ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

គិត​ឲ្យ​​ច្បាស់ និង​ត្រៀម​ជា​ស្រេច​មុន​ចាក​ចេញ​ទៅ​បរទេស

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

នៅ​ក្នុង​ជំនួប​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ៩ កុម្ភៈ​កន្លង​ទៅ​រវាង​លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោកស្រី ជេណៃយ៍ ជេខបស៍ (Janice Jacobs) ឧបការី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ខណៈ​ដែល​លោកស្រី​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ មាន​ការ​ពិភាក្សាគ្នា​លើ​ចំណុច​ស្គី​ពី​នីតិវិធី​នៃ​លិខិត​បទដ្ឋាន​សម្រាប់​អាពាហ៍ពិពាហ៍​រវាង​ពលរដ្ឋ​កម្ពុជា និង​ជន​បរទេស។ លោក អ៊ុច បូររិទ្ធ បាន​អះអាង​ថា ការ​ពិភាក្សា​​លើ​ចំណុច​នេះ ដោយរួមទាំង​លក្ខខណ្ឌ​នានា​នៃ​ការ​ស្មូម​កូន​ចិញ្ចឹម​ពី​ប្រទេស​កម្ពុជា​ផង​មាន​គោល​បំណង​សំខាន់​បំផុត​គឺ​បញ្ជាក់​ពី​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មាន​ការ​ប្រឆាំង​ដាច់​ខាត​ចំពោះ​ការ​រត់ពន្ធ​កុមារ​និង​ស្ត្រី​។

នេះ​គឺ​ពិត​ជាគោល​នយោបាយ​មួយ​ដ៏​ត្រឹម​ត្រូវ និង​គួរ​ឲ្យ​កោត​សរសើរ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា និង​ប្រកាន់​យក ដើម្បី​ទប់​ស្កាត់​ការ​រត់ពន្ធ​កុមារ​និង​ស្ត្រី​ពី​ប្រទេស​របស់​ខ្លួន។

ជា​ការពិត​នា​ពេល​បច្ចុប្បន្ន នៅ​ក្នុង​ដំណាក់​កាល​នៃ​គោល​នយោបាយ​បើក​ចំហ​ជើង​មេឃ ក្នុង​យុគសម័យ​សកលភាវូបនីយកម្ម​ និង​ក្នុង​រជ្ជកាល​នៃ​ការ​ប្រែប្រួល​ខាង​ប្រជាសាស្ត្រ វិបត្តិ​សេដ្ឋកិច្ច សង្គម​និង​នយោបាយ​ ព្រមទាំង​គម្លាត​ប្រាក់​ឈ្នួល​​រវាង​ប្រទេស​អភិវឌ្ឍន៍​ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផង​នោះ ទើប​មាន​ការ​បម្លាស់​ទី​ឆ្លង​ដែន​កាន់​តែ​ច្រើន​​ឡើង ដើម្បី​ស្វះស្វែង​រក​ការងារ​ធ្វើ ។ ពេល​ខ្លះ​ទៀត ការ​បម្លាស់​ទី​ឆ្លង​ដែន​របស់​មនុស្ស​នេះ​គឺ​ដើម្បី​សាង​ជីវិត​ថ្មី និង​រក​សុភមង្គល​ជូន​គ្រួសារ ដែល​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ពួក​គេ​ពិសេស​ស្ត្រី​ក្នុង​ត្រកូល​ក្រីក្រ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ឬ​ប្រទេស​មានការ​អភិវឌ្ឍ​តិចតួច​បាន​សម្រេច​ចិត្ត​រៀបការ​ជាមួយ​បុរស​បរទេស​ដែល​មក​ពី​ប្រទេស​​អភិវឌ្ឍន៍​។ ជា​ការពិត ស្នេហា​ដែល​ឈាន​​ទៅ​រក​អាពាហ៍ពិពាហ៍​រវាង​បុរស​ស្ត្រី​គឺ​​មិន​ប្រកាន់​វណ្ណៈ ពណ៌​សម្បុរ ឋានៈ និង​ជាតិ​សាសន៍​នោះ​ឡើយ។ សំខាន់​ឲ្យ​តែ​ភាគី​ទាំង​សងខាង​យល់​ព្រម​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​គ្នា​នៅ​ក្នុង​ជីវិត​ជា​ការ​ស្រេច​។

នៅ​ប្រទេស​កម្ពុជា​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ ពិសេស​ស្ត្រី​បាន​រៀប​អាពាហ៍ពិពាហ៍​ជា​មួយ​​បរទេស ទាំង​ជាតិ​សាសន៍​អាស៊ី​ ទាំង​ជាតិ​សាសន៍​អាមេរិក និង​អឺរ៉ុប ហើយ​ស្ត្រី​ទាំង​នោះ​ក៏​បាន​ទៅ​រស់​នៅ​ឯ​ស្រុក​របស់​បុរស​ជា​ស្វាមី ឃ្លាត​ឆ្ងាយ​ពី​ស្រុក​កំណើត ឃ្លាត​ឆ្ងាយ​ពី​បង​ប្អូន ឪពុក​ម្ដាយ និង​ញាតិ​មិត្ត​ផៅសន្ដាន​ដែល​ខ្លួន​បាន​ស្គាល់​តាំង​ពី​យូរ​មក​ហើយ។ ពិត​មែន​ហើយ មាន​អាពាហ៍ពិពាហ៍​ជា​ច្រើន​បាន​នាំ​មក​នូវ​សុភមង្គល​ដល់​ស្ត្រី​ខ្មែរ​យើង ពិសេស​ស្ត្រី​ដែល​ធ្លាប់​តែ​មាន​ជីវភាព​ក្រីក្រ​នោះ។ ពួកគេ​មិន​ត្រឹម​តែ​ត្រូវ​បាន​បុរស​ជា​ប្ដី​ជួយ​ជ្រោមជ្រែង​ដល់​ខ្លួន​ឲ្យ​មាន​ភាព​កក់ក្ដៅ​ក្នុង​ជីវិត​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​បង​ប្អូន និង​ឪ​ពុក​ម្ដាយ​របស់​ពួកគេ​នៅ​ឯ​ស្រុក​ទៀត​ក៏​បាន​ទទួល​ការ​​ផ្គត់ផ្គង់​ផង​ដែរ​។ ជាង​នេះ​ទៅ​ទៀត ស្ត្រី​ខ្លួន​ឯង​ដែល​ជា​ភរិយា​មាន​ឱកាស​អភិវឌ្ឍ​ខ្លួន​ទាំង​ផ្នែក​ចំណេះ​ដឹង​បច្ចេកទេស ទាំង​ផ្នែក​ស្មារតី ដែល​ធ្វើ​ឲ្យ​ខ្លួន​គេ​មាន​លទ្ធភាព​រក​ការងារ​ល្អ​ៗ​ធ្វើ​បាន និង​មាន​ប្រាក់​ចំណូល​យ៉ាង​សមរម្យ។ ចំណែក​ឯ​អ្នក​ធ្វើ​បម្លាស់​ទី​ឆ្លង​ដែន​ដើម្បី​ស្វះស្វែង​រក​ការងារ​ធ្វើ​ខ្លះ​ទៀត​ក៏​ទទួល​បាន​ជោគជ័យ​ដូច​បំណង ហើយ​ពួក​គេ​អាច​រក​ប្រាក់​ចំណូល​បាន​មិន​ត្រឹម​តែ​អាច​ជួយ​ទ្រទ្រង់​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ​គេ​ក៏​អាច​ឆ្លៀត​ចែក​រំលែក​ខ្លះ ដោយ​ផ្ញើ​មក​ឲ្យ​បង​ប្អូន និង​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត ដែល​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ជីវភាព​ទាំងអស់​គ្នា​បាន​ធូរ​មួយ​កម្រិត​ខុស​ប្លែក​កាល​ពី​គ្រា​មុន។

តើ​អ្នក​ដែល​ទៅ​បរទេស​ពិតជា​ទទួល​បាន​សុភមង្គល​ទាំង​អស់​គ្នា​មែន​ទេ?

សំណួរ​នេះ​គេ​តែង​តែ​សួរ​គ្នា​ជា​ញឹកញាប់​ ដោយ​អ្នក​ខ្លះ​ឆ្លើយ​ថា "ពិត" ហើយ​អ្នក​ខ្លះ​ទៀត​ក៏​​ឆ្លើយ​​ថា "មិន​ពិត"។ អ្នក​ខ្លះ​និយាយ​ថា "ជួញ​ជិត​ជា​ជាង​ជួញ​ឆ្ងាយ" ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​និយាយ​ថា "ចិត្ត​មិន​ដាច់​ធ្វើ​ស្ដេច​មិន​បាន"។ ពិត ឬ​មិន​ពិត​នោះ​គឺ​គ្មាន​ចម្លើយ​ណា​មួយ​ត្រូវ​បាន​គេ​កំណត់​ថា​ ត្រូវ ឬ​ក៏​ខុស​នោះ​ទេ។

ក្រុម​គ្រួសារ​ខ្លះ ពិសេស​គ្រួសារ​ក្រីក្រ​នៅ​តាម​តំបន់​ជន​បទ ដោយ​មើល​ឃើញ​គេ​ទទួល​បាន​លាភសក្ការៈ​ពី​ការ​ទៅ​បរទេស ពួកគេ​ក៏​បាន​សម្រេច​ចិត្ត​​ទៅ​ដែរ ដោយ​អ្នក​ខ្លះ​ទៀត​សុខចិត្ត​​ឲ្យ​កូន​ក្រមុំ​របស់​ខ្លួន​រៀបការ​ជា​មួយ​បុរស​បរទេស ហើយ​អនុញ្ញាត​ឲ្យ​ទៅ​តាម​ប្ដី​នៅ​ឯ​ស្រុក​គេ បើ​ទោះ​ជា​ខ្លួន​មិន​បាន​ទទួល​ព័ត៌មាន​ច្បាស់លាស់​ពី​ភាគី​ខាង​ប្រុស និង​ប្រទេស​ជា​គោលដៅ​ក៏ដោយ ។ ពេលខ្លះ​នៅ​ទី​បំផុត មាន​អ្នក​មិន​បាន​សម្រេច​ដូច​បំណង​ ហើយ​នាំ​ទុក្ខ​សោក​ដល់​ខ្លួន និង​ក្រុម​គ្រួសារ​ទៀត​ផង​។ នេះ​ទំនង​ជា​ពលរដ្ឋ​របស់​យើង​ទទួល​បាន​ព័ត៌មាន​មិន​គ្រប់គ្រាន់ ឬ​ក៏​ទទួល​បាន​ដែរ​តែ​មិន​​ច្បាស់លាស់ វា​ជា​ការ​ងាយ​ស្រួល​ដល់​មេខ្យល់ ​ឈ្មួញ​ជួញដូរ​មនុស្ស​ និង​អ្នក​ឆក់​ឱកាស​ដើម្បី​ផល​ប្រយោជន៍​មក​បញ្ចុះបញ្ចូល​ពលរដ្ឋ​របស់​យើង។ គួប​ផ្សំ​នឹង​ភាព​ទាល់ច្រក​ដោយសារ​តែ​ភាព​ក្រីក្រ​ផង ពួក​ទុច្ចរិត​ទាំងនោះ​បាន​ផ្ដល់​ទឹក​ប្រាក់​មួយ​ចំនួន​ដល់​ពលរដ្ឋ​របស់​យើង​ដែល​ពួកគាត់​មិនធ្លាប់​មាន​នៅ​ក្នុង​ជីវិត​កាល​ពី​មុន​មក។

ជា​ការ​ជាក់ស្ដែង​កន្លង​មក ទន្ទឹម​នឹង​ជួប​ភាព​ជោគជ័យ​ជា​ច្រើន​ក្នុង​​​ការ​ធ្វើ​បម្លាស់​ទី​ឆ្លង​ដែន​របស់​ពលរដ្ឋ​ខ្មែរ​យើង ដើម្បី​ស្វះស្វែង​រក​ការងារ និង​ចំណង​អាពាហ៍ពិពាហ៍​របស់​ស្ត្រី​ខ្មែរ​ជា​មួយ​បុរស​បទេស​ក៏​ដោយ ក៏​មាន​បុរស​​ស្ត្រី​ជា​ច្រើន​ជួប​នឹង​រឿង​បរាជ័យ សោក​សង្រេង ដែល​ពិបាក​នឹង​ថ្លែង​នូវ​អ្វី​ដែល​ពួកគេ​បាន​ទទួល​យ៉ាង​ជូរចត់ ហើយ​អ្នក​ខ្លះ​ក៏​បាត់​បង់​ជីវិត​នៅ​ក្នុង​ទឹក​ដី​របស់​គេ​ដោយ​អយុត្តិធម៌ បន្ទាប់​ពី​ពួកគេ​ទៅ​ធ្វើការ និង​រស់​នៅ​ឯ​បរទេស​នោះ​។ ឧទាហរណ៍​ជាក់​ស្ដែង​កាល​ថ្ងៃ​ទី ៨ កុម្ភៈ​កន្លង​មក​នេះ​មាន​កម្មករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​គេ​សម្លាប់​ដោយ​អាណោចអាធ័ម​នៅ​ក្នុង​ទឹក​ដី​ថៃ

ជារឿយៗ ព័ត៌មាន​ជាច្រើន​តែងតែ​រាយការណ៍​ថា ​មាន​ពលរដ្ឋ​ខ្មែរ​ខ្លះ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​ត្រូវ​បាន​គេ​ជួញដូរ​ឲ្យ​ធ្វើ​ជា​កម្មករ​ដាច់ថ្លៃ ជា​អ្នកសូមទាន និង​ធ្វើ​ជា​​ស្ត្រី​បម្រើ​ផ្លូវ​ភេទ ឬ​ស្ត្រី​ពេស្យា​ទៅបរទេស ពិសេស​នៅ​កោះ​តៃវ៉ាន់​តាមរយៈ​អាពាហ៍ពិពាហ៍​ជាដើម​។ កាល​ពី​មុន​នេះ មាន​របាយការណ៍​ជាច្រើន​បាន​ឲ្យដឹង​ថា ​អ្វី​ដែលនារី​ខ្មែរ​រងគ្រោះ​ធ្ងន់ធ្ងរ​នោះ គឺ​ត្រូវ​បុរស​ជនជាតិ​តៃវ៉ាន់​រៀបអាពាហ៍ពិពាហ៍​ហើយ​ ឆបោក​នាំ​យក​ទៅ​ធ្វើ​ជា​ស្រី​ពេស្យា​នៅ​ក្នុង​ប្រទេស​របស់​គេ ហើយ​ស្ត្រី​ទាំង​នោះ​ត្រូវ​គេ​ផ្ដាច់​ពុំ​ឲ្យ​មាន​ការ​ទំនាក់ទំនង​មក​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ខ្មែរ​ឡើយ

បើ​តាម​មន្ត្រី​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក៏​មាន​ករណី​ជួញដូរ​ពលរដ្ឋ​ខ្មែរ​ទៅ​កាន់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ហើយ​ក៏​សង្ស័យ​ពី​ការ​ជួញដូរ​ទៅ​រហូត​ដល់​សូម៉ាលី​ជា​ដើម ​ដូច​ជា​ករណី​កង​ទ័ព​ឥណ្ឌា​បាញ់​ច្រឡំ​ទូក​នេសាទ​ថៃ​មួយ​គ្រឿង​ថា​ ជា​ទូក​ចោរ​សមុទ្រ​ ដោយ​នៅ​ក្នុង​នោះ​មាន​ជន​រងគ្រោះ​ជា​ជន​ជាតិ​ខ្មែរ​មួយ​រូប​នៅ​រស់​រាន​មាន​ជីវិត។ ដើម្បី​ទប់ស្កាត់​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស ក៏​ដូចជា​ចូលរួម​ជាមួយ​ពិភពលោក​ដើម្បី​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស​ជា​សកល រាជ​រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​កន្លង​ទៅ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​អាជីវកម្ម​កេងប្រវ័ញ្ច​ផ្លូវ​ភេទ បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ឡាយ​ព្រះហស្ត​លេខា​តាម​សំណើ​របស់​សភាជាតិ​រួច​មក។ ច្បាប់​នេះ​ផ្ដល់​ឲ្យ​សមត្ថកិច្ច​នូវ​អំណាច​ធ្វើការ​ស៊ើប​អង្កេត​គ្រប់​ទម្រង់​ទាំងអស់​នៃ​ការ​ជួញដូរ ហើយ​ជា​មធ្យោបាយ​ខ្លាំង​មួយ​ក្នុង​ការ​ខិតខំ​ដើម្បី​នាំ​យក​មក​កាត់ទោស និង​ដាក់​ទោស​ឲ្យ​ធ្ងន់ធ្ងរ​ដល់​អ្នក​ដែល​បាន​ប្រព្រឹត្ត​ការ​ជួញដូរ​មនុស្ស​ ដោយ​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​ក្ដែងៗ​ថា ច្បាប់​នេះ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ "គ្មាន​ការ​អត់​អោន" ចំពោះ​មន្ត្រី​ដែល​ទទួល​ផលប្រយោជន៍ ឬ​ឃុបឃិត​ក្នុង​ការ​ជួញដូរ​មនុស្ស​។ ជាង​នេះ​ទៅទៀត ក្នុង​​រយៈ​កាល​កន្លង​មក​ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដី​ពី​ការ​ប្រឆាំង​​នឹង​ការ​ជួញដូរ​មនុស្ស​ជា​មួយ​បណ្ដា​ប្រទេស​ជិត​ខាង និង​ក្នុង​តំបន់ ដូចជា ជាមួយ​ប្រទេស​វៀតណាម ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី​ជា​ដើម​។

ហេតុនេះ ដើម្បី​ជួយ​ខ្លួន​យើង​ផង ជួយ​សមាជិក​ក្នុង​ក្រុម​គ្រួសារ​របស់​យើង ក៏​ដូច​ជា​ក្នុង​សហគមន៍​និង​ក្នុង​សង្គម​របស់​យើង​ផង​ឲ្យ​រួច​ចាក​ផុត​ពី​ការ​ជួញដូរ និង​វិបត្តិ​ជា​យថាហេតុ​នានា យើង​ត្រូវ​ស្វែងយល់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់ មុន​នឹង​សម្រេច​ចិត្ត​ទៅ​ធ្វើការ និង​ទៅ​រស់​នៅ​ឯ​បរទេស បើ​ទោះ​ជា​តាម​រយៈ​មធ្យោបាយ​ណា​ក៏​ដោយ។ មុន​នឹង​ចេញ​ដំណើរ​ត្រូវ​ដឹង​ពី​ប្រវត្តិ​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​រៀបចំ​ឲ្យ​យើង​បាន​ចេញ​ដំណើរ និង​ដឹង​ពី​គោលដៅ​ដែល​យើង​បម្រុង​នឹង​ទៅ​នោះ។ ជាង​នេះ​ទៅ​ទៀត មុន​នឹង​ចេញ​ដំណើរ អ្នក​ឆ្លងដែន​ដើម្បី​ស្វែងរក​ការងារ​ធ្វើ និង​ទៅ​រស់​នៅ ពិសេស​ស្ត្រី​ត្រូវ​មាន​ទំនាក់ទំនង​រក​បណ្ដាញ​នានា ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ពេល​ដែល​យើង​ជួប​គ្រោះ​អាសន្ន ដូចជា​ដឹង​ពី ​អង្គការ​ស្ត្រី ដឹង​ពី បណ្ដាញ​ស្ត្រី និង​ដឹង​ពី ​អង្គការ​គាំទ្រ​ស្ត្រី​ជា​ដើម​។ ជាង​នេះ​ទៅ​ទៀត យើង​ត្រូវ​ដឹង​ពី​មធ្យោបាយ​ទំនាក់ទំនង​ស្ថានឯកអគ្គរាជទូត និង​ស្ថាន​កុងស៊ុល​របស់​ប្រទេស​យើង​ប្រចាំ​នៅ​ក្នុង​ប្រទេស​​គោលដៅ​ដែល​យើង​ត្រូវ​ទៅ​នោះ។ ជាង​នេះ​ទៅទៀត ប្រសិនបើ​យើង​អាច​យល់ដឹង​ពី​បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន​វិទ្យា​ថែម​ទៀត​គឺជា​ការ​ប្រសើរ​បំផុត។​ ទាំងអស់​នេះ​គឺ​ជា​មធ្យោបាយ​មួយ​ប្រកប​ដោយ​ប្រសិទ្ធភាព ដើម្បី​ជួយ​ខ្លួន​ឯង និង​សមាជិក​គ្រួសារ​របស់​ខ្លួន​ឲ្យ​រួចចាក​ផុត​ពី​ការ​ជួញដូរ និង​គ្រោះ​អាសន្ន​ទាំងឡាយ ខណៈ​ដែល​នៅ​បរទេស។

ត្រូវ​គិត​ឲ្យ​បាន​ច្បាស់លាស់​ និង​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ស្រេច​មុន​នឹង​សម្រេច​ចិត្ត​ទៅ​បរទេស៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ឆាយ សុផល  កាល​បរិច្ឆេទ៖ ពុធ 11 Feb 2009