តាមនិយមន័យដែលផ្ដល់ឱ្យដោយសេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិស្ដីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី សំដៅលើសកម្មភាពទាំងឡាយណាដែលនាំឱ្យមាន ឬក៏ទំនងជានាំឱ្យមានសេចក្ដីអន្តរាយលើរូបរាងកាយ ផ្លូវភេទ ផ្លូវចិត្ត ឬខាងសេដ្ឋកិច្ច ឬក៏ការរងទុក្ខទោសដែលទាក់ទងទៅនឹងយេនឌ័រនៃបុគ្គលណាមួយ។
តាមធម្មតាគឺសំដៅលើស្ត្រីនិងក្មេងស្រី តែក៏អាចជាអំពើហិង្សាទៅលើបុរសឬស្ត្រីដែលស្រឡាញ់ភេទដូចគ្នាដែរ។ អំពើហិង្សានោះរួមមាន ការគំរាមកំហែង ការបង្ខិតបង្ខំ ការដកហូតសេរីភាព ការដកសិទ្ធិក្នុងការធ្វើការងារដើម្បីចិញ្ចឹមជីវិត ការរំលោភផ្លូវភេទ និងផ្លូវចិត្ត ការលបចាប់ ឬក៏បែបផែនណាមួយនៃការបៀតបៀនរំខាន ទោះបីកើតឡើងក្នុងជីវិតឯកជន ឬសាធារណៈក៏ដោយ។
សេចក្ដីប្រកាសបន្តទៀតថា អំពើហិង្សាលើស្ត្រីរួមបញ្ចូលទាំង "អំពើហិង្សាលើរាងកាយ អំពើហិង្សាផ្លូវភេទ និងអំពើហិង្សាខាងផ្លូវចិត្ត ដែលកើតមានឡើងនៅក្នុងគ្រួសារនិងនៅក្នុងសហគមន៍ទាំងមូល រាប់បញ្ចូលទាំងការវាយដំ ការរំលោភផ្លូវភេទលើក្មេងស្រី ការរំលោភក្នុងចំណងអាពាហ៍ពិពាហ៍ ការបៀតបៀនកេរខ្មាសស្ត្រី និងការអនុវត្តតាមប្រពៃណី ដែលផ្ដល់ទុក្ខទោសចំពោះស្ត្រី អំពើហិង្សាក្រៅពីប្ដីប្រពន្ធ និងអំពើហិង្សាទាក់ទងនឹងការកេងប្រវ័ញ្ច ការបៀតបៀនរំខានផ្លូវភេទ និងការបំភិតបំភ័យនៅក្នុងការងារនៅក្នុងគ្រឹះស្ថានអប់រំ និងទីកន្លែងដទៃទៀត ការជួញដូរស្ត្រី ពេស្យាកម្មដោយបង្ខំ និងអំពើហិង្សា ដែលប្រព្រឹត្តិ ឬបើកដៃឱ្យប្រព្រឹត្តដោយរដ្ឋ"។





