ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

យេនឌ័រ និង​ ភេទ

យេនឌ័រ គឺ​សំដៅ​យក​តួ​នាទី​ ឥរិយាបថ និង​គុណ​តម្លៃ​នានា ដែល​វប្បធម៌​ និង​សង្គម​ដាក់​កំណត់​ឱ្យ​បុរស​និង​ស្ត្រី​អនុវត្ត​ដោយ​ឡែក​ពី​គ្នា​។ តួ​នាទី​ ឥរិយាបថ និង​គុណ​តម្លៃ​ ទាំង​នេះ​ត្រូវ​បាន​បង្កើត​ឡើង​និង​ថែរក្សា​ដោយ​ស្ថាប័ន​សង្គម​នានា​ ដូចជា គ្រួសារ​ រដ្ឋាភិបាល សហគមន៍ សាលារៀន វត្ត​អារាម និង​សារព័ត៌មាន​។ គឺ​ដោយ​សារ​យេនឌ័រ​នេះ​ហើយ ទើប​បាន​ជា​តួ​នាទី​និង​លក្ខណៈ​សំគាល់​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ឡើង​ផ្សេង​ពី​គ្នា និង​តឹង​រ៉ឹង​សម្រាប់​បុរស​និង​ស្ត្រី​។ យេនឌ័រ​អាច​កែ​ប្រែ​បាន តែ​ភេទ​មិន​អាច​កែ​ប្រែ​បាន​ទេ​។

ឥឡូវ​នេះ​ស័ព្ទ យេនឌ័រ ត្រូវ​បាន​គេ​បំលែង​ន័យ​ដំបូង​របស់​វា​ដែល​ប្រើ​ប្រាស់​ក្នុង​វេយ្យាករណ៍​សម្រាប់​បញ្ជាក់​នាម​ថា​ជា បុំលិង្គ (​ភេទ​ប្រុស​) ឥត្ថី​លិង្គ (​ភេទ​ស្រី​) នបុំសកលិង្គ (​អភេទ​) ឱ្យ​ទៅ​ជា​ន័យ​ថ្មី​។ សង្គមវិទូ​ប្រើ​ពាក្យ​នេះ​សំដៅ​យក​តួ​នាទី​របស់​បុរស​និង​ស្ត្រី ឥរិយាបថ គុណ​តម្លៃ​​ដែល​សង្គម​បាន​កំណត់​ ហើយ​ដែល​សហគមន៍​និង​សង្គម​អះ​អាង​ថា​សម​ស្រប​សម្រាប់​ភេទ​និមួយៗ​។

ភេទ គឺ​សំដៅ​ទៅ​លើ​ភាព​ខុស​គ្នា​តាម​ធម្មជាតិ​ខាង​លក្ខណៈ​ជីវសាស្ត្រ ដែល​កំណត់​មនុស្ស​ណា​មួយ​បាន​ថា​ ជា​បុរសឬ​ជា​ស្ត្រី​។ ភេទ​គឺ​សំដៅ​យក​លក្ខណៈ​រូប​រាង​កាយ​របស់​មនុស្ស​ម្នាក់​ៗ មុខ​មាត់ ភិន​ភាគ ប្រដាប់​ភេទ អ័រម៉ូន សែន ក្រូម៉ូសូម និង​សរីរាង្គ​បន្ត​ពូជ​។