ព្រៃវែង ៖ ពិព័រណ៍យុវជនដែលបានរៀបចំដោយក្រុមប្រឹក្សាយុវជនកម្ពុជា ក្រោមការឧបត្ថម្ភដោយវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) និងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) និងក្រុមហ៊ុនឯកជនមួយចំនួនទៀតនៅក្នុងខេត្តព្រៃវែង ដែលមានរយៈពេលពីរថ្ងៃ ចាប់ពី១៦-១៧ ខែសីហា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកចូលទស្សនា។ នេះបើតាមសម្ដីរបស់កញ្ញា ម៉ៅ ពុទ្ធីរ័ត្ន ប្រធានក្រុមប្រឹក្សាយុវជនកម្ពុជា។
ការតាំងពិព័រណ៍ ដែលមានអ្នកចូលរួមប្រមាណ៧ពាន់នាក់ ហើយមានការដាក់តាំងបង្ហាញជាង៤០ស្តង់ របស់អង្គការក្នុងស្រុកផ្សេងៗ និងមានសិក្ខាសាលានានាដែលទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតជាដើម។


វេទិកាបណ្ដាញស្ត្រីក្រុមប្រឹក្សាឃុំរៀបចំឡើងដោយអង្គការចំរើនស្ត្រី ក្រោមការឧបត្ថម្ភថវិកាពីបណ្ដាម្ចាស់ជំនួយរួមមាន កម្មវិធីអភិវឌ្ឍន៍របស់ប្រទេសបារាំង (FSD) ជំនួយ USAID តាមរយៈអង្គការផេក (PACT) កម្មវិធីសហប្រតិបត្តិការអាល្លឺម៉ង់តាមរយៈអង្គការជីធីហ្សេត គម្រោងកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ (GTZ ARDP) និងអង្គការអុកស្វាម នៃប្រទេសអង់គ្លេស (Oxfam GB) ។ វេទិកានេះជាយុទ្ធសាស្ត្រថ្មី ដើម្បីធ្វើការបង្កើនសមត្ថភាពដល់ស្ត្រីក្រុមប្រឹក្សាឃុំរៀបចំឡើងតាំងពីឆ្នាំ ២០០៤ មក។ វេទិកានេះទទួលបានការគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ពិសេសក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន។ ឆ្នាំ ២០០៨ ជាឆ្នាំចុងក្រោយនៃការផ្ទេរនូវការទទួលខុសត្រូវទាំងអស់ពីអង្គការចំរើនស្ត្រីជូនមកក្រុមប្រឹក្សាឃុំជាអ្នកអនុវត្តបន្ត។
វេទិកាក្រុមប្រឹក្សាឃុំស្ត្រីមួយត្រូវបានរៀបចំឡើងនៅថ្ងៃទី ២៨ ដល់ ២៩ ខែឧសភា ឆ្នាំ២០០៨នៅក្នុងសាលាស្រុកស្ទឹងសែន នៃទីរួមខេត្តកំពង់ធំ។ អង្គការចំរើនស្ត្រី (WfP) ជាអ្នកសម្របសម្រួល និងរៀបចំ ហើយក្រុមប្រឹក្សាឃុំជាស្ត្រីចំនួនបួនរូប ជាអ្នកសម្របសម្រួលដោយផ្ទាល់។ វេទិកានោះបានទទួលការផ្គត់ផ្គង់ថវិកាពីកម្មវិធីអភិវឌ្ឍន៍របស់ ប្រទេសបារាំង(FSD), ជំនួយUSAID តាមរយៈអង្គការផេក(PACT) កម្មវិធីសហប្រតិបត្តិការអាល្លឺម៉ង់ តាមរយៈអង្គការជីធីហ្សេត គម្រោងកំណែទម្រង់រដ្ឋបាល និងវិមជ្ឈការ(GTZ-ARDP) និងអង្គការអុកស្វាម នៃប្រទេសអង់គ្លេស (Oxfam GB)។