កម្ពុជាគឺជាប្រទេសប្រភព និងជាប្រទេសគោលដៅសម្រាប់ជនរងគ្រោះដោយការជួញដូរ។ ស្ត្រី និងកុមារត្រូវបានគេជួញដូរទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី ដើម្បីការកេងប្រវ័ញ្ចផ្លូវភេទ។ ចំណែកបុរសកម្ពុជាខ្លះដែលធ្វើចំណាកស្រុកដោយចិត្តឯងទៅកាន់ប្រទេសថៃដើម្បីស្វែងរកការងារធ្វើ បានធ្លាក់ក្នុងស្ថានភាពត្រូវបានគេបង្ខំឲ្យធ្វើពលកម្មធ្ងន់ធ្ងរតាមទូកនេសាទ សំណង់ និងកសិកម្មឧស្សាហកម្ម។
ស្ត្រី និងកុមារកម្ពុជាត្រូវបានគេជួញដូរទៅប្រទេសថៃឲ្យធ្វើការងារក្រោមការកេងប្រវ័ញ្ចនៅតាមផ្ទះ ហើយមានខ្លះអាចត្រូវបានគេបង្ខំឲ្យបម្រើក្នុងសេវាពេស្យាចារ។ បុរសកម្ពុជាដែលចំណាកស្រុកស្វែងរកការងារខ្លះ និងដែលបានត្រលប់មកពីប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងម៉ាឡេស៊ីបានរៀបរាប់ពីការដែលត្រូវបានគេចាប់បង្ខំឲ្យធ្វើពលកម្មជាទម្ងន់ និងការធ្លាក់ខ្លួនទៅក្នុងទាសភាពបំណុល (Debt bondage)។ កុមារត្រូវបានគេជួញដូរទៅប្រទេសថៃ និងវៀតណាមឲ្យដើរសុំទាន និងដើរលក់ស្ករគ្រាប់ លក់ផ្កា ឬខាត់ស្បែកជើងឲ្យគេ។
នារីខ្មែរខ្លះដែលបានធ្វើអន្តោប្រវេសន៍ទៅកាន់កោះតៃវ៉ាន់ដោយសារអាពាហ៍ពិពាហ៍តាមរយៈក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ជាអន្តរជាតិ នៅទីបំផុតត្រូវបានគេជួញដូរឲ្យធ្វើជាស្ត្រីពេស្យា។ ការជួញដូរផ្លូវភេទកុមារី និងនារីរួមទាំងជនជាតិវៀតណាមផង កើតមានក្នុងរង្វង់ព្រំដែនប្រទេសកម្ពុជាផងដែរ ពីតំបន់ជនបទមកទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ កម្ពុជាជាប្រទេសគោលដៅសម្រាប់ការជួញដូរកុមារីវៀតណាមឲ្យបម្រើពេស្យាចារ។ កម្ពុជាក៏ជាប្រទេសគោលដៅផងដែរ សម្រាប់ទេសចរណ៍ផ្លូវភេទបរទេសដែលចង់រួមភេទជាមួយកុមារ ដែលមានបុរសជនជាតិអាស៊ីកាន់តែច្រើនធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីរួមភេទជាមួយកុមារីព្រហ្មចារីដែលមិនទាន់គ្រប់អាយុ។
ទោះបីការគោរពមិនទាន់បានពេញលេញតាមបទដ្ឋានអប្បបរមាសម្រាប់ការបំបាត់ការជួញដូរ ក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរឲ្យកត់សំគាល់ក្នុងការប្រយុទ្ធប្រឆាំងក្នុងការជួញដូរនេះ។ ពេលនេះមិថុនា (២០០៨) ប្រទេសកម្ពុជាត្រូវបានដាក់ចូលក្នុងលំដាប់ទី២ ជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៤មក ដោយសាររដ្ឋាភិបាលបានបង្កើនការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្នុងឆ្នាំកន្លងទៅនេះ។ រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសថ្នាក់ជាតិប្រឆាំងការជួញដូរ ដើម្បីកែលំអការឆ្លើយតបជាអន្តរទីភ្នាក់ងារទៅនឹងការជួញដូរ និងកែលំអការសម្របសម្រួលជាមួយសង្គមស៊ីវិលបង្កើតសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹងការជួញដូរ និងមន្ត្រីឃុបឃិត ហើយនឹងធ្វើសកម្មភាពការពារ។ ក្នុងខែកុម្ភៈ ឆ្នាំ២០០៨ ច្បាប់ថ្មីរបស់ប្រទេសកម្ពុជាស្ដីពីការបង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មកេងប្រវ័ញ្ចផ្លូវភេទបានប្រកាសឲ្យប្រើ និងចូលជាធរមានភ្លាមៗ។
ច្បាប់នេះផ្ដល់ឲ្យសមត្ថកិច្ចនូវអំណាចធ្វើការស៊ើបអង្កេតគ្រប់ទម្រង់ទាំងអស់នៃការជួញដូរ ហើយជាមធ្យោបាយខ្លាំងមួយក្នុងការខិតខំដើម្បីនាំយកមកកាត់ទោស និងដាក់ទោសឲ្យធ្ងន់ធ្ងរដល់អ្នកដែលបានប្រព្រឹត្តការជួញដូរមនុស្ស។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានប្រកាសជាសាធារណៈនូវគោលនយោបាយ «គ្មានការអត់អោន» ចំពោះមន្ត្រីដែលទទួលផលប្រយោជន៍ ឬឃុបឃិតក្នុងការជួញដូរមនុស្ស។
របាយការណ៍បានកំណត់សំគាល់ថា រដ្ឋាភិបាលកម្ពុជាបន្តអនុវត្តច្បាប់ប្រឆាំងការជួញដូរមនុស្សរបស់ខ្លួនក្នុងឆ្នាំកន្លងទៅនេះ។ ក្នុងខែកុម្ភៈ ឆ្នាំ២០០៨ ច្បាប់ថ្មីរបស់ប្រទេសកម្ពុជាស្ដីពី ការបង្ក្រាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មជួញដូរផ្លូវភេទត្រូវបានប្រកាស និងបានចូលជាធរមាន។ ច្បាប់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនេះដាក់ទោសព្រហ្មទណ្ឌដល់គ្រប់ទម្រង់ទាំងអស់នៃការជួញដូរមនុស្ស រួមទាំងទាសភាពបំណុល ចែងពីការដាក់ទោសចំពោះបទល្មើសមានសភាពម៉ឺងម៉ាត់គ្រប់គ្រាន់ និងស្របតាមទោសសម្រាប់បទឧក្រិដ្ឋធ្ងន់ធ្ងរដ៏ទៃទៀត ដូចការរំលោភសេពសន្ថវៈ។ ដោយសារកង្វះខាតធនធាន រដ្ឋាភិបាលមិនបានផ្ដល់ស្ថិតិដែលគួរឲ្យយកជាការបានស្ដីពីការនាំខ្លួនមកកាត់ទោស។ ក្រសួងមហាផ្ទៃរាយការណ៍ពីការទទួលបានពាក្យបណ្ដឹងទាក់ទងនឹងករណីជួញដូរមនុស្សចំនួន៥៣ករណីពីខែមេសា ឆ្នាំ២០០៧ ដល់ខែមិនាឆ្នាំ២០០៨។ ៣៥ករណីជាករណីជួញដូរផ្លូវភេទ ដោយមានជនរងគ្រោះចំនួន៦០នាក់ និង១១ករណីជាករណីជួញដូរដើម្បីបង្ខំឲ្យធ្វើពលកម្ម ដោយមានជនរងគ្រោះចំនួន១០៦នាក់។នគរបាលកម្ពុជាបានចាត់ការលើករណីចំនួន៤៣។ ក្រសួងមហាផ្ទៃបានរាយការណ៍ថា ជនប្រព្រឹត្តការជួញដូរចំនួន៦៥នាក់ ត្រូវបានចាប់ខ្លួនក្នុងរយៈពេលនៃរបាយការណ៍នេះ។ តុលាការក្រុងភ្នំពេញបានធ្វើការជំនុំជម្រះទោសជនប្រព្រឹត្តការជួញដូរចំនួន៥២នាក់។
នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនរបស់ក្រសួងមហាផ្ទៃ បានរាយការណ៍ករណីចំនួន៥២ដែលមានពាក់ព័ន្ធនឹងជនប្រព្រឹត្តការជួញដូរមនុស្ស និង៦៥នាក់ដែលនាំដល់ការដាក់ទោសចំនួន៨ករណី។ អង្គការមិនមែនរដ្ឋាភិបាលបានរាយការណ៍ពីករណីជួញដូរមនុស្សដើម្បីបង្ខំឲ្យធ្វើពលកម្មចំនួន១៩ករណី ពាក់ព័ន្ធនឹងអ្នកធ្វើចំណាកស្រុកស្របច្បាប់ធ្លាក់ខ្លួនក្នុងស្ថានភាពទាសភាពដោយការបង្ខំនៅប្រទេសម៉ាឡេស៊ី តែក្រុមហ៊ុនជ្រើសរើសកម្មករនៅប្រទេសកម្ពុជាជាធម្មតាបង់លុយសងហើយមិនត្រូវបានកាត់ទោសចំពោះបទល្មើសព្រហ្មទណ្ឌទេ។ គេមិនឃើញមានភ្នាក់ងារជ្រើសរើសមនុស្សធ្វើការត្រូវបានដាក់ទោសឲ្យទទួលខុសត្រូវចំពោះការជួញដូរអ្នកធ្វើអន្តោប្រវេសន៍ ឬត្រូវបានកាត់ទោសទេ។ នៅខែកុម្ភៈ ឆ្នាំ២០០៨ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យក្រសួងពាណិជ្ជកម្មលុបអាជ្ញាប័ណ្ណរកស៊ីរបស់ក្រុមហ៊ុនរៀបចំអាពាហ៍ពិពាហ៍ ហើយបានហៅការរកស៊ីបែបនេះថា ជាទម្រង់មួយនៃការជួញដូរមនុស្ស៕





