២៨ មេសា ២០០៨ខ្លួននឹងប្រគល់រូបថតកូនកំលោះឲ្យមកក្មួយស្រីមើលវិញ។ ក្នុងចន្លោះថ្ងៃទី២២ មេសា ដល់ថ្ងៃទី២៨ មេសា ខាងកូនកំលោះនៅអាមេរិកនោះឧស្សាហកម្មទូរស័ព្ទមកលេង ធ្វើឲ្យមានការទុកចិត្ត។ នៅថ្ងៃទី៣០ មេសា ស្ត្រីឈ្មោះ ចរិយា បានមកយកលុយកក់៥០០ដុល្លារ សម្រាប់រត់ការ និងមានជាហូរហែក្រោយៗមកទៀតសរុប ១.៥០០ដុល្លារ។
ស្ត្រីជាប់ចោទឈ្មោះ ឡុង ចរិយា មិនទាន់បានសារភាពបែបណាឲ្យអស់សង្ស័យជុំវិញការចោទប្រកាន់នេះទេ តែក្នុងកំណត់ហេតុប៉ូលិសសរសេរថា ចំពោះលុយដែលទទួលពីនាងឆេងមួយ ចំនួនជាង ៧.០០០ដុល្លារ យកទៅរត់ការនោះមិនទាន់បានសម្រេចទេ។ ចំពោះលុយរបស់ស្ត្រីឈ្មោះ ហម ថុល ចំនួន ១.៣០០ដុល្លារ ដែលឲ្យលើកដំបូង១.០០០ដុល្លារ និងលើកទី២ឲ្យ៣០០ដុល្លារនោះមិនទាន់ចាត់ចែងទៅណាទេ។
ស្ត្រីឈ្មោះ ហម ថុល រស់នៅភូមិទី៣ ឃុំវាលវង់ ស្រុកកំពង់ចាម ប្រាប់បន្ថែមថា គាត់ជាម្ដាយមីងរបស់នាង គីមលាង អាយុ ២៩ឆ្នាំរស់នៅសង្កាត់ស្រះចក ខណ្ឌទួលគោក ក្រុងភ្នំពេញ បានទៅជួបស្ត្រីឈ្មោះ ឡុង ចរិយា នៅក្បែរអាងទឹកក្នុងផ្សារឡាក់គី ក្រុងភ្នំពេញបានទៅជួបគ្នាពេលទៅធ្វើលិខិតឆ្លងដែន។ ក្នុងពេលនោះខែមេសា ២០០៨ ស្ត្រីឈ្មោះ ចរិយា និយាយថា មានគេនៅអាមេរិកចង់បានប្រពន្ធ ហើយគាត់ ក៏ធ្លោយមាត់ថា "ខ្ញុំមានក្មួយស្រីម្នាក់ តែនាងរាងចាស់បន្តិចហើយ" លុះឮថា "គេរកតែចាស់" គាត់ក៏ឲ្យរូបថតក្មួយស្រីទៅស្ត្រីឈ្មោះ ចរិយា ហើយគេយកទៅអ៊ីម៉ែលផ្ញើទៅឲ្យកូនកំលោះ នៅអាមេរិកមើល។
ស្ត្រីឈ្មោះ ហម ថុល អះអាងថា តាមពិតស្ត្រីចរិយាមិនស្គាល់ក្មួយស្រីរបស់គាត់ទេ ស្គាល់តែតាមរយៈរូបថតប៉ុណ្ណោះ។ លុះពេលបន្ទាប់មកស្រាប់តែមានគេទូរស័ព្ទពីអាមេរិកចេញលេខ "០០៨" អះអាង ប្រាប់ក្មួយគាត់ថា រូបថតនាងបានទទួលហើយ ហើយក្មួយគាត់ធ្លាប់និយាយបាន២ដងដែរ តែមិនដឹងជា កូនកំលោះនៅអាមេរិកមែនឬអត់នោះទេ? គាត់បានឲ្យលុយសរុប ១.៥០០ដុល្លារទៅស្ត្រីឈ្មោះ ចរិយា។
នៅថ្ងៃទី៥ ឧសភា ២០០៨ស្ត្រី ចរិយា ចេញដំណើរពីភ្នំពេញមកយកលុយបន្ថែមទៀតសម្រាប់ទៅរត់ការ តែមានអ្នកនៅភ្នំពេញប្រាប់នាង ឆេងមួយ ថា" ប្រយ័ត្នចាញ់បោកគេក៏ ប្ដឹងប៉ូលិសស្រុកកំពង់ចាមតែម្ដង"។
លោក ហង្ស វ៉ាន់ចន អធិការរងប៉ូលិសស្រុកកំពង់ចាម បញ្ជាក់ថា ស្ត្រីឈ្មោះ ឡុង ចរិយា ត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី៨ ឧសភា ចោទពីបទឆបោកប្រាក់ជាង១ម៉ឺនដុល្លារ។
ជុំវិញរឿងរ៉ាវខាងលើនេះមានទិដ្ឋភាពនៃការរួមគំនិតក្នុងការឆបោកច្រើនទៀត ដូចជាស្ត្រីម្នាក់ដែលអះអាងថា ជាម្ដាយកូនកំលោះ និងបុរសម្នាក់ជាកូនកំលោះឈ្មោះ វិសាល តែងតែទូរស័ព្ទចូលថា បានទទួលឯកសារហើយជំរុញឲ្យបំពេញឯកសារផ្សេងៗឲ្យលឿន ផ្ទុយទៅវិញបានត្រឹមតែយកលុយឲ្យស្ត្រីឈ្មោះ ឡុង សូរិយា ទីបំផុតស្ត្រីរូបនេះថា ឯកសារដែលរត់ការនោះមិនទាន់បានសម្រេចទេ។ បើសិនជាការទូរស័ព្ទមកពីអាមេរិកមែន គឺមានន័យថា សូម្បីតែអ្នកនៅអាមេរិកក៏រួមគំនិតឆបោកលុយពីខ្មែរក្នុងស្រុកដែរ។
សម្រាប់ហេតុការណ៍ខាងលើនេះ មិនគួរផ្កាកុលាបទាំងឡាយអន្ទងកន្លង់ពីនាយសមុទ្រ ហើយភ្លេចកន្លង់ក្នុងស្រុកដែលបរិសុទ្ធនោះទេ។ គេថា បើមិនទាន់ទឹកភ្នែកជូតក្បាលជង្គង់ទេ ពិតជាមិនរាងឡើយ។ មិនខ្វះទេ ក្រុមតារាចម្រៀងត្រូវបានកន្លង់នាយសមុទ្រឆាបយកទៅ ហើយក៏មិនខ្វះដែរចំពោះអ្នកដែលរត់ចោលកន្លង់ទាំងនោះត្រឡប់មកស្រុកវិញ៕

