រាជធានីភ្នំពេញ ៖ តាមរបាយការណ៍គម្រោងស្ថិតិរួមរបស់អង្គការនានាស្ដីពីការជួញដូរធ្វើអាជីវកម្ម កេងប្រវ័ញ្ចផ្លូវភេទឆ្នាំ ២០០៥ - ២០០៦ ដែលប្រមូលព័ត៌មានពីអង្គការក្រៅរដ្ឋាភិបាលចំនួន ២៥នោះ បានបង្ហាញថា ក្នុងរយៈពេល២ឆ្នាំ (២០០៥ - ២០០៦) មានការធ្វើអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងក្មេងស្រីចំនួន ៥១៨ករណី ហើយក្នុងចំណោមជនរងគ្រោះទាំងអស់នោះមានស្ត្រី និងក្មេងស្រីចំនួន ១៧៩នាក់ ត្រូវបានគេវាយតម្លៃថា ជាជនរងគ្រោះដោយការធ្វើអាជីវកម្មជួញដូរ កេងប្រវ័ញ្ចផ្លូវភេទ។
របាយការណ៍នោះបានបញ្ជាក់ថា ស្ត្រី និងកុមារដែលពាក់ព័ន្ធនឹងការរកស៊ីផ្លូវភេទភាគច្រើនគឺ៧០%ជាជនជាតិខ្មែរ ២៨%ជាជនជាតិវៀតណាម និង២%ជាជនជាតិចិន ហើយទាំងបីជនជាតិនេះ ខ្មែរមានការជួញដូរកេងប្រវ័ញ្ចផ្លូវភេទ៨១% វៀតណាម១៩% តែចិនគឺពុំមានទាល់តែសោះ។
របាយការណ៍នេះត្រូវបានអង្គការអ៊ិកផាតអន្តរជាតិ ធ្វើការផ្សព្វផ្សាយកាលថ្ងៃទី ៤ ឧសភា ក្នុងសិក្ខាសាលាមួយស្ដីពីក្រុមការងារថ្នាក់ជាតិប្រឆាំងការជួញដូរមនុស្សនៅសណ្ឋាគារសាន់វេ។
របាយការណ៍នេះបន្តថា ការធ្លាក់ចុះចំនួនករណីជួញដូរផ្លូវភេទ ដែលអង្គការនានាបានជួយសង្គ្រោះមិនមែនជាសញ្ញានៃការផ្លាស់ប្ដូរស្ថានភាពជួញដូរនៅក្នុងប្រទេសកម្ពុជានោះទេ ការពិតវាជាលទ្ធផលនៃការកាត់បន្ថយសេវាកម្មរបស់បណ្ដាអង្គការនានាទៅវិញទេ។
បើយោងតាមស្ថិតិរបស់ក្រសួងផែនការកុមារចំនួន៦,៤% នៃកុមារទូទាំងប្រទេសដែលមានអាយុក្រោម១៨ឆ្នាំ បានជួបប្រទះការបាត់បង់ឪពុក ហើយ ១,៧%បាត់បង់ម្ដាយ។ គោលដៅនៃការជួញដូរនៅក្នុងប្រទេសកម្ពុជា គឺទីក្រុងភ្នំពេញ សៀមរាប និងកោះកុង ហើយមានករណីជួញដូរជាង២០% ទៀតបានឆ្លងកាត់ប្រទេស ភាគច្រើន គឺទៅប្រទេសម៉ាឡេស៊ី និងថៃ។ ប្រសិនបើជាជនជាតិវៀតណាមវិញគឺត្រូវបានគេជួញដូរពីប្រទេសវៀតណាមមកភ្នំពេញ ប៉ុន្តែនៅតែមិនទាន់ច្បាស់នៅឡើយទេថា តើជនជាតិវៀតណាមទាំងអស់នោះពិតជាមានដើមកំណើតនៅក្រៅប្រទេសកម្ពុជា ឬទេ?
ទោះជាយ៉ាងណាក៏ដោយករណីជួញដូរផ្លូវភេទ ត្រូវបានគេវិភាគជាបួនក្រុមផ្សេៗពីគ្នា ដែលបានបែងចែកទៅតាមអាយុគឺទី១ ករណីជួញដូរកេងប្រវ័ញ្ចផ្លូវភេទក្មេងស្រី អាយុក្រោម១៨ឆ្នាំ ដែលត្រូវគេបង្ខំ ឬបោកប្រាស់ឲ្យបម្រើការកេងប្រវ័ញ្ចផ្លូវភេទ។ ទី២ ករណីដូចគ្នានេះដែរ តែស្ម័គ្រចិត្តចូលបម្រើផ្លូវភេទដោយចេតនា។ ទី៣ ការជួញដូរកេងប្រវ័ញ្ចផ្លូវភេទស្ត្រី ដែលមានអាយុលើសពី១៨ឆ្នាំ ដែលត្រូវបង្ខំ ឬបោកប្រាស់ ហើយទី៤ ដូចគ្នានេះដែរ តែធ្វើឡើងដោយចេតនា។
ចំពោះក្មេងស្រីដែលមានអាយុក្រោម១៨ឆ្នាំ ពួកគេខ្លះបានជួបប្រទះក្នុងស្ថានភាពគ្រួសារដែលមានម្ដាយ ឬឪពុកបោះបង់ចោលឬលែងលះគ្នា ឬមានបញ្ហាក្នុងគ្រួសារផ្សេងទៀតដូចជាបំណុលគ្រួសារ និងចេតនាគេចចេញពីភាពក្រីក្រជាដើម គឺជាមូលហេតុដែលនាំឲ្យមានការសម្រេចចិត្តចាកចេញពីស្រុកកំណើតទៅរកការងារធ្វើ ហើយពួកគេភាគច្រើនបានទទួលរងការចាប់ពង្រាត់ ការរំលោភបំពានផ្លូវភេទ។
ប៉ូលិសជាភ្នាក់ងារជួយសង្គ្រោះស្ទើរតែពីរភាគបី នៃករណីទាំងអស់ បន្ទាប់មកមានមន្ត្រី សង្គមកិច្ច និងអង្គការក្រៅរដ្ឋាភិបាល តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ប៉ូលិសមិនមែនជាអ្នកបញ្ជូនជនរងគ្រោះទៅឲ្យមណ្ឌលនោះទេ ទោះជាប៉ូលិសជាអ្នកជួយជនរងគ្រោះបានច្រើនបំផុតក៏ដោយ ហើយផ្ទុយពីនេះអង្គការក្រៅរដ្ឋាភិបាលជាអ្នកបញ្ជូនជនរងគ្រោះច្រើនបំផុតទៅឲ្យមណ្ឌល បន្ទាប់មកប៉ូលិស និងមន្ត្រីសង្គមកិច្ច។
នៅក្នុងករណីភាគច្រើនដែលប្រមូលទិន្នន័យបានបន្ទាប់ពីធ្វើសមាហរណកម្ម ស្ត្រី និងក្មេងស្រីបានត្រឡប់ទៅប្រកបមុខរបរចាស់វិញ ហើយមានចំនួនតិចតួចប៉ុណ្ណោះដែលប្រើប្រាស់ជំនាញរៀនពីមណ្ឌលរបស់អង្គការ។ ក្នុងចំណោម១១៧ករណីដែលបានរាយការណ៍ជូនទៅឲ្យប៉ូលិស ៤០ករណី បានឈានទៅដល់ការស៊ើបអង្កេតរកជនដែលជាប់សង្ស័យនៅក្នុង២០០៥ - ២០០៦ ហើយស្ទើរតែ៨៣% នៃករណីស៊ើបអង្កេតឈានទៅដល់ការដាក់ពាក្យបណ្ដឹងចោទប្រកាន់ទៅលើជនជាប់សង្ស័យទាំងករណីជួញដូរ និងករណីអនាចារ។
ក្នុងករណីជួញដូរកុមារ៨០,៨% នៃការស៊ើបអង្កេតបានឈានទៅដល់ការចាប់ខ្លួនបើប្រៀបធៀបករណីជួញដូរស្ត្រីមានតែ ៥៧,១% ប៉ុណ្ណោះ៕

