ចាប់តាំងពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១២មក អង្គការចិត្តសាស្ត្រគ្មានព្រំដែន(PSF-ONGD)ដែលមានក្រុមការងារ សង្គមផ្លូវចិត្តចល័ត បានចាប់ផ្ដើមធ្វើការងារអន្តរាគមន៍ ក្នុងគោលបំណងដើម្បីគាំទ្រដល់ស្ត្រីដែលកំពុងរស់នៅជាមួយនិងស្ថានភាពនៃអំពើហិង្សានៅក្នុងគ្រួសារក្នុងស្រុកចំនួនប្រាំ(បរកែវ, អូយ៉ាដាវ, អណ្តូងមាស,តាវែង, វ៉ឺនសៃ)នៃខេត្តរតនគិរី ។
ក្រោយពីការប្រជុំរវាងក្រុមការងារបច្ចេកទេសសង្គមផ្លូវចិត្តនៅរាជធានីកាលពីខែធ្នូ ឆ្នាំ២០១១ ជាមួយក្រុមពាក់ព័ន្ធមកពីស្ថាប័នៗគ្នា ។ អង្គការចិត្តសាស្ត្រគ្មានព្រំដែន(PSF-ONGD)បានបង្កើតចេញនូវវិធីសាស្ត្ររបស់ខ្លួនស្របទៅតាមស្មារតីរបស់អង្គប្រជុំដែលសម្រេច ។ ក្រុមការងារសង្គមផ្លូវចិត្តចល័តដោយរួមមានអ្នកចិត្តវិទ្យាម្នាក់ និងអ្នកធ្វើការងារសង្គមម្នាក់ រួមជាមួយអ្នកបកប្រែភាសាតំបន់ផងដែរ បានធ្វើកិច្ចអន្តរាគមន៍ផ្សេងៗគ្នាជាមួយនិងបុរស ស្ត្រីក្នុងគោលបំណងដើម្បីជួយគាំទ្រដល់ជនរងគ្រោះនៃអំពើហិង្សានៅក្នុងគ្រួសារដោយប្រើប្រាស់យុទ្ធសាស្ត្រសង្គមផ្លូវចិត្តនៃការចូលរួមរបស់សហគមន៍ទាំងមូលតាមបរិបទប្រពៃណីវប្បធម៌របស់បងប្អូនជនជាតិដើមភាគតិច(ទំពួន, ច្រាយ, កាចក់, ភ្នង, គ្រឹង, ព្រៅ,លុន, កាវែងនិងឡាវ) ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ។
វិធីសាស្ត្រក្នុងការជួយគាំទ្រដល់ស្ត្រីដែលរងគ្រោះដោយអំពើហិង្សានៅក្នុងគ្រួសារ គឺប្រើវិធីសាស្ត្រអោយសហគមន៍ទាំងមូលមិត្តភ័ក្ដិជិតខាងមានការចូលរួមក្នុងការលុបបំបាត់ និងទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ ។ ហើយការអនុវត្តន៍ វិធីសាស្ត្រនេះគឺជាការបង្កើនអោយស្ត្រីចេះតស៊ូជួយខ្លួនឯង និងបង្កើតនូវបណ្ដាញសាមគ្គីភាពរវាងស្ត្រីៗនៅក្នុងភូមិជាមួយគ្នា ក៏ដូចជាស្ត្រីដែលរស់នៅក្នុងភូមិដទៃទៀតដែរ ។ ស្ត្រីៗដែលមានអាយុផ្សេងៗគ្នា បានអង្គុយជួបជុំគ្នាពិភាក្សាថាតើត្រូវធ្វើយ៉ាងដូចម្ដេចប្រសិនជាមានស្ត្រីណាមួយនៅក្នុងភូមិទទួលរងការឈឺចាប់ដោយសារអំពើហិង្សា ។
ចំពោះយុទ្ធសាស្ត្រមួយទៀតនោះគឺការជួយគាំដល់ស្ត្រីតាមរយះការជួយអន្តរាគមន៍ដោយប្រយោលពីសំណាក់បុរសៗ ការបដិសេធរបស់សង្គមចំពោះជនប្រព្រឹត្តិហិង្សាគឺជាវិធីសាស្ត្រមួយដែរដើម្បីជួយគាំទ្រដល់ជនរងគ្រោះនៃអំពើហិង្សា ។ ដូចនេះនៅពេលដែលបានរកឃើញនូវករណីអំពើហិង្សានៅក្នុងគ្រួសារអង្គការចិត្តសាស្ត្រគ្មានព្រំដែន បានបង្កើតអោយមានក្រុមពិភាក្សាបុរស ក្នុងគោលបំណងដើម្បីលើកកម្ពស់អោយការផ្លាស់ប្ដូរឥរិយាបថចំពោះបុរសៗគ្នាពួកគាត់នៅក្នុងភូមិដែលប្រើអំពើហិង្សាចំពោះប្រពន្ធរបស់ពួកគេ ។
កិច្ចធ្វើអន្តរាគមន៍ដោយមានការចូលរួមពីសហគមន៍ទាំងអស់គ្នានេះនិងបន្តរហូតដល់ខែតុលា ឆ្នាំ២០១២នៅក្នុងភូមិ ចំនួន១៦៧ភូមិ នៃស្រុកទាំង៥ខាងលើក្នុងខេត្តរតនគិរី ។ បច្ចុប្បន្នអង្គការចិត្តសាស្ត្រគ្មានព្រំដែនបានបញ្ចប់ចំនួន ៤១ភូមិហើយ ក្នុងការបំផុសអោយមានការចូលរួមទាំងអស់គ្នាក្នុងលប់បំបាត់ និងទប់ស្កាត់អំពើហិង្សានៅក្នុងគ្រួសារ ។






