ជាមួយនិងសេចក្ដីសង្ឃឹមថា វិស័យឯកជនដែលរីកដូចផ្សិតរបស់ប្រទេសកម្ពុជានឹងក្លាយជាកម្លាំងជំរុញការអភិវឌ្ឍនោះ ទំនាក់ទំនងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលក៏បានក្លាយជាកម្លាំងស្នូលមួយនៃដំណើរការរីកលូតលាស់នេះ។ កាលពីម្សិលមិញនេះ លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា និង លោកស្រី គ្រីស្ទីណា សឺវីឡា អនុប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានពិភាក្សាគ្នាអំពីយន្តការនានាសម្រាប់កិច្ចសន្ទនាជាមួយវិស័យសាធារណៈ និងវិស័យឯកជន ដែលមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍក្នុងវេទិកាមួយដែលបានធ្វើនៅទីក្រុងភ្នំពេញ។ វាគ្មិនទាំងពីរបានសរសើរពីការរីកចម្រើននានាដែលបានធ្វើឡើង ហើយបានទទួលស្គាល់ថា គេត្រូវការកំណែទម្រង់បន្ថែមទៀត។
លោកស្រី សឺវីឡា អនុប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកស្រី មកទីនេះ ជាបឋមគឺដើម្បីពិភាក្សាអំពីគំរូរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចពិគ្រោះយោបល់ស្ដីអំពីផ្សារភាគហ៊ុន។ ប៉ុន្តែលោកស្រី បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកស្រីក៏ធ្វើឡើងក្នុងគោលបំណងកសាងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋ ដើម្បីស្វែងរកវិធីក្នុងការពង្រឹង និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីតាមរយៈគម្រោងវិនិយោគទុន និងពាណិជ្ជកម្ម។
ការសរសើររបស់លោកស្រីចំពោះកំណែទម្រង់របស់ប្រទេសកម្ពុជាគឺ ជាទូទៅគួរជាទីមោទនៈ ហើយលោកស្រីបានលើកទឹកចិត្តធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀត។ លោកស្រីបានថ្លែងថា៖ "យើងសូមកោតសរសើររាជរដ្ឋាភិបាលកម្ពុជាដែលបានបោះជំហានដ៏គួរជាទីចាប់អារម្មណ៍នេះក្នុងការបង្កើននូវតម្លាភាព និងកិច្ចសន្ទនាជាមួយវិស័យឯកជន"។ លោកស្រីបានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដែលបានកើនឡើងដល់ ២,៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០០៨ នេះ គឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក។
លោកស្រីបានមានប្រសាសន៍ទៀតដោយរៀបរាប់ផលិតផលត្រី ឈើ ស្បែកជើង សម្លៀកបំពាក់ ថាជាផលិតផលចម្បងរបស់កម្ពុជា ដែលនាំចេញទៅសហរដ្ឋអាមេរិកនោះថា ៖ "យើងមានទំនាក់ទំនងពាណិជ្ជកម្មដ៏ខ្លាំងមួយ ដោយកសាងឡើងដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាដោយកិច្ចព្រមព្រៀងលើគម្រោងវិនិយោគ និងពាណិជ្ជកម្មសហរដ្ឋអាមេរិក"។ លោកស្រី បានបន្ថែមថា សហរដ្ឋអាមេរិកសង្កត់ធ្ងន់យ៉ាងខ្លាំងលើការពង្រឹង និងការធ្វើឲ្យទំនាក់ទំនងទ្វេភាគីរបស់យើងកាន់តែមានលក្ខណៈស៊ីជម្រៅ ដោយលោកស្រីបានបង្ហាញថា ដំណើរទស្សនកិច្ចកាលពីខែវិច្ឆិកា ឆ្នាំមុនរបស់ ស៊ូសាន ស្វេប (Susan Schwab) តំណាងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក គឺជាដំណើរទស្សនកិច្ចដំបូងរបស់តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកមកព្រះរាជាណាចក្រកម្ពុជាហើយថា បន្ទាប់ពីដំណើរទស្សនកិច្ចនោះទៅនឹងមានដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតចន វ៉េរូណូ (John Veroneau) អនុប្រធានការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ប៉ុន្តែការអនុវត្តតាមការប្ដេជ្ញាចិត្តនៃអង្គការពាណិជ្ជកម្មពិភពលោក ការពង្រឹងរបបកម្មសិទ្ធិបញ្ញា និងការពង្រឹងបរិយាកាសអាជីវកម្ម គឺនៅតែជាក្ដីបារម្ភជាអាទិភាព។ នេះបើយោងតាមប្រសាសន៍របស់ លោកស្រី សឺវីឡា។
លោកស្រីបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តដើម្បីជួយប្រទេសកម្ពុជាឲ្យកែលម្អបរិយាកាសវិនិយោគ និង បរិយាកាសអាជីវកម្ម។"នៅសហរដ្ឋអាមេរិក យើងក៏មានការពិភាក្សាយ៉ាងជិតស្និទ្ធផងដែររវាងរដ្ឋាភិបាល និងវិស័យឯកជន...យើងឲ្យតម្លៃលើតម្លាភាព និងសមត្ថភាពរបស់វិស័យសាធារណៈ និងឯកជនក្នុងការផ្ដល់យោបល់អំពីគោលនយោបាយពាណិជ្ជកម្ម" លោកស្រី សឺវីឡា បញ្ជាក់យ៉ាងដូច្នេះមុននឹងលោកស្រីបានបង្ហាញសេចក្ដីសង្ឃឹមថា សហរដ្ឋអាមេរិក និងកម្ពុជាអាចរៀនពីបទពិសោធន៍គ្នាទៅវិញទៅមក។
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានឲ្យអាទិភាពលើកំណែទម្រង់ពាណិជ្ជកម្មចាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ ដោយលើកទឹកចិត្តឲ្យមានតម្លាភាព និងកសាងជំនឿទុកចិត្ត តាមរយៈកំណែទម្រង់ច្បាប់បង្កើនសមត្ថភាពនាំចេញ និងពង្រឹងធនធានមនុស្សឲ្យកាន់តែប្រសើរ។ លោកបានហៅចំណុចទាំងនេះថាជា "សសរទាំងបីនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលកម្ពុជា"។ លោក ចម ប្រសិទ្ធ បានអះអាងថា កំណែទម្រង់រដ្ឋាភិបាលបានជួយសន្សំប្រាក់ឲ្យវិស័យឯកជនរួចទៅហើយ គឺបានចំនួនប្រហែលជា ៦៩,២ លានដុល្លារអាមេរិក ហើយរដ្ឋាភិបាលនឹងបន្ត "នាំផ្លូវវិស័យឯកជនឲ្យបានផលប្រយោជន៍ល្អបំផុត"។
លោកបានសារភាពថា "ប្រព័ន្ធនោះវាមិនល្អឥតខ្ចោះនោះទេ" ហើយថា "នៅមានកិច្ចការដែលត្រូវធ្វើទៀត" ដោយលោកបានសន្យាថារដ្ឋាភិបាលនឹងបន្តឲ្យមានការកែលម្អរហូតដល់រាល់សេចក្ដីព្រួយបារម្ភរបស់វិស័យឯកជនត្រូវបានដោះស្រាយ។
លោក ចូសេហ្វ ម៉ូសសូមេលី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ "ពិតណាស់ មានបញ្ហានៅក្នុងវិស័យការងាររបស់ប្រទេសកម្ពុជា ប៉ុន្តែព្រះរាជាណាចក្រនេះកំពុងតែធ្វើបានល្អច្រើនជាងប្រទេសជិតខាង"។ លោកឯកអគ្គរដ្ឋទូតបានថ្លែងថា ៖ "ផ្នែកមួយនៃបញ្ហានៅក្នុងវិស័យការងារគឺថា តាមវិធីខ្លះមានសេរីភាពច្រើនពេកគឺសហជីពកម្មករច្រើនពេក ប៉ុន្តែពួកគេមិនទាន់រឹងមាំ និងមិនមានទំនាក់ទំនងគ្រប់គ្រាន់ជាមួយនិងរោងចក្រកាត់ដេររបស់ខ្លួន"។ លោកបានថ្លែងទៀតថា ៖ "ប៉ុន្តែជារួមកម្លាំងពលកម្មរបស់កម្ពុជាកំពុងតែធ្វើបានយ៉ាងល្អណាស់នៅតាមរោងចក្រកាត់ដេរ។ មានឱកាសសម្រាប់កែលម្អ ប៉ុន្តែខណៈដែលយើងមានសេចក្ដីព្រួយបារម្ភនោះក៏យើងនៅតែគិតថា ការរីកចម្រើនកំពុងតែកើតមានឡើងផងដែរ"៕

