ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី២០ កក្កដា នៅមន្ទីរកិច្ចការនារីខេត្តបានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការទប់ស្កាត់ការរំលោភសេពសន្ថវៈលើស្ត្រី និងកុមារ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្តលោកជំទាវអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី មន្ត្រីមន្ទីរជុំវិញខេត្ត និងសិក្ខាកាមមកពីបណ្ដាស្រុក មេប៉ុស្ដិ៍ និងស្ត្រីជាប្រធានក្រុមប្រឹក្សាឃុំជាច្រើនរូប។
លោកជំទាវ ហោ ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីថ្លែងថា វគ្គបណ្ដុះបណ្ដាលនេះ គឺចង់ទប់ស្កាត់ការរំលោភសេពសន្ថវៈលើស្ត្រី និងកុមារ ដើម្បីធ្វើបទបង្ហាញជូនអង្គសិក្ខាសាលាស្ដីពីច្បាប់ទាក់ទិនការចាប់រំលោភសេពសន្ថវៈ ដើម្បីប្រមូលព័ត៌មាន និងផ្ដល់អនុសាសន៍ និងយុទ្ធសាស្ត្រមួយសម្រាប់ចំនួនទប់ស្កាត់ និងលើកកំពស់យុត្តិធម៌ស្ត្រី និងកុមារ។ បច្ចុប្បន្នស្ត្រី និងកុមារនៅតាមសហគមន៍កំពុងប្រឈមមុខរងគ្រោះដោយអំពើហិង្សា ការរំលោភផ្លូវភេទ ការជួញដូរ ការកេងប្រវ័ញ្ចជាដើម។ បទល្មើសមួយចំនួនបានដោះស្រាយក្រៅប្រព័ន្ធច្បាប់ដែលអាចធ្វើឲ្យជនល្មើសរួចខ្លួន ហើយបានបង្កភាពស្មុគស្មាញដល់សង្គមជាតិថែមទៀតផង។
លោក អ៊ុន សំអុល អភិបាលរងខេត្តមានប្រសាសន៍ថា សព្វថ្ងៃយើងមានច្បាប់សមល្មមអាចអនុវត្តបានហើយ ប៉ុន្តែការអនុវត្តរបស់យើងនៅខ្វះខាតនៅឡើយ ដូចជាពេលខ្លះយើងធ្វើខុសនីតិវិធីនៃច្បាប់ដែលធ្វើឲ្យជនរងគ្រោះជាស្ត្រី និងកុមារមិនទទួលបានយុត្តិធម៌ ចំណែកមុខសញ្ញាមិនត្រូវបានបញ្ជូនទៅដាក់ទោសតាមផ្លូវច្បាប់ទេ។ ទាំងនេះមកពីមន្ត្រីអនុវត្តច្បាប់មួយចំនួនយល់ដឹងអំពីយុត្តិធម៌សម្រាប់ស្ត្រី និងកុមារនៅមានកម្រិតនៅឡើយ នេះក៏ដោយសារប្រទេសយើង ទើបមានសន្តិភាពពេញបរិបូរណ៍ ហើយច្បាប់បទដ្ឋានគតិយុត្តិពាក់ព័ន្ធមួយចំនួនធំ ទើបតែបានអនុម័ត។
លោកអភិបាលរងខេត្តបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់យកចិត្តទុកដាក់រៀនសូត្រហើយសង្ឃឹមថា រយៈពេល៣ថ្ងៃនៃការសិក្សានេះ សិក្ខាកាមទាំងអស់នឹងទទួលបានបទពិសោធន៍ល្អៗ ចំណេះដឹងថ្មីដើម្បីលើកស្ទួយ និងអនុវត្ត ច្បាប់ការពារសំដៅជួយទប់ស្កាត់ការរំលោភសេពសន្ថវៈលើស្ត្រី និងកុមារ៕





