ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
វិបផតថល​ស្តី​អំពី​ស្ត្រី​ គឺ​ជា​បណ្តុំ​ព័ត៌មាន​អំពី​ច្បាប់​ សិទ្ធិ យេនឌ័រ​ និង​ឯកសារ​ជាច្រើន​ទៀត​ទាក់​ទង​នឹងការអភិវឌ្ឍន៍
 

ឈឺ​ពោះ​ឆ្លង​ទន្លេ​ស្លាប់​ទាំង​ម្ដាយ​ និង​កូន​ពេទ្យ​ជួយ​មិន​ទាន់

Send to friendកំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

រាជធានី​ភ្នំពេញ៖ ស្ត្រី​មាន​ផ្ទៃ​ពោះ​គ្រប់​ខែ​ម្នាក់​បាន​ឈឺ​ពោះ​ឆ្លង​ទន្លេ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ទាំង​ម្ដាយ​ និង​កូន​ក្នុង​ពោះ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក​ កាល​ពី​វេលា​ម៉ោង​៣​និង​​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧​មិថុនា។ មរណភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​​ និង​សាច់ញាតិ​នៃ​សព​មាន​ប្រតិកម្ម​ និង​បាន​ចាត់​ទុក​ថា​ ជា​ការ​ធ្វេសប្រហែស​របស់​គ្រូពេទ្យ​ ដែល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​ស្ត្រី​​និង​កូន​ក្នុង​ផ្ទៃ​ដោយ​ទុក​ចោល​រហូត​ដល់​ឈឺ​ពោះ​ប្រកាច់​បែក​ពពុះ​មាត់​ស្លាប់​នៅ​លើ​គ្រែ​យ៉ាង​អាណោចអាធ័ម។

ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​ឲ្យ​ដឹង​ថា​ ឈ្មោះ​ អ៊ុយ​ រស្មី​ អាយុ​៤១​ឆ្នាំ​ ជា​អាជីវករ​លក់​សាច់​ជ្រូក​នៅ​ផ្សារ​ដើម​គរ​ មាន​ទី​លំ​នៅ​ផ្ទះ​លេខ​១៧០​ ផ្លូវ​លេខ​៣៣៦​ សង្កាត់​បឹងសាឡាង​ ខណ្ឌ​ទួលគោក។ តាម​បុរស​ម្នាក់​ឈ្មោះ​ សាន់​ ធឿន​ អាយុ​៣១​ឆ្នាំ​ ត្រូវ​ជា​ប្ដី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹង​ថា​ ប្រពន្ធ​របស់​គាត់​បាន​ឈឺ​ពោះ​ឆ្លង​ទន្លេ​នៅ​វេលា​ម៉ោង​១១​ព្រឹក​​ថ្ងៃ​ទី​២៦​ មិថុនា​ ហើយ​ត្រូវ​រូប​គាត់​នាំ​យក​ទៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​ និង​ទារក​ដើម្បី​សម្រាល។ នៅ​ពេល​​ទៅ​ដល់​មន្ទីរពេទ្យ​ រូប​គាត់​បាន​បង់​ប្រាក់​​ថ្លៃ​សម្រាល​កូន​ចំនួន​៣១​ម៉ឺន​រៀល​ ហើយ​ប្រពន្ធ​គាត់​ត្រូវ​គេ​​ដាក់​នៅ​លើ​គ្រែ​សម្រាល​ ដោយ​នាង​ចេះ​តែ​ឈឺ​ពោះ​ខ្លាំង​ឡើងៗ។ ដោយសារ​តែ​ឈឺ​ពោះ​ខ្លាំង​ពេក​ប្រពន្ធ​​របស់​គាត់​ និង​រូប​គាត់​​បាន​សម្រេច​ចិត្ត​ឲ្យ​គ្រូ​ពេទ្យ​ធ្វើ​ការ​វះកាត់​ដើម្បី​សម្រាល​កូន​ តែ​គ្រូ​ពេទ្យ​និយាយ​ថា​ មិន​អ្វី​ទេ​​ទុក​ឲ្យ​កើត​តាម​សម្រួល​ទៅ​ព្រោះ​កូន​ក្នុង​ផ្ទៃ​​នោះ​តូច​ទេ។ បុរស​ជា​ប្ដី​បាន​បន្ត​ទៀត​ថា​ ដោយសារ​តែ​ប្រពន្ធ​​ឈឺ​ពោះ​ខ្លាំង​ពេក​​រូប​គាត់​ចេះ​តែ​​តឿន​គ្រូពេទ្យ​តែ​គ្រូពេទ្យ​ចេះ​តែ​ថា​​មិន​អី​ទេ​ ហើយ​គិត​តែ​​​ពី​ដាក់​សេរ៉ូម​ និង​ចាក់​ថ្នាំ​រហូត​ដល់​វេលា​​ម៉ោង​៣​និង​៣០​នាទី​រំលង​អធ្រាត្រ​ប្រពន្ធ​របស់​គាត់​បាន​ឈឺ​ពោះ​រហូត​​បែក​ពពុះ​មាត់​ស្លាប់​តែ​ម្ដង។

បុរស​ជា​ប្ដី​បាន​បន្ត​ទៀត​ថា​ នៅ​ពេល​ប្រពន្ធ​គាត់​ស្លាប់​ គ្រូ​ពេទ្យ​មិន​បាន​ជួយ​សង្គ្រោះ​កូន​ក្នុង​ផ្ទៃ​ទេ​គឺ​ទុក​ឲ្យ​កូន​នោះ​ស្លាប់​ទៀត។ បុរស​រូប​នោះ​បាន​មាន​ប្រតិកម្ម​ថា​ នេះ​ជា​ការ​ធ្វេសប្រហែស​ និង​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ជួយ​សង្គ្រោះ​​អ្នក​ជំងឺ​ពី​សំណាក់​គ្រូ​ពេទ្យ​ ទើប​បង្ក​ឲ្យ​ប្រពន្ធ​ និង​កូន​ស្រី​របស់​គាត់​ក្នុង​ផ្ទៃ​ក្នុង​ស្លាប់​បែប​នេះ។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា​ ស្ត្រី​រងគ្រោះ​មាន​កូន​ពីរ​នាក់​ ហើយ​កូន​ក្នុង​ផ្ទៃ​ជា​កូន​ទី​៣។ មុន​ពេល​ឆ្លង​ទន្លេ​ស្ត្រី​រូប​នោះ​បាន​ទៅ​មណ្ឌល​សុខភាព​​ត្រឹមត្រូវ​ ហើយ​​ដល់​ថ្ងៃ​ឆ្លង​ទន្លេ​ក៏​ទៅ​មន្ទីរពេទ្យ​ត្រឹមត្រូវ​ទៀត​តែ​បែរ​ជា​ឈឺ​ពោះ​រហូត​ដល់​ស្លាប់​នៅ​មន្ទីរពេទ្យ​យ៉ាង​អាណោចអាធ័ម​ទៅ​វិញ។ សព​ស្ត្រី​រងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ព្រះពុទ្ធ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី។ ទោះ​បី​ជា​យ៉ាង​ណា​កោះសន្តិភាព​ពុំ​ទាន់​ទទួល​បាន​ការ​បំភ្លឺ​ណា​មួយ​ពី​មន្ទីរពេទ្យ​នៅ​ឡើយ​ទេ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​គ្រួសារ​ស្ត្រី​ដែល​ស្លាប់​នេះ៕

ចែក​រំលែក​អត្ថបទ​ដោយ​ប្រើ​ del.icio.us digg
 
ស្នើដោយ៖ ចាន់នីម  កាល​បរិច្ឆេទ៖ អង្គារ 30 Jun 2009