ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ភាព​ក្រីក្រ​ វិបត្តិ​អត់​ការងារ​ធ្វើ​ គឺ​ជា​មូលហេតុ​ដែល​ងាយ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ ដោយ​ការ​ជួញដូរ​

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

  • ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​​នៅ​មាន​កម្រិត​ និង​ការ​អនុវត្ត​ច្បាប់​មាន​ភាព​ធូររលុង​ ជា​ឱកាស​សម្រាប់​ឈ្មួញ​ធ្វើការ​​ជួញដូរ។ មាន​ស្ត្រី​ខ្មែរ​មិន​តិច​ឡើយ​ត្រូវ​បាន​ជួញដូរ​ទៅ​ក្រៅ​ប្រទេស​ ខ្លះ​មាន​វាសនា​បាន​វិលត្រឡប់​មក​ស្រុក​វិញ​ ខ្លះ​ត្រូវ​ផុង​ដក​ខ្លួន​មិន​រួច។

កាល​ពី​​ឆ្នាំ​មុន​ បន្ទាប់​ពី​បែក​បាក់​គ្នា​ ជាមួយ​ស្វាមី​ស្រីម៉ៅ​ ដែល​មាន​ទី​លំនៅ​ នៅ​ឃុំ​កោងកាង​ ស្រុក​ពញាក្រែក​ ខេត្ត​កំពង់ចាម​ មាន​ការ​ខូចចិត្ត​​យ៉ាង​ខ្លាំង។ នាង​ត្រូវ​ប្រឈម​មុខ​​នឹង​ជីវភាព​លំបាក​ ខ្វះ​មុខ​ ខ្វះ​ក្រោយ​ដោយ​​មិន​ដឹង​ថា​ ត្រូវ​រក​ស៊ី​អ្វី​ ដើម្បី​ចិញ្ចឹម​កូន​ប្រុស​អាយុ​ប្រាំ​ឆ្នាំ​ និង​ម្ដាយ​​ចាស់​ជរា​របស់​នាង​នោះ​ឡើយ។

ស្រប​ពេល​នោះ​នៅ​ពេល​ដែល​មិត្ត​​របស់​នាង​​ម្នាក់​បាន​សន្យា​ថា​ នឹង​នាំ​នាង​ទៅ​ធ្វើ​​ការ​​ឲ្យ​ក្រុមហ៊ុន​មួយ​ នៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ប្រាប់​ថា​ នឹង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​នោះ​ នាង​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង។

ប៉ុន្តែ​ស្រី​ម៉ៅ​ ដែល​សុំ​មិន​ប្រើ​ឈ្មោះ​ពិត​របស់​​នាង​នោះ​ បាន​មាន​ប្រសាសន៍​ថា "នៅ​ពេល​​ដែល​ខ្ញុំ​បាន​ទៅ​ដល់​ ប្រទេស​ម៉ាឡេស៊ី​នោះ​ ទើប​ខ្ញុំ​ដឹង​ខ្លួន​ថា​ ខ្ញុំ​ត្រូវ​ចាញ់​បោក​គេ​ហើយ​ ខ្ញុំ​ត្រូវ​គេ​ជួញដូរ"។

រឿង​រ៉ាវ​របស់​ស្រីម៉ៅ​ គ្រាន់​តែ​ជា​រឿង​មួយ​ក្នុង​ចំណោម​ករណី​នៃ​ការ​ជួញដូរ​​មនុស្ស​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ជា​ច្រើន​រឿង​ទៀត​ នៅ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​នេះ។

បើ​តាម​ប្រសាសន៍​លោក​ យ៉ា​ ណាវុធ​ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​ កម្ពុជា​នៅ​ក្នុង​​ឆ្នាំ​២០០៩​ ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​បាន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ និង​ប្រទេស​ផ្សេង​ទៀត ទាំង​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​ មាន​ប្រមាណ​ជា​២​សែន​នាក់​​ ហើយ​ពួក​គេ​​មួយ​ចំនួន​ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជួញដូរ​ដូច​ស្រីម៉ៅ​ដែរ។

ស្រីម៉ៅ​ បាន​រំឭក​ឡើង​វិញ​ថា​ នាង​ត្រូវ​បាន​គេ​នាំ​ទៅ​ដល់​ទី​ក្រុងគូឡាឡំពួរ​ ប្រទេស​ម៉ាឡេស៊ី​​ កាល​ពី​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០០៩​ ហើយ​ត្រូវ​មិត្ត​ភក្តិ​របស់​​នាង​ដក​យក​លិខិត​ឆ្លង​ដែន​ និង​យក​លុយ​ពី​នាង​ចំនួន​៤០០​ដុល្លារ​អាមេរិក​ ដោយ​ប្រាប់​នាង​ថា​ ដើម្បី​យក​ទៅ​រត់​​ឯកសារ​ចូល​ធ្វើការ។

នាង​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​នោះ​នាង​ក៏​មិន​ទាន់​ដឹង​ខ្លួន​ថា​ នាង​កំពុង​តែ​ត្រូវ​គេ​ជួញដូរ​ដែរ​ ហើយ​បែរ​ជា​រំពឹង​ថា​ នាង​នឹង​បាន​ទទួល​ការងារ​ល្អ​ នៅ​ក្នុង​ក្រុមហ៊ុន​ម៉ាឡេស៊ី​ដែល​មាន​ប្រាក់​ខែ​ខ្ពស់​ ដូច​ដែល​មិត្តភក្ដិ​របស់​នាង​បាន​សន្យា។ នាង​បន្ត​ថា​ "ខ្ញុំ​សង្ឃឹម​ថា​ នឹង​​បាន​ការងារ​ធ្វើ​ហើយ​បាន​ផ្ញើ​លុយ​​មក​ស្រុក​ខ្មែរ​ ដើម្បី​ចិញ្ចឹម​កូន​ប្រុស​ និង​ម្ដាយ​របស់​ខ្ញុំ​ ប៉ុន្តែ​នោះ​វា​គ្រាន់​តែ​ជា​ការ​យល់​សប្ដិ​ប៉ុណ្ណោះ"។

នាង​បាន​រៀបរាប់​ដោយ​អួល​ដើម​ក​ថា​ "ដោយសារ​តែ​ខ្ញុំ​ទុកចិត្ត​មិត្តកភ្ដិ​របស់ខ្ញុំ​ នៅ​ទីបំផុត​ ខ្ញុំ​ត្រូវ​បាន​​គេ​ជួញដូរ​ យក​ទៅ​ឲ្យ​ធ្វើ​ការ​ធ្ងន់ធ្ងរ​ នៅ​ទីក្រុ​ង​គូឡាំឡំពួរ​ ប្រទេស​ម៉ាឡេស៊ី​ ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​ឡើយ"។

ក្នុង​វ័យ​២៣​ឆ្នាំ​ ស្រីម៉ៅ​ ដែល​មើល​ទៅ​ដូច​ជា​​ស្ត្រី​មាន​អាយុ​ជិត​៤០​ឆ្នាំ​ទៅ​ហើយ​នោះ​បាន​និយាយ​បន្ត​ថា​ នាង​ចេះ​តែ​រង់ចាំ​មើល​ផ្លូវ​មិត្ត​ភក្ដិ​របស់​នាង​ ប៉ុន្តែ​មិន​ឃើញ​គេ​ត្រឡប់​មក​ជួប​នាង​វិញ​ឡើយ។

នាង​បាន​រំឭក​ឡើង​វិញ​ថា​ "ខ្ញុំ​​ចាប់​ផ្ដើម​ភ័យ​យ៉ាង​ខ្លាំង​ ខ្ញុំ​ចង់​រក​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​ ប៉ុន្តែ​គ្មាន​ជម្រើស​ឡើយ​ ពីព្រោះ​ខ្ញុំ​គ្មាន​លិខិត​ឆ្លង​ដែន​ និង​គ្មាន​​លុយ​ទេ។ ក្រោម​មក​ខ្ញុំ​មក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ នៅ​​ពេល​ដែល​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ បាន​​មក​បង្ខំ​នាង​ឲ្យ​ទៅ​ធ្វើការ​ នៅ​ក្នុង​ភោជនីយដ្ឋាន​​មួយ​ នៅ​ក្នុង​​ទីក្រុង​​ឡាឡំពួរ​ ដោយ​ត្រូវ​ធ្វើ​ការ​មួយ​ថ្ងៃ​ ១៣​ម៉ោង​ ដោយ​គេ​សន្យា​ថា​ នឹង​ផ្ដល់​ប្រាក់​ខែ​ ៦០០​រីងហ្គីត​ ដែល​​ស្មើ​នឹង​១៧៥ដុល្លារ​អាមេរិក។

ដោយ​ស៊ូទ្រាំ​នឹង​ការ​លំបាក​ធ្វើការ​នៅ​ក្នុង​ហាង​នេះ​មិន​បាន​ នាង​ក៏​សុំ​ម្ចាស់​​ហាង​បើក​ប្រាក់​ខែ​ទី​មួយ​ ប៉ុន្តែ​ត្រូវ​ម្ចាស់​ហាង​បដិសេធ​ (ការ​ធ្វើ​ចំណាក​ស្រុក​ ស្វែង​រក​ការងារ​ធ្វើ​ដោយ​លាក់លៀម​ ងាយ​រងគ្រោះ​ដោយ​ការ​ជួញដូរ។ ដើម្បី​សុវត្ថិភាព​គេ​ត្រូវ​តែ​ធ្វើ​​ចំណាក​ស្រុក​ ដោយ​បើក​ចំហ​ និង​ត្រូវ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្រៅ​​ប្រទេស​ តាមរយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់) ​មិន​បើក​ឲ្យ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​ ម្ចាស់​ហាង​ថែម​ទាំង​បាន​គំរាម​កំហែង​នាង​ និង​បង្ខំ​ឲ្យ​នាង​ធ្វើការ​កាន់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅ​ទៀត។ ដោយ​អស់​សង្ឃឹម​ថា​ គេ​នឹង​មិន​បើក​ប្រាក់​ខែ​ឲ្យ​នាង​ បើ​ទោះ​បី​ជា​នាង​ខំ​ធ្វើការ​យូរ​ប៉ុន​ណា​ក៏​ដោយ​នោះ​ស្រីម៉ៅ​ក៏​បាន​លួច​ទូរស័ព្ទ​មក​ស្រុក​ខ្មែរ​ ហើយ​ប្រាប់​ម្ដាយ​នាង​អំពី​ទ្វេ​គ្រោះ​របស់​នាង​ និង​សុំ​ឲ្យ​ម្ដាយ​​នាង​រក​លុយ​ផ្ញើ​ទៅ​​ឲ្យ​នាង​ តាមរយៈ​អ្នក​ជំនួញ​ម្នាក់​ ដើម្បី​នាង​អាច​រក​វិធី​ភៀស​ខ្លួន​ត្រឡប់​មក​ស្រុក​វិញ។

ក្រោយ​ពី​ឆ្លង​កាត់​ឧបសគ្គ​ជា​ច្រើន​មក​ស្រីម៉ៅ​ បាន​និយាយ​ថា​ នាង​ក៏​បាន​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ កាល​ពី​ខែ​សីហា​ឆ្នាំ​២០០៩​ ហើយ​បាន​សុំ​​ឲ្យ​អង្គការ​​ក្រៅ​រដ្ឋាភិបាល​មួយ​ ចាត់ការ​តាម​ច្បាប់​ទៅ​នឹង​មិត្តភក្ដិ​របស់​នាង​ ដែល​ជា​មេខ្យល់​បោកប្រាស់​នាង។

ច្បាប់​ស្ដី​អំពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​រកស៊ី​ផ្លូវ​ភេទ​មាត្រា​១៣​ចែង​ថា​ "ជន​ណា​ដែល​លក់​ដូរ​ជន​ដទៃ​ ដោយ​មាន​គោលដៅ​ស្វែង​រក​ផលប្រយោជន៍ ឈ្លានពាន​ខាង​ផ្លូវ​ភេទ​ ផលិត​រូបភាព​អាសអាភាស​ រៀប​អាពាហ៍ពិពាហ៍​ ផ្ទុយ​ពី​ឆន្ទៈ​ជន​រងគ្រោះ​ ស្មុំ​កូន​ ឬ​ការ​កេងប្រវ័ញ្ច​ទម្រង់​ផ្សេង​ទៀត​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ដល់​១៥​ឆ្នាំ"។

ទោះ​បី​ជា​ប្រទេស​កម្ពុជា​ បាន​អនុម័ត​ច្បាប់​នេះ​ និង​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក្ដី​ក៏​អំពើ​ជួញដូរ​ មនុស្ស​នៅ​តែ​កើត​ឡើង​ជា​បន្តបន្ទាប់។

អ្នក​ជំនាញ​ការ​នានា​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ដែល​នាំ​​​ឲ្យ​មាន​ការ​ជួញដូរ​ និង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​គឺ​បណ្ដាល​មក​ពី​កត្តា​ផ្សេងៗ​មួយ​ចំនួន​ជា​ពិសេស​គឺ​ភាគ​ក្រីក្រ​ការ​មិន​អាច​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​បាន​ ការ​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​នៅ​មាន​កម្រិត​ និង​ការ​អនុវត្ត​ច្បាប់​ នៅ​មាន​ភាព​ទន់ខ្សោយ។

លោក​ ចន​ ម៉ាក់ហ្គីហាន់​ (John McGeoghan) អ្នក​​សម្របសម្រួល​គម្រោង​របស់​អង្គការ​អន្ដោប្រវេសន៍​អន្តរជាតិ​ បាន​មាន​ប្រសាសន៍​ថា​ មេខ្យល់​តែងតែ​សន្យា​ផ្ដល់​នេះ​ផ្ដល់​នោះ​ដល់​កម្មករ​ខ្មែរ​ដែល​ក្រីក្រ​ ប៉ុន្តែ​លោក​ថ្លែង​បញ្ជាក់​ថា​ នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ។

លោក ​ចន​ ម៉ាក់ហ្គីហាន់​ បាន​បន្ថែម​​ថា​ ដោយសារ​ប្រទេស​កម្ពុជា​ កំពុង​ជួប​ប្រទះ​វិបត្តិ​អត់​ការងារ​ធ្វើ​ លោក​មិន​ជំទាស់​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដើម្បី​ទៅ​ស្វែង​រក​ការងារ​ធ្វើ​ នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​ ប្រសិន​បើ​ពួក​គេ​ ធ្វើ​ឡើង​តាម​រយៈ​ក្រុមហ៊ុន​ ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​​នៅ​ក្រសួង​របស់​រដ្ឋាភិបាល។

លោក​បាន​មាន​ប្រសាសន៍​ថា​ "ខ្ញុំ​គិត​ថា​ អ្នក​ដែល​ទៅ​ធ្វើការ​តាម​ក្រុមហ៊ុន​ ដែល​មិន​បាន​ចុះ​បញ្ជី​ ធ្វើ​​ឲ្យ​ពួក​គេ​ងាយ​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់​ពី​ការ​កេងប្រវ័ញ្ច​ ឬ​ការ​ជួញដូរ​ពីព្រោះ​ជា​ទូទៅ​ ប្រសិន​បើ​អ្នក​ត្រូវ​បាន​ជ្រើសរើស​​ដោយ​ក្រុមហ៊ុន​ ដែល​បាន​ចុះ​បញ្ជី​នោះ​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល"។

នៅ​ក្នុង​បទ​សម្ភាស​ កាល​ពី​ពេល​ថ្មីៗ​នេះ​​លោក​ អ៊ុំ​ មាន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា​ ភាគ​ច្រើន​អ្នក​ដែល​ត្រូវ​គេ​បោក ឬ​ត្រូវ​គេ​ជួញដូរ​ គឺ​ជា​អ្នក​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​ ហើយ​អ្នក​ដែល​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ តាមរយៈ​ក្រុមហ៊ុន​​ស្រប​ច្បាប់​​នោះ​ពុំ​មាន​បញ្ហា​ទេ។

លោក​បាន​ពន្យល់​ថា​ "ដើម្បី​គេច​ចេញ​ពី​​ការ​ជួញដូរ​ ហើយ​ចាំបាច់​ត្រូវ​ធ្វើ​​ចំណាក​ស្រុក​ ទៅ​រក​ការងារ​ធ្វើ​​ នៅ​ក្រៅ​ប្រទេស​នោះ​ពលរដ្ឋ​ត្រូវ​តែ​ធ្វើ​តាមរយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់"។

ទន្ទឹម​នឹង​នេះ​ លោក​ យ៉ា​ ណាវុធ​ នៅ​អង្គការ​ខារ៉ាម​ កម្ពុជា​ បាន​ឲ្យ​យោបល់​ថា​ ដើម្បី​​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​ រដ្ឋាភិបាល​​គួរ​តែ​បង្កើត​ការងារ​ឲ្យ​បាន​ច្រើន​ នៅ​ក្នុង​ស្រុក​ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ ក្នុង​នោះ​ត្រូវ​ទាក់ទាញ​វិនិយោគ​ទុន​បរទេស​ ឲ្យ​ចូល​មក​វិនិយោគ​ឲ្យ​បាន​ច្រើន​ លើក​ស្ទួយ​ផលិតផល​​ក្នុង​ស្រុក​ ដែល​ប្រជាពលរដ្ឋ​បាន​ផលិត​ដូច្នេះ​ពួក​គេ​ នឹង​មិន​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​​ ដើម្បី​​ទៅ​ស្វែង​រក​ការងារ​ធ្វើ​ទៀត​ឡើយ។

ដើម្បី​ឲ្យ​ពលរដ្ឋ​ អាច​គេច​ផុត​ពី​ការ​ជួញដូរ​​ ឬ​ការ​កេងប្រវ័ញ្ច​កម្លាំង​​ពលកម្ម​ក្រសួង​កិច្ចការនារី​ បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​សារ​អប់រំ​ អំពី​​ការ​ធ្វើ​ចំណាកស្រុក​ ដែល​ប្រកប​ទៅ​ដោយ​សុវត្ថិភាព។

សារ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​មាន​កិច្ចសហការ​ ជាមួយ​នឹង​អង្គការ​ដៃគូ​ ហើយ​​ដែល​​ត្រូវ​បាន​ផ្សព្វផ្សាយ​​ នៅ​ក្នុង​ទិវា​ជាតិ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០០៩​ បាន​ផ្ដល់​ដំបូន្មាន​ ចំពោះ​អ្នក​ធ្វើ​ចំណាក​ស្រុក​ថា​ "ត្រូវ​ធ្វើ​ចំណាក​ស្រុក​ដោយ​ចំហ​ គឺ​​ត្រូវ​ពិគ្រោះ​យោបល់​ ជាមួយ​មេភូមិ ឬ​អ្នក​ដែល​មាន​ការ​យល់​ដឹង​ច្រើន​ក្នុង​ភូមិ។ ត្រូវ​រាយការណ៍​ទៅ​រដ្ឋ​អំណាច​មូលដ្ឋាន​មុន​ពេល​ចាកចេញ​ពី​ភូមិ​ដោយ​ប្រាប់​ពី​មូលហេតុ​ និង​ទីកន្លែង​ដែល​ត្រូវ​ទៅ។ ត្រូវ​សាកសួរ​ឲ្យ​ដឹង​អំពី​ស្ថានភាព​ និង​ទីកន្លែង​ដែល​ត្រូវ​ទៅ​ឲ្យ​បាន​ច្បាស់"។

សេចក្ដី​ណែនាំ​​បាន​បន្ត​ទៀត​ថា​ "ត្រូវ​ស្វែង​យល់​អំពី​ល្បិច​កល​ រឿងរ៉ាវ​របស់​មេ​ខ្យល់​ ដែល​តែងតែ​មក​នាំ​មនុស្ស​ចេញ​ពី​ភូមិ​ ឬ​មនុស្ស​ថ្មី​ ដែល​មក​បបួល​អ្នក​ទៅ​ តើ​គេ​ជា​នរណា​ អ្នក​ស្គាល់​គេ​ច្បាស់​ប៉ុន​ណា? ត្រូវ​វែក​ញែក​ឲ្យ​បាន​ច្បាស់​ អំពី​មុខរបរ​ ឬ​ប្រភេទ​ការងារ​ ចំនួន​ប្រាក់​ខែ​ ឬ​ប្រាក់​ចំណូល​ដែល​អ្នក​គិត​ថា​ នឹង​ទទួល​បាន​ច្រើន​ នៅ​ទីកន្លែង​ដែល​អ្នក​ត្រូវ​ទៅ"។

មនុស្ស​​មិនមែន​ជា​វត្ថុ​សម្រាប់​នរណា​ម្នាក់​ធ្វើការ​លក់​ដូរ​ទេ។ អំពើ​ជួញដូរ​មនុស្ស​ ជា​បទល្មើស​ឧក្រិដ្ឋ។ ឪពុកម្ដាយ​យក​កូន​ទៅ​លក់​ គឺ​ជា​ឧក្រិដ្ឋជន៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 19 Jan 2010