ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ផ្ដើម​ជីវិត​ថ្មី​ ពី​សុបិន​ដែល​គួរ​ឲ្យ​រន្ធត់

«ឥឡូវ​នេះ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​ ប៉ុន្តែ​ពី​មុន​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​គ្មាន​នៅ​សល់​អ្វី​ទេ​ក្នុង​ជីវិត​របស់​ខ្ញុំ​នេះ​ បន្ទាប់​ពី​ប្ដី​ និង​កូន​ពីរ​នាក់​ដែល​គួរ​ឲ្យ​ស្រឡាញ់​របស់​ខ្ញុំ​នោះ​បាន​ស្លាប់​ទៅ»​ ។​ នេះ​ជា​សម្ដី​របស់​ស្ត្រី​វ័យ​ក្មេង​ម្នាក់ ​ដែល​កំពុង​តែ​ឆុង​កាហ្វេ​សម្រាប់​ឲ្យ​អតិថិជន​របស់​ខ្លួន​ដែល​អង្គុយ​រង់ចាំ​នៅ​ឯ​តុ​ ។

ក្នុង​វ័យ​២៦​ឆ្នាំ​ វាសនា​ដែល​កំពុងរស់នៅ​​ជាមួយ​នឹង​មេរោគ​អេដស៍​បាន​បាត់បង់​ស្វាមី​ និង​កូនៗ​របស់​នាង​ដោយ​សារ​តែ​ជំងឺ​ដែល​ទាក់​ទិន​នឹង​មេរោគ​អេដស៍​ ។​ វាសនា​បាន​និយាយ​ថា​ «ប្ដី​របស់​ខ្ញុំ​ដែល​ជា​អ្នក​នេសាទ​បាន​ស្លាប់​ទៅ​ហើយ​ ខ្ញុំ​ក៏​មិន​បាន​ដឹង​ថា​គាត់​មាន​ជំងឺ​អេដស៍​ដែរ​ ។​ បន្ទាប់​មក​កូន​ប្រុស​ទាំងពីរ​របស់​ខ្ញុំ​ចាប់​ផ្ដើម​ឈឺ​ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា​ពួក​គេ​មាន​ផ្ទុក​មេរោគ​អេដស៍​ ។​ ឃើញ​ដូចនោះ​ ខ្ញុំ​បាន​ទៅ​ពិនិត្យ​ឈាម​ ហើយ​ក៏​បាន​ដឹង​ថា​ ខ្ញុំ​ក៏​មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ»​ ។

ក្រោយ​ពី​ការ​ស្លាប់​កូន​ទាំង​ពីរ​នាក់​របស់​ខ្លួន​ វាសនា​មិន​ដឹង​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​ឬ​ទៅ​ទីណា​នោះ​ទេ​ បន្ទាប់​ពី​នោះ​ទៅ​ ។​ ឪពុក​ម្ដាយ​របស់​នាង​ និង​សមាជិក​គ្រួសារ​ដទៃៗ​ទៀត​បាន​រើសអើង​ដល់​នាង​ ។​ ប៉ុន្តែ​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា​ បណ្ដាញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្រុង​ព្រះសីហនុ​ វាសនា​បាន​សាង​ជីវិត​ថ្មី​របស់​ខ្លួន​ ។​ នាង​ទទួល​បាន​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍​ អង្ករ​៣០​គីឡូក្រាម​ ប្រេង​ឆា​១​គីឡូក្រាម​ និង​អំបិល​០,៥​គីឡូក្រាម​ ជា​រៀងរាល់​ខែ​ពី​បណ្ដាញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្រុង​ព្រះសីហនុ​ ។​ ការ​ផ្គត់ផ្គង់​ស្បៀង​នេះ​ គឺ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​តាម​រយៈ​អង្គការ​ខាណា​ ។

បន្ទាប់​ពី​សុខភាព​របស់​ខ្លួន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ វាសនា​ក៏​បាន​សម្រេច​ចិត្ត​ចូល​ជា​សមាជិក​ក្រុម​ជួយ​ខ្លួន​ឯង របស់​បណ្ដាញ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ក្រុង​ព្រះសីហនុ​ ។​ នៅ​ថ្ងៃ​ទី​២៧​ -​ ២៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០០៧​ កន្លង​ទៅ​នេះ​ នាង​បាន​ចូលរួម​សិក្ខាសាលា​មួយ​ស្ដីពី​ «ការ​ពង្រឹង​ការងារ​សម្របសម្រួល​ និង​ទំនាក់​ទំនងក្នុង​សហគមន៍​» ជាមួយ​នឹង​សមាជិក​នារី​ចំនួន​២០​នាក់​ផ្សេង​ទៀត ដែល​ពួក​គេ​ក៏​រង​ផល​ប៉ះពាល់​ពី​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ដែរ​ ។​ វាសនា​បាន​បញ្ជាក់​ថា​ «ខ្ញុំ​ពិត​ជា​​​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ដ៏​ជូរចត់​នៅ​ក្នុង​អតីតកាល​ ។​ ខ្ញុំ​ពិត​ជា​ចង់​ចែក​រំលែក​បទពិសោធន៍​ និង​មេរៀន​ទាំង​នេះ​ដោយ​ស្មោះត្រង់​ដល់​ប្រជាជន​នៅ​ក្នុង​សហគមន៍​របស់​ខ្ញុំ​ ដូច្នេះ​ពួក​គេ​អាច​ជួយ​បញ្ឈប់​ការ​ចម្លង​មេរោគ​អេដស៍​ក្នុង​គ្រួសារ​ និង​សហគមន៍​របស់​ពួក​គេ​ »​ ។​ វាសនា​បាន​បន្ត​ថា​ «អ្នក​ដឹង​ហើយ​ថា​ ជា​ស្ត្រី​មេ​ផ្ទះ​ ខ្ញុំ​បាន​ឆ្លង​មេរោគ​អេដស៍​ពី​ប្ដី​របស់​ខ្ញុំ​ ហើយ​កូនៗ​របស់​ខ្ញុំ​ក៏​បាន​ឆ្លង​មេរោគ​នេះ​ពី​ឪពុក​របស់​ពួក​គេ​ដែរ​ ។​ អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នោះ​ គឺ​ថា​ខ្ញុំ​ចង់​ផ្ញើ​សារ​ដល់​សាធារណជន​ថា ​បុរសៗ​ជា​ប្ដី​ត្រូវ​តែ​មាន​ភាព​ស្មោះត្រង់​ចំពោះ​ភរិយា​របស់​ខ្លួន​ ។​ ពួក​គេ​ត្រូវ​តែ​ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ពេល​ដែល​ពួក​គេ​ទ្រាំ​មិន​បាន​ ហើយ​ទៅ​រួម​ភេទ​ជាមួយ​ដៃគូ​នៅ​ខាង​ក្រៅ​ដែល​មិន​មែន​ជា​ប្រពន្ធ​របស់​ខ្លួន​នោះ​ ។​ ធ្វើ​ដូចនេះ​ពួក​គេ​អាច​ជួយ​កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​មេរោគអេដស៍​ ហើយ​ជួយ​អភិវឌ្ឍន៍​ក្រុមគ្រួសារ​របស់​ពួក​គេ​ផង​ និង​សង្គម​ជាតិ​ផង«។

បច្ចុប្បន្ន​ វាសនា​កំពុង​រស់​នៅ​ដោយ​សេចក្ដី​សុខ​ជាមួយ​កូន​ស្រី​ចិញ្ចឹម​ម្នាក់​របស់​គាត់​ ។​ តាម​រយៈ​ឥណទាន​ពី​សកម្មភាព​បង្កើន​ប្រាក់​ចំណូល​របស់​អង្គការ​ខាណា​ គាត់​អាច​មាន​លទ្ធភាព​ទិញ​សម្ភារៈ​ខ្លះ​ដើម្បី​បើក​ភោជនីយដ្ឋាន​បណ្ដែត​ទឹក​តូច​មួយ​នៅ​លើ​សមុទ្រ​ ដែល​គាត់​បាន​ជួល​ពី​គេ​នៅ​ក្រុង​ព្រះសីហនុ​ ៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ សុក្រ 22 កុម្ភៈ 2008