ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

សមាគម​គ្រូ​បង្រៀន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​អតិផរណា​ដែល​កំពុង​បង្ក​បញ្ហា​ដល់​ការ​សិក្សា​របស់​កូន​ខ្មែរ

សមាគម​គ្រូ​បង្រៀន​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា អតិផរណា​ទំនិញ​ឡើង​ថ្លៃ បាន​កើន​ឡើង​នៅ​តាម​សាលា​រៀន​ភាគ​ច្រើន​។ នោះ​គឺ​គ្រូ​បង្រៀន​បាន​បោះ​បង់​ការ​បង្រៀន​ដោយ​សារ​តែ​វិបត្តិ​ជីវភាព​រស់​នៅ។ ចំណែក​អាណាព្យាបាល ក៏​បាន​បញ្ឈប់​កូន​ពី​សាលា​រៀន​ដើម្បី​ធ្វើ​ការ​ងារ​រក​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ។ នៅ​តាម​សាលា​រៀន​ខ្លះ​ទៀត សិស្សានុសិស្ស​មួយ​ចំនួន​ត្រូវ​បង្ខំ​ចិត្ត​បោះបង់​ការ​សិក្សា ព្រោះ​តែ​មិន​មាន​ប្រាក់​បង់​ថ្លៃ​សាលា។

តម្លៃ​អតិផរណា​ទំនិញ​ឡើង​ថ្លៃ​ហក់​ឡើង​យ៉ាង​គំហុក​នា​ពេល​បច្ចុប្បន្ន​ភាព​នេះ ត្រូវ​បាន​សមាគម​គ្រូ​បង្រៀន​របស់​លោក​រ៉ុង ឈុន ប្រកាស​ថា នាំ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​សិក្សា​នៅ​តាម​សាលា​រៀន​ភាគ​ច្រើន។ សាលា​រៀន​ខ្លះ​ត្រូវ​គ្រូ​បង្រៀន​ឈប់​ទៅ​បង្រៀន និង​ខ្លះ​ទៅ​បង្រៀន​មិន​ទៀត​ទាត់​ដោយ​សារ​គ្រូ​ជួប​វិបត្តិ​ជីវភាព​រស់​នៅ។ គ្រូ​បង្រៀន​សព្វ​ថ្ងៃ​ត្រូវ​ចំណាយ​ខ្ពស់ តែ​ប្រាក់​ខែ​ទាប ទទួល​បាន​ជា​មធ្យម​តែ​ ២០​ម៉ឺន​រៀល ប្រមាណ​តែ​ ៥០ ដុល្លា​អាមេរិក​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។ ប្រាក់​ខែ​ទាប​នេះ​ហើយ​ដែល​នាំ​ឲ្យ​គ្រូ​បង្រៀន​យក​ពេល​វេលា​បង្រៀន​សិស្ស​ទៅ​ប្រកប​របរ​ផ្សេង​ដើម្បី​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ ចំណែក​នៅ​សាលា​ខ្លះ​ទៀត​អាណាព្យាបាល​បាន​បញ្ឈប់​កូន​ពី​សាលា​ដើម្បី​ឲ្យ​ជួយ​ធ្វើ​ការ​ងារ​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ។ អតិផរណា​ទំនិញ​ឡើង​ថ្លៃ ក៏​បាន​ធ្វើ​ឲ្យ​សិស្ស-និស្សិត​មួយ​ចំនួន​ទៀត​សម្រេច​ចិត្ត​បោះបង់​ការ​សិក្សា​ព្រោះ​តែ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា។

សមាគម​គ្រូ​បង្រៀន​របស់​ លោក​រ៉ុង ឈុន បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បញ្ហា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ ដោយ​គ្រាន់​តែ​បញ្ចុះ​តម្លៃ​ពន្ធ​នាំ​ចូល​ឲ្យ​ពាណិជ្ជករ​ចំណេញ​តិច និង​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​យ៉ាង​ទូលាយ។ ក៏​ប៉ុន្តែ​ដំណោះ​ស្រាយ​លើ​ដំណោះ​ស្រាយ​លើ​បញ្ហា​អតិផរណា​ទំនិញ​ឡើង​ថ្លៃ ត្រូវ​បាន​មន្រ្តី​រដ្ឋាភិបាល​អះ​អាង​ថា រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ជា​បន្ទាន់​រួច​ហើយ។ ជា​អាទិ៍​មាន​ការ​បើក​ឲ្យ​នាំ​ត្រី​សាច់​ចូល​ពី​ក្រៅ និង​ការ​រារាំង​មិន​ឲ្យ​នាំ​អង្ករ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ជា​ដើម។ ចំណែក​បញ្ហា​ជីវភាព​រស់​នៅ​របស់​គ្រូ​បង្រៀន​វិញ​ត្រូវ​បាន​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​លោក​ជា សែ ឲ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​តាម​រយះ​ការ​ដំឡើង​ប្រាក់​ខែ​ជា​បន្តបន្ទាប់។ អំពី​ការ​បោះ​បង់​ការ​សិក្សា​របស់​សិស្ស​-និស្សិត លោក​អនុរដ្ឋលេខាធិការ​ក៏​បាន​ទទួល​ស្គាល់​ថា កើត​មាន​នៅ​តាម​ទី​ជនបទ​មួយ​ចំនួន។ តែ​កើត​ឡើង​ចំពោះ​សិស្ស​នារី​ដែល​ឳពុក​ម្តាយ​ឲ្យ​ឈប់​រៀន​ដើម្បី​ចូល​ធ្វើការ​នៅ​រោង​ចក្រ​កាត់​ដេរ​ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ មិនមែន​ឈប់​រៀន​ដោយ​សារ​តែ​ទំនិញ​ឡើង​ថ្លៃ ឬ​មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សាលា​នោះ​ឡើយ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ សៅ សីហា  កាល​បរិច្ឆេទ៖ អង្គារ 13 ឧសភា 2008