ក្រពះជាសរីរាង្គមួយប្រភេទដែលស្ថិតនៅក្នុងខ្លួនមនុស្ស។ សរីរាង្គមួយប្រភេទនេះបង្ខំឲ្យមនុស្សគ្រប់រូបប្រព្រឹត្តមុខរបរផ្សេងៗដើម្បីប្ដូរយកអាហារមកបំពេញវា។ ជាក់ស្ដែងដោយសារតែគ្មានអាហារសម្រាប់បំពេញសេចក្ដីត្រូវការរបស់ក្រពះបានធ្វើឲ្យស្ត្រីវ័យហាសិបឆ្នាំប្លាយម្នាក់បង្ខំចិត្តចាប់យកការងារបន្តពីប្ដីឈឺរបស់គាត់ បើទោះជារូបគាត់បានដឹងយ៉ាងច្បាស់ថា ការងារជំពូកនេះភាគច្រើនត្រូវបានធ្វើដោយមនុស្សផ្ទុយភេទពីគាត់ក៏ដោយ។ នោះជាមុខរបរប៉ះអ៊ុតកង់ ម៉ូតូ ស៊ីក្លូ រ៉ឺម៉ក៍ នៅតាមចិញ្ចើមផ្លូវមួយកន្លែងតាមបណ្ដោយមាត់ទន្លេក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នាទីក្រុងភ្នំពេញ។
បន្ទាប់ពីប្ដីរបស់គាត់ធ្លាក់ខ្លួនឈឺមិនអាចប្រកបការងារប៉ះអ៊ុតនោះបាន ស្ត្រីវ័យហាសិបឆ្នាំឈ្មោះ ញឹម មុន បានបន្តមុខរបរហេងស៊យនេះតទៅមុខទៀត ព្រោះថារូបគាត់មិនបានសម្លឹងឃើញការងារអ្វីក្រៅពីការងារនេះទេ ម្យ៉ាងដោយមានសម្ភារៈប៉ះអ៊ុតនោះស្រាប់ផង ហើយបើទោះជាលក់វិញក៏មិនបានថ្លៃប៉ុន្មានដែរ ដោយសារតែសម្ភារៈទាំងនោះចាស់ៗអស់ទៅហើយ។
ស្ថិតនៅក្នុងសំលៀកបំពាក់ចាស់ អាវជជុះពណ៌ក្រហមដៃវែង និងខោជើងធំស្ដើងត្រឹមកំភួនជើងស្ត្រី ញឹម មុន បានរៀបរាប់ពីប្រវត្តិរបស់គាត់ត្រួសៗឲ្យដឹងថា រូបគាត់មានស្រុកកំណើតកើតជានៅក្នុងទឹកដីខេត្តតាកែវ ស្ថិតនៅក្នុងភូមិកន្ទួតធំ ឃុំត្រឡាចស្រុកទ្រាំង។ គាត់បាននិយាយទាំងតូចចិត្តថា "ក្នុងមួយឆាកជីវិតរបស់ខ្ញុំនេះ ខ្ញុំមិនដែលបានឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ត្រឹមត្រូវនោះទេ ដោយគ្រាន់តែត្រូវពួក ប៉ុល ពត បង្ខំឲ្យចាប់គូយកគ្នាជាប្ដីប្រពន្ធតែប៉ុណ្ណោះ"។ ចំណងអាពាហ៍ពិពាហ៍តាមរយៈការបង្ខិតបង្ខំនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើឲ្យរូបគាត់បង្កើតបានកូនប្រុសម្នាក់។ ដោយសារសន្តិសុខ និងកង្វះខាតខាងជីវភាពនៅក្នុងគ្រួសារនៅស្រុកកំណើតក្រុមគ្រួសារដែលមានសមាជិកបីនាក់នោះបានផ្លាស់មករស់នៅក្នុងទីក្រុងភ្នំពេញក្នុងឆ្នាំ១៩៨៤ ដោយលើកដំបូងគាត់ប្រកបមុខរបរលក់បន្លែបង្ការនៅឯផ្សារចាស់ ចំណែកឯប្ដីរបស់គាត់វិញស៊ីឈ្នួលធ្វើម៉ូតូឲ្យគេនៅម្ដុំនោះដែរ។
ដោយនិយាយរំឭកជីវិតអតីតកាលអនុស្សាវរីយ៍ដ៏ជូរចត់បានមកគ្របដណ្ដប់លើអារម្មណ៍របស់គាត់ដែលធ្វើឲ្យស្ត្រីរូបនេះអួលដើមកស្ទើររកពាក្យនិយាយមិនចេញ។ ទឹកនេត្រាដ៏ភ្លឺថ្លាបានបង្ហាញខ្លួនភ្លាមៗមួយរំពេចនៅក្នុងកែវភ្នែកទាំងគូរបស់គាត់។ ក្នុងខណៈពេលនោះគាត់បានដោះមួកក្រណាត់ពីរបស់គាត់ ធ្វើឲ្យយើងមើលឃើញយ៉ាងច្បាស់នូវសក់ស្កូវដុំៗ និងសាច់ត្របកភ្នែកបានយារធ្លាក់លុបគ្រាប់ភ្នែកផ្នែកខាងលើរបស់គាត់។ មិនយូរប៉ុន្មាន អ៊ំស្រី បានយកដៃមកជូតទឹកភ្នែកចេញពីថ្ពាល់ ហើយបានបន្តដោយសំឡេងមួយៗថា "ប្ដីខ្ញុំធ្លាក់ខ្លួនឈឺ ហើយដៃឆ្វេងរបស់គាត់ងាប់កម្រើកមិនបានទេ ហើយជួនកាលមាត់របស់គាត់ជាប់សរសៃនិយាយមិនចេញក៏មានដែរ។ ប្រាក់ដែលខ្ញុំរកពីមុនសល់បន្តិចបន្តួចបានប្រមូលទិញថ្នាំមកមើលគាត់អស់ហើយគ្មានសល់អ្វីទេ។ ចំពោះមុខរបរប៉ះកង់ម៉ូតូនោះវិញមិនអាចធ្វើឲ្យជីវភាពគ្រួសាររបស់ខ្ញុំធូរស្រាលបានឡើយ"។ គាត់បាននិយាយថា "ខ្ញុំប៉ះម៉ូតូអស់រយៈពេលជាងបួនឆ្នាំមកហើយតាំងពីមួយបំណះប្រាំពីររយរៀលរហូតដល់ឥឡូវនេះមួយបំណះពីរពាន់រៀល។ រាល់ថ្ងៃនេះ ជួនកាលប៉ះបានម្នាក់ ឬពីរនាក់ ហើយជួនកាលអត់សោះក៏មានដែរ"។ គាត់ក៏បានបន្ថែមទៀតផងដែរថា "ការងារតាមចិញ្ចើមថ្នល់នេះមិនងាយស្រួលនោះទេ គឺត្រូវធ្វើមុខក្រាស់បន្តិច ទើបរកស៊ីនៅកន្លែងបែបនេះបាន ព្រោះថាពេលខ្លះប៉ូលិសដេញពីបីដងក្នុងមួយថ្ងៃក៏មានដែរ"។ នាពេលកន្លងមកថ្មីៗនេះ ស្ត្រីប៉ះកង់ម៉ូតូរូបនេះត្រូវប៉ូលិសសណ្ដាប់ធ្នាប់ដេញឈប់ឲ្យរកស៊ីតាមផ្លូវហើយពួកគេថែមទាំងបានចាប់ប្រមូលយកសម្ភារៈប៉ះអ៊ុតរបស់គាត់ទៅដាក់សាលាខណ្ឌពេលដែលគាត់ទៅសម្រាកពេលហូបបាយថ្ងៃត្រង់។ គាត់ត្រូវបង្ខំឲ្យបង់ប្រាក់ចំនួនពីរម៉ឺនរៀលជាថ្នូរនឹងការយករបស់របរគាត់ត្រឡប់មកវិញ។ សម្ភារៈមួយចំនួនត្រូវខូចខាត ឬបាត់បង់។ គាត់បាននិយាយត្អូញត្អែរថា ពេលខ្លះនៅពេលយប់គាត់ត្រូវពួកក្មេងស្ទាវៗធ្វើបាប ដោយគេប៉ះ ឬប្ដូរពោះវៀនម៉ូតូហើយមិនឲ្យប្រាក់ ឬឲ្យតែពាក់កណ្ដាលថ្លៃ និងមានអ្នកខ្លះទៀតប៉ះជឿ ហើយដោះអាវបញ្ចាំក៏មានដែរ។
ដើម្បីរកប្រាក់ចំណូលបន្ថែមទៀត ស្ត្រីមាឌតូចស្ដើងរូបនេះបានដាក់សាំងដបលក់ ប៉ុន្តែវាក៏មិនសូវដាច់នោះទេ។ សាំងមួយលីត្រចំណេញបានតែមួយរយ ឬពីររយរៀលប៉ុណ្ណោះ ហើយពីបីទៅបួនថ្ងៃទើបលក់អស់មួយកាន។ ថ្ងៃខ្លះអត់ប្រាក់ទិញម្ហូប សុខចិត្តស៊ីអត់ឃ្លានមិនហ៊ានដកប្រាក់សាំងទេ ព្រោះខ្លាចគ្មានប្រាក់សងថ្លៃដើមគេ។ ពីមុនមក បានកូនប្រុសរបស់គាត់ជួយប្រាក់កាសខ្លះ តែឥឡូវនេះកូនរបស់គាត់ប្រឈមមុខនឹងការបាត់បង់ការងារដោយរោងចក្រដែលកូនគាត់ធ្វើការបានបិទទ្វារទៅហើយ។ គាត់បាននិយាយដោយក្ដីអស់សង្ឃឹមថា "ទៅថ្ងៃមុខមិនដឹងជាទីពឹងអីទេ ខ្លួនកាន់តែចាស់ ដល់ពេលធ្វើការងារលែងកើតមុខជាដាច់ពោះស្លាប់ហើយ"៕






ការតស៊ូក្នុងជីវិត
ក្រោយពីបានអានរឿងរាវរបស់ស្ត្រីដែលមានវ័យចំណាស់រហូតដល់ជិត50ឆ្នាំហើយនោះ។ខ្ញុំសូម
សរសើរ និងលើកទឹកចិត្តគាត់អោយបន្តការងារនោះជាបន្តទៀតព្រោះថាការងារណាក៏មានតម្លៃ
ដែរ លើកលែងតែការងារណាដែលបង្កគ្រោះថ្នាក់ដល់សង្គម និង ការងារណាដែលធ្វើអោយ
សង្គមបាត់បង់សណ្ដាប់ធ្នាប់។
តាមការសង្កេតរបស់មហាជនក្នុងសង្គមយល់ថាអាជីពជាអ្នកប៉ះកង់គឺជាការងាររបស់មនុស្សប្រុស។ហើយមិនអោយតម្លៃទៅលើស្ត្រីទេគឺយល់ថាស្ត្រីមិនអាចប្រកបអាជីពជាអ្នកប៉ះកង់បានទេតែតាមការពិតបុគ្គលម្នាក់មានសិទ្ធិជ្រើសរើសការងារណាក៏បានអោយតែសមស្របនិងសមត្ថភាពចំណង់ចំណូលចិត្តរបស់ខ្លួន។អ្នកមីងជាស្ត្រីម្នាក់ដែលមានការតស៊ូក្នុងជីវិតអាចធ្វើ
ការចិញ្ចឹមគ្រួសារទាំងមូលបាន។ដូចនេះយើងម្នាក់ៗគួរតែរៀនចេះតស៊ូក្នុងជីវិតមិនត្រូវទុកពេល
ទំនេរចោលហើយត្រូវចេះសន្សំសំចៃបា្រក់កាសព្រោះលុយដែលរកបានសម្រាប់អ្នកដែលមានជីវភាពក្រីក្រគឺមានសារៈសំខាន់ណាស់