ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ អំពី​និយោជក​ប្រើ​អំពើ​ហិង្សា​លើ​ពលករ​ចំណាក​ស្រុក

សន្នីសិទ​ស្ដី​ពី​ទិវា​អន្តរជាតិ​ ស្ដី​ពី​ចំណាក​ស្រុក (រូបថត ៖ ប៊ុណ្ណា)​ភ្នំពេញ ៖ អង្គការ​ខារាម​​ប្រចាំ​តំបន់​អាស៊ី​ (CARAM) បាន​ធ្វើ​ការ​អំពាវ​នាវ​ សូម​ឱ្យ​ក្រសួង​ស្ថាប័ន​រដ្ឋាភិបាល​ និង​ទី​ភ្នាក់​ងារ​មិន​មែន​រដ្ឋាភិបាល​ទាំង​អស់​ ចូល​រួម​​បញ្ឈប់​អំពើ​ហិង្សា ​ដែល​កើត​មាន​ជា​ប្រចាំ​មក​លើ​កម្មករ​ចំណាក​ស្រុក​ នៅ​ទូ​ទាំង​ពិភពលោក។

លោក​យ៉ា ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារាម​កម្ពុជា ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០០៧ ថា​ មាន​កម្មករ​កម្ពុជា​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ប្រមាណ​ជាង​២​សែន​នាក់ ដែល​ជា​ក្រុម​ងាយ​រង​គ្រោះ​ពី​ទម្រង់​នៃ​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន​ផ្សេងៗ ហើយ​ការ​រំលោភ​នេះ​នៅ​តែ​មាន​ការ​កើន​ឡើង។ លោក​បន្ត​ថា អំពើ​ហិង្សា​ដែល​កើត​មាន​​ឡើង​ចំពោះ​កម្មករ​ចំណាក​ស្រុក​នោះ តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​បង្ហាញ​ថា មុន​ពេល​ចេញ​ដំណើរ ពលករ​ត្រូវ​ជំពាក់​បំណុល​ក្រុម​ហ៊ុន​នាំ​ពលករ​​ ក្នុង​ការ​ស្នាក់​នៅ និង​បំពេញ​បែប​បទ​ផ្សេង​ៗ​ ពលករ​ភាគ​ច្រើន​មិន​បាន​យល់​ដឹង​ពី​កិច្ចសន្យា​ការងារ ​មុន​ពេល​ចេញដំណើរ​ ការ​រំលោភ​កិច្ច​សន្យា​ការងារ​ពី​និយោជក​ ដោយ​ត្រូវ​ប្ដូរ​កិច្ច​សន្យា​ការងារ​ជា​ថ្មី​ នៅ​ពេល​ទៅ​ដល់​ប្រទេស​ទទួល ដែល​ខុស​ពី​អ្វី​ដែល​បាន​ចុះ​កិច្ច​សន្យា​នៅ​ប្រទេស​បញ្ជូន សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរ​ហើរ​ និង​លិខិត​ឆ្លង​ដែន​ត្រូវ​បាន​គេ​ដក​ហូត ដែល​នាំ​​ឱ្យ​ពួក​គាត់​ខ្វះ​លទ្ធភាព​ទំនាក់​ទំនង​មក​រក​គ្រួសារ។ លោក​បន្ត​ថា ពលករ​ខ្លះ​ទៀត​មាន​ពេល​សម្រាក​តិច​តួច​ ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់​ ដែល​បញ្ហា​ទាំង​អស់​ខាង​លើ​នេះ ច្រើន​កើត​មាន​នៅ​ប្រទេស​ថៃ និង​ម៉ាឡេស៊ី។

លោក​ហ្គាណេស ហ្គូរុន (Ganesh Gurung) ប្រធាន​ខារាម​ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ចំណូល​បាន​ពី​កម្មករ​ចំណាក​ស្រុក ​នៅ​តែ​ត្រូវ​បាន​ចាត់​ទុក​ ជា​កត្តា​រួម​ចំណែក​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​ក៏​ដោយ ក៏​សន្តិសុខ​ និង​សិទ្ធិ​របស់​ជន​ចំណាក​ស្រុក​នោះ​ មិន​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ថា​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ឡើយ។ ជន​ចំណាក​ស្រុក​បាន​ក្លាយ​ជា​ក្រុម​ងាយ​រង​គ្រោះ ​ពី​ទម្រង់​នៃ​អំពើ​ហិង្សា​ផ្សេង​ៗ ដូច​ជា​ការ​រំលោភ​បំពាន​រាង​កាយ អំពើ​ហិង្សា​លើ​ផ្លូវ​ភេទ ការ​បង្ខិត​បង្ខំ​ឱ្យ​ធ្វើ​ការ ការ​ជួញ​ដូរ​ និង​ការ​រំលោភ​បំពាន​លើ​សរីរាង្គ និង​ចិត្ត​សាស្ត្រ​ផ្សេងៗ នៅ​គ្រប់​ដំណាក់កាល​ទាំង​អស់​នៃ​ការ​ធ្វើ​ចំណាក​ស្រុក។

អង្គការ​ខារាម​ប្រចាំ​តំបន់​អាស៊ី (CARAM) និង​អង្គការ​ខារាម​កម្ពុជា​ នឹង​រួម​គ្នា​ប្រារព្ធ​ទិវា​ចំណាក​ស្រុក​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០០៧ នៅ​សួន​ច្បារ​សម្ដេច​តេជោ​ហ៊ុន សែន ដោយ​មាន​អ្នក​ចូល​រួម​ប្រមាណ​១០០០​នាក់ ជា​កម្មករ​ចំណាក​ស្រុក សកម្មជន​មក​ពី​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ី​ និង​មជ្ឈិម​បូព៌ា មន្ត្រី​រាជ​រដ្ឋាភិបាល និង​តំណាង​មក​ពី​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ ក្រោម​ប្រធាន​បទ​ការ​បញ្ឈប់​អំពើ​ហិង្សា​មក​លើ​កម្មករ​ចំណាក​ស្រុក ព្រម​ទាំង​មាន​ការ​រៀបចំ​ក្បួន​ដង្ហែ​ពី​វត្ត​លង្កា ឆ្ពោះ​ទៅ​កាន់​សួន​ច្បារ​សម្ដេច​តេជោ ហ៊ុន សែន ផង​ដែរ។ ឆ្នាំ​២០០៦ ប្រទេស​កម្ពុជា​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​ស្រប​ច្បាប់​ នៅ​ប្រទេស​កូរ៉េ​ចំនួន​៣៣៩៩​នាក់ ហើយ​នៅ​ឆ្នាំ​២០០៧​នេះ​ បាន​បញ្ជូន​ពលករ​ស្រប​ច្បាប់​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ចំនួន​៥២៦៨​នាក់ ទៅ​ប្រទេស​ម៉ាឡេស៊ី​ចំនួន​៩៣៧៧​នាក់៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ លក្ខិណា  កាល​បរិច្ឆេទ៖ ច័ន្ទ 17 Dec 2007