ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

ផ្លូវ​រថភ្លើង​ពី​ភ្នំពេញ​ទៅ​​ទូក​មាស​ក្នុង​ខេត្ត​កំពត​​បើក​ដំណើរការ​នៅ​ខែ​តុលា​ខាង​មុខ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

ដំណើរការ​ ផែនការ​​កសាង​ ផ្លូវ​កម្ពុជា

ភ្នំពេញ៖ ការ​ជួសជុល​ផ្លូវ​ដែក​ពី​ស្ថានីយ​រថភ្លើង​នៅ​ភ្នំពេញ​ ត្រង់​ចំណុច​ផ្លូវ​​បំបែក​ចំណុច​ PK9+400 ​ដល់​ស្ថានីយ​ទូក​មាស​ ក្នុង​ខេត្ត​កំពត​ នា​ពេល​នេះ​សម្រេច​បាន​លទ្ធផល​ ៦០ភាគរយ។ តាម​គម្រោង​ផ្លូវ​ដែក​នេះ​នឹង​​បើក​ដំណើរការ​ធ្វើ​អាជីវកម្ម​ឲ្យ​រថភ្លើង​ឆ្លង​កាត់​ពី​ភ្នំពេញ​ទៅ​ខេត្ត​កំពត​ នៅ​ក្នុង​ខែ​តុលា​ឆ្នាំ​២០១០។ នេះ​បើ​តាម​​​ការ​បញ្ជាក់​​របស់​លោក​ ត្រាំ​​ អ៊ីវតឹក​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​​នឹង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​១​ ខែ​សីហា​ ឆ្នាំ​២០១០។

លោក ត្រាំ​ អ៊ីវតឹក​ បាន​មាន​ប្រសាសន៍​ថា គម្រោង​​ជួសជុល​ផ្លូវ​ដែក​ភ្នំពេញ-ផ្លូវ​បំបែក​ ដល់​ស្ថានីយ​ទូក​មាស​ក្នុង​​ខេត្ត​កំពត​នោះ​ ស្ថិត​នៅ​ក្នុង​គម្រោង​ជួសជុល​ស្ដារ​ផ្លូវ​ដែក​ភ្នំពេញ​ទៅ​ខេត្ត​​ព្រះសីហនុ​ ដែល​មាន​​ប្រវែង​សរុប​២៦៦គីឡូម៉ែត្រ។ ការ​ស្ដារ​ជួសជុល​នេះ​ចែក​ជា​ពីរ​​ដំណាក់កាល។ ទី​១- ភ្នំពេញ​ផ្លូវ​បំបែក​ដល់​ស្ថានីយ​ទូក​មាស​ និង​ទី​២- ស្ថានីយ​ទូក​មាស​ក្នុង​ ​​ខេត្ត​កំពត​ ដល់​ស្ថានីយ​ខេត្ត​​ព្រះសីហនុ​ ដែល​មក​ដល់​ពេល​នេះ​ទទួល​បាន​លទ្ធផល​១៩ភាគរយ​ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ក្នុង​ខែ​ឧសភា​ឆ្នាំ​២០១១។

ដំណើរការ​ស្ដារ​ជួសជុល​ផ្លូវ​ដែក

អំពី​គម្រោង​ជួសជុល​ផ្លូវ​ដែក​ទាំងអស់​របស់​កម្ពុជា​ត្រូវ​បាន​លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក លើក​ឡើង​​ថា​ មាន​ការ​​យឺតយ៉ាវ​បន្តិច​ ដោយ​កន្លង​មក​ត្រូវ​រង់ចាំ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​សម្បទាន​​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​ឯកជន។ ដូចនេះ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ត្រូវ​រង់ចាំ​មើល​កិច្ច​​ព្រមព្រៀង​នោះ។

គម្រោង​ជួសជុល​ផ្លូវដែក​មាន​៣​ដំណាក់កាល។ ទី​១- ភ្នំពេញ-ខេត្ត​ព្រះសីហនុ​ មាន​ប្រវែង​ ២៦៦គីឡូម៉ែត្រ​​ដែល​មាន​ពី​ភ្នំពេញ​ដល់​ស្ថានីយ​ទូក​មាស​ក្នុង​ខេត្ត​កំពត​ និង​ស្ថានីយ​ទូក​មាស​ដល់​ស្ថានីយ​ខេត្ត​ព្រះសីហនុ។ ទី​២- ភ្នំពេញ-សិរីសោភ័ណ​ ដែល​ចែក​ជា​ពីរ​ដំណាក់កាល​ គឺ​សិរីសោភ័ណ-ប៉ោយប៉ែត​ ជាប់​ព្រំដែន​ថៃ​ ដែល​សព្វថ្ងៃ​កំពុង​ដំណើរការ​ធ្វើប្រព័ន្ធ​លូ​ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១១​ និង​​ពី​ភ្នំពេញ​ទៅ​សិរីសោភ័ណ​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ កំពុង​រៀបចំ​ការដ្ឋាន​ និង​ផលិត​លូ​សម្រាប់​ដាក់​តាម​ផ្លូវ​ដែក​ ហើយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១២។ ទី​៣- ស្ថានីយ​សំរោង​ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​បន្ថែម​ថា​ ការងារ​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​ដែក​នេះ​ ត្រូវ​ចំណាយ​ថវិកា​សរុប​ចំនួន​ ១៤១,៦លានដុល្លារអាមេរិក​ដែល​ជា​ប្រាក់​កម្ចី​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ADB​ ចំនួន​ ៨៤លានដុល្លារ​ ការ​វិនិយោគ​របស់​ក្រុមហ៊ុន​​ Toll Holding​ ចំនួន​១៣លានដុល្លារ​ ជំនួយ​ឥតសំណង​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ ចំនួន​ ២១,៥លានដុល្លារ​ ជំនួយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី​ចំនួន​ ២,៨លានដុល្លារ​ និង​ជំនួយ​ពី​រដ្ឋាភិបាល​កម្ពុជា​​ចំនួន​ ២០,៣លានដុល្លារ។

ដំណើរការ​ស្ដារ​ជួសជុល​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ កាល​ពី​ដើម​ឆ្នាំ​២០០៨​ ដោយ​មាន​​ទី​ប្រឹក្សា​បច្ចេកទេស​ពី​ក្រុមហ៊ុន​​ Nippon Koei សហការ​ជាមួយ​ក្រុមហ៊ុន​ Jarts និង​មាន​ក្រុមហ៊ុន​សហការ​ម៉ៅការ​សាង​សង់​ចំនួន​៣គឺ​ TSO/AS និង​NRW។

សាងសង់​ស្ថានីយ​រថភ្លើង​ថ្មី​មួយ​នៅ​​ជាយក្រុង​ភ្នំពេញ

ជាមួយ​នឹង​ការ​​ស្ដារ​ជួសជុល​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ខាង​​លើ​នេះ​ស្ថានីយ​រថភ្លើង​ថ្មី​​មួយ​នៅ​ជាយក្រុង​ភ្នំពេញ​ នឹង​ត្រូវ​សាងសង់​បង្កើត​ឡើង។ នោះ​គឺ​ស្ថានីយ​រថភ្លើង​សំរោង​ដែល​ជា​ស្ថានីយ​ផ្ទេរ-ផ្ទុក​ទំនិញ និង​ការ​សាងសង់​ឃ្លាំ​ផ្ទុកៗ​ សម្រាប់​បម្រើ​ឲ្យ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​បញ្ជាក់​ថា​ ស្ថានីយ​រថភ្លើង​សំរោង​ដែល​ស្ថិត​​នៅ​ប្រមាណ៩​គីឡូម៉ែត្រ​ពី​​ស្ថានីយ​រថភ្លើង​ភ្នំពេញ​​ នឹង​ជួយ​កាត់បន្ថយ​ភាព​កក​ស្ទះ​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ ព្រោះ​ការ​ផ្ទេរ-ផ្ទុក​ទំនិញ​ភាគច្រើន​​ គឺ​ស្ថិត​នៅ​ស្ថានីយ​សំរោង។ ចំណែក​ស្ថានីយ​រថភ្លើង​ភ្នំពេញ​ ទៅ​ថ្ងៃ​អនាគត​នៅ​តែ​រក្សា​ទុក​ជា​ស្ថានីយ​ដឹង​អ្នក​ដំណើរ​ និង​អនុញ្ញាត​ឲ្យ​​តែ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ចេញ-ចូល​ និង​អនុញ្ញាត​​ឲ្យ​ខ្សែ​រថភ្លើង​ដឹក​នាំ​ទំនិញ​ខ្លះ​អាច​ចេញ​ចូល បាន​ក្នុង​លក្ខណៈ​ទំនិញ​តិច​ និង​ចាំ​បាច់។

លោក​រដ្ឋមន្ត្រី​ បាន​បន្ថែម​ថា​ ថវិកា​ចំណាយ​សម្រាប់​​គម្រោង​សាងសង់​ស្ថានីយ​ថ្មី​នោះ​ យក​ចេញ​ពី​ថវិកា​កម្ចី​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែល​មាន​ចំនួន​៨៤លានដុល្លារ​អាមេរិក​ និង​ថវិកា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​​តាមរយៈ AusAid ចំនួន​ ២១,៥លានដុល្លារ។ ស្ថានីយ​សំរោង​ជា​ស្ថានីយ​ដែល​នឹង​ត្រូវ​សាងសង់​អាគារ​សម្រាប់​រោង​ជាង​ជួសជុល​ក្បាល​ម៉ាស៊ីន និង​រោង​ជាង​ជួសជុល​ទូ​រថភ្លើង​ ជា​ពិសេស​ត្រូវ​សាងសង់​ឃ្លាំង​ធំៗ ដើម្បី​ផ្ទេរ​និង​ផ្ទុក​ទំនិញ​ ដែល​មាន​លក្ខណៈ​ទំនើប។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​​បន្ត​ថា​ ការ​ស្ដារ​ឡើង​​វិញ​លើ​ផ្លូវ​ដែក​នេះ​គឺ​ផ្លូវ​ដែក​ពី​ភ្នំពេញ​ផ្លូវ​បំបែក​ដល់​ស្ថានីយ​ខេត្ត​ព្រះសីហនុ​ ត្រូវ​ធ្វើ​ការ​ផ្លាស់ប្ដូរ​កំណល់​ឈើ​មក​ជា​កំណល់​បេតុង​ទាំងអស់​ ហើយ​​ខ្សែ​រថភ្លើង​អាច​រត់​បាន​ល្បឿន​ជា​មធ្យម​៥០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​សម្រាប់​ការ​ដឹក​ទំនិញ​ និង​ល្បឿន​អាច​រត់​បាន​ពី​៧០គីឡូម៉ែត្រ​ទៅ​៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​​សម្រាប់​ដឹក​អ្នក​ដំណើរ។ ផ្លូវ​ដែក​នេះ​នឹង​ធ្វើការ​ផ្សា​មុខ​តំណ​ជំនួស​ការ​ចាប់​អេគ្លីស​​ផ្លូវដែក​នេះ​នឹង​មាន​កម្រិត​ស្ដង់ដារ​អន្តរជាតិ។ ចំណែក​ផ្លូវ​ដែក​ពី​ភ្នំពេញ​​ទៅ​ប៉ោយប៉ែត​ព្រំដែន​ថៃ​នឹង​ស្ដារ​​ដោយ​រៀបចំ​តួ​ផ្លូវ​ឲ្យ​ល្អ​បន្ថែម​​ថ្ម​ និង​ជួសជុល​​សាងសង់​ថ្មី​នូវ​ស្ពាន​ និង​លូ​ឡើង​វិញ។ ទៅ​ថ្ងៃ​អនាគត​ប្រទេស​ជាតិ​​រីកចម្រើន​ និង​អាច​ប្រើ​ក្បាល​ម៉ាស៊ីន​រត់​ដោយ​ចរន្ត​អគ្គិសនី​ និង​ជួយ​កាត់បន្ថយ​ការ​បំពុល​បរិស្ថាន។

ផ្លូវ​ដែក​ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​​មកពី​​ប្រទេស​អូស្ត្រាលី​ ជា​អ្នក​គ្រប់គ្រង

ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​​បាន​ចរចា​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដើម្បី​ស្ដារ​​ផ្លូវ​ដែក​ដែល​មាន​ស្រាប់​​ឡើង​វិញ​ គឺ​ក្រោយ​ការ​ជួសជុល​ផ្លូវ​ដែក​កម្ពុជា​នឹង​ត្រូវ​ប្រគល់​ការ​ធ្វើ​អាជីវកម្ម​​ដល់​ក្រុមហ៊ុន​ឯកជន​ គឺ​ក្រុមហ៊ុន​អូស្ត្រាលី​ Toll Holding តាមរយៈ​ការ​​ដាក់​ដេញ​ថ្លៃ​ជា​លក្ខណៈ​អន្តរជាតិ។

រដ្ឋាភិបាល​កម្ពុជា​ បាន​ចុះ​កិច្ច​ព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន​ Toll Holding របស់​ប្រទេស​អូស្ត្រាលី​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​លើ​​ផ្លូវ​ដែក។ មាន​ន័យ​ថា​ ក្រុមហ៊ុន​អូស្ត្រាលី​នេះ​មាន​ភារកិច្ច​​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ដែក​ និង​ជួសជុល​ថែទាំ​ក្នុង​រយៈពេល​៣០ឆ្នាំ។ ក្រុមហ៊ុន​​នេះ​ក៏​នឹង​ត្រូវ​រក​ចំណូល​ដើម្បី​​សង​ប្រាក់​ទៅ​កាន់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នូវ​ទឹក​ប្រាក់​ចំនួន​៧២លានដុល្លារអាមេរិក​ ព្រម​ទាំង​បង់​ជា​ភាគរយ​តាម​សមាមាត្រ​នៃ​ចំណូល​ពី​ផ្លូវ​ដែក​ជូន​រដ្ឋ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ ត្រាំ អ៊ីវតឹក បាន​បន្ថែម​ថា​ ក្រុមហ៊ុន​ Toll Holding ត្រូវ​មាន​ភារកិច្ច​​នាំ​ចូល​នូវ​មធ្យោបាយ​​ដូចជា​​ ក្បាល​ម៉ាស៊ីន​រថភ្លើង​ ទូរថភ្លើង​ថ្មីៗ សម្រាប់​​ធ្វើ​​អាជីវកម្ម​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​​រួច​ហើយ​ ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​​ដែល​មាន​ទឹក​ប្រាក់​ចំនួន​៨១លានដុល្លារ​អាមេរិក។ ក្រុមហ៊ុន​នេះ​មាន​គម្រោង​ដឹក​ Container ពីរ​ជាន់​ និង​ប្រវែង​ខ្សែ​រថភ្លើង​១គីឡូម៉ែត្រ​ ដែល​ត្រូវ​អូស​ទូ​បាន​ច្រើន​ក្នុង​មួយ​ខ្សែ​រថភ្លើង​ និង​ទម្ងន់​ដឹក​បាន​កាន់​តែ​ច្រើន។

កម្ពុជា​​មាន​គម្រោង​ពង្រីក​បណ្ដាញ​ផ្លូវ​ដែក​នៅ​ជុំវិញ​បឹង​ទន្លេ​សាប​ និង​ខេត្ត​ភាគឦសាន

ការ​ស្ដារ​ឡើង​វិញ​នូវ​បណ្ដាញ​ផ្លូវដែក​​កម្ពុជា​ដើម្បី​ជំរុញ​ការ​ដឹកជញ្ជូន​ពហុរូបភាព​ និង​សមាហរណកម្ម​ផ្ទៃ​ក្នុង​ជា​ពិសេស​ ដើម្បី​ធ្វើ​សមាហរណកម្ម​តំបន់​ ដោយ​ត​ភ្ជាប់​បណ្ដាញ​ផ្លូវ​ដែក​កម្ពុជា​ទៅ​ក្នុង​គម្រោង​ផ្លូវ​ដែក​តំបន់​អាស៊ាន។ នោះ​គឺ​គម្រោង​ផ្លូវ​ដែក​សិង្ហបុរី-គុនមិញ (SKRL) ដែល​ត្រូវ​ឆ្លង​កាត់​ពី​ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី​ ថៃ​ កម្ពុជា​ ទៅ​វៀតណាម​ និង​គុនមិញ​ប្រទេស​ចិន។

រដ្ឋាភិបាល​កម្ពុជា​​ ក៏​មាន​គម្រោង​បង្កើត​វិស័យ​ដឹកជញ្ជូន​តាម​​ផ្លូវ​ដែក​នៅ​ភាគ​ខាង​ជើង​ជុំវិញ​តំបន់​បឹងទន្លេសាប​​ និង​គម្រោង​ត​ភ្ជាប់​​ផ្លូវ​ដែក​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ភាគឦសាន្ត​​ប្រទេស​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​ ត្រាំ​ អ៊ីវតឹក​ បាន​​លើក​ឡើង​ថា​ រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​នូវ​ប្រាក់​​ជំនួយ​ឥត​សំណង​ចំនួន​២ដង​ហើយ​ ដើម្បី​សិក្សា​កំណាត់​​ផ្លូវដែក​ពី​ស្ថានីយ​រថភ្លើង​បាត់​ដឹង​ ដែល​មា​ន​​ចម្ងាយ​៣១គីឡូ​ម៉ែត្រ​​ពី​ភ្នំពេញ​ ដើម្បី​ទៅ​ភ្ជាប់​ជាមួយ​​ផ្លូវដែក​វៀតណាម​ត្រង់​ចំណុច​ត្រពាំង​ស្រែ​ ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ​ និង​ហាលី​ ប្រទេស​វៀតណាម។ ចំណែក​ក្រុមហ៊ុន​កូរ៉េ​ក៏​បាន​ធ្វើការ​សិក្សា​លើ​ការ​ត​ភ្ជាប់​​ផ្លូវ​ដែក​​ពី​សិរីសោភ័ណ​ទៅ​ខេត្ត​សៀមរាប​ និង​ក្រុមហ៊ុន​ចិន​ធ្វើ​ការ​សិក្សា​ផ្លូវ​ដែក​ពី​ខេត្ត​ព្រះវិហារ​​មក​ខេត្ត​កំពត។

លោក ត្រាំ​ អ៊ីវតឹក​ បាន​បន្ថែម​ថា ក្រោយ​ពី​មាន​ការសាងសង់​​ផ្លូវ​ដែក​ពី​សិរីសោភ័ណ​ទៅ​ខេត្ត​សៀមរាប យើង​នឹង​ស្វះស្វែង​រក​ដៃ​គូ​ធ្វើការ​ត​ភ្ជាប់​ផ្លូវ​ដែក​ពី​ខេត្ត​សៀមរាប​​មក​ខេត្ត​កំពង់ធំ​ និង​ត​ភ្ជាប់​មក​ស្ថានីយ​ស្គន់​តាម​កំណត់​ផ្លូវ​​ដែក​បាត់​ដឹង​ទៅ​ឡុកនិញ​ប្រទេស​វៀតណាម។ ពេល​នោះ​បាន​សេចក្ដី​ថា​ ជា​​ផ្លូវ​ដែក​នៅ​តំបន់​ជុំវិញ​បឹង​ទន្លេ​សាប​ត្រូវ​ចេញ​ជា​រូបរាង​ជា​ស្ថាពរ។

ប្រវត្តិ​ផ្លូវ​ដែក​កម្ពុជា

ផ្លូវ​ដែក​ដែល​មាន​ស្រាប់​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​២​ខ្សែ​ គឺ​ខ្សែ​ទី​១- ភ្នំពេញ​-សិរីសោភ័ណ​-បាត់ដំបង-ប៉ោយប៉ែត​ ជាប់​ព្រំដែន​ប្រទេស​ថៃ​ ដែល​មាន​ចម្ងាយ​សរុប​​ ៣៨៦គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ឡើង​ពី​ឆ្នាំ​ ១៩២៩ដល់​ឆ្នាំ​១៩៤២ និង​ខ្សែ​ទី​២-​ ពី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ (កំពង់​ផែស្វយ័ត​ក្រុង​ព្រះសីហនុ) ដោយ​ឆ្លង​កាត់​ខេត្ត​កំពត​មាន​ចម្ងាយ​ចំនួន​២៦៦គីឡូម៉ែត្រ​ត្រូវ​បាន​សាងសង់​ពី​ឆ្នាំ​​១៩៦០ ដល់​ឆ្នាំ​១៩៦៩។ សរុប​​ផ្លូវ​ដែក​កម្ពុជា​ទាំងពីរ​ទិស​មាន​ប្រវែង​ ៦៥២គីឡូម៉ែត្រ។

រហូត​ដល់​​ឆ្នាំ​១៩៧០ ផ្លូវ​ដែក​កម្ពុជា​មាន​តួនាទី​​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកជញ្ជូន​ទំនិញ​ និង​អ្នក​ដំណើរ​ដើម្បី​បម្រើ​ឲ្យ​សេដ្ឋកិច្ច​ជាតិ​និង​សង្គម។

ក្រោយ​​ឆ្នាំ​១៩៧០ ប្រទេស​ជាតិ​បាន​ធ្លាក់​សង្គ្រាម​រ៉ាំរ៉ៃ​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវដែក​ (ផ្លូវ​ និង​ស្ពាន) ត្រូវ​រង​ការ​បំផ្លាញ​ និង​ទ្រុឌទ្រោម​ជា​បន្តបន្ទាប់​ជា​ពិសេស​ក្នុង​សម័យ​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​​១៩៩៧​ ព្រោះ​ផ្លូវ​ដែក​ជា​មុខ​សញ្ញា​សំខាន់​ដែល​ខ្មែរ​ក្រហម​ធ្វើការ​បំផ្លាញ។

ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ផ្លូវ​ដែក​កម្ពុជា​បាន​ទទួល​ជំនួយ​បន្តិចបន្តួច​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ និង​រដ្ឋាភិបាល​បារាំង។ ប៉ុន្តែ​ជំនួយ​​នោះ​គ្រាន់​តែ​ទ្រទ្រង់​សកម្មភាព​អាជីវកម្ម​​តាម​​ផ្លូវ​ដែក​អាច​ដំណើរការ​បាន​តែ​​ប៉ុណ្ណោះ។ ក្នុង​កាលៈទេសៈ​នោះ​ខ្សែ​រថភ្លើង​អាច​រត់​បាន​ត្រឹម​ល្បឿន​ពី​២០​គីឡូម៉ែត្រ​ទៅ​៣០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​ ហើយ​ជា​រឿយៗ​ខ្សែ​រថភ្លើង​តែង​តែ​ធ្លាក់​ពី​ផ្លូវ​ជា​ញឹកញាប់៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ច័ន្ទ 23 Aug 2010