ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

អង្គការ​ UPWD​ រៀបចំ​វេទិកា​ស្ដី​ពី​ សុខភាព​ស្ត្រី​ និង​អំពើ​ហិង្សា

ទិដ្ឋភាព​ក្នុង​វេទិកានៅ​សាលា​គរុកោសល្យ​មត្តេយ្យ​មជ្ឈឹមរាជធានី​ភ្នំពេញ​ ៖​ បុរស​ស្ត្រី​ចំនួន​ជាង​១០០​នាក់​ មក​ពី​ប្រទេស​សហគមន៍​ចំនួន​១៥​របស់​អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ ក្នុង​ទីក្រុង​ បាន​ចូលរួម​ក្នុង​វេទិកា​ស្ដី​ពី​សុខភាព​ស្ត្រី​ និង​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២​ វិច្ឆិកា​ នៅ​សាលា​គរុកោសល្យ​មត្តេយ្យ​មជ្ឈិម​ដែល​ពិធី​នេះ​បាន​រៀបចំ​ឡើង​ដោយ​អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ហៅ​កាត់​ថា​ UPWD​ ។

អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ (UPWD)​ គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​ ដែល​បាន​ធ្វើ​សកម្មភាព​ផ្ដោត​ទៅ​លើ​ការ​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ ដែល​រស់នៅ​ក្នុង​តំបន់​ក្រីក្រ​ក្នុង​ទីក្រុង​ភ្នំពេញ។

អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ គឺ​ជា​អង្គការ​មួយ​ដែល​ធ្វើ​ការ​មិន​រក​កម្រៃ​ និង​មិន​ពាក់ព័ន្ធ​ទៅ​នឹង​នយោបាយ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៩៧​ ហើយ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រសួង​មហាផ្ទៃ​ ។​ជា​អង្គការ​មួយ​ដែល​មាន​ការ​រៀបចំ​ និង​ទទួល​ខុសត្រូវ​ ដើម្បី​ទាមទារ​ និង​រក្សា​នូវ​សិទ្ធិ​ក្នុង​ការ​រស់នៅ​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​ ។

កាល​ពី​ឆ្នាំ​២០០៦​ កន្លង​មក​នេះ​ អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​បាន​អនុវត្ត​គម្រោង​នីមួយៗ​ទទួល​បាន​ជោគជ័យ​ធ្វើ​ឲ្យ​សហគមន៍​មាន​ឱកាស​ក្នុង​ការ​ពង្រីក​ និង​ពង្រឹង​នូវ​ចំណេះ​ដឹង​ជា​មូលដ្ឋាន​ ដើម្បី​ឲ្យ​ពួកគាត់​ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​សេចក្ដី​ថ្លៃ​ថ្នូរ​ ដូចជា​សិទ្ធិ​ស្ត្រី​សិទ្ធិ​ទទួល​បាន​ចំណី​អាហារ​គ្រប់គ្រាន់​ សិទ្ធិ​ទទួល​បាន​នូវ​ការ​អប់រំ​ សិទ្ធិ​ទទួល​បាន​នូវ​ការ​ថែទាំ​គាំពារ​ អ្នក​ផ្ទុក​មេរោគ​អេដស៍​ និង​ជំងឺ​អេដស៍​ ។

គោល​ដៅ​ចម្បង​របស់​អង្គការ​អភិវឌ្ឍន៍​ស្ត្រី​ក្រីក្រ​ក្នុង​ទីក្រុង​ គឺ​លើក​កម្ពស់​សមត្ថភាព​ស្ត្រី​ជា​រួម​ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​ និង​តម្រង់​ទិស​ដៅ​អភិវឌ្ឍន៍​តំបន់​អ្នក​ក្រីក្រ​ និង​ការ​អភិវឌ្ឍន៍​គេហដ្ឋាន​ រចនា​សម្ព័ន្ធ​នៃ​តំបន់​អ្នក​ក្រីក្រ​ក្នុង​ទីក្រុង​ ។​ ក្រៅ​ពី​នេះ​អង្គការ​មាន​បេសកកម្ម​សម្របសម្រួល​ ក្រុម​គោលដៅ​អ្នក​ក្រីក្រ​ក្នុង​ទីក្រុង​ ពិសេស​ស្ត្រី​ និង​យុវជន​ដើម្បី​ឆ្ពោះ​ទៅ​រក​អង្គការ​ប្រជាជន​មួយ​ ដែល​មាន​និរន្តរភាព​ និង​ឯករាជ្យ​សំដៅ​លើក​កម្ពស់​ការ​ចិញ្ចឹម​ជីវិត​ សន្តិសុខ​ និង​ចូលរួម​នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍន៍​៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ច័ន្ទ 05 Nov 2007