កិច្ចប្រជុំរវាង គ.ជ.ប ជាមយយគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល (រូបថត ៖ មុនីរ័ត្ន)ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោកទេពនីថា បានមានប្រសាសន៍ថា ថវិកាសម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ២០១៣ដែលមានទាំងការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតមានចំនួនជាង២០លានដុល្លារសហរដ្ឋអាមេរិក។ ការថ្លែងបែបនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១២ ក្នុងកិច្ចប្រជុំរវាងគណៈកម្មាធិការមិនមែនរដ្ឋាភិបាលដើម្បីផ្សព្វផ្សាយការប្រព្រឹត្តទៅនិងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត។
លោកទេព នីថា បានបន្តថាតាមចំនួនប្រជាពលរដ្ឋប៉ានស្មានដែលត្រូវបោះឆ្នោតគណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវចំណាយក្នុងម្នាក់ចំនួន២,១៤ដុល្លារ ហើយបើប្រៀបធៀបការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំនេះនិងឆ្នាំ២០១១កន្លងទៅនៅឆ្នាំនេះត្រូវចំណាយលើសប្រហែលជិតមួយលានដុល្លារអាមេរិក។ ដោយលោកបានបញ្ជាក់ «ក្នុងការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត បើប្រៀបធៀបការចំណាយជាមួយប្រទេសផ្សេងៗយើងមានការសន្សំសចៃខ្លាំងណាស់ព្រោះថា ដើម្បីថែរក្សាឈ្មោះមួយក្នុងបញ្ជីបោះឆ្នោតក្នុងមួយឆ្នាំដែលមិនមានការបោះឆ្នោត យើងចំណាយប្រហែលជាលុយតែ៦រយរៀលលុយខ្មែរទេហើយបើឆ្នាំមានការបោះឆ្នោតយើងចំណាយប្រហែល១.៧០០ទៅ១.៨០០រៀលទេ អ៊ីចឹងអត់បានកន្លះដុល្លារសម្រាប់មនុស្សម្នាក់»។
ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតគឺចាប់ពីផ្ដើមពីថ្ងៃទី១ខែកញ្ញាដល់ថ្ងៃទី១២ខែតុលាឆ្នាំ២០១២ ដែលមានរយៈពេល៤២ថ្ងៃ។ ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២គឺជាការកសាងបញ្ជីបោះឆ្នោតមួយសម្រាប់បម្រើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៥ នាថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។
សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានប្រកាសពីលទ្ធផលបណ្ដោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១២ ប្រជាពលរដ្ឋបានមកចុះឈ្មោះបោះឆ្នោតចំនួន១០១.២៦៧នាក់ស្មើនិង១៦.៣៤ភាគរយ ដែលតួលេខនេះ បានទទួលពីឃុំ សង្កាត់ចំនួន១.៥៧២ ក្នុងចំណោមមេឃុំ សង្កាត់ ចំនួន១.៦៣៣ ទូទាំងប្រទេស។ ស្មៀនឃុំ សង្កាត់បានកែតម្រូវឈ្មោះអ្នកបោះឆ្នោតបានចំនួន៨.៦៦០នាក់ និងលុបឈ្មោះបានចំនួន៣០.៤៧៥នាក់។ ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតមានរយៈពេល៤២ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១២ខែតុលាឆ្នាំ២០១២៕






