ភ្នំពេញ៖ ការស្លាប់របស់មាតានៅតែជាកង្វល់ដ៏ធំមួយរបស់ក្រសួងសុខាភិបាលដែលអត្រាស្លាប់មាន៤៧២លើ១០ម៉ឺនកំណើតរស់។ ការស្លាប់ភាគច្រើន គឺដោយសារការរំលូតកូនគ្មានសុវត្ថិភាព។
លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា តាមរបាយការណ៍របស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក និងកម្ពុជាបានបង្ហាញថា ការស្លាប់របស់មាតាភាគច្រើនបំផុត គឺដោយសារផលវិបាកនៃការសម្រាលកូនមិនមានសុវត្ថិភាព ឬមូលហេតុផ្ទាល់នៃការសម្រាល។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក (WHO) ឆ្នាំ២០០៥ បាននិយាយថា នៅលើពិភពលោកស្ត្រីស្លាប់ ដោយសារការរំលូតកូនដោយគ្មានសុវត្ថិភាពមាន៦៨០០០នាក់ជារៀងរាល់ឆ្នាំ ឬ១៣ភាគរយ នៃការស្លាប់របស់មាតា ហើយបើធ្វើការប្រៀបធៀបមកកម្ពុជាមានកម្រិតខ្ពស់ជាងនេះ។
លោកស្រីសាស្ត្រាចារ្យ តាន់ វួចឆេង បានបន្តថា តាមការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅកម្ពុជាកាលពីឆ្នាំ២០០៥ ស្ត្រីកម្ពុជាបានស្លាប់ ដោយសារការសម្រាលមាន៤៧២លើ១០ម៉ឺនកំណើតរស់ កើនឡើងពី៤៣៧នៃការអង្កេតឆ្នាំ២០០០កន្លងមក។
លោកស្រីបន្តថា បញ្ហាប្រឈមមុខគ្រោះថ្នាក់នៃការឆ្លងរោគ ព្រមទាំងការស្លាប់ដ៏ធ្ងន់ធ្ងរបំផុតរបស់ស្ត្រីខ្មែរប្រសិនបើស្ត្រីចង់រំលូតកូន ហើយទៅរកគ្រូពេទ្យដែលមិនបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ស្ត្រីកម្ពុជាតែងតែគិតថា ការរំលូតកូនគឺជាបញ្ហាដែលត្រូវលាក់កំបាំង ហើយសង្គមមិនគាំទ្រដល់បញ្ហានេះឡើយ ដូច្នេះការយករបាយការណ៍ពីការរំលូតកូនជាករលំបាកបំផុត។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គុំ កាណាល់ នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកបានមានប្រសាសន៍ថា មូលហេតុចម្បងនៃការស្លាប់របស់មាតា គឺការបង្ករោគ និងសម្រាលជាមួយឆ្មបមិនមានការបណ្ដុះបណ្ដាលត្រឹមត្រូវ។ ក្រៅពីនេះការធ្លាក់ឈាមពេលសម្រាល ក្រឡាភ្លើងសុទ្ធតែជាមូលហេតុនៃការស្លាប់របស់ស្ត្រី។
លោកបន្តថា នៅកម្ពុជាការសម្រាលកូនដោយឆ្មបបុរាណមានប្រមាណពី៤០ទៅ៥០ភាគរយ ដែលភាគច្រើននៅតំបន់ជនបទ។
កង្វះខាតឆ្មបនៅតាមមណ្ឌលសុខភាពក៏ជាបញ្ហាមួយផងដែរ នៃភាពធ្ងន់ធ្ងរលើការស្លាប់របស់ស្ត្រីជាមាតា។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ការងារអាទិភាពសម្រាប់វិស័យសុខាភិបាលនៅអាណត្តិទី៤នេះ គឺការដាក់ពង្រាយឆ្មបឲ្យគ្រប់មណ្ឌលសុខភាពដើម្បីកាត់បន្ថយអត្រាមរណៈរបស់មាតា និងកុមារឲ្យបានកាន់តែប្រសើរឡើងថែមទៀត៕




