ខេត្តកណ្ដាល ៖ នារីកំព្រាម្ដាយឪពុកម្នាក់អាយុ២០ឆ្នាំ រស់នៅជាមួយជីដូនក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក បានត្រូវជនឈ្មោះ ស៊ុន វុត្ថា ហៅ មាំង អាយុ ២៦ឆ្នាំ មានប្រពន្ធ និងកូនប្រុសតូចម្នាក់ រស់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ធ្វើសកម្មភាពចាប់រំលោភ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៩ សីហា នៅតាមផ្លូវលំមួយក្នុងភូមិកំពង់ចម្លង ជិតម្ដុំក្បាលសាឡាងត្រើយខាងលិច។
លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ចម្លង បានឲ្យដឹងថា នៅវេលាព្រលប់នោះ នារីរងគ្រោះបានចេញពីផ្ទះទៅរកទិញហ្គាស ហើយក៏ហួសទៅអង្គុយលេងជាមួយប្រពន្ធជនល្មើសនៅឯផ្ទះ។ ពេលនោះ ជនល្មើសមិននៅផ្ទះទេ គឺដើរទៅផឹកស្រាបាត់ លុះត្រឡប់មកវិញ ឃើញកង់របស់នារីរងគ្រោះនៅក្រោមផ្ទះ គេក៏យកទៅលាក់លេងក្នុងបំណងបំភ័យឲ្យដើររក។ លោកនាយប៉ុស្តិ៍បន្តទៀតថា លុះនាងសួររកកង់ គេក៏ប្រាប់ថា គេយកទៅលាក់ បើចង់បានកង់គេឌុបជូនទៅយកមកវិញ។

