ខេត្តបាត់ដំបង៖ ក្រុមនគរបាលចរាចរខេត្តប្រចាំគោលដៅក្បែរស្ពានថ្មខាងមុខរតនាគារខេត្តក្នុងក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា បានចាប់ក្រុមក្មេងអាវ៉ាសែមានប្រុសមានស្រីចំនួន៥នាក់ ក្នុងនោះមានសិស្សសាលាម្នាក់ផង ប្រគល់ទៅឲ្យការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋានខេត្តដើម្បីធ្វើការព្រមាន និងអប់រំ បន្ទាប់ពីពួកគេប្រមូលផ្ដុំគ្នាអោបថើបជញ្ជក់មាត់គ្នាយ៉ាងត្រេកត្រអាលដោយឥតអៀនខ្មាស និងសេពគ្រឿងស្រវឹងនៅលើសួនច្បារខាងមុខរតនាគារខេត្តទាំងកណ្ដាលថ្ងៃ ខាងក្រោយខ្នងនគរបាលចរាចរដែលប្រចាំគោលដៅប្រហែល៣០ម៉ែត្រប៉ុណ្ណោះ។ ដោយសារធ្វើឲ្យក្ដៅសាច់គ្រប់ពេលទ្រាំមិនបានក៏ចាត់វិធានការចាប់មកធ្វើការអប់រំម្ដង ដោយសង្ឃឹមថា ពួកគេមិនហ៊ានបង្ហាញភាពអាវ៉ាសែបែបនេះយ៉ាងចំហតទៅទៀតទេ។
មន្ត្រីនគរបាលចរាចរខេត្តដែលទើសភ្នែកហើយបានព័ទ្ធចាប់ក្រុមក្មេងប្រព្រឹត្តអំពើអាសតាមសួនច្បារសាធារណៈទាំងកណ្ដាលថ្ងៃនេះនិយាយថា សមត្ថកិច្ចបានព្យាយាមបណ្ដេញពួកក្មេងប្រុស-ស្រីទាំងនេះឲ្យចាកចេញពីលើសួនច្បារ ខណៈពេលឃើញពួកគេអោបថើបជញ្ជក់មាត់គ្នាយ៉ាងត្រេកត្រអាលទាំងកណ្ដាលថ្ងៃបែបនេះ។ ប៉ុន្តែពួកគេមិនព្រមចាកចេញ ឬបញ្ឈប់ប្រព្រឹត្តអំពើអនាចារនោះទេ មិនតែប៉ុណ្ណោះពួកក្មេងអាវ៉ាសែទាំងនេះបានផឹកស្រាបៀរ និងជិះម៉ូតូលេងលើសួនច្បារទៀតផង ហេតុដូច្នេះហើយទើបសមត្ថកិច្ចទ្រាំអត់បានក៏នាំគ្នាចាប់ ហើយបញ្ជូនទៅឲ្យការិយាល័យនគរបាលជំនាញជាអ្នកចាត់ការតែម្ដងទៅ។ សមត្ថកិច្ចដដែលបានបញ្ជាក់ថា ពួកក្មេងៗទាំងនេះសុទ្ធតែស្ថិតក្នុងវ័យជាអនីតិជន ហើយក្មេងស្រីតែម្នាក់ប៉ុណ្ណោះជាកូនសិស្សសាលា។
លោក កុយ ហ៊ាង ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបានប្រាប់ថា ក្រុមក្មេងប្រុសស្រីចំនួន៥នាក់នេះមានខ្លះប្រើប្រាស់ថ្នាំញៀន ហើយទង្វើរបស់ពួកគេដែលប្រព្រឹត្តលើសួនច្បារនេះ គឺជាអំពើអាសដែលពួកគេប្រព្រឹត្តដោយឥតអៀនខ្មាសទាំងកណ្ដាលថ្ងៃ។ លោកប្រធានការិយាល័យរូបនេះបានឲ្យដឹងទៀតថា ពួកក្មេងទាំង៥នាក់នេះ រួមមាន១- ឈ្មោះ កែវ លីហេង ភេទ ប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ២- ឈ្មោះ ឃុន វ៉ាន់ដា ហៅកូបា ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិអូរតាគាំ១ ៣- ឈ្មោះ ស៊ុយ ផានិត ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិអូរតាគាំ១ ៤- ឈ្មោះ ជា ស្រីពោ ភេទស្រី អាយុ២៣ឆ្នាំ បម្រើការនៅហាងខារ៉ាអូខេ ឈ្មោះ "ប៊្លូស្ដារ" និង៥- ឈ្មោះ សៀក សុរិយា ភេទស្រី អាយុ១៤ឆ្នាំរស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រៀនថ្នាក់ទី៨នៃវិទ្យាល័យព្រះមុនីវង្ស។
តាមចម្លើយរបស់សិស្សសាលាឈ្មោះ សៀក សូរិយា បានប្រាប់សមត្ថកិច្ចថា រូបនាងមានពេលទំនេរពីរៀន២ម៉ោង ហើយសង្សារនាងឈ្មោះ កូបា បានណាត់ឲ្យមកជួបគ្នានៅសួនច្បារជាមួយមិត្តភក្ដិប្រុស-ស្រីប៉ុន្មាននាក់ទៀត។ នាងនិយាយថា ពួកនាងបាននាំគ្នាផឹកស្រាបៀរចំនួន១០កំប៉ុង រួចនាងបានអោបថើបជាមួយប្រុសស្នេហ៍ឈ្មោះកូបា រីឯឈ្មោះពៅ អោបថើបជាមួយឈ្មោះហេង ចំណែកអ្នកដែលអត់គូអង្គុយមើល។ លុះពេលកំពុងអោបថើបគ្នាយ៉ាងមានសេចក្ដីសុខក៏ស្រាប់តែត្រូវរំខានដោយសមត្ថកិច្ចមកចាប់ពួកនាងតែម្ដង។
លោក កុយ ហ៊ាង បានបញ្ជាក់ថា ពួកក្មេងប្រព្រឹត្តអំពើអាសទាំងប្រុស ទាំងស្រីនេះគឺយើងគ្រាន់តែព្រមាន និងធ្វើការអប់រំហើយហៅអាណាព្យាបាលពួកគេមកធ្វើកិច្ចសន្យាតែប៉ុណ្ណោះ៕





ក្មេងស្ទាវសម័យឥឡូវ
កម្មវិធីស្ត្រីបានជ្រើសរើសយកអត្ថបទនេះមកផ្សព្វផ្សាយ មិនមែនមានន័យថា យើងគាំទ្រចំពោះទង្វើទាំងនេះទេ តែយើងចង់ផ្សព្វផ្សាយជូនមិត្តអ្នកអានបានឃើញអំពីទង្វើ និងការគិតរបស់ក្មេងស្ទាវសម័យបច្ចុប្បន្ន ។