ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ
Project Against Domestic Violence

ប្រវត្តិ​អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ

អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ដែល​បាន​បង្កើត​ឡើង​នៅ​ខែ​មករា​ ឆ្នាំ​១៩៩៥ ក្រោយ​ការ​ស្រាវ​ជ្រាវ​ "​ចាន​ក្នុង​រាវ​គង់​រណ្ដំ​" នៅ​ក្នុង​ឆ្នាំ ១៩៩៤ ដែល​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​នារី ក្រោម​ការ​ឧបត្ថម្ភ​ពី USAID តាម​រយៈ​មូលនិធិ​អាស៊ី និង​អង្គការ UNICEF ។ អង្គការ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ ដោយ​ក្រសួង​មហា​ផ្ទៃ​លេខ ៨៦៩ សជណ ចុះ​ថ្ងៃ​ទី ១១ ខែ​សីហា ឆ្នាំ​១៩៩៧​។

ទស្សនៈ​វិស័យ​របស់​អង្គការ

មាន​សង្គម​មួយ ​ដែល​មនុស្ស​គ្រប់​រូប​រស់​នៅ​ចាក​ផុត​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។

បេសកកម្ម

អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ ធ្វើ​ការ​ដើម្បី​ទប់​ស្កាត់​ កាត់​បន្ថយ​ លប់​បំបាត់​ និង​ជួយ​ជន​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។

កម្មវិធី​របស់​អង្គការ​

អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ មាន​កម្មវិធី​ ចំនួន​ ៥ សំរាប់​អនុវត្តន៍​យុទ្ធសាស្ត្រ​របស់​ខ្លួន​គឺ ៖ កម្មវិធី​ទូទៅ​ កម្មវិធី​ផ្ដល់​ព័ត៌មាន​ និង​គាំទ្រ កម្មវិធី​ផ្សព្វផ្សាយ​អោយ​មាន​ការ​យល់​ដឹង​ជា​សាធារណៈ​ កម្មវិធី​អប់រំ និង​កម្មវិធី​បុរស​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​។

១. កម្មវិធី​ទូទៅ

ជា​កម្មវិធី​មួយ​ធំ​ក្នុង​អង្គការ ទទួល​ខុស​ត្រូវ​លើ​សកម្មភាព​ទាំង​អស់​របស់​អង្គការ​ ដោយ​រាប់​បញ្ចូល​ទាំង​ការងារ​រដ្ឋបាល​ គ្រប់​គ្រង​គណនេយ្យ​ហិរញ្ញវត្ថុ ការ​តស៊ូ​មតិ​ រក​ប្រភព​ថវិកា តាម​ដាន​សកម្មភាព​ និង​ធ្វើ​ការ​ស្រាវ​ជ្រាវ​។ នាយិកា​អង្គការ​ជា​អ្នក​ទទួល​ខុស​ត្រូវ​រួម​លើ​រាល់​សកម្មភាព​របស់​អង្គការ​។

២. កម្មវិធី​អប់រំ

កម្មវិធី​អប់រំ​បាន​ផ្ដល់​ការ​យល់​ដឹង​ពី​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដល់​មន្ត្រី​រាជការ​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ អោយ​ពួក​គេ​មាន​លទ្ធភាព​ជួយ​អ្នក​រង​គ្រោះ ដោយសារ​អំពើ​ហិង្សា​ក្នុង​គ្រួសារ អោយ​កាន់​តែ​ប្រសើរ និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​។ ផ្ដល់​ការ​យល់​ដឹង​តាម​រយៈ ៖

  • វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​អំពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជាមួយ​មន្ត្រី​នគរបាល និង​មន្ត្រី​ក្រសួង​កិច្ចការ​នារី​ និង​អតីត​យុទ្ធជន​។
  • សិក្ខាសាលា​ស្ដី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត-ក្រុង​ ដើម្បី​កែ​ប្រែ​ទស្សនៈ​ថា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជា​បញ្ហា​សង្គម ដែល​គ្រប់​គ្នា​ចូល​រួម​ធ្វើ​អន្តរាគមន៍ និង​ផ្ដល់​សេវា​ផ្នែក​សុខភាព សុវត្ថិភាព និង​ផ្នែក​ច្បាប់​ដល់​ជន​រង​គ្រោះ​អោយ​កាន់​តែ​ប្រសើរ​ឡើង​។
  • ផ្ដល់​បាឋកថា​ ស្ដី​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​ដល់​បណ្ដា​និស្សិត​នៅ​សកល​វិទ្យាល័យ​សុខាភិបាល ភូមិន្ទ​នីតិសាស្ត្រ និង​ភូមិន្ទ​ភ្នំពេញ ដើម្បី​ពង្រីក​សីលធម៌​រស់​នៅ ​ដោយ​បង្រៀន​អោយ​ពួក​គេ​ចេះ និង​យល់​ពី​ការ​ទំនាក់​ទំនង​ប្រកប​ដោយ​អហិង្សា និង​សារៈ​សំខាន់​នៃ​ការ​កសាង​គ្រួសារ​ប្រកប​ដោយ​សុភមង្គល​។
  • បង្កើត​បណ្ដាញ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​ស្ម័គ្រ​ចិត្ត នៅ​តាម​សហគមន៍​ក្នុង​ខណ្ឌ​ដង្កោ នៅ​ក្នុង​សង្កាត់​ព្រៃ​ស សំរោង​ក្រោម និង​ភ្លើង​ឆេះ​រទេះ​។

៣. កម្មវិធី​ផ្ដល់​ព័ត៌មាន​ និង​គាំ​ទ្រ

ដើម្បី​សំរេច​បាន​នូវ​គោល​បំណង​របស់​កម្មវិធី និង​ស្រប​តាម​ទស្សនៈ​រួម​របស់​អង្គការ កម្មវិធី​ផ្ដល់​ព័ត៌មាន​ និង​គាំ​ទ្រ ផ្ដល់​នូវ​សេវាកម្ម​សង្គ្រោះ​ដូចតទៅ​ ៖

  • ផ្ដល់​សេវាកម្ម​ផ្ទាល់​ទៅ​អ្នក​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ តាម​រយៈ​ការ​គាំ​ទ្រ ​ផ្ដល់​ព័ត៌មាន ការ​ពិគ្រោះ​យោបល់​ និង​បញ្ជូន​ទៅ​កាន់​សេវា​ចាំបាច់ ​ព្រម​ទាំង​សម្រប​សម្រួល​កិច្ច​ប្រជុំ​រវាង​ស្ត្រី​រង​គ្រោះ​ ដែល​កំពុង​ដោះ​ស្រាយ​បញ្ហា និង​ស្ត្រី​រង​គ្រោះ​ដែល​បាន​ចាក​ពី​បញ្ហា​ហិង្សា​ក្នុង​គ្រួសារ ​ដើម្បី​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ ព្រម​ទាំង​ផ្ដល់​អោយ​ពួក​គេ​នូវ​ដំបូន្មាន​ល្អ​ៗ​ ទាក់​ទិន​ទៅ​នឹង​សុខភាព​ផ្លូវ​ចិត្ត ព្រម​ទាំង​បញ្ហា​ច្បាប់​។
  • ហ្វឹកហ្វឺន​ជំនាញ​ និង​បច្ចេកទេស ​ផ្ដល់​សេវាកម្ម​ជួយ​អ្នក​រង​គ្រោះ​។
  • ប្រជុំ​ភ្នាក់​ងារ​ផ្ដល់​សេវាកម្ម​ ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ​រវាង​សមាជិក​បណ្ដាញ​ តាម​រយៈ​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ បទពិសោធន៍ និង​ដំណោះ​ស្រាយ​នានា​។

៤. កម្មវិធី​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ

កម្មវិធី​ផ្សព្វផ្សាយ ​មាន​ទិស​ដៅ​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​ស្ដី​ពី​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ ដោយ​ធ្វើ​អោយ​សង្គម​ទាំង​មូល​ មាន​ការ​គិត​គូរ​ខ្ពស់​ជា​សាធារណៈ​។ ទិស​ដៅ​ទាំង​នេះ​ត្រូវ​បាន​បំពេញ​តាម​រយៈ ៖

  • ការ​ផ្សព្វផ្សាយ​តាម​សហគមន៍ ៖ មាន​គោល​បំណង​ផ្ដល់​ព័ត៌មាន​ ជំរុញ​អោយ​មាន​ការ​ផ្លាស់​ប្ដូរ​មតិ​យោបល់​ និង​ការ​ចែក​រំលែក​បទពិសោធន៍ ក្នុង​គោល​បំណង​បង្កើន​ការ​ចូល​រួម​ធ្វើ​អន្តរាគមន៍​ ពី​សំណាក់​រាជ​រដ្ឋាភិបាល​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ អាជ្ញាធរ​មូលដ្ឋាន សហគមន៍​។
  • ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ និង​ទូរទស្សន៍ ៖ នូវ​ឈុត​អប់រំ​ខ្លី​ និង​ការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​ទូរស័ព្ទ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រិយ​មិត្ត​អ្នក​ស្ដាប់​គ្រប់​មជ្ឈដ្ឋាន ដោយ​ធ្វើ​ការ​ពិភាក្សា​ និង​សំនួរ​ចំលើយ ​ដែល​ទាក់​ទង​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ​តាម​វិទ្យុ​។
  • សកម្មភាព​ចែក​ផ្ទាំង​រូបភាព​ក្នុង​ទិវា​បុណ្យ​ជាតិ និង​អន្តរជាតិ​។

៥. កម្មវិធី​បុរស​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ ៖

គោល​បំណង​នៃ​កម្មវិធី​នេះ​គឺ​ បុរស​នឹង​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​ត្រូវ​បាន​ផ្ដល់​ឱកាស​ស្មើ​ៗ​គ្នា​ ដើម្បី​ចូល​រួម​ក្នុង​បេសកកម្ម​កាត់​បន្ថយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ និង​ឈាន​ទៅ​លប់​បំបាត់​ទាំង​ស្រុង ​រាល់​ការ​រំលោភ​បំពាន​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ក្រុម​ពិភាក្សា​បុរស

  • ផ្ដល់​ការ​ពិភាក្សា​មួយ​ដង​ក្នុង​មួយ​ខែ​ ដែល​ទាក់​ទង​ទៅ​នឹង​ប្រធាន​បទ​មួយ​ចំនួន​ដូចជា ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ អ៊ិនដូឌ័រ សិទ្ធិ​ស្ត្រី ឥទ្ធិពល​នៃ​ការ​អនុវត្ត​ប្រពៃណី​វប្បធម៌ និង​ជំនឿ​លើ​តួ​នាទី​ភេទ​ ទស្សនៈ​អំពី​ភាព​ជា​បុរស ការ​គ្រប់​គ្រង​កំហឹង​ ផល​ប៉ះ​ពាល់​នៃ​ការ​ហូប​សុរា​ជា​ដើម​។ កម្មវិធី​បាន​រៀប​ចំ​ប្រារព្ធ​វេទិកា​សាធារណៈ​សំរាប់​យុវវ័យ​រៀង​រាល់​បួន​ខែ​ម្ដង​។

ក្រុម​ពិភាក្សា​ស្ត្រី

  • ផ្ដល់​ការ​ពិភាក្សា​ដែល​ទាក់​ទង​ទៅ​នឹង​របៀប​ចរចា ការ​ដោះស្រាយ​បញ្ហា ដើម្បី​គេច​ចេញ​ពី​គ្រោះ​ថ្នាក់​ដែល​បង្ក​មក​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ ពេល​ដែល​បុរស​បាន​កែ​ប្រែ​អាកប្បកិរិយា​ ស្ត្រី​ត្រូវ​លើក​ទឹក​ចិត្ត ដើម្បី​អោយ​បុរស​បន្ត​ធ្វើ​ល្អ​ទៅ​មុខ​ទៀត​។

ស្ថាប័ន​ពាក់​ព័ន្ធ

  • ជា​អ្នក​អនុវត្ត​សកម្មភាព​ផ្ទាល់​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​ជួយ​ធ្វើ​ការ​អប់រំ​ អន្តរាគមន៍​លើ​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​។ ក្រុម​នេះ​តែង​តែ​ប្រជុំ​រៀង​រាល់​ខែ​ ក្នុង​គោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។

ព័ត៌មាន​ផ្សេងៗ​ សូម​ទាក់​ទង​អង្គការ​ប្រឆាំង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​

តាម​រយៈ​ទូរស័ព្ទ ៖ (០២៣) ៧២១ ៦៥៤
ប្រអប់​សំបុត្រ​លេខ ៖ ២៤៥៩ ភ្នំពេញ ៣

 

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ ហ៊ី ចាន់ហាន  កាល​បរិច្ឆេទ៖ Sat 11 Aug 2007