ភ្នំពេញ ៖ សម្ព័ន្ធអ្នករកស៊ីផ្លូវភេទថ្នាក់ជាតិ ទាមទារការពារសិទ្ធិមនុស្ស បានប្រកាសព័ត៌មានអំពីការដឹងគុណរបស់ពួកគេចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងគោរពស្នើសុំជួបជាមួយសម្ដេចតេជោ ដើម្បីដោះស្រាយផ្ទៃក្នុង និងបញ្ហាសិទ្ធិមនុស្ស។
នៅក្នុងការប្រកាសព័ត៌មាន ចុះផ្សាយថ្ងៃទី ២៥ មិថុនា សម្ព័ន្ធបានរៀបរាប់ថា «យើងខ្ញុំជាតំណាងឲ្យយុទ្ធនាការសម្ព័ន្ធអ្នករកស៊ីផ្លូវភេទថ្នាក់ជាតិ ទាមទារការការពារសិទ្ធិមនុស្សដែលបង្កើតឡើងដោយបណ្ដាញការងារស្ត្រីរួបរួមគ្នាបណ្ដាញបុរសស្ត្រីអភិវឌ្ឍន៍កម្ពុជា និងសហជីពអ្នករកស៊ីផ្លូវភេទកម្ពុជាសូមគោរពស្នើសុំជួបជាមួយថ្នាក់ដឹកនាំរបស់ពួកយើងខ្ញុំ គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីពិភាក្សាអំពីដំណោះស្រាយផ្ទៃក្នុង និងបញ្ហាសិទ្ធិមនុស្ស។ យើងខ្ញុំដឹងថា សម្ដេចនឹងស្ដាប់សំឡេងរបស់ពួកយើងខ្ញុំ ពីព្រោះសម្ដេចគឺជា វីរបុរសរបស់ប្រជាជនក្រីក្រ ដែលបានបោះឆ្នោតជ្រើសរើសយកសម្ដេច ហើយសម្ដេចក៏ជាមេដឹកនាំដ៏មានសារសំខាន់តែម្នាក់គត់ ដែលផ្ដោតការយកចិត្តទុកដាក់លើការងារសិទ្ធិមនុស្សរបស់យើងខ្ញុំ»។
ការប្រកាសព័ត៌មានបានបន្តថា «កាលពីម្សិលមិញមានមនុស្សជាច្រើននាក់ដែលជាប់ឃុំឃាំងនៅក្នុងមណ្ឌលអប់រំកោះគ ត្រូវបានដោះលែងពីកន្លែងដែលពួកគេរ៉ាយរ៉ាប់អំពីលក្ខខណ្ឌនៃការស្នាក់នៅមានភាពអាក្រក់ខ្លាំង។ អ្នករកស៊ីផ្លូវភេទដែលបានឃុំនៅក្នុងមណ្ឌលនេះដើម្បីធ្វើការអប់រំ ឬកែប្រែឡើងវិញ បាននិយាយថា គ្មានការអប់រំ ឬកែប្រែអ្វីទាំងអស់ ហើយស្ថានភាពនៅក្នុងគុកនេះមានការលំបាកឆ្ងាយរាប់រយដង ជាងអ្វីដែលពួកគេជួបប្រទះដោយការធ្វើជាអ្នករកស៊ីផ្លូវភេទដើម្បីរកប្រាក់មកចិញ្ចឹមជីវិតទៅទៀត។ យើងខ្ញុំដឹងថា នៅមណ្ឌលព្រៃស្ពឺត្រូវបានបញ្ជាឲ្យបិទដោយសម្ដេចផងដែរ។ ដូច្នេះសូមសម្ដេចមេត្តាជួយដល់យើងខ្ញុំដើម្បីឲ្យប្រាកដថា ពួកគេនឹងបិទមណ្ឌលនេះ ហើយអ្នករកស៊ីផ្លូវភេទអាចត្រឡប់មកវិញដោយសុវត្ថិភាព»។
«បណ្ដាញការងារស្ត្រីរួបរួមគ្នាបណ្ដាញបុរសស្ត្រី អភិវឌ្ឍន៍កម្ពុជា និងសហជីពអ្នករកស៊ីផ្លូវភេទកម្ពុជាសូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការជួយធ្វើអន្តរាគមន៍ដ៏គួរឲ្យគោរពដែលឆ្លើយតបទៅនឹងបញ្ហាដែលកើតមាននៅក្នុងមណ្ឌល។ ឆន្ទៈដ៏មុតមាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេច ក្នុងការដោះស្រាយស្ថានភាពដ៏លំបាកផ្សេងៗ និងតែងតែស្ដាប់សំឡេងទទូចសុំជំនួយរបស់ប្រជាពលរដ្ឋកម្ពុជាជាកូន ជាចៅរបស់សម្ដេចដែលក្រីក្រ និងងាយរងគ្រោះបំផុត ហើយក៏ជាមោទនភាពសម្រាប់ប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិដែលរដ្ឋាភិបាល និងស្ថាប័ននៅក្នុងប្រទេសមហាអំណាចជាច្រើនបានប្រាសចាកពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាននៅក្រោមរូបភាព នៃការប្រឆាំងភេរវកម្ម មេរោគអេដស៍ ការជួញដូរមនុស្ស គ្រឿងញៀន និងពេស្យាចារជាដើម»។
«ជោគជ័យទាំងអស់នេះ គឺធ្វើឡើងដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្ដេចជាប្រមុខដឹកនាំត្រួសត្រាយផ្លូវ សម្រាប់កម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ឥតឈប់ឈរ ហើយគោរព និងការការពារសិទ្ធិជាមូលដ្ឋានត្រូវបានឆ្លើយតប។ មានការងារច្រើនដែលត្រូវធ្វើការដោះស្រាយភ្លាមៗជាជាងការចាត់វិធានការ ការបំបាត់ និងការដាក់ទណ្ឌកម្មដល់ជនដែលងាយរងគ្រោះ ដែលត្រូវការជំនួយដោយមិនបានធ្វើការសិក្សាស្វែងយល់ច្បាស់លាស់ពីឫសគល់នៃបញ្ហារបស់អ្នកទាំងនោះ។ ពួកយើងខ្ញុំត្រូវការគោលនយោបាយមួយដែលមានប្រសិទ្ធភាព និងកម្មវិធីដែលកំណត់ឲ្យបានច្បាស់លាស់រវាងជនរងគ្រោះពីការជួញដូរមនុស្ស និងការរំលោភផ្លូវភេទ ហើយចង់បាននូវដំណោះស្រាយសម្រាប់បញ្ហារបស់ពួកយើងពិតប្រាកដ។ យើងខ្ញុំក៏ត្រូវការកែប្រែច្បាប់សង្គម និងបញ្ហារចនាសម្ព័ន្ធផ្សេងៗឡើងវិញផងដែរ ដែលរារាំងអ្នករកស៊ីផ្លូវភេទក្នុងការទទួលបាននូវកន្លែងប្រកបមុខរបរ និងរស់នៅដោយសុវត្ថិភាព ដើម្បីការពារខ្លួន និងក្រុមគ្រួសារជានិរន្តរ៍ ឲ្យរួចផុតពីការរងទុក្ខនៃភាពក្រីក្រ និងការឆ្លងមេរោគផ្សេងៗ។ កម្មវិធីទាំងឡាយគួរត្រូវបានដឹកនាំដោយ ប្រជាជនក្នុងស្រុក ជាជាងអ្នកខាងក្រៅ។ ពួកគេគួរតែដាក់បញ្ចូលប្រជាជនសហគមន៍ជាផ្នែកមួយនៃដំណោះស្រាយ ជាជាងវាយប្រហារពួកគេថា ជាអ្នកបង្កបញ្ហា»។
ការប្រកាសព័ត៌មានបានរៀបរាប់ទៀតថា «ស្រីមុំ ជាស្ត្រីរកស៊ីផ្លូវភេទ អាយុ២៦ឆ្នាំ ប្រាថ្នាថា ប្រសិនបើជួបជាមួយសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីពិភាក្សាលើបញ្ហាសិទ្ធិមនុស្សនេះ ល្អជាងបញ្ជូនពួកយើងទៅកាន់អង្គការសិទ្ធិមនុស្សបរទេស ដែលមកពីប្រទេសដែលជំរុញឲ្យបង្កើតច្បាប់ និងគោលនយោបាយដ៏អាក្រក់មកលើពួកយើងនោះ។ សត្រូវរបស់អ្នករកស៊ីផ្លូវភេទគឺក្រុមទាំងឡាយដែលមើលទៅថា ជួយពួកយើងដោយដាក់យើងនៅក្នុងមណ្ឌល ឬប្រើប្រាស់ពួកយើងដើម្បីទទួលបានជំនួយសម្រាប់ការសិក្សាស្រាវជ្រាវរបស់គេ ឬធ្វើអ្វីៗផ្សេងទៀត»៕

