ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

ក្រសួង​សាធារណការ​កំពុង​សិក្សា ​ដើម្បី​ផ្ដល់​ស្លាក​លេខ​ឡាន​ម៉ូតូ​ដល់​អតិថិជន ​នៅ​នឹង​កន្លែង​លក់

ទាំង​មន្ត្រី​រាជការ រួម​និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​បាន​ទទួល​ស្វាគមន៍​កាល​ពី​ម្សិលមិញ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដែល​ចង់​ឲ្យ​មាន​ការ​ផ្ដល់​ស្លាក​ម៉ូតូ​ រថយន្ត ដល់​អតិថិជន​នៅ​ផ្ទាល់​នឹង​កន្លែង​លក់​តែ​ម្ដង​ ដោយ​ពួក​គេ​បាន​អះអាង​ថា ការ​ផ្ដល់​ស្លាក​លេខ​នា​ពេល​កន្លង​មក​មាន​ការ​លំបាក និង​មាន​ភាព​យឺតយ៉ាវ​យ៉ាង​ខ្លាំង។ ការ​គាំ​ទ្រ​នេះ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​អនុសាសន៍​កាល​ពី​ថ្ងៃ​ទី​ ៨ ឧសភា​កន្លង​មក​ទៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ ២០០៧ និង​ទិស​ដៅ​ឆ្នាំ​ ២០០៨ ទៅ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ពិចារណា​រក​វិធី​សាស្ត្រ​ដើម្បី​កំណត់​ឲ្យ​ក្រុមហ៊ុន​លក់​រថយន្ត និង​ឃ្លាំង​ម៉ូតូ​នានា​នៅ​តាម​ខេត្ត-ក្រុង​ទាំង​អស់​ផ្តល់​ស្លាក​លេខ​ឲ្យ​អតិថិជន​ភ្លាម​ៗ​ក្រោយ​ពី​ពួក​គេ​ទិញ​យក​ទៅ​ប្រើប្រាស់។

នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន បាន​គូស​បញ្ជាក់​ថា ៖ «ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ទិញ​​និង​ម្ចាស់​ក្រុមហ៊ុន​លក់​ឡាន​ លក់​ម៉ូតូ​ គឺ​ថា​ទិញ​ភ្លាម​អាច​ទទួល​បាន​ស្លាក​លេខ​ភ្លាម​ៗ​ នោះ​ក្រុមហ៊ុន​លក់​ឡាន​ និង​ម៉ូតូ នឹង​សប្បាយ​ចិត្ត​ចំណែក​ឯ​អ្នក​ទិញ​មិន​ចាំបាច់​ទៅ​រក​ធ្វើ​លេខ​អ្វី​ទេ គឺ​អាច​ធ្វើ​លេខ​នៅ​នឹង​កន្លែង​លក់​ដូរ​របស់​ក្រុមហ៊ុន​ផ្ទាល់​តែម្តង»។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ត​ទៀត​ថា ៖ «ការ​ធ្វើ​របៀប​នេះ​គឺ​ជា​វិធី​ល្អ ព្រោះ​ថា​ នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​សេវា​ងាយ​ស្រួល​បែប​នេះ ហើយ​ពួក​គេ​នឹង​បញ្ជូន​ព័ត៌មាន​ឲ្យ​មក​រដ្ឋ​ទាំង​ម៉ូតូ​និង​រថយន្ត»។ លោក​ហ៊ុន សែន​ក៏បាន​បន្ត​ថា​បញ្ហា​កំណត់​ការ​ចេញ​ស្លាក​លេខ​ដោយ​ផ្ទាល់​ពី​ក្រុមហ៊ុន​ឡាន ម៉ូតូ គឺ​ជា​ផែ្នក​មួយ​នៃ​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ដែល​ផ្តល់​សេវា​កាន់​តែ​ល្អ។

ទាក់​ទិន​និង​បញ្ហា​នេះ​លោក​ស៊ុន ចាន់​ថុល​ រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា ៖ «ការ​លើក​ឡើង​របស់​សម្តេច​ហ៊ុន សែន គឺ​ជា​អនុសាសន៍​ល្អ​ត្រឹមត្រូវ។ ចំណែក​ខាង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​នឹង​យក​អនុសាសន៍​ទៅ​សិក្សា​រក​វិធី​សម្រួល​ក្នុង​ការ​ចេញ​ស្លាក​លេខ​ដល់​អ្នក​ទិញ​រថយន្ត និង​ម៉ូតូ​នៅ​តាម​ក្រុមហ៊ុន​ផ្ទាល់»។ លោក​ស៊ុន ចាន់​ថុល​ បាន​បន្ត​ថា៖ «ការ​ធ្វើ​របៀប​នេះ​គឺ​ងាយ​ស្រួល ទិញ​ឡាន​ភ្លាម​ពាក់​ស្លាក​លេខ​ភ្លាម​ដោយ​យើង​អាច​ចេញ​ស្លាក​លេខ​បណ្តោះ​អាសន្ន​នៅ​គ្រា​នោះ ហើយ​ទុក​ពេល​វេលា​ឲ្យ​ធ្វើ​ស្លាក​លេខ​ធម្មតា​ឲ្យ​វិញ»។ ប៉ុន្តែ​លោក​គឹម សុខា ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ការ​រិះ​គន់​ចំពោះ​និតិ​វិធី​នៃ​ការ​ធ្វើ​ស្លាក​លេខ​រថយន្ត ម៉ូតូ​បច្ចុប្បន្ន និង​បាន​លើក​ឡើង​ថា៖ «ទី១ កុំ​ឲ្យ​យឺតយ៉ាវ​ចេញ​ស្លាក​លេខ ទី២ កុំ​ឲ្យ​បង្កើន​អំពើ​ពុក​រលួយ​ច្រើន​ពេក»។ ទោះ​បី​ជា​យ៉ាង​ណា​លោក​កឹម សុខា អះអាង​ថា​ភាព​គឺ​ស្ថិត​នៅ​លើ​ការ​អនុវត្ត។ លោក​ក៏​បាន​ផ្តល់​អនុសាសន៍​ថា​ប្រសិន​បើ​រដ្ឋ​គ្មាន​មធ្យោបាយ​ធ្វើ​ស្លាក​លេខ ឬ​ធ្វើ​មិន​ត្រឹម​ត្រូវ គឺ​គួរ​តែ​ឲ្យ​ឯក​ជន​ធ្វើ​ប៉ុន្តែ​ត្រូវ​ឲ្យ​មាន​ការ​ដេញ​ថ្លៃ​ ដែល​នេះ​ជា​ការ​ល្អ​មួយ​ហើយ​ឆាប់​រហ័ស​ទៀត»។

ចំពោះ​ការ​លើក​ឡើង​ថា និង​អាច​មាន​ផ្តល់​ស្លាក​លេខ​ឡាន ម៉ូតូ​នៅ​នឹង​កន្លែង​លក់​ដោយ​ផ្ទាល់​នោះ ត្រូវ​បាន​លោក​ចាន់​ ទី មន្ត្រី​បម្រើ​ការ​នៅ​រាជា​យស្ម័យ​យាន​កម្ពុជា​សំដែង​នូវ​ការ​គាំ​ទ្រ ដោយ​លោក​ថ្លែង​ថា៖ «គឺ​ជា​ការ​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់​ពេល​ទិញរថយន្ត ឬ​ទិញ​ម៉ូតូ​គឺ​មិន​ពិបាក​ទៅ​រក​ធ្វើ​លេខ ព្រោះ​ការ​សុំ​ធ្វើ​ស្លាក​លេខ​កន្លង​មក​ពិបាក​ណាស់។ ប្រសិន​បើ​ចេញ​ស្លាក​លេខ​នៅ​និង​កន្លែង​គឺ​ងាយ​ស្រួល​ដល់​អ្នក​ទិញ​ប្រើប្រាស់​ហើយ​អាច​មាន​ពេល​វេលា​រក​ស៊ី​ធ្វើ​ការ​អ្វី​ផ្សេង​ទៀត​បាន​ជា​ជាង​ចំណាយ​ពេល​វេលា​ច្រើន​ទៅ​រង់​ចាំ​ធ្វើ​ស្លាក​លេខ»។

ទោះ​មាន​ព័ត៌​យ៉ាង​ដូច​នេះ​ក្តី​ក៏​ប៉ុន្តែ​លោក​រដ្ឋ​មន្ត្រី​ស៊ុន ចាន់​ថុល មិន​បាន​បញ្ជាក់​ពី​វិធាន​ការ ឬ​ពេល​វេលា​ជាក់​លាក់​ណា​មួយ​ដើម្បី​ចាប់​ផ្តើម​អនុវត្ត​នូវ​ឡើយ​ទេ​ដោយ​លោក​គ្រាន់​តែ​អះ​អាង​ថា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​និង​ធ្វើ​ការ​ពិចារណា សិក្សា​លើ​អនុសាសន៍​នេះ​ជាបន្ទាន់។

ក្រៅ​ពី​ផ្តល់​អនុសាសន៍​ខាង​លើ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ ក៏​អាច​ទម្លាក់​ទៅ​ដល់​ថ្នាក់​ស្រុក​ផង​ដែរ​ដើម្បី​ងាយ​ស្រួល​ដល់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ខេត្ត​ធ្វើ​ស្លាក​លេខ​ម៉ូតូ​របស់​ខ្លួន។ ជា​វិធាន​ការ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​អះអាង​ថា នឹង​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​យានយន្ត​នៅ​កម្ពុជា។ យានយន្ត​នៅ​ប្រទេស​កម្ពុជា​ដែល​បាន​ចុះ​បញ្ជី​គិត​ត្រឹម​ឆ្នាំ​២០០៧​ រួម​មាន​ទោ​​ចក្រ​យាន​យន្ត​ចំនួន​៦៧១ ០០០​ គ្រឿង និង​រថយន្ត​គ្រប់​ប្រភេទ​ចំនួន​ ១៩៧ ០០០ គ្រឿង។ ចំនួន​នេះ​មិន​គិត​យានយន្ត​ដែល​មិន​ទាន់​ចុះ​បញ្ជី​នៅ​ឡើយ​ទេ។ ជា​មួយ​គ្នា​នេះ​ដែរ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ក៏​បាន​អះអាង​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា៖ «កម្ពុជា​កំពុង​មាន​វិបត្តិ​ខ្វះ​ម៉ូតូ​លក់»។ លោក​ក៏​បាន​លើក​ឡើង​ថា ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​បាន​កើន​ឡើង​ពី ៤ ២៥០ ករណី​នៅ​ឆ្នាំ​២០០៥ ដល់​ចំនួន ៩ ៤៥០ ករណី​នៅ​ឆ្នាំ​២០០៧។ អត្រា​កំណើន​មាន​សន្ទុះ​
ឡើង​ដល់​ ១៣៦​%​ហើយ​ថា​មាន​មនុស្ស​ស្លាប់​ជា​បធ្យម​មាន​ ៣,៧​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ឆ្នាំ ២០០៦ មាន​ចំនួន​មនុស្ស​ស្លាប​ជា​មធ្យម ៤,២២ នាក់​ក្នុង​មួយ​ថ្ងៃ។

កាល​ពី​ថ្ងៃទី​ ០៨ ខែ​កុម្ភៈ ឆ្នាំ ២០០៨ កន្លង​ទៅ​នេះ ដើម្បីជម្រុញ​ឲ្យ​អ្នក​ជិះ​ម៉ូតូ ប្រើប្រាស់​មួក​សុវត្ថិភាព​គ្រប់​គ្នា​ស្រប​តាម​ច្បាប់​ចរាចរណ៍​ផ្លួវ​គោក និង​គោល​បំណង​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​អាយុ​ជីវិត​នៅ​ពេល​ធ្វើ​ដំណើរ​ សាលា​ក្រុង​ភ្នំពេញ​ក៏​បាន​ធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់​ហាង និង​ម្ចាស់​ឃ្លាំង​លក់​ម៉ូតូ​នៅ​ទី​ក្រុង​ភ្នំពេញ​ត្រូវ​ផ្តល់​បន្ថែម​នូវ​មួក​សុវត្តិ​ភាព​ ២​ទៅ​ឲ្យ​អតិថិជន​ណា​ដែល​បាន​ទិញ​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​ប្រើប្រាស់។

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ សៅ សីហា  កាល​បរិច្ឆេទ៖ អង្គារ 13 ឧសភា 2008