ភ្នំពេញ៖ អ្នកត្បាញហូលនៅតាកែវមួយរូបបានអះអាងថា ហូលនៅព្រៃកប្បាសមួយក្បិនដែលត្បាញដោយអ្នកជំនាញអាចលក់ចេញបានតម្លៃជិតមួយពាន់ដុល្លារ ដែលជិតស្មើនឹងតម្លៃម៉ូតូធុនទំនើបមួយគ្រឿង។
ស្រីទូច អ្នកប្រកបរបរតម្បាញមួយរូបនៅក្នុងភូមិសៃវ៉ា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននិយាយកាលពីចុងសប្ដាហ៍កន្លងទៅនេះថា ហូលខ្មែរនៅតាកែវក្នុងមួយក្បិនអាចលក់បានរហូត៨០០ដុល្លារ។
ស្រីទូចបានអះអាងថា ហូលនៅតាកែវ ជាពិសេសហូលដែលចេញពីស្នាដៃរបស់លោកយាយខ្លួន គឺអាចលក់បានថ្លៃណាស់ ហើយសព្វថ្ងៃនេះម៉ូយរបស់លោកយាយគឺសុទ្ធតែជំទាវ និងអ្នកជាវដុំ ដោយសារតែភាពជំនាញរបស់លោកយាយ។
ស្រីទូចបានបន្តទៀតថា សព្វថ្ងៃនេះ ក្រុមគ្រួសាររបស់នាងមានកីតម្បាញហូលរហូតដល់៦០គ្រឿង ហើយនៅក្នុងមួយគ្រឿងអាចត្បាញបានជាមធ្យម២ក្បិន ដែលអាចលក់បានចាប់ពី៦០ដុល្លារនៅក្នុងមួយក្បិនឡើងទៅ។
សព្វថ្ងៃនេះនៅក្នុងភូមិសៃវ៉ា ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ មុខរបរតម្បាញកំពុងតែរីកសុសសាយ។ ទីនោះគឺជាប្រជុំកន្លែងសិប្បកម្មតម្បាញសូត្រដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា។ ផលិតផលហូលមួយក្បិនអាចច្នៃយកទៅកាត់ជាសំពត់ដ៏ស្រស់ស្អាតមួយ និងអាវពីសម្រាប់នារីតែសម្រាប់បុរសបានតែមួយទេ។
ស្រីទូចបានឲ្យដឹងថា វត្ថុធាតុដើមផលិតជាហូលគឺពីមុនគឺប្រើប្រាស់សូត្រនៅក្នុងស្រុក ប៉ុន្តែនៅពេលនេះគឺនាំចូលពីវៀតណាម ដោយសារវាងាយស្រួលនៅក្នុងការត្បាញ មិននឿយនៅក្នុងការទាញយកសូត្រ ប៉ុន្តែសម្រាប់ល័ក្ខនិងគ្រឿងផ្សំផ្សេងៗទៀតគឺសុទ្ធសឹងតែជាផលិតផលនៅក្នុងស្រុកដែលអាចរកបាននៅក្នុងភូមិ៕

