កំពង់ស្វាយ-កំពង់ធំ៖ សមត្ថកិច្ចប៉ូលិសស្រុកកំពង់ស្វាយ បានចាប់ខ្លួនបុរសម្នាក់កាលពីរសៀលថ្ងៃទី ១៨ មករា ២០០៩ បន្ទាប់ពីបុរសនោះលួងលោមក្មេងស្រីអាយុ ១០ឆ្នាំ យកទៅរំលោភនៅខាងកើតភូមិ។ ទោះបីជាសេចក្ដីរាយការណ៍ថា ការរំលោភនោះពុំបានសម្រេចក៏ដោយ ប៉ុន្តែវាជាអំពើថោកទាបបំផុត ដែលសូម្បីតែក្មេងស្រីអាយុ ១០ឆ្នាំ ហើយស្រឡាញ់រាប់អានគ្នាដូចជាកូនបង្កើតក៏មិនអត់ឱនឲ្យដែរ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី ១៨ មករា ឆ្នាំ២០០៩ នៅចំណុចព្រៃតំបន់ត្រពាំងយាយអ៊ី ខាងកើតភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយចម្ងាយប្រហែល ១០០ម៉ែត្រ។ ជនជាប់ចោទបានប្រព្រឹត្តអំពើរំលោភនោះឈ្មោះ យា ចន អាយុ ៤៤ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្បែង ស្រុកកំពង់ស្វាយ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ណ.រ អាយុ ១០ឆ្នាំ ។ រវាងក្រុមគ្រួសារនាងជាមួយក្រុមគ្រួសារជនជាប់ចោទគឺជាអ្នករាប់អានគ្នាជិតស្និទ្ធ នាងតែងតែចាត់ទុកជនជាប់ចោទប្រៀបដូចជាឪពុកនាងដែរ។
ជនសង្ស័យ យា ចន ត្រូវបានប៉ូលិសចាប់ខ្លួននៅរសៀលថ្ងៃទី ១៨ មករា បន្ទាប់ពីទទួលបណ្ដឹងពីឪពុកម្ដាយក្មេងរងគ្រោះ។ នៅព្រឹកថ្ងៃទី១៩ មករានេះ ប៉ូលិសបានបញ្ជូនជនជាប់ចោទទៅសាលាដំបូងខេត្ត។
នៅដំណាក់កាលអយ្យការ ជនសង្ស័យបានសារភាពថា កាលពីព្រឹកថ្ងៃទី១៨ មករា ខ្លួនបានបបួលក្មេងស្រីរងគ្រោះទៅរកអុសនៅព្រៃខាងកើតភូមិ។ តាមសម្ដីជនសង្ស័យអះអាងថា នៅពេលនាំគ្នាដើរដល់កន្លែងព្រៃស្ងាត់ ខ្លួនហាក់ដូចជាមានអារម្មណ៍ចង់រួមរក្ស ក៏ចាប់នាងសម្រាតខោ។ នៅពេលនោះនាងសួរថា «អ៊ំស្រាតខោខ្ញុំធ្វើអី?» គាត់មិនឆ្លើយ បន្ទាប់ពីសម្រាតខោហើយដាក់ផ្ដេកនាងទៅលើស្លឹកឈើហើយរំលោភតែម្ដង។ ជនសង្ស័យនិយាយទៀតថា ពេលនោះការរួមរក្សមិនចូលដល់ទីជម្រៅទេ ដោយអស់លទ្ធភាពក៏ឈប់ ឲ្យនាងស្លៀកខោ ហើយក៏នាំនាងត្រឡប់ទៅផ្ទះវិញ។ នៅពេលទៅដល់ផ្ទះជនសង្ស័យក៏ឃើញម្ដាយនាងរងគ្រោះអង្គុយលេងនៅទីនោះដែរ ហើយនាងក៏រៀបរាប់ប្រាប់ម្ដាយ ម្ដាយមានការខឹងសម្បាយ៉ាងខ្លាំង ហើយក៏ប្ដឹងសមត្ថកិច្ចតែម្ដង។
នៅក្នុងពាក្យបណ្ដឹង ម្ដាយនាងរងគ្រោះបានប្ដឹងទាមទារសំណងជំងឺចិត្តចំនួន ៥លានរៀល និងសុំឲ្យតុលាការផ្ដន្ទាទោសជនជាប់ចោទតាមផ្លូវច្បាប់។
ជនសង្ស័យរូបនោះត្រូវបានអយ្យការធ្វើការចោទប្រកាន់ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំធ្វើការស៊ើបអង្កេតបន្ត និងដើម្បីកាត់ទោសតាមច្បាប់៕





