Adopted proclaimed by General Assembly resolution 217 A (III) of 10 December 1948
បុព្វកថា
ដោយយល់ឃើញថា ការទទួលស្គាល់នូវសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលមានតាំងពីកំណើត និងសិទ្ធិស្មើភាពគ្នា និងដែលមិនអាចដកហូតបានរបស់ពូជពង្សមនុស្សគ្រប់រូប គឺជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។
ដោយយល់ឃើញថា ការមិនទទួលស្គាល់ និងការប្រមាថមើលងាយសិទ្ធិមនុស្ស បាននាំឲ្យកើតមាននូវអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ដែលជាទំនាស់យ៉ាងខ្លាំងដល់មនសិការមនុស្សជាតិ និងដោយហេតុថា មនុស្សដែលមានជីវិតរស់នៅក្នុងពិភពលោក ត្រូវមាននូវសេរីភាព ក្នុងការនិយាយស្ដី ជំនឿ និងសេរីភាព ផុតពីអំពើភេរវកម្ម និងភាពក្រីក្រតោកយ៉ាក ត្រូវបានប្រកាសថាជាសេចក្ដីប្រាថ្នាដ៏ឧត្ដមបំផុតរបស់មនុស្សទូទៅ។
ដោយយល់ឃើញថា ជាការចាំបាច់ដែលថា សិទ្ធិមនុស្សត្រូវតែមាននូវកិច្ចការពារដោយធម្មាធិបតេយ្យ ប្រសិនបើមនុស្សមិនត្រូវបានទទួលរងនូវការបង្ខិតបង្ខំឲ្យចាប់យកនូវគ្រឿងដោះបន្ទាល់ជាជម្រើសចុងក្រោយដើម្បីបះបោរប្រឆាំងនឹងអំណាចផ្ដាច់ការ និងការគាបសង្កត់ទេនោះ។
ដោយយល់ឃើញថា ជាការចាំបាច់ណាស់ដើម្បីលើកស្ទួយដល់ការពង្រីកនូវទំនាក់ទំនងជាមិត្តភាពរវាងប្រជាជាតិនានា។
ដោយយល់ឃើញថា នៅក្នុងធម្មនុញ្ញ ប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិ បានប្រកាសសារជាថ្មីម្ដងទៀតនូវជំនឿរបស់ខ្លួនទៅលើសិទ្ធិសំខាន់ៗ សេចក្ដីថ្លៃថ្នូរ តម្លៃមនុស្ស និងលើសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ហើយប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិបានប្រកាសយ៉ាងប្ដូរផ្ដាច់ ដើម្បីលើកស្ទួយវឌ្ឍនភាពសង្គម និងបទដ្ឋានដ៏ប្រសើរនៃការរស់នៅក្នុងសេរីភាពដ៏ទូលំទូលាយ។
ដោយហេតុថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំងអស់បានសច្ចាធ្វើឲ្យបានសម្រេចនូវការលើកស្ទួយការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងការប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពសំខាន់ៗទាំងឡាយ។
ដោយយល់ស្របថា ការយល់ដឹងជាទូទៅនូវសិទ្ធិ និងសេរីភាពទាំងនេះមានសារសំខាន់ដ៏ធំធេងបំផុតដើម្បីធ្វើឲ្យបានទទួលយ៉ាងពេញលេញនូវការសច្ចាប្រណិធាននេះ។
ដោយហេតុនេះ នៅពេលនេះ
មហាសន្និបាតប្រកាសថា៖
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស គឺជាបទដ្ឋាននៃសេចក្ដីសម្រេចបានរួមគ្នាមួយ សម្រាប់ប្រជាពលរដ្ឋ និងប្រជាជាតិទាំងអស់ ទៅកាន់ទីបញ្ចប់មួយត្រង់ថា បុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ដែលរក្សាជាប់ក្នុងចិត្តជានិច្ចនូវសេចក្ដីប្រកាសនេះ ត្រូវខិតខំប្រឹងប្រែងតាមរយៈការបង្រៀន និងអប់រំដើម្បីលើកស្ទួយការគោរពសិទ្ធិ និងសេរីភាពទាំងនេះ និងតាមរយៈវិធានការជាតិនិងអន្តរជាតិជាលំដាប់ៗទៅមុខ ដើម្បីធានាឲ្យបាននូវការទទួលស្គាល់និងការប្រតិបត្តិតាមជាសកល និងប្រកបដោយប្រសិទ្ធិភាព ទាំងក្នុងចំណោមប្រជាពលរដ្ឋនានានៃរដ្ឋជាសមាជិកខ្លួនឯង ទាំងក្នុងចំណោមប្រជាពលរដ្ឋនានាដែលរស់នៅក្រោមដែនអំណាចច្បាប់របស់ខ្លួន។
មាត្រា ១
មនុស្សទាំងអស់កើតមកមានសេរីភាព និងភាពស្មើៗគ្នាក្នុងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ។ មនុស្សគ្រប់រូបសុទ្ធតែមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈ ហើយត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីរាប់អានគ្នាជាបងប្អូន។
មាត្រា ២
មនុស្សគ្រប់រូបមានសិទ្ធិ និងសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដែលមានចែងក្នុងសេចក្ដីប្រកាសនេះ ដោយគ្មានការបែងចែកជាតិ សាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬមតិផ្សេងៗទៀត ប្រភពជាតិឬសង្គម ទ្រព្យសម្បត្តិ កំណើត ឬឋានៈដទៃៗទៀតឡើយ។
បន្ថែមលើនេះទៀត មិនត្រូវធ្វើការបែងចែកណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬឋានៈជាអន្តរជាតិនៃប្រទេស ឬដែនដីដែលបុគ្គលមួយរូបជាសមាជិកឡើយ ទោះប្រទេសនោះជាប្រទេសឯករាជ្យ ឬស្ថិតនៅក្រោមអាណត្តិគ្រប់គ្រង ឬមិនគ្រប់គ្រងដោយខ្លួនឯង ឬស្ថិតក្រោមការដាក់កម្រិតដទៃៗណាមួយនៃអធិបតេយ្យភាពយ៉ាងណាក៏ដោយ។
មាត្រា ៣
បុគ្គលម្នាក់ៗត្រូវមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងសន្តិសុខផ្ទាល់ខ្លួន។
មាត្រា ៤
គ្មានជនណាម្នាក់ត្រូវជាប់ក្នុងភាពជាទាសករ ឬក្នុងភាពជាអ្នកបម្រើគេឡើយ ហើយការជួញដូរទាសករក្នុងទម្រង់យ៉ាងណាក៏ដោយ ត្រូវហាមឃាត់។
មាត្រា ៥
គ្មានជនណាម្នាក់ត្រូវទទួលទារុណកម្ម ឬការធ្វើបាប ឬការដាក់ទណ្ឌកម្មយ៉ាងសាហាវឃោរឃៅអមនុស្សធម៌ ឬយ៉ាងថោកទាបឡើយ។
មាត្រា ៦
មនុស្សគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់ខ្លួនថាជាបុគ្គលមួយរូប ចំពោះមុខច្បាប់នៅគ្រប់ទីកន្លែងទាំងអស់ ។
មាត្រា ៧
មនុស្សទាំងអស់មានភាពស្មើៗគ្នាចំពោះមុខច្បាប់ ហើយមានសិទ្ធិទទួលបាននូវកិច្ចការពារដោយច្បាប់ ដោយស្មើៗគ្នា ដោយគ្មានការរើសអើងណាមួយឡើយ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវកិច្ចការពារខ្លួនស្មើៗគ្នា ប្រឆាំងទល់នឹងការរើសអើងណាមួយដែលជាការរំលោភនូវសេចក្ដីប្រកាសនេះ និងប្រឆាំងទល់នឹងការញុះញង់ណាមួយដែលនាំទៅមានការរើសអើង។
មាត្រា ៨
មនុស្សគ្រប់រូប មានសិទ្ធិទទួលបាននូវការដោះស្រាយដោយតុលាការជាតិ ដែលមានសមត្ថភាពចំពោះអំពើទាំងឡាយដែលរំលោភសិទ្ធិសំខាន់ៗរបស់ខ្លួន ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ឬដែលមានចែងនៅក្នុងច្បាប់។
មាត្រា ៩
គ្មានបុគ្គលណាម្នាក់ត្រូវទទួលរងការចាប់ខ្លួន ការឃុំឃាំងខ្លួន ឬនិរទេសខ្លួន តាមអំពើចិត្តបានឡើយ។
មាត្រា ១០
ក្នុងការធ្វើសេចក្ដីសម្រេចជាចុងក្រោយអំពីសិទ្ធិ ឬកាតព្វកិច្ចរបស់ខ្លួន និងនៅក្នុងការចោទប្រកាន់អំពីបទឧក្រិដ្ឋណាមួយមកលើខ្លួន បុគ្គលគ្រប់រូបមានសិទ្ធិ មានភាពស្មើគ្នា យ៉ាងពេញលេញ ដើម្បីឲ្យមានសវនាការសាធារណៈ និងត្រឹមត្រូវ ដែលធ្វើឡើងដោយតុលាការឯករាជ្យនិងមិនលំអៀង។

