រាជធានីភ្នំពេញ៖ អ្នករត់ម៉ូតូឌុបម្នាក់បានត្រូវប៉ូលិសខណ្ឌចំការមនសហការជាមួយប៉ូលិសខណ្ឌឫស្សីកែវ ចាប់ខ្លួនកាលពីយប់ថ្ងៃទី ១៦ ធ្នូ ឆ្នាំ២០០៨ នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ខណៈពេលដែលក្មេងស្រីរងគ្រោះរត់ចេញពីក្នុងបន្ទប់ផ្ទះជួលទាំងយប់អធ្រាត្រ ហើយស្រែកឲ្យគេឯងជួយដោយសារមានជនម្នាក់ចាប់នាងរំលោភសេពសន្ថវៈ។
ជនដែលត្រូវឃាត់ខ្លួននេះឈ្មោះ ឱ សុខរដ្ឋ អាយុ២៦ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ ជននេះបានធ្វើសកម្មភាពលួងលោមក្មេងស្រីម្នាក់អាយុ៩ឆ្នាំ ពីម្ដុំភ្លើងស្ដុបពេទ្យចិន ស្ថិតក្នុងខណ្ឌចំការមន កាលពីព្រលប់ថ្ងៃទី១២ ធ្នូ ខណៈកុមារីរងគ្រោះត្រូវម្ដាយមីងប្រើឲ្យចេញពីផ្ទះទៅទិញទឹកកកផឹក ហើយក៏ជួយឈ្មោះ ឱ សុខរដ្ឋ លួងលោមនាំយកទៅរំលោភរហូតយប់ថ្ងៃទី១៦ធ្នូ ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ប្រភពព័ត៌មានទាក់ទិននឹងការឃាត់ខ្លួនជនឈ្មោះ ឱ សុខរដ្ឋ ក៏ដូចជាការរំដោះក្មេងស្រីរងគ្រោះពីក្រញាំដៃតណ្ហារបស់ឧក្រិដ្ឋជនរូបនេះ បើតាមសមត្ថកិច្ចខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅវេលាម៉ោង១៦ធ្នូ ក្មេងស្រីរងគ្រោះរូបនេះបានរត់ចេញពីក្នុងបន្ទប់ផ្ទះជួលលេខ៥០៤ ក្រុម៧ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ លេខ៦ដោយទ្រហោយំរកគេឯងឲ្យជួយដោយសាររូបនាងមានការឈឺចាប់ ព្រោះត្រូវបុរសម្នាក់ចាប់រំលោភ។ ពេលឮដូច្នេះម្ចាស់ផ្ទះជួល និងអ្នកជិតខាងបានធ្វើទំនាក់ទំនងទៅប៉ូលិសមូលដ្ឋានចុះអន្តរាគមន៍ឃាត់ខ្លួនឈ្មោះ ឱ សុខរដ្ឋ និងនាំក្មេងស្រីខាងលើយកមកកាន់ស្នាក់ការប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ ដើម្បីសួរនាំ។ ក្រោយពីធ្វើការសាកសួររួចមក ប៉ូលិសប៉ុស្ដិ៍គីឡូម៉ែត្រលេខ៦ក៏បានដឹងអំពីលំនៅរបស់ក្មេងស្រីរងគ្រោះថា នៅក្នុងខណ្ឌចំការមន ទើបធ្វើទំនាក់ទំនងមកអធិការដ្ឋានខណ្ឌចំការមកឲ្យជួយចុះស្រាវជ្រាវរកទីលំនៅរបស់ឪពុកម្ដាយក្មេងស្រីរងគ្រោះ។ បន្ទាប់ពីបានទទួលព័ត៌មានពីប៉ូលិសខណ្ឌឫស្សីកែវភ្លាម ប៉ូលិសខណ្ឌចំការមនដែលបានទទួលពាក្យបណ្ដឹងពីអាណាព្យាបាលក្មេងស្រីតាំងពីថ្ងៃទី១២ ធ្នូ មកនោះ ក៏ប្រញាប់ប្រញាល់ធ្វើទំនាក់ទំនងទៅឪពុកម្ដាយក្មេងស្រីរងគ្រោះ ហើយរួមដំណើរជាមួយទៅកាន់ប៉ុស្ដិ៍ប៉ូលិសគីឡូម៉ែត្រលេខ៦នាំខ្លួនឈ្មោះ ឱ សុខរដ្ឋ មកកាន់អធិការដ្ឋាន ខណ្ឌចំការមនទាំងយប់។ ដោយឡែក ក្មេងស្រីរងគ្រោះត្រូវបានប្រគល់ឲ្យអាណាព្យាបាលវិញទាំងយប់នោះដែរ។
នៅចំពោះមុខសមត្ថកិច្ចប៉ូលិសខណ្ឌចំការមននាព្រឹកថ្ងៃទី១៧ ធ្នូ ជនឈ្មោះ ឱ សុខរដ្ឋ បាននិយាយថា ខ្លួនពិតជាបានលួងលោមក្មេងស្រីខាងលើយកទៅរំលោភប្រាកដមែន ប៉ុន្តែពុំបានសម្រេចទេដោយសារនាងស្រែកខ្លាំងពេក ខ្លួនក៏ឈប់ធ្វើសកម្មភាពទៅ។ រយៈពេលប៉ុន្មានថ្ងៃនេះ ខ្លួនបានស្រលាញ់បីបាច់ក្មេងស្រីខាងលើក្នុងបំណងរួមភេទប្រាកដមែន។ តាំងពីថ្ងៃទី១២ ធ្នូ រហូតដល់ថ្ងៃទី១៦ ធ្នូ ខ្លួនបាននាំក្មេងស្រីទៅរស់នៅក្នុងបន្ទប់ផ្ទះជួលនៅឯគីឡូម៉ែត្រលេខ៦ខ្លះ និងនៅតាមផ្ទះសំណាក់ខ្លះ។ ក្នុងចន្លោះពេលនោះ ខ្លួនក៏បាននាំក្មេងស្រីត្រឡប់មកផ្ទះវិញដែរ ប៉ុន្តែនាងពុំហ៊ានចូលផ្ទះ ព្រោះខ្លាចម្ដាយ។
ជនឈ្មោះ ឱ សុខរដ្ឋ បានឆ្លើយទៀតថា ដំបូងឡើយខ្លួនបានលួងលោមក្មេងស្រីពីម្ដុំភ្លើងស្ដុបពេទ្យចិនឲ្យម៉ូតូជាមួយខ្លួន ប៉ុន្តែនាងពុំព្រមជិះជាមួយឡើយ។ បន្ទាប់មកខ្លួនក៏ជិះម៉ូតូបន្តហួសទៅជិតដល់វត្តលង្កា រួចឈប់ម៉ូតូរាប់លុយមើល តើក្នុងមួយថ្ងៃនោះរត់ម៉ូតូឌុបបានប៉ុន្មាន។ ខណៈពេលនោះស្រាប់តែឃើញក្មេងស្រីរូបនេះដើរទៅដល់ម្ដុំវត្តលង្កាដែរ ដោយជួនគ្នាបែបនេះ ខ្លួនក៏ចាប់ផ្ដើមសួរសាជាថ្មីម្ដងទៀតថា "នាងទៅណាជិះម៉ូតូជាមួយពូមក ពូជូននាងទៅ" ឯនាងឆ្លើយថា ទៅដើរលេង។ បន្ទាប់មកខ្លួនក៏បន្តលួងលោមក្មេងស្រីខាងលើរហូតនាងព្រមជិះម៉ូតូជាមួយទៅដើរលេងនៅម្ដុំសួនច្បារសម្ដេច ហ៊ុន សែន លុះអស់ចិត្តហើយ ក៏នាំនាងបង្ហួសទៅផ្ទះជួលឯសង្កាត់គីឡូម៉ែត្រលេខ៦តែម្ដង។
ប៉ូលិសខណ្ឌចំការមន បានកសាងសំណុំរឿងបញ្ជូនខ្លួនឈ្មោះ ឱ សុខរដ្ឋ ទៅសាលាដំបូងក្រុងភ្នំពេញដើម្បីផ្ដន្ទាទោសតាមច្បាប់។ ប៉ូលិសបង្ហើបថា តាមការបំភ្លឺរបស់ក្មេងស្រីរងគ្រោះបញ្ជាក់ថា រូបនាងចាញ់បោកការលួងលោមរបស់ឈ្មោះ ឱ សុខរដ្ឋ ដោយសារជននេះលួងលោមរូបនាងទៅដើរលេង និងមើលកុន ទើបរូបនាងដែលស្ថិតក្នុងវ័យជាអនីតិជនពុំដឹងល្បិចអ្វីទាល់តែសោះ ក៏ជ្រុលខ្លួនរហូតតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ធ្នូ ហើយស្រែកឆោឡោ រកគេឯងឲ្យជួយដោយសារទ្រាំនឹងការឈឺចាប់លែងបាន៕






ជួយបន្ថែមបន្តិច
ខ្ញុំសូមចិត្តអ្នកដែលមានកូនស្រី កុំធ្វេសប្រហែស បង្កើននូវភាពយកចិត្តទុកដាក់ឲ្យបានខ្ពស់ជាងមុនដល់កូនរបស់ខ្លួន។ ចំពោះបុរសដែលចូលចិត្តខាងរួមភេទ សូមកុំប្រព្រឹត្តិនូវអំពើគ្មានមនុស្សធម៌ធ្វើអ្វី អ្នកគ្រាន់តែចំណាយប្រាក់កាសបន្តិចបន្តួច ទៅរកស្រីដែលប្រកបរបររកស៊ីផ្លូវភេទវិញវាមានភាពងាយជាង។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ ពេលអ្នកប្រព្រឹត្តិសកម្មភាពចាប់រំលោភលើកុមារី ឬលើស្ត្រី ម្ដងៗអ្នកគិតទៅមើលថាវាចំណេញអ្វី និងខាតអ្វី បើនិយាយពីរឿងចំណេញនោះវាគ្មានទេ តែបើនិយាយពីខាតវិញវាច្រើនលើសលប់។ វាខាតនៅត្រង់កន្លែងណាខ្លះ? ១. ធ្វើឲ្យអ្នករងគ្រោះបាត់បង់នូវអនាគតអស់មួយជីវិត ២. អ្នកប្រព្រឹត្តិត្រូវបានច្បាប់ដាក់ទោស អ្នកគិតទៅមើលអ្នកខាតពេលប៉ុន្មានឆ្នាំក្នុងឆាកជីវិតរបស់អ្នក ៣. បើអ្នកមានប្រពន្ធកូនវិញ តើប្រពន្ធកូនរបស់អ្នកនឹងក្លាយទៅជាយ៉ាងណា? ៤. ចុះគ្រួសារអ្នករងគ្រោះវិញមានបញ្ហាអ្វីខ្លះដែលត្រូវទទួលការរាប់រង ... ។ល។ សរុបសេចក្ដីជារួមការរួមភេទដោយមានការស្នាក់ចិត្តទាំងសងខាងវាផ្ដល់ចំណេញច្រើនហួសប្រមាណ។ ចុះអ្នកចាំបាច់អ្វីត្រូវចាប់រំលោភលើកុមារីនោះ!!