អង្គការសិទ្ធិមនុស្សលីកាដូ បានអំពាវនាវអោយបិទមណ្ឌលពីររបស់ក្រសួងសង្គមកិច្ច បន្ទាប់ពីមានរបាយការណ៍ពីការរំលោភពីក្រុមអ្នករកស៊ីផ្លូវភេទ និងអ្នកដែលងាយរងគ្រោះដទៃទៀតដែលត្រូវគេឃុំឃាំងនៅទីនោះ។
លោកស្រី ខែក ហ្គាឡាប្រ៊ូ បានមានប្រសាសន៍នៅក្នុងលិខិតកាលពីថ្ងៃទី ១៨ ខែ មិថុនា ផ្ញើជូនលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី យូ អយ រដ្ឋលេខាធិការក្រសួងកិច្ចការនារីថា "ទំនងជាមានបែបផែននៃការរំលោភជាប្រព័ន្ធប្រឆាំងនឹងក្រុមអ្នករកស៊ីផ្លូវភេទនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ...រួមមានការចាប់ខ្លួនតាមតែអំពើចិត្ត ការឃុំខ្លួនគ្មានច្បាប់ ការរំលោភផ្លូវកាយ និងផ្លូវភេទ និងការប្រព្រឹត្តអមនុស្សធម៌ផ្សេងៗទៀត"។
លិខិតនេះបាននិយាយថា ក្រុមអ្នករកស៊ីផ្លូវភេទ និងអ្នកផ្សេងៗទៀត ដូចជាអ្នកគ្មានផ្ទះសំបែងត្រូវបានចាប់ខ្លួន "នៅក្នុងការបោសសំអាតតំបន់សាធារណៈនៅពេលយប់ជាប្រចាំ នៅក្នុងទីក្រុងភ្នំពេញ...ការបោសសំអាតបែបនោះបានកើតឡើងរយៈពេលជាច្រើនឆ្នាំ នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែទំនងជាបានកើនឡើងនៅក្នុងឆ្នាំ ២០០៨"។
លិខិតនេះបាននិយាយថា ស្ថានភាពទាំងនោះ "គឺកំរោល និងអមនុស្សធម៌" នៅមណ្ឌលឃុំឃាំងព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅ ក្នុងក្រុងភ្នំពេញ និងមណ្ឌលកោះគ ក្នុងស្រុកស្អាង ខេត្តកណ្ដាល ជាទីដែលអ្នកដែលត្រូវគេឃុំខ្លួនជាច្រើនបានរាយការណ៍ថា ត្រូវបានវាយដំ និងរំលោភ។
ក្រុមអ្នករកស៊ីផ្លូវភេទមួយចំនួនទំនងជានឹងត្រូវបានចាប់ខ្លួនតាមមាត្រា២៤ នៃច្បាប់ប្រឆាំងការជួញដូរមនុស្សថ្មី ដែលហាមឃាត់ការហៅម៉ូយជាសាធារណៈអោយមករួមភេទ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការលីកាដូ បាននិយាយថា ការចាប់ខ្លួនភាគច្រើនបំផុតគឺគ្មានច្បាប់ ហើយមិនមានមូលដ្ឋានផ្លូវច្បាប់សម្រាប់ការឃុំខ្លួនបុគ្គលទាំងនោះរយៈពេលខ្លី ឬក៏វែងនៅមណ្ឌលទាំងនោះដែលមិនត្រូវបានចោទប្រកាន់ កាត់អោយជាប់ទោសឬក៏កាត់ទោសពីបទប្រព្រឹត្តបទឧក្រិដ្ឋកម្មណាមួយនោះ។
យោងតាមអង្គការលីកាដូបានអោយដឹងថា "នៅមណ្ឌលឃុំឃាំងព្រៃស្ពឺ ធុងនៅចំកណ្ដាលបន្ទប់ដែលប្រើជាបង្គន់ អតីតអ្នកដែលត្រូវគេឃុំខ្លួនទាំងនោះ រួមមានស្ត្រីម្នាក់ដែលត្រូវបានចាក់សោជាមួយនឹងកូនរបស់គាត់អាយុ៤ឆ្នាំ ពិពណ៌នាថា បានបត់ជើងតូច និងបត់ជើងធំនៅក្នុងធុងនេះនៅខាងមុខអ្នកទោសដទៃទៀត"។
ក្រុមមន្ត្រីអង្គការលីកាដូបានទៅមើលមណ្ឌលឃុំឃាំងកោះគ កាលពីថ្ងៃទី ១៧ ខែ មិថុនា ហើយបានរាយការណ៍ថា អ្នកដែលត្រូវគេឃុំខ្លួនជាង២០នាក់ ត្រូវបានចាក់សោទុករួមគ្នាក្នុងបន្ទប់មួយជាទីដែលពួកគេ "ហូបបាយ ដេក និងទៅបន្ទប់អនាម័យ"។
អង្គការលីកាដូបានរាយការណ៍ថា មនុស្សជាច្រើនទៀតដូចជា "ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ អ៊ុន សុពល ដែលបានដេកឥតដឹងខ្លួននៅលើកម្រាលឥដ្ឋ" គឺចាំបាច់ត្រូវការការព្យាបាលជាបន្ទាន់។
យោងតាមអង្គការលីកាដូបានអោយដឹងថា អ៊ុន សុពល "មិនអាចធ្វើចលនាឬក៏និយាយបានទេ ដោយមានសត្វរុយ និងស្រមោច ជាច្រើនវារលើមុខរបស់គាត់។ តាមឮថា គាត់មិនបានហូបបាយអស់រយៈពេល២អាទិត្យមកហើយ។
សាយ ស៊ីផុន រដ្ឋលេខាធិការនៅក្រសួងសង្គមកិច្ចបានបដិសេធមិនអត្ថាធិប្បាយកាលពីថ្ងៃ អង្គារ ហើយបានបង្វែរសំនួរទាំងនោះអោយទៅសួរ ជា សាន ប្រធានមន្ទីរសង្គមកិច្ចនៅសាលាក្រុងភ្នំពេញដែលមិនអាចត្រូវគេទាក់ទងសុំអត្ថាធិប្បាយបាន។
លោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូ បានសរសេរតាមអ៊ីម៉េលកាលពីល្ងាច ថ្ងៃអង្គារថា "មណ្ឌលឃុំឃាំងទាំងពីរនេះ គឺជាផ្នែកកម្មវិធីថ្នាក់ស្ថាប័ន នៃការចាប់ខ្លួនតាមតែអំពើចិត្ត ការឃុំខ្លួនគ្មានច្បាប់ និងការរំលោភធ្ងន់ធ្ងរ...យើងទទូចអោយរដ្ឋាភិបាលធានាអោយមានការបិទជាអចិន្ត្រៃយ៍នៃមណ្ឌលទាំងពីរនោះ និងមណ្ឌលដទៃទៀតណាមួយ និងធានាផងដែរអោយមានការបញ្ឈប់ភ្លាមៗនូវការចាប់ប្រមូលក្រុមអ្នករកស៊ីផ្លូវភេទ អ្នកសុំទាន និងអ្នកគ្មានផ្ទះសំបែងពីផ្លូវថ្នល់"។
លោកស្រី ពីឡូក បានមានប្រសាសន៍ថា "រហូតមកដល់ពេលនេះយើងមិនទទួលបានការឆ្លើយតបផ្លូវការណាមួយពីរដ្ឋាភិបាលចំពោះការបារម្ភទាំងនេះទេ "តែបានបន្ថែមថា លោកស្រីបានដឹងកាលពីថ្ងៃអង្គារថា មណ្ឌលឃុំខ្លួនកោះគ ត្រូវបានបិទកាលពីពេលមុន។ របាយការណ៍ពីមណ្ឌលឃុំខ្លួនកោះគ ដែលត្រូវបិទនោះមិនអាចត្រូវបានអះអាងទេកាលពីថ្ងៃអង្គារ។
លោក ប៊ិត គឹមហុង ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៅក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីថ្ងៃ អង្គារថា ការបិទមណ្ឌលទាំងនោះគឺហួសពីយុត្តាធិការរបស់លោក។
លោកបានមានប្រសាសន៍តាមទូរស័ព្ទថា "ទាក់ទងទៅនឹងអនុសាសន៍របស់ពួកគេចំពោះការបិទភ្លាមៗនៃមណ្ឌលរបស់ក្រសួងសង្គមកិច្ច វាហួសពីអំណាចរបស់លោក"។
លោក ប៊ិត គឹមហុង បានមានប្រសាសន៍ថា លោកបានពិនិត្យមើលលិខិតរបស់អង្គការលីកាដូហើយបានឃើញថា ការអះអាងមួយចំនួនគ្មានហេតុផល តែលោកបានបដិសេធមិនបរិយាយលំអិតទេ៕

