គណៈអធិបតី និងអ្នកចូលរួមក្នុងវេទិកាសាធារណៈ នៅខេត្តបាត់ដំបង (រួបថត ក្រញូង)បាត់ដំបង៖ នៅសាលប្រជុំសណ្ឋាគារស្ព្រីផាក កាលពីព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០០៧ មានរៀបចំវេទិកាសាធារណៈ ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមក្រោមប្រធានបទ «ការទាញយកធនធានធម្មជាតិនិងផលប៉ះពាល់» ក្រោមអធិបតីភាពលោកស៊ុន ហេង អភិបាលរងខេត្តដែលមានការចូលរួមពីតំណាងអាជ្ញាធរខេត្តពោធិ៍សាត់ ក្រុងប៉ៃលិន ព្រមទាំងព្រះសង្ឃ អង្គការសង្គមស៊ីវិល និងលោកគ្រូ អ្នកគ្រូ សិស្សនិស្សិតជាច្រើននាក់ទៀត ។
លោកស៊ុន ហេង អភិបាលរងខេត្តតំណាងឲ្យលោកប្រាជ្ញ ចន្ទ អភិបាលខេត្ត មានប្រសាសន៍បើកកម្មវិធីវេទិកាសាធារណៈ ដោយសម្ដែងនៅអំណរគុណចំពោះសង្គមស៊ីវិល ជាពិសេសមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមដែលបានរៀបចំវេទិកានេះឡើងដើម្បីចែករំលែកនូវចំណេះដឹង ក៏ដូចគ្នានឹងការជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋទូទៅបានស្វែងយល់ និងចូលរួមនៅក្នុងការអភិវឌ្ឍន៍ជាតិរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីរកការរីកចម្រើនទៅអនាគត ។ លោកអភិបាលរងខេត្តបានបន្តថា ប្រធានបទ «ការទាញយកធនធានធម្មជាតិនិងផលប៉ះពាល់» បានលើកយកមកធ្វើការរៀនសូត្រដកបទពិសោធន៍គ្នាទៅវិញទៅមកនៅថ្ងៃនេះគឺស្របពេលដែលរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយបានដាក់បញ្ចូលការគ្រប់គ្រង និងកំណែទម្រង់ធនធានធម្មជាតិនេះទៅក្នុងកំណែទម្រង់រដ្ឋបាលដើម្បីអភិវឌ្ឍន៍ជាតិ ។
លោកស៊ុន ហេង បានបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិ ហើយធនធានទាំងនេះគឺជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទាំងអស់គ្នា ។ ហេតុនេះប្រជាជនកម្ពុជាមានសិទ្ធិដឹងឮ ការពារគ្រប់គ្រង និងទទួលផលប្រយោជន៍ពីធនធានធម្មជាតិទាំងនេះស្មើៗគ្នា ។ ធនធានធម្មជាតិមានដូចជា ព្រៃឈើ ដី ខ្យល់ ទឹក បឹង ទន្លេ ភ្នំ ទង់ដែង ប្រាក់ ត្បូងពេជ្រ រ៉ែមាស រ៉ែដែក ថ្មកំបោរ ផូស្វាត ស្ពាន់ធ័រ សំណ ប្រេងកាត ឧស្ម័នបុកស៊ីតជាដើម ។
តាមការស្រាវជ្រាវកាលពីឆ្នាំ១៩៦២ បានឲ្យដឹងថា រ៉ែក្នុងប្រទេសកម្ពុជាត្រូវបានគេចែកជា៥មណ្ឌល ១-មណ្ឌលប៉ៃលិន នៅក្រុងប៉ៃលិនមានកំណប់ត្បូងទទឹមនិងកណ្ដៀង ។ ២-មណ្ឌលបរកែវនៅខេត្តរតនគីរី មានកំណប់ត្បូងនិងមាស ។ ៣-មណ្ឌលកំពង់ធំ នៅខេត្តកំពង់ធំ មានរ៉ែដែក(ភ្នំដែក) មាស និងសំណប៉ាហាំង ។ ៤-មណ្ឌលកំពតនិងបាត់ដំបង មានថ្មកំបោរនិងផូស្វាត និង៥-មណ្ឌលពោធិ៍សាត់ មានថ្មកែវ(ភ្នំតាសាយ) សម្រាប់រចនាវត្ថុសិល្បៈនានា ហើយធនធានមួយទៀតដែលគួរឲ្យភ្ញាក់ផ្អើលគឺប្រទេសកម្ពុជាអាចទទួលចំណូលពីធនធានប្រេងកាតនៅឆ្នាំ២០១០ ហើយរោងចក្រនឹងត្រូវបានគេសាងសង់នៅក្រុងព្រះសីហនុដើម្បីចម្រាញ់យកប្រេងនៅឆ្នាំ២០១០នេះ ។ ជាងនេះទៅទៀតរ៉ែដែកក៏ត្រូវបានស្រាវជ្រាវរកឃើញនៅខេត្តព្រះវិហារ ប្រមាណ៣០០លានតោន ។ ក្រៅពីនេះនៅមានរ៉ែបុកស៊ីតនិងឧស្ម័ននៅខេត្តភាគឦសានដែលត្រូវបានគេកំពុងសិក្សា និងអាចធ្វើការទាញយកមកប្រើប្រាស់ពេលឆាប់ៗខាងមុខនេះ ។
លោកអ៊ឹម សុភា ជំនួយការនាយិកាប្រតិបត្តិមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមបានធ្វើបទបង្ហាញថា ការប្រកាសរកឃើញអណ្ដូងប្រេងកាតនៅបាតសមុទ្រនៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីក្រុងព្រះសីហនុដោយក្រុមហ៊ុនឆេវរ៉ុនរបស់អាមេរិកបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសផលិតប្រេងថ្មីមួយ ដែលតាមការប៉ានស្មានអាចមានពី៤០០ទៅ៧០០លានបារ៉ែល ហើយឧស្ម័ននៅប្លុកអាមានប្រមាណ៣,៥ពាន់លានម៉ែត្រគូប ដែលមានក្រុមហ៊ុន៣កំពុងរុករកមានក្រុមហ៊ុនឆេវរ៉ុន (អាមេរិក) ក្រុមហ៊ុនរបស់ជប៉ុន និងក្រុមហ៊ុនរបស់កូរ៉េខាងត្បូង ។ នៅប្លុកបេមានក្រុមហ៊ុនសិង្ហបុរី ក្រុមហ៊ុនអូស្ត្រាលី និងក្រុមហ៊ុនថៃ ក្នុងក្រុមហ៊ុននីមួយៗមានចំណែក៣០ភាគរយ ។ នៅប្លុកសេ មានក្រុមហ៊ុនសិង្ហបុរី ប្លុកដេ មានក្រុមហ៊ុនរបស់ចិន ប្លុកអឺមានក្រុមហ៊ុនជប៉ុន៦០ភាគរយ គុយវ៉ែត៣០ភាគរយ ក្រុមហ៊ុន Petrolum ១០ភាគរយ ។ ហើយនៅប្លុកអេហ្វស្ថិតក្នុងការចរចា។ នៅប្លុកអាដល់ប្លុកអឺ គឺទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលឲ្យរុករកប្រេងនិងឧស្ម័នរួចហើយ ។
លោកអ៊ឹម សុភាបន្តថា នៅលើទឹកដីខេត្តបាត់ដំបង ឧត្ដរមានជ័យមានប្លុក១២និង១៣ ដែលក្រុមហ៊ុនចិនកំពុងរុករករ៉ែ ។ នៅភូមិភាគឦសានមានក្រុមហ៊ុន Total របស់បារាំងកំពុងរុករករ៉ែក្នុងដីមានដូចជាខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ...។ លោកជំនួយការប្រតិបត្តិបានបញ្ជាក់ថា នៅប្រទេសជាច្រើនដែលមានធនធានធម្មជាតិ ដូចជាប្រេងកាត ឧស្ម័ន រ៉ែ តែនៅតែក្រីក្រ មានតែប្រទេសន័រវេស មួយទេដែលមានធនធានធម្មជាតិហើយក្លាយជាប្រទេសអ្នកមាន ។ ការលើកនេះ គឺដើម្បីឲ្យរដ្ឋាភិបាលគិតគូរចំពោះការគ្រប់គ្រងការចំណូលនិងចំណាយឲ្យបានល្អ កុំឲ្យដើរតាមផ្លូវប្រទេសដទៃកំពុងអនុវត្ត ។
នៅក្នុងវេទិកាសាធារណៈនេះ ក៏មានវាគ្មិនជាច្រើនបានលើកឡើងជាសំណួរចម្លើយ និងលើកសំណូមពរដល់រដ្ឋាភិបាលឲ្យយកចិត្តទុកដាក់គ្រប់គ្រងធនធានធម្មជាតិដែលមាននៅបាតសមុទ្រនិងនៅលើដីគោកឲ្យបានល្អ ដើម្បីធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍ឈានឡើង ដូចអារ្យប្រទេសដទៃទៀតចៀសវាងផលប៉ះពាល់ដែលប្រទេសផ្សេងទៀតធ្លាប់ជួបប្រទះកន្លងមក ៕

