ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

គេច​ពី​មាត់​ក្រពើ​ទៅ​ចូល​មាត់​​ខ្លា

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

នៅ​ពេល​ដែល​សង្គម​ជាតិ​មាន​ការ​វិវឌ្ឍ​ជឿនលឿន​តាម​បែប​សម័យ​ទំនើប​បាន​ធ្វើ​ឲ្យ​មនុស្ស​ដែល​រស់នៅ​​ក្នុង​សង្គម​នោះ​មាន​ការ​ប្រែប្រួល​ ឬ​ភ្លើតភ្លើន​តាម​នោះ​ដែរ។បច្ចុប្បន្ន​នេះ​ សម្រាប់​បុរស​មួយ​ចំនួន​ដែល​គេ​​មាន​ប្រាក់​ហូរហៀរ​ចាយ​មិន​អស់​ ដើម្បី​បំពេញ​កាម​កិលេស​របស់​គេ​ គេបាន​ចំណាយ​ប្រាក់​ជា​ច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទិញ​ស្រី​ក្មេង​ៗ​យក​មក​បម្រើ​កាម​គុណ​របស់​ពួក​គេ។ ហេតុ​ដូចនេះ​ហើយ​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​មួយ​ចំនួន​នៅ​តាម​តំបន់​ជនបទ​ ត្រូវ​បាន​គេ​បោក​យក​មក​លក់​ឲ្យ​ផ្ទះ​បន ឬ​ឲ្យ​ម៉ូយ​បុរសៗ។

បុប្ឆា​ ជា​ក្មេង​ស្រី​ម្នាក់​ស្ថិត​នៅ​ក្នុង​ចំណោម​ក្មេង​​ស្រី​រងគ្រោះ​ទាំង​នោះ​ដែល​ត្រូវ​បាន​ម្ដាយ​មីង​សាច់​ថ្លៃ​របស់​នាង​​បោក​យក​មក​លក់​ឲ្យ​ផ្ទះ​បន​ដែល​ពាក់​ស្លាកយីហោ​ហាង​ខារ៉ាអូខេ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

តាម​ពិត​ទៅ​ "បុប្ផា" ជា​ឈ្មោះ​ដែល​អ្នក​និពន្ធ​របស់​យើង​ដាក់​ឲ្យ។ តាំង​ពី​កើត​ដឹង​ក្ដី​មក​ បុប្ផា​បាន​ជួប​នូវ​រឿង​​រ៉ាវ​អភ័ព្វៗ​ជា​ច្រើន​ ដែល​នាង​មិន​នឹង​ស្មាន​ថា​ ជីវិត​របស់​នាង​​ធ្លាក់​ចូល​ក្នុង​ស្ថាន​ភាព​បែប​នេះ​ទាល់​តែ​សោះ។ នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ "ប្រជាប្រិយ" បុប្ផា​បាន​រ៉ាយរ៉ាប់​ថា​ ដើម​ចម​នៃ​បញ្ហា​ដែល​ធ្វើ​ឲ្យ​រូប​នាង​​ធ្លាក់​ចូល​ទៅ​ក្នុង​ក្រញាំ​បិសាច​តណ្ហា​នោះ ​ដោយ​តែ​គ្រួសារ​របស់​នាង​មាន​ជីវភាព​ទ័ល ក្រ​ខ្លាំង​ពេក​ហើយ​ឪពុក​មាន​ជំងឺ​​ប្រចាំ​កាយ​ទៀត​ ដែល​ធ្វើ​ឲ្យ​ម្ដាយ​របស់​នាង​​ដើរ​ខ្ចី​បុល​គេ​ ដើម្បី​យក​ប្រាក់​​ទាំង​នោះ​មក​ព្យាបាល​ជំងឺ​ឪពុក​​របស់​នាង​ និង​មួយ​ផ្នែក​ទៀត​ទុក​សម្រាប់​ទិញ​អង្ករ​ដាំបាយ​ហូប។ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពី​មួយ​ខែ​ទៅ​មួយ​ខែ​ បំណុល​ក៏​កាន់​តែ​កើន​ឡើង​ ហើយ​ម្ដាយ​របស់​នាង​មិន​មាន​ប្រាក់​សម្រាប់​សង​គេ​​ម្ចាស់​បំណុល​គេ​មក​ទារ​ប្រាក់​ស្ទើរ​តែ​រាល់​ថ្ងៃ​ ដោយ​គេ​ជេរ​តិះដៀល​គ្រប់​បែប​យ៉ាង​ ទោះ​បី​ជា​ម្ដាយ​ និង​រូប​នាង​ផ្ទាល់​ ខំ​ទៅ​ស៊ី​ឈ្នួល​គេ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មិន​អាច​ដោះ​បំណុល​សង​គេ​បាន​ឡើយ​ បើ​រក​តែ​ប្រាក់​ទិញ​អង្ករ​ដាំបាយ​ហូប​មិន​ចង់​បាន​ផង​នោះ។ នៅ​ថ្ងៃ​មួយ​ ដោយ​មើល​ឃើញ​ជីវភាព​ក្នុង​គ្រួសារ​ជួប​នូវ​ការ​លំបាក​ពេក​ និង​មិន​អាច​​អត់ទ្រាំ​នឹង​ការ​ជេរ​តិះដៀល​ពី​ម្ចាស់​បំណុល​បាន​ ស្ថិត​ក្នុង​អាយុ​ដប់​បី​ឆ្នាំ​ បុប្ផា​ ត្រូវ​បាន​ម្ដាយ​របស់​ខ្លួន​ឲ្យ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ម្ដុំ​ផ្សារ​សួង​ ហើយ​ម្ចាស់​ផ្ទះ​នោះ​បាន​ឲ្យ​ម្ដាយ​នាង​ខ្ចី​ប្រាក់​មុន។

ការ​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ផ្សារ​សួង​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​ ស្រាប់​តែ​នៅ​ថ្ងៃ​មួយ​នៅ​ពេល​ដែល​ប្រពន្ធ​និង​ កូនៗ​មិន​នៅ​ផ្ទះ​ ម្ចាស់​ផ្ទះ​ប្រុស​ដែល​ជា​ថៅកែ​របស់​នាង​បាន​ចូល​ទៅ​ក្នុង​បន្ទប់​របស់​នាង​ ក្នុង​ខណៈ​ពេល​ដែល​នាង​កំពុង​លង់លក់​ ក្នុង​គោលបំណង​បម្រុង​ចាប់​រំលោភ​នាង​ តែ​ដោយ​នាង​ភ្ញាក់​ទាន់​ហើយ​ក៏​បាន​យំ​សំពះ​អង្វរ​បុរស​ម្ចាស់​ផ្ទះ​នោះ។​ ពី​ដំបូង​បុរស​ម្ចាស់​ផ្ទះ​នោះ​បាន​ល្អ​ជាមួយ​នាង​យ៉ាង​ខ្លាំង​ តែ​នាង​មិន​ដឹង​អំពី​ពុតត្បុត​អាក្រក់​របស់​បុរស​ម្ចាស់​ផ្ទះ​នោះ​ឡើយ។ ពីរ​ ឬ​បី​ថ្ងៃ​ក្រោយ​មក​ នាង​បុប្ផា​បាន​អង្វរ​សុំ​ប្រពន្ធ​ម្ចាស់​ផ្ទះ​នោះ​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​នៅ​ឯ​ស្រុក​ពញាក្រែក​នោះ​វិញ​ ប៉ុន្តែ​បុរស​ និង​ប្រពន្ធ​​ម្ចាស់​ផ្ទះ​នោះ​ មិន​ចង់​ឲ្យ​នាង​​ចេញ​ពី​ផ្ទះ​នោះ​ឡើយ​ តែ​ដោយ​គេ​ឃើញ​​នាង​យំ​អង្វរ​ខ្លាំង​ពេក​ ប្រពន្ធ​ម្ចាស់​ផ្ទះ​នោះ​ ក៏​យល់ព្រម​ឲ្យ​​នាង​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ។ ទៅ​ដល់​ផ្ទះ​វិញ​មិន​បាន​មួយ​សប្ដាហ៍​ផង​ បុរស​ម្ចាស់​ផ្ទះ​ដែល​នាង​ បុប្ផា​ ធ្លាប់​ទៅ​ស៊ី​ឈ្នួល​នោះ​បាន​ទៅ​រក​រឿង​ម្ដាយ​របស់​នាង​ ហើយ​ក៏​បាន​ទារ​ប្រាក់​ជំពាក់​ដែល​នៅ​សល់​ ប៉ុន្តែ​ម្ដាយ​របស់​នាង​មិន​មាន​ប្រាក់​ឲ្យ​គេ​គ្រប់​បុរស​នោះ​ ក៏​ជេរ​តិះ​ដៀល​ប្រមាថ​យ៉ាង​ធ្ងន់ៗ​ទៅ​លើ​ម្ដាយ​របស់​នាង។ ដោយ​ឃើញ​ស្ថានភាព​បែប​នេះ​ លុះ​ដល់​ព្រឹក​ឡើង​​ ម្ដាយ​មីង​សាច់​ថ្លៃ​របស់​នាង​ម្នាក់​ក៏​បាន​និយាយ​លួងលោម​នាង​ថា​ "ក្មួយ​ឯង​ទៅ​ធ្វើ​ការ​​នៅ​ទី​ក្រុង​ភ្នំពេញ​ជាមួយ​មីង​ទៅ​ មីង​មាន​កន្លែង​ឲ្យ​ក្មួយ​ឯង​ធ្វើ​ ហើយ​បាន​ប្រាក់​ខែ​​ច្រើន​ទៀត​ មីង​ឃើញ​គ្រួសារ​របស់​ក្មួយ​ឯង​ពិបាក​ពេក​ ទើប​មីង​ជួយ​រក​ការងារ​​ឲ្យ​ធ្វើ"។

នៅ​ពេល​ឮ​មីង​របស់​ខ្លួន​និយាយ​ដូច្នេះ​ ដោយ​គិត​ថា​ ជាប់​សាច់​ឈាម​ជា​បងប្អូន​ផង​នោះ​ នាង​បុប្ផា​ ក៏​បាន​សុំ​ម្ដាយ​​មក​ធ្វើការ​​នៅ​​ទី​ក្រុង​ភ្នំពេញ​ជាមួយ​ម្ដាយ​មីង​​របស់​​ខ្លួន​ ហើយ​ម្ដាយ​របស់​នាង​ក៏​យល់​ព្រម។ រយៈពេល​ប្រហែល​ជា​ប្រាំ​ថ្ងៃ​ក្រោយ​មក​ នាង​បុប្ផា​ ក៏​មក​ទី​ក្រុង​ភ្នំពេញ​ជា​មួយ​ម្ដាយ​មីង​របស​នាង។ ​នៅ​ពេល​មក​ដល់​ភ្នំពេញ​ ម្ដាយ​មីង​រូប​នោះ​បាន​នាំ​នាង​ទៅ​ដាក់​ក្នុង​ហាង​ខារ៉ាអូខេ​មួយ​នៅ​ម្ដុំ​ដេអិន​ ប៉ុន្តែ​ពី​ដំបូង​នាង​មិន​ដឹង​ថា​ ជា​កន្លែង​​អ្វី​នោះ​ទេ។ មក​នៅ​ក្នុង​ហាង​នោះ​បាន​បី​ថ្ងៃ​ បុប្ផា​ក៏​បាន​សួរ​ម្ដាយ​មីង​របស់​នាង​ថា​ មីង​ពេល​ណា​ទើប​គេ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើការ? ពេល​នោះ​ម្ដាយ​មីង​ចិត្ត​អប្រិយ​របស់​នាង​ក៏​បាន​ប្រាប់​ថា​ ក្មួយ​ឯង​នៅ​ទី​នេះ​ពីរ​ ឬ​បី​ថ្ងៃ​ ថៅកែ​ឲ្យ​ក្មួយ​ឯង​​ធ្វើ​ការ​ហើយ។ មុន​ដំបូង​នាង​នឹក​ស្មាន​ថា​ ហាង​ខារ៉ាអូខេ​នោះ​ជា​កន្លែង​​ច្រៀង​ធម្មតា។ មួយ​ថ្ងៃ​ក្រោម​មក​ មាន​បុរស​ចំណាស់​ម្នាក់​ដែល​មាន​វ័យ​ប្រហែល​ជាង​ហាសិប​ឆ្នាំ​ នៅ​ក្នុង​ដៃ​មាន​កាន់​កំប៉ុងប៊ីយែរ​មួយ​កំពុង​ ផឹក​បណ្ដើរ​មើល​មក​នាង​បណ្ដើរ​ បុរស​នោះ​មក​អង្គុយ​មើល​នាង​រយៈពេល​ពីរ​ថ្ងៃ​ជាប់​គ្នា។ លុះ​ដល់​ថ្ងៃ​ទី​បី​បុរស​ចំណាស់​នោះ​ក៏​បាន​បបួល​នាង​ឡើង​ជិះ​រថយន្ត​ដោយ​និយាយ​ថា​ នាំ​នាង​ទៅ​ធ្វើការ​ដោយ​មាន​ការ​​ជំរុញ​ពី​ម្ដាយ​មីង​របស់​នាង​ផង​ បុប្ផា​ ក៏​យល់​ព្រម​ទៅ​ជាមួយ​បុរស​នោះ។ បុរស​ម្នាក់​នោះ​មិន​បាន​យក​នាង​ទៅ​ធ្វើការ​ត្រឹមត្រូវ​នោះ​ទេ​ តែ​គេ​យក​នាង​ចូល​ទៅ​ក្នុង​​ផ្ទះ​សំណាក់​មួយ​នៅ​ឯ​ត្រើយ​ម្ខាង​ស្ពាន​ជ្រោយចង្វា។ នៅ​ពេល​គេ​នាំ​​នាង​ចូល​ក្នុង​បន្ទប់​នាង​ភ្ញាក់​ខ្លួន​ព្រើត​ ហើយ​មាន​ការ​ស្លុត​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ បុរស​នោះ​បាន​ឲ្យ​នាង​ដេក​ជាមួយ​គេ​ ពេល​នោះ​​នាង​បាន​ទ្រហោ​យំ​ហើយ​អង្វរ​បុរស​ម្នាក់​នោះ​ តែ​បុរស​នោះ​មិន​​លើក​លែង​ឲ្យ​នាង​ឡើយ​ ដោយ​គេ​យក​កាំ​ភ្លើង​មក​ភ្ជង់​គំរាម​នាង​ ដោយ​ឲ្យ​​ផ្លូវ​នាង​ជ្រើសរើស​ ទី​មួយ​បើ​នាង​ចង់​រស់​ដេក​ជាមួយ​គេ​តាម​សម្រួល​ ទីពីរ​ បើ​នាង​មិនព្រម​ ត្រូវ​គេ​បាញ់​សម្លាប់​ដោយ​ខ្ទប់​នឹង​ខ្នើយ។

ឮ​ដូច្នេះ​នាង​បុប្ផា​ មាន​ការ​អស់​សង្ឃឹម​ក្នុង​ជីវិត​យ៉ាង​ខ្លាំង​ ហើយ​បុរស​​បិសាច​តណ្ហា​ម្នាក់​នោះ​ក៏​​បាន​ចាប់​បង្ខំ​នាង​ដេក​ជាមួយ​នាង​​ទាំង​តំណក់​ទឹក​ភ្នែក​របស់​នាង​ហូរ​ជោក​ខ្នើយ។ គេ​បាន​បង្ខាំង​នាង​ទុក​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​នោះ​អស់​រយៈពេល​មួយ​សប្ដាហ៍​ដើម្បី​​ប្រើ​កាមគុណ​របស់​គេ​ ហើយ​គេ​បាន​ដឹក​នាង​យក​មក​ទម្លាក់​ចោល​នៅ​ខាង​មុខ​ហាង​ខារ៉ាអូខេ​នោះ​ហើយ​គេ​ឲ្យ​ប្រាក់​ទៅ​នាង​ចំនួន​សាមសិប​ដុល្លារ។ ពេល​ចូល​ទៅ​​ដល់​ក្នុង​ហាង​ បុប្ផា​ ក៏​បាន​ប្រាប់​មីង​របស់​នាង​ដែល​ជា​អ្នក​លក់​ស្រា​ឲ្យ​ភ្ញៀវ​​នៅ​ទី​នោះ​ថា​ បុរស​នោះ​យក​នាង​​ទៅ​ធ្វើ​បាប​ មីង​របស់​នាង​នោះ​ឆ្លើយ​ធ្វើ​ជា​មិន​ដឹង​រឿង​ថា​ មីង​ស្មាន​តែ​គេ​យក​ក្មួយ​ឯង​ទៅ​ធ្វើ​ការ​ បើ​ដឹង​ថា​ គេ​យក​​ក្មួយ​ឯង​ទៅ​ធ្វើ​បាប​ដូច្នេះ​ មីង​មិន​ឲ្យ​ក្មួយ​ឯង​ទៅ​នោះ​ទេ​ តែ​ពេល​ដែល​បុប្ផា​ បង្ហាញ​ប្រាក់​ដែល​បុរស​នោះ​ឲ្យ​ ម្ដាយ​មីង​​របស់​នាង​បាន​សុំ​ប្រាក់​ពី​នាង​ តែ​នាង​មិន​ឲ្យ​ហើយ​​គេ​ក៏​បាន​ទៅ​ប្រាប់​ថៅកែ​ហាង​ ថៅកែ​ហាង​ក៏​បាន​វាយ​យក​ប្រាក់​ពី​នាង​អស់។ ចាប់​ពី​ពេល​នោះ​មក​ គេ​​ឲ្យ​បុប្ផា​ទៅ​ដេក​ខាង​ក្រៅ​ជាមួយ​ភ្ញៀវ​រហូត​នៅ​ពេល​នាង​ក្រាញ​មិន​ទៅ​ដេក​ជាមួយ​ភ្ញៀវ​ ថៅកែ​នោះ​បាន​ឲ្យ​ជើង​កាង​មក​វាយ​ ហើយ​យក​ខ្សែ​ភ្លើង​​ឆក់​សន្លប់​បី​ ឬ​បួន​ដង​ ពេល​ដែល​នាង​អស់​តម្លៃ​ដេក​ជាមួយ​ភ្ញៀវ​នៅ​ខាង​ក្រៅ​ ថៅកែ​ហាង​បាន​ឲ្យ​នាង​ទទួល​ភ្ញៀវ​ ឬ​ដេក​ជាមួយ​ភ្ញៀវ​នៅ​នឹង​កន្លែង​ម្ដង​ ហើយ​គេ​ឲ្យ​នាង​ទទួល​ភ្ញៀវ​មិន​ថា​ មាន​ជំងឺ​ ឬ​មាន​រដូវ​នោះ​ទេ​ គេ​បង្ខំ​ឲ្យ​នាង​ទទួល​ភ្ញៀវ​​រហូត​ គឺ​ម្ភៃ​បួន​ម៉ោង​លើ​ម្ភៃ​បួន​ម៉ោង​ បើ​អស់​កម្លាំង​ហើយ​ងងុយ​ដេក​ពេក​ គេ​បង្ខំ​ឲ្យ​ប្រើ​ថ្នាំ​ញៀន​​ នាង​បាន​រក​រត់​ប៉ុន្មាន​ដង​ដែរ​ តែ​នាង​មិន​ស្គាល់​អ្វី​ទាំងអស់​ នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ។

មក​ដល់​ពេល​នេះ​ បុប្ផា​ មាន​អាយុ​ម្ភៃ​ឆ្នាំ​ នាង​បាន​ចាញ់​បោក​ម្ដាយ​មីង​របស់​នាង​យក​មក​លក់​ឲ្យ​ផ្ទះ​បន​បង្កប់​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​នោះ​តាំង​ពី​នាង​មាន​អាយុ​ដប់​បួន​ឆ្នាំ​មក​ម្ល៉េះ។ ដូច្នេះ​នាង​បាន​ផុង​ខ្លួន​នៅ​ក្នុង​ផ្ទះ​បន​នោះ​អស់​រយៈពេល​ជិត​ប្រាំ​មួយ​ឆ្នាំ ទម្រាំ​តែ​អង្គការ​ AFESIP​សហការ​ជាមួយ​សមត្ថកិច្ច​ប៉ូលិស​ទៅ​រំដោះ​នាង​ និង​ក្មេង​ស្រី​រងគ្រោះ​ដទៃ​ទៀត។ ឥឡូវ​នេះ​បុប្ផា​ គិត​ថា​ នាង​មាន​ជីវិត​របស់​ឡើង​វិញ​ហើយ​ អ្វី​ដែល​នាង​កំពុង​​យ​ក​ចិត្ត​ទុក​ដាក់​នៅ​ពេល​នេះ​គឺ​ការ​រៀន​ជំនាញ​កាត់ដេរ​របស់​នាង​ដែល​អង្គការ​ AFESIP បាន​បណ្ដុះបណ្ដាល​ នៅ​ពេល​រៀន​ចប់​អង្គការ​​នឹង​ផ្ដល់​ឧបករណ៍​សម្ភារៈ​កាត់ដេរ​ទៀត។​ បុប្ផា​ជា​កូន​ច្បង​ទី​ពីរ​ ក្នុង​បងប្អូន​របស់​នាង​ចំនួន​ប្រាំ​មួយ​នាក់​ ឪពុក​ម្ដាយ​ បងប្អូន​ របស់​នាង​មិន​ដឹង​ថា​ នាង​ធ្លាក់​ខ្លួន​ចូល​ក្នុង​ក្រញាំ​បិសាច​តណ្ហា​ដូច្នេះ​ទេ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 23 Apr 2009

កេចម៉ាត់ក្រពើឡើងលើខ្លា

       
បាន​ដាក់​ស្នើ​ដោយ វន ស្រីរ័ត្ន (មិន​បាន​ផ្ទៀងផ្ទាត់) នៅ ព្រហស្បតិ៍, 06/04/2009 - 09:53

ក្នុង​នាម​ខ្ញុំ​​ជា​កូន​​ខ្មែរ​មួយ​រូប​ នៅ​ពេល​បាន​អាន​អត្ថ​បទ​នេះ​ចប់ ខ្ញុំ​មាន​ការ​ព្រួយ​​បារម្ភ​​យ៉ាង​ខ្លាំង
ដល់​កូន​ខ្មែរ​មួយ​​ចំនួន​ដែល​ជួប​ប្រទះ​និង​បញ្ហា​គ្រួសារ​​​ក្រី​ក្រ បណ្ដាល​អោយ​រូប​នាង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​ជីវិត​មួយ​​ដូច​ជា​ការ​ស្លាប់​ទាំង​រស់ ដូច​នេះ​សូម​អោយ​​អង្គការ និង​ស្ថាប័ន​រដ្ឋ ជួយ​ពង្រឹង​ច្បាប់​អោយ​បាន​រឹងមាំ ដើម្បី​ជួយ​កូន​ខ្មែរ​អោយ​រួច​ផុត​ពី​អំពើ​ដ៏​សែន​វេទនា​នេះ។