ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
ដោយសារ​មាន​ការ​កែប្រែ វិបផតថល​អំពី​ស្ត្រីនឹង​មិន​មាន​ព័ត៌មាន​ប្រចាំ​ថ្ងៃ តែ​ជំនួស​ដោយ​ព័ត៌មាន​អំពី​ស្ថាប័ន ច្បាប់ និង​ឯកសារ​ស្រាវជ្រាវ​នានា​វិញ
 

នារី​ងូត​ទឹក​មន្ត​ស្រាត​ក្នុង​បន្ទប់​ គេ​បាញ់​ប៊្លូធូ​ត​គ្នា​តាម​ទូរស័ព្ទ ​បង្ក​ការ​ប៉ះពាល់​កិត្តិយស​នារី​ភេទ

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រាជធានី​ភ្នំពេញ៖ ស្រប​ពេល​ដែល​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​កាន់​តែ​ខ្ពស់​ និង​កាន់​តែ​រីកចម្រើន​ឡើង​នា​ដំណាក់កាល​ចុង​​ក្រោយ​នេះ​ រូបភាព​អាសអាភាស​ជាច្រើន​បាន​ស្ថិត​នៅ​ក្នុង​​ទូរស័ព្ទ​ដៃ​ទំនើបៗ​របស់​មនុស្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​ទស្សនា​រូបភាព​បែប​នេះ។ បញ្ហា​នេះ​យើង​មិន​អាច​បន្ទោស​លើ​បច្ចេកវិទ្យា​បម្រើ​ដល់​សេចក្ដី​ត្រូវការ​របស់​ជន​គ្រប់​រូប​នោះ​ទេ​ តែ​វា​អាស្រ័យ​លើ​សីលធម៌​របស់​អ្នក​ប្រើប្រាស់​ប៉ុណ្ណោះ​ ថា​តើ​គប្បី​ប្រកាន់​ឥរិយាបថ​បែប​ណា។

បញ្ហា​បញ្ជូន​រូបភាព​តាម​ទូរស័ព្ទ​ដៃ​កន្លង​មក​ដែល​ធ្លាប់​បង្ក​​ឲ្យ​មាន​ប្រតិកម្ម​យ៉ាងខ្លាំងក្លា​នោះ​ហាក់​បាន​ស្ងាត់​រលត់​មួយ​រយៈពេល​ដែរ​ តែ​ពេល​ថ្មីៗ​នេះ​វីដេអូ​ឃ្លីប​​ដែល​មាន​ថិរវេលា​រយៈពេល​៤​នាទី​០៣​ ត្រូវ​បាន​គេ​បញ្ជូន​តៗ​គ្នា​ជា​រូបភាព​នារី​ស្រស់​ផូរផង់​ម្នាក់​ស្ថិត​ក្នុង​វ័យ​២០​ផ្លាយឆ្នាំ​​កំពុង​ងូត​ទឹក​ក្នុង​បន្ទប់​ទាំង​មាន​រាង​កាយ​អាក្រាត។ តាមរយៈ​វីដេអូ​ហាក់​ដូចជា​ការ​លួច​ថត​ តាម​រន្ធ​បន្ទប់​​ទឹក​នោះ​ដែល​នាង​មិនបាន​ចាប់​អារម្មណ៍​នោះ​ទេ​ គឺ​មាន​ន័យ​ថា​ នាង​ងូត​ទឹក​នៅ​ក្នុង​បន្ទប់​​មួយ​ដែល​មិនមែន​ជា​ផ្ទះ​របស់​នាង។ អ្វី​ដែល​ត្រូវ​បាន​ចាប់​អារម្មណ៍​​ទៀត​នោះ​ គឺ​​ទឹក​​ដែល​នាង​ដង​ងូត​នោះ​មាន​ស្រទាប់​ផ្កាឈូក​ដែល​អាច​មាន​ន័យ​ថា​​ ​ជា​ទឹកមន្ត​ តែ​មិន​​អាច​ដឹង​ច្បាស់​ថា​ ទឹក​មន្ត​គ្រូពេទ្យ​ ឬ​ព្រះសង្ឃ​នោះ​ទេ។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ​ តាមរយៈ​វីដេអូ​ឃ្លីប​នេះ​បាន​ក្លាយ​ទៅ​ជា​ព័ត៌មាន​ ដែល​គេ​​និយាយ​ថា​ មាន​ស្ត្រី​ម្នាក់​ទៅ​ស្រោច​ទឹក​នៅ​ក្នុង​វត្ត​មួយ​ តែ​មិន​ច្បាស់​ថា​ វត្ត​ណា​ទេ​ ឬ​ក៏​ទី​អាស្រម​របស់​គ្រូ​មន្ត​អាគម​ណា​មួយ​ឡើយ។ ប៉ុន្តែ​ការ​ពិនិត្យ​មើល​​តាម​រូបភាព​នៅ​លើ​អេក្រង់​ទូរស័ព្ទ​គឺ​​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​អាក្រាត​របស់​ស្ត្រី​ម្នាក់​នោះ​នៅ​ក្នុង​​បន្ទប់​មួយ​ ស្រាត​មុជ​ទឹក​ក្នុង​បន្ទប់​ និង​កំពុង​ដួស​ទឹក​ពី​ក្នុង​ធុងជ័រ​មួយ​មាន​ផ្កាឈូក​អណ្ដែត​ទំនង​ជា​ទឹក​មន្តអាគម​របស់​គ្រូ​អាចារ្យ​ណា​មួយ​ ដោយ​អត់​ដឹង​ថា​​មាន​ព្រានកំពុង​ប្រមាញ់​រូបភាព​អាក្រាត​របស់​ខ្លួន​ឡើយ។

ទោះ​បី​ជា​មាន​ការ​ផ្សាយ​រូបភាព​ដែល​បង្ក​​ឲ្យ​ប៉ះពាល់​កិត្តិយស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ស្ត្រី​រងគ្រោះ​យ៉ាង​ណា​ក្ដី​ ក៏​បាន​ធ្វើ​ឲ្យ​មាន​ចំងល់​ថា​ តើ​ជន​ណា​លួច​ថត​នារី​រូប​នេះ​ ជាប់​គ្រប់​សកម្មភាព​នៃ​ការ​មុជ​ទឹក​ជំរះ​ខ្លួន​តាំង​ពី​ដើម​ដល់​ចប់​នោះ​ដោយ​របៀប​ណា។ ប្រភព​ព័ត៌មាន​ខ្លះ​សន្និដ្ឋាន​ថា​ អាច​ថត​រូប​តាម​កាមេរ៉ា​ចាប់​រូប​ភាព​ដែល​ម្ចាស់​ទីតាំង​បង្កប់​នៅ​ក្នុង​បន្ទប់​សំងាត់​របស់​នារី។

ប្រភព​ព័ត៌មាន​ខ្លះ​ទៀត​បាន​លើក​ឡើង​​ថា​ នារី​ដែល​ជា​ម្ចាស់​ខ្លួន​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​ដែល​គេ​កំពុង​​នាំ​គ្នា​បាញ់​បញ្ជូន​តៗ​គ្នា​សម្រាប់​កម្សាន្ត​ភ្នែក​តាម​ទូរស័ព្ទ​នោះ​ ទំនង​ជា​ពុំ​ដឹង​ខ្លួន​ថា​ មាន​គេ​លួច​ថត​ចម្លង​ចែក​គ្នា​មើល​រូបភាព​​អាក្រាត​របស់​នាង​តាម​ទូរស័ព្ទ​ឡើយ។ ឬ​ក៏​ម្ចាស់​ខ្លួន​ដឹង​​ ហើយ​ធ្វើ​ព្រងើយ​មិន​អើពើ ដោយសារ​តែ​ខ្លួន​មិនមែន​ជា​ជនជាតិ​ខ្មែរ? ប៉ុន្តែ​​បើ​នាង​មិនមែន​ជា​ជនជាតិ​ខ្មែរ​អាច​ជា​ ចិន​ កូរ៉េ​ ឬ​វៀតណាម។ ប៉ុន្តែ​រូបភាព​អាក្រាតនេះ​ប្រសិន​ជា​នារី​ខ្មែរ​វិញ​ គឺ​ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​ឈឺចាប់​ ហើយ​វីដេអូ​ឃ្លីប​នេះ​កំពុង​បំផ្លាញ​កិត្តិយស​នារី​ខ្មែរ​​ដែល​គោរព​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ផូរផង់​​យូរ​លង់​របស់​ជាតិ​ផង​ដែរ។

ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ខាង​សមត្ថកិច្ច​កំពុង​មាន​ការ​ចាប់​អារម្មណ៍​លើ​បញ្ហា​ខាង​លើ​នេះ ហើយ​បាន​អំពាវនាវ​ដល់​ម្ចាស់​ខ្លួន​ជា​ស្ត្រី​ភេទ​រូប​នេះ​ឲ្យ​​ប្ដឹង​មក​សមត្ថកិច្ច​ដើម្បី​ចាត់​ការ​ជន​កំហូច​ដែល​លួច​ថត​នេះ​ ព្រោះ​មាន​តែ​នាង​ទេ​ដែល​​ដឹង​ថា​នាង​ងូត​ទឹក​នៅ​ទី​ណា?

គេ​មិន​គួរ​ទុក​ឲ្យ​ក្រុម​ជន​ខិលខូច​ប្រព្រឹត្ត​អំពើ​បែបនេះ​ទៅ​លើ​ស្ត្រី​​ភេទ​រហូត​បញ្ជូន​រូបភាព​បន្ត​គ្នា​ពី​មួយ​​ទៅ​មួយ​ ធ្វើ​ដូច​ជា​រឿង​លេងសើច​ធម្មតា​បែប​នេះ​ឡើយ។ ចុះ​បើ​ចំ​លើ​ប្រពន្ធ​កូន​ខ្លួន​វិញ​ តើ​មាន​​ការ​ឈឺ​ចាប់​ដែរ​ ឬ​យ៉ាង​ណា? ទន្ទឹម​នឹង​នេះ​ដែរ​ ក៏​ជា​ព័ត៌មាន​​មួយ​​សំណូមពរ​ទៅ​ដល់​នារី​ភេទ​​ទូទៅ​ដែល​ធ្លាប់​លង់​ជឿ​លើ​ការ​ប្រោះព្រំ​ទឹក​មន្ត​ ឬ​ក៏​​ធ្លាប់​ទៅ​ស្រោច​ទឹក​នៅ​ទី​ណា​ មិន​គួរ​សំរាត​​ខ្លួន​ទាំង​ស្រុង​ ដោយ​គិត​ថា​ ជា​បន្ទប់​សុវត្ថិភាព​គ្មាន​មនុស្ស​ណា​ឃើញ​ក្រៅ​ពី​ខ្លួន​ឯង​ទេ​ គឺ​គួរ​ឈប់​​ទុក​ចិត្ត​ពេក​ទៅ​ ព្រោះ​សម័យ​ទំនើប​នេះ​គេ​ធ្វើ​អ្វី​ក៏​បាន​ដែរ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ ពុធ 16 Jun 2010
រូបភាព​របស់ សុខាយុ

ការ​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មាន​ក្នុង​ផ្លូវ​ត្រូវ

       
បាន​ដាក់​ស្នើ​ដោយ សុខាយុ នៅ ពុធ, 06/16/2010 - 16:28

កម្មវិធី​ស្ត្រី នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ បាន​ដក​ស្រង់​យក​អត្ថបទ​នេះ​មក​ផ្សព្វផ្សាយ ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ក្នុង​​ផ្លូវ​អវិជ្ជមាន​​របស់​បុគ្គល​មួយ​ចំនួន ដែល​ការ​ប្រើប្រាស់​ខុស​​ផ្លូវ​នេះ បាន​​ និង​កំពុង​បំផ្លាញ​ដល់​ការ​ខិតខំ​អភិវឌ្ឍន៍​សង្គម​កម្ពុជា​របស់​រដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទាំង​មូល។

បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា-ICT ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​សង្គម និង​ក្នុង​ការ​លុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី។ ICT ធ្វើ​ឲ្យ​ស្ត្រី​អាច​ទទួល​បាន​ព័ត៌មាន មាន​ឱកាស​ស្វែងរក​ប្រាក់​ចំណូល​ផ្ទាល់​ខ្លួន ​កសាង​សមត្ថភាព និង​មាន​លក្ខណៈ​ប្រកួតប្រជែង បើ​ទោះ​បី​ជា​ស្ត្រីទាំង​នោះ មិន​មាន​ពេលវេលា​គ្រប់គ្រាន់សម្រាប់​ចេញ​មក​បំពេញ​ការងារ​នៅ​ខាង​ក្រៅ​ក៏​ដោយ។

ដូច្នេះ ស្ត្រី​គួរ​ពង្រឹង​សមត្ថភាព​ផ្ទាល់​ខ្លួន​ក្នុង​ការ​​ស្វែងយល់ និង​ប្រើប្រាស់​បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែល​ការ​យល់ដឹង​នេះ នឹង​អាច​ជួយ​ឲ្យ​ស្ត្រី​រួច​ផុត​ពី​ការ​រំលោភបំពាន ពី​ការ​​ប្រើប្រាស់​​ក្នុង​ផ្លូវ​​ខុស​របស់​បុគ្គល​មួយ​ចំនួន៕

 

កម្មវិធី​ស្ត្រី នៃ​អង្គការ​វិទ្យាស្ថាន​បើកទូលាយ