ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ជីវិត​ពិត​ និង​ការ​រស់នៅ​របស់​បងស្រី​ពិការ​ នៅ​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ​ ៖​ បងស្រី​ ហេង​ ស្រទន់​ មាន​អាយុ​២៩​ឆ្នាំ​ សព្វថ្ងៃ​រស់នៅ​ក្នុង​ភូមិ​រោង​គោ​ ឃុំ​សំរោង​ទង​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់ស្ពឺ​ បង​ជា​ជន​ពិការ​ដែល​មាន​ជំងឺ​ស្កន់​ និង​ប្រកាច់​តាំង​ពី​កំណើត។

កាល​ពី​បង​ស្រី​នៅ​តូច​ ឪពុក​ម្ដាយ​បាន​យក​ទៅ​ឲ្យ​គ្រូ​គេ​ស្ដោះ​ដែរ​ តែ​ពុំ​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ។​ សព្វ​ថ្ងៃ​បង​រស់​នៅ​ជាមួយ​ឪពុក​ម្ដាយ​ជា​អ្នក​មើល​ថែ។​ ហេង​ ស្រទន់​ ពុំ​មាន​គ្រួសារ​ទេ​ តែ​នៅ​ថ្ងៃ​មួយ​ជា​ហេតុ​អាក្រក់​ដែល​ឪពុក​ម្ដាយ​របស់​បង​មិន​នៅ​ ទៅ​ធ្វើ​ស្រែ​នៅ​ឆ្ងាយ​ពី​ផ្ទះ​ បងស្រី​នៅ តែ​ម្នាក់​ឯង​ ត្រូវ​បាន​បុរស​នៅ​ទល់​មុខ​ផ្ទះ​អាយុ​ជាង​២០​ឆ្នាំ​ ចូល​មក​ចាប់​រំលោភ។​ យុវជន​នោះ​ជា​មនុស្ស​ដែល​ឪពុក​ម្ដាយ​របស់​បង​មាន​ការ​ទុក​ចិត្ត​ ព្រោះ​ធ្លាប់​ចេញ​ចូល​ចុះ​ឡើង។​ ក្រោយ​កើត​រឿង​ហេតុ​នេះ​ ឪពុក​ម្ដាយ​របស់​បង​មិន​ចង់​ប្រាប់​ឲ្យ​ដឹង​ទេ​ ព្រោះ​ខ្លាច​ខ្មាស​គេ​ ហើយ​ខ្លាច​គេ​សើច​ចំអក​ឲ្យ​កូន​ស្រី​គាត់។​ បន្ទាប់​មក​ឪពុក​ម្ដាយ​នឹក​ចង់​បញ្ជូន​កូន​ស្រី​ឲ្យ​ទៅ​នៅ​ផ្ទះ​ម្ដាយ​មីង​នៅ​ឯ​សារ៉ាម​ ចាំ​ពេល​កើត​កូន​ហើយ​ចាំ​មក​វិញ​ តែ​លាក់​អ្នក​ភូមិ​មិន​ជិត​ព្រោះ​គេ​ចេះ​តែ​ឆ្ងល់​ឃើញ​ហូប​តែ​ម្ជូរ​ហើយ​ក្អួត​ចង្អោរ​ និង​ពោះ​ចេះ​តែ​ធំ​ទៅ​ អ្នក​ភូមិ​គេ​ចេះ​តែ​ឆ្ងល់​ និង​សង្ស័យ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ពេល​សួរ​ទៅ​ទើប​បែក​ការណ៍​ ហើយ​កើត​រឿង​ប្ដឹង​ផ្ដល់​គ្នា​ខាង​ប្រុស​គេ​សង​ជំងឺ​ចិត្ត​ជា​លុយ​ចំនួន​៨០​ម៉ឺន​រៀល។

បន្ទាប់​ពី​បាន​សម្រាល​កូន​រួច​នៅ​ពេល​កូន​អាយុ​បាន​ជិត​មួយ​ខួប​ កូន​នោះ​ក៏​ស្លាប់​ទៅ​ ដោយសារ​តែ​បង​ស្រី​មិន​ចេះ​មើល​ថែ។​ ដោយសារ​បង​ជា​ជន​ពិការ​ បង​ពុំ​មាន​មុខរបរ​អ្វី​ទេ​ ក្រៅ​ពី​ជួយ​ការងារ​ក្នុង​ផ្ទះ​បន្តិច​បន្តួច​ប៉ុណ្ណោះ។​ មាន​កម្មវិធី​អ្វី​សប្បាយ​បង​ពុំ​ដែល​បាន​ចូល​រួម​ឡើយ​ ព្រោះ​នៅ​ពេល​ដែល​បង​ចង់​ទៅ​ណា​មក​ណា​ពិបាក​ណាស់​ និង​ត្រូវ​មាន​អ្នក​ទប់​ពី​ក្រោយ​ ព្រោះ​គាត់​ដើរ​ដួល​ដោយសារ​ខ្លួន​របស់​គាត់​ទន់​ណាស់។

កាល​ពី​មុន​បង​ស្រី​ទទួល​ការ​រើសអើង​ពី​អ្នក​ជិតខាង​ មើលងាយ​ហៅ​មិន​ដែល​ចំ​ឈ្មោះ​ទេ​ មិន​ដែល​មក​សួរ​ណែនាំ​ និង​សុខទុក្ខ​យ៉ាង​ម៉េច​ដែរ​ ជា​ពិសេស​ប្រធាន​ភូមិ​មិន​សូវ​យល់​ពី​បញ្ហា​ពិការភាព​នៅ​ក្នុង​ភូមិ​ ទើប​តែ​ឥឡូវ​បាន​អង្គការ​អេឌីឌី​បាន​ចុះ​មក​ផ្សព្វផ្សាយ​ពី​បញ្ហា​ពិការភាព​នៅ​តាម​ភូមិ​ សហគមន៍​ឲ្យ​មាន​ការ​យល់​កាន់​តែ​ច្រើន​ពី​បញ្ហា​ពិការភាព​ កុំ​ឲ្យ​មើល​ងាយ​ជន​ពិការ។​ ការ​ផ្សព្វផ្សាយ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ឥរិយា​បទ​មនុស្ស​នៅ​ក្នុង​ភូមិ​សហគមន៍​ ដែល​ ហេង​ ស្រទន់​ រស់នៅ។​ តាំង​ពី​ពេល​នោះ​មក​ បង​ស្រី​មិន​សូវ​មាន​ការ​រើសអើង​ ព្រោះ​អ្នក​ភូមិ​គេ​បាន​យល់​ពី​បញ្ហា​ពិការភាព​ជាង​មុន​ ហើយ​អ្នក​ភូមិ​មាន​ការ​អាណិត​អាសូរ​ចំពោះ​បង​ស្រី​ខ្លាំង​ណាស់។

នៅ​ទី​បញ្ចប់​បង​ស្រី​បាន​សំណូមពរ​ និង​អំពាវនាវ​ដល់​ក្រសួង​ ស្ថាប័ន​ និង​អង្គការ​នានា​ដែល​ធ្វើ​ការ​លើ​វិស័យ​ពិការភាព​ សូម​ជួយ​គិត​គូរ​ដល់​ជន​ពិការ​ផង​ និង​កុមារ​ពិការ​ដែល​ក្រីក្រ​ពុំ​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​សិក្សា​ឲ្យ​ពួក​គេ​មាន​ឱកាស​បាន​ចូល​រៀន​ផង​ និង​ផ្ដល់​ជា​ជំនួយ​ដូចជា​សម្ភារៈ​ខ្លះៗ​ និង​ប្រាក់​ឧបត្ថម្ភ​បន្តិចបន្តួច​សម្រាប់​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ និង​ជួយ​ដល់​ជន​ពិការ​ផ្សេងៗ​ទៀត​ ជួប​នូវ​បញ្ហា​ទីទ័លក្រ​លំបាក​ដែល​ពិបាក​ដោះស្រាយ​មិន​បាន៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ សុក្រ 28 មីនា 2008