ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

11-07-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

ដើម្បី​​ចូលរួម​អបអរ​សាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មិនា​ ឆ្នាំ​២០០៨ កម្មវិធី​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​កំណត់​យក​ប្រធានបទ «ស្ត្រី និង​ភាព​ម្ចាស់​ការ» និង​បាន​រៀបចំ​នូវ​សកម្មភាព​មួយ​ចំនួន​ សម្រាប់​ទិវា​នា​ឆ្នាំ​នេះ។ កម្មវិធី​ស្ត្រី​បាន​រៀបចំ​ និង​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​កំណត់ហេតុ​បណ្ដាញ​ វេទិកា​លើ​បណ្ដាញ និង​បញ្ជី​សំបុត្រ​រួម​ gender@lists.open.org.kh ដែល​ជា​មធ្យោបាយ​អេឡិចត្រូនិក​សម្រាប់​ការ​ប្រា​ស្រ័យ​ទាក់ទង​ដែល​មាន​នៅ​លើ​វិបផតថល​ស្ដី​អំពី​ស្ត្រី​ សម្រាប់​ការ​ពិភាក្សា​ និង​ចែក​រំលែក​​គំនិត​ ទស្សនៈ​អំពី​បញ្ហា​ស្ត្រី​ និង​យេនឌ័រ។​

ជាពិសេស​ទៅ​ទៀត​នោះ កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​បាន​ធ្វើ​ការពិនិត្យ​តាមដាន​ការផ្សព្វ​ផ្សាយ​ព័ត៌មាន​របស់​​​សារព័ត៌មាន​នានា​​អំពី​ស្ត្រី នា​ឱកាស​ទិវា​នារី​អន្តរជាតិ​៨មិនា​ ឆ្នាំ២០០៨។

04-07-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

បណ្ដា​អង្គការ​និង​ចលនា​ធ្វើ​ការងារ​អំពី​ស្ត្រី​គឺ​ជា​តួអង្គ​សំខាន់​​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ភាព​ប្រ​សើ​ឡើង​នូវ​សិទ្ធិ​ស្ត្រី សមភាព​យេនឌ័រ យុត្តិធម៌​សង្គម​និង​ការ​អភិវឌ្ឍន៍។ នៅ​ប្រទេស​កម្ពុជា​ ​អង្គការ​ស្ត្រី​មាន​ចំនួន​​តែ​ជាង​៣០ ប៉ុណ្ណោះ​(តាម​ព័ត៌មាន​ពី​សៀវភៅទំនាក់​ទំ​នង​ស្ថាប័ន​របស់​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ឆ្នាំ​២០០៧)​ក្នុង​ចំណោម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ជាង​​១០០០​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ។ ចំ​នួន​នេះ​កាន់​តែ​តិច​ទៅ​ទៀត​ បើ​យើង​បែង​ចែក​ប្រភេទ​អង្គការ​ស្ត្រី​ដែល​ធ្វើ​ការ​ទាក់​ទង​និង​បច្ចេកវិទ្យា គមនាគមន៍​និង​ព័ត៌មាន​វិទ្យា (ICT)។ ទោះ​បី​អង្គការ​ស្ត្រី​មាន​ចំ​នួន​តិច​ក្ដី ពួក​គេ​តែង​ត្អូញត្អែរ​អំពី​ការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ជំនួយ​សម្រាប់​ដំណើរការ​អង្គការ​របស់​ពួក​គេ ​។ អង្គការ​ស្ត្រី​ខ្លះ​កំពុង​ប្រឈម​និង​ការ​បិទ​ទ្វារ ដោយ​មិន​អាច​រក​ប្រាក់​មក​ឧបត្ថម្ភ​ប្រតិបត្តិការ​របស់​ខ្លួន​បាន។

តើ​ក្រុមការងារ​សិទ្ធិ​ស្ត្រី​ មិន​ត្រូវ​បាន​ស្ថាប័ន​អ្នក​ផ្ដល់​ជំនួយ​ចាប់​អារម្មណ៍ ដោយ​សារ​តែ​ស្ថាប័ន​ទាំង​នោះ​​មិន​បាន​យល់​អំពី​ភាព​បន្ទាន់​និង​សារសំខាន់​នៃ​​ការ​ងារ​សិទ្ធិ​ស្ត្រី​​ឬ​យ៉ាង​ណា?

14-10-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

ក្នុង​បទ​វិចារណា​លេខ​៣៦​ ចេញ​ផ្សាយ​ថ្ងៃ​ ៧ សីហា ក្រោម​ចំណង​ជើង​ "​យើង​សង្ឃឹម​ថា រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​មាន​ស្ត្រី​ចូល​រួម​ច្រើន"យើង​បាន​សម្ដែង​នូវ​ការ​សង្ឃឹម​ចំ​ពោះ​ការ​ចូល​រួម​របស់​ស្ត្រី​ឲ្យ​បាន​ច្រើន​ក្នុង​រដ្ឋាភិបាល​ថ្មី​អាណត្ត​ទី​៤។​ ​​ក្រោយ​ការ​រៀប​ចំ​រដ្ឋាភិបាល​ថ្មី​ យើង​ឃើញ​ថា​​ចំ​នួន​ស្ត្រី​ ចូល​រួម​ក្នុង​តួនាទី​​​ធ្វើ​សេចក្ដី​សម្រេច​​និង​​ដឹក​នាំ​មាន​ការ​កើន​ឡើង​គួរ​កត់​សម្គាល់។​ ​​​​

10-10-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កាល​ពី​ថ្ងៃ​ទី​ ២៤ ខែ​ កញ្ញា ឆ្នាំ ២០០៨ រដ្ឋ​សភា និង​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​នូវ​បញ្ជី​សមាសភាព​ប្រធាន អនុប្រធាន​រដ្ឋ​សភា និង​ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​ ៩ នៃ​រដ្ឋ​សភា និង​សមាស​ភាព​របស់​រដ្ឋាភិបាល នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា សម្រាប់​នីតិកាល​ទី ៤ នៃ​រដ្ឋសភា ។

សមាសភាព​ប្រធាន អនុប្រធាន​រដ្ឋ​សភា និង​ប្រធាន អនុប្រធាន​គណៈកម្មការ​ជំនាញ​ទាំង​ ៩ នៃ​រដ្ឋ​សភា មាន​ចំនួន​ ២១ នាក់ ដែល​ក្នុង​នោះ​មាន​​សមាសភាព​ជា​ស្ត្រី មាន​ចំនួន​ ៤ នាក់ និង​សមាស​ភាព​ជា​បុរស​មាន​ចំនួន ១៧ នាក់ គឺ​សមាសភាព​ជា​ស្ត្រី​ស្មើ​នឹង ១៩%។​

03-10-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

វិទ្យាស្ថាន​បើកទូលាយ​ ជា​អង្គការ​​មិន​មែន​​​រដ្ឋាភិបាល​​​ក្នុង​​ស្រុក​​មួយ​​ មិន​​ស្វែង​​​រក​​​ចំណេញ​ ត្រូវ​បាន​បង្កើត​ឡើង​​​ក្នុង​គោល​​បំណង​​ផ្ដល់​​ព័ត៌មាន​​ មធ្យោបាយ ​​​​និង​​ចំណេះ​ដឹង​ និង​ជំរុញ​ដល់​ការ​ពិភាក្សា​​ក្នុង​​សង្គម ​។​ កម្មវិធី​សំខាន់​ៗ​របស់​អង្គការ​រួម​មាន ៖ កម្មវិធី​ស្ត្រី ​​(Women Empowerment for Social Change) គម្រោង​ផ្ដួច​ផ្ដើម​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​​ (KhmerOS) កម្មវិធី​សាលារៀន​បើក​ចំហ (Open School Program) ការ​សិក្សា​បើក​ទូលាយ(E-Learning) ការ​ចង​ក្រង​វចនានុក្រម​ភាសា​ខ្មែរ​ (Lexicography) និង​ការ​បោះពុម្ពផ្សាយ (Publications) ។

15-09-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

មាន​ព័ត៌មាន​គួរ​ឲ្យ​រីក​រាយ​មួយ​ ស្ដី​ពី ​ចំណាត់ថ្នាក់​ចំពោះ​ ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ​បាន​កើន​ឡើង​១៥​ថ្នាក់ ​លើស​ពី​ឆ្នាំ​មុន​ ដែល​ជា​ចំ​ណាត់​ថ្នាក់​ខ្ពស់​ជាង​ប្រទេស​ដទៃ​ឯទៀត​នៅ​ក្នុង​តំបន់​​អាស៊ី​បូព៌ា ​និង​ដែល​ធំ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​។

តាម​សារព័ត៌មាន​ The Cambodia Daily ឆ្នាំ​៤០ លេខ​៤៧​​ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី​​ ១១ កញ្ញា និង​សារព័ត៌មាន​រស្មី​កម្ពុជា​ឆ្នាំ​១៦ លេខ​៤៦៩១​ ច្បាប់​ចេញ​ផ្សាយ​ថ្ងៃ​ព្រហស្បតិ៍​ទី​​ ១១ បាន​ឲ្យ​ដឹង​ថា តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភពលោក ​ការ​កើន​ឡើង​នៃ​ចំ​ណាត់​ថ្នាក់​នេះ​ គឺ​ភាគ​ច្រើន​ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​ភូមិបាល​និង​ច្បាប់​​ស្ដី​ពី​ប្រតិបត្តិការ​ដែល​មាន​កិច្ច​ធានា​​ជួយ​ឲ្យ​ក្រុមហ៊ុន​​ ទាំងឡាយ​អាច​ប្រើប្រាស់​ចលនទ្រព្យ​ និង​ទ្រព្យ​អរូបិយ​ផ្សេងៗ​ ជា​វត្ថុ​បញ្ចាំ​ដើម្បី​ទទួល​បាន​ឥណទាន។ ច្បាប់​ក្ស័យ​ធន​ក៏​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ចំ​ណាត់​​ថ្នាក់​នេះ​ដែរ​​។ លោក Stephane Guimbert អ្នក​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​​ថា​" ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​តំបន់​មួយ​ប្រកប​ដោយ​ថាមពល" ។​ ​ទោះបី​ជា​មាន​ភាព​ប្រសើរ​ឡើង​ក៏​ដោយ ក៏​ប្រទេស​កម្ពុជា​ទទួល​ចំ​ណាត់​ថ្នាក់​ទី​១៣៥​លើ​១៨១​ប្រទេស​ ដែល​គេ​ធ្វើ​ការ​ស្រង់​មតិ។ ប្រទេស​សិង្ហបុរី នៅ​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ​ជា​មួយ​ប្រទេស​ញូសេឡែន​ សហរដ្ឋ​អាមេរិក ​ហុង​កុង និង​ដាណឺមាក​។ ប្រទេស​កុងហ្គោ​ស្ថិត​នៅ​លំដាប់​ថ្នាក់​ក្រោម​គេ​ គឺ​លេខ ១៨១។​​​​​​​​

11-09-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

កាល​ពី​ថ្ងៃ​ទី ០២​ ខែ​កញ្ញា ឆ្នាំ ២០០៨ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ បាន​ប្រកាស​​អំពី​​ បញ្ជី​រាយ​នាម​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អាណត្ត​ទី​​៤។ កម្មវិធី​ស្ត្រី​ នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ​ បាន​ទទួល​ការអនុញ្ញាត​ពី​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ក្នុង​ការ​ផ្សព្វផ្សាយ​​បន្ត​នូវ​​ការ​​ប្រកាស​​អំពី​​បញ្ជី​រាយនាម​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អាណត្ត​ទី​​៤​នេះ​ ក្នុងវិបផតថល​ស្ដីអំពីស្ត្រី។

គួរ​រំឡឹក​ផងដែរ​ថា វិបផតថល​ស្ដី​អំពី​ស្ត្រី​ ​បាន​ចុះ​ផ្សាយ​រួច​ម្ដង​មក​ហើយ​នូវ​អត្ថបទ​របស់​សារព័ត៌មាន​រស្មី​កម្ពុជា​ ចុះ​ថ្ងៃ​ទី ០៣ ខែ​កញ្ញា ឆ្នាំ ២០០៨ ស្ដី​អំពី​ការ​ប្រកាស​​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ​​អំពី​​បញ្ជី​រាយ​នាម​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​អាណត្ត​ទី​​៤ នេះ៕

08-09-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

របាយការណ៍​សកម្មភាព​គម្រោង​កម្មវិធី​ស្ត្រី​៖

07-08-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

ការ​បោះឆ្នោត​សភា​អាណត្ត​ទី​៤ បាន​ចប់​សព្វ​គ្រប់​កាល​ពី​ថ្ងៃ​ ២៧ កក្កដា​កន្លង​មក​។​ ទោះ​បី​ជា​មាន​ភាព​មិន​ប្រក្រតី​​មួយ​ចំ​នួន​បាន​កើត​ឡើង​ក៏​ដោយ ក៏​យើង​អាច​និយាយ​បាន​ថា​ ការ​បោះ​ឆ្នោត​លើក​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។ នេះ​សរ​បញ្ជាក់​​​ពី​"ការវិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ​មួយ​ជំហាន​ទៀត​​នៅ​កម្ពុជា"។​ តែ​អ្វី​​ដែល​ម្ចាស់​ឆ្នោត​រង​ចាំ​មើល​ក្រោយ​ការ​បោះ​ឆ្នោត បន្ទាប់​​ពី​​ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវ​ការ​នោះ​ គឺ​ការ​បង្កើត​សភា​និង​រដ្ឋាភិបាល​ថ្មី​​ និង​ថា​តើ​ រដ្ឋាភិបាល​ថ្មី​ មាន​ការ​យក​ចិត្ត​ទុក​ដាក់​លើក​តម្កើង​​សិទ្ធិ​ស្ត្រី​ដែរ​ឬ​ទេ ដោយ​យើង​សង្ឃឹម​ថា រដ្ឋាភិបាល​អាណត្ត​ថ្មី​នឹង​មាន​ស្ត្រី​ចូល​រួម​ច្រើន។

នៅ​ប្រទេស​កម្ពុជា បើ​និយាយ​អំពី​ស្ត្រី​និង​នយោបាយ​ ចំនួន​ស្ត្រី​តំណាង​រាស្ត្រ​ក្នុង​សភា មាន​មធ្យមភាគ​ទាប​ជាង​បណ្ដា​ប្រទេស​​នៅ​ក្នុង​តំបន់​។​​ តាម​របាយការណ៍​អភិវឌ្ឍ​​ធន​ធាន​មនុស្ស(Human Development Report​ 2007-2008-Cambodia) របស់​កម្មវិធី​អភិវឌ្ឍ​នៃ​អង្គការសហប្រជាជាតិ ស្ត្រី​ដែល​​មាន​កៅអី​ក្នុង​សភា​មាន​តែ​ ១១.៤ ភាគ​រយ​និង​ថ្នាក់​រដ្ឋមន្ត្រី​មាន​តែ​ ៧.១ ភាគ​រយ​តែ​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​កម្លាំង​ពល​កម្ម​​ស្ត្រី​មាន​រហូត​ដល់​ទៅ​៧៤.៤ ភាគ​រយ​ឯណោះ។

25-07-2008 អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ

នៅសល់​តែ​ពីរ​​ថ្ងៃ​ទៀត​ទេ​ដល់​ពេល​បោះ​ឆ្នោត​សភាអាណតិ្ត​ទី​៤​ ដែល​នឹង​ប្រ​ព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៧​ កក្កដាខាង​មុខ​នេះ​។ ជា​មួយ​និង​ការ​ត្រៀម​ស្មារតី​ ទាំង​ប្រជា​ពលរដ្ឋ គណបក្ស​នយោបាយ​ និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត(​គជប) សម្រាប់​ការ​បោះ​ឆ្នោត​នោះ គេ​ឃើញ​មាន​ហេតុ​ការ​​ប្រាសាទ​ព្រះ​វិហារ បាន​ធ្វើ​ឲ្យសាធារណៈ​ជន​ជាតិ​និង​អន្តរជាតិ​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​​របស់​ខ្លួន។​

កាល​ពី​ថ្ងៃ​ទី​ ៨ ខែ​កក្កដា​ សម័យ​ប្រ​ជុំ​លើក​ទី ៣២ នៃ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារ​ ជាបេតិកភណ្ឌ​ពិភពលោក។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ចម្រូង​ចម្រាស​នយោបាយ​ដែល​មាន​ស្រាប់ហើយ​​​ ក្នុង​រដ្ឋាភិបាល​ថៃ​ជា​មួយ​គណបក្ស​ប្រឆាំងនៃ​ប្រទេស​នេះ ​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ ។​ ​មួយ​សប្ដាហ៍​ក្រោយ​មក​ក៏​មាន​ការ​ពង្រាយ​កម្លាំង​យោធា​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-ថៃ។​ ការ​ពង្រាយ​កម្លាំង​យោធា​កាន់​តែ​កើន​ឡើង ទន្ទឹម​និង​មាន​ចរចា​ដោយ​មិន​បាន​សម្រេច​វាង​ភាគី​ទាំង​ពីរ​កម្ពុជា​-ថៃ​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​ ២១ កក្កដា កន្លង​មក។​ ភាគី​ថៃ ព្រម​ទាំង​មិន​យល់​ព្រម​ទទួល​យក​​ការ​សម្រប​សម្រួល​ដែល​ប្រទេស​អាស៊ាន​ស្ម័គ្រ​ចិត្ត​ធ្វើ​ដើម្បី​ជួយ​ដោះ​ស្រាយ​វិបត្តិ​ព្រំ​ដែន​នេះ។​ ការ​បដិសេធ​របស់​ថៃ បាន​ធ្វើ​ឲ្យ​សមាគម​ប្រជា​ជាតិ​​អាស៊ាន​ស្ថិត​ក្នុង​ភាព​អសកម្ម​លើ​បញ្ហា​ព្រះ​វិហារ។ ក្រោយ​ពី​កិច្ច​ចរចា​មិន​បាន​សម្រេច សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​សែន ​កាល​ពី​ថ្ងៃ​ទី​២១ ក៏​បាន​សរសេរ​លិខិត​ទៅ​លោក​អគ្គនាយក​អង្គ​ការ​ UNESCO ដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថាប័ន​នេះ។​​​​​​​​​