ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ក្រសួងនឹងលុបចោលការសិក្សា តាមកម្មវិធីកម្រិតខ្ពស់ចេញពីកម្មវិធីសិក្សាថ្នាក់ជាតិ នៅតាមវិទ្យាល័យទូទាំងប្រទេសចេញដោយអនុញ្ញាតឲ្យសិស្សទាំងអស់ សិក្សាតាមកម្មវិធីដែលមាន១០មុខវិជ្ជាដូចៗគ្នាវិញ។
ដោយត្រូវបានអនុវត្តជាលើកដំបូងនៅឆ្នាំ២០០៨ ទៅលើសិស្សថ្នាក់ទី១០ កម្មវិធីសិក្សាកម្រិតខ្ពស់ អនុញ្ញាតឲ្យសិស្សផ្ដោតពេលវេលានៃការសិក្សារយៈពេល២៤ម៉ោង ក្នុងមួយសប្ដាហ៍របស់ពួកគេ តែទៅលើមុខវិជ្ជាអាទិភាពចំនួន៥គឺ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងអក្សរសាស្ត្រខ្មែរ។ សិស្សដែលសិក្សាតាមកម្មវិធីកម្រិតមូលដ្ឋាន ត្រូវសិក្សាមុខវិជ្ជាទាំងនេះ ព្រមជាមួយនឹងមុខវិជ្ជាដទៃទៀត ដែលរួមមានភូមិវិទ្យា ប្រវត្តិវិទ្យា ផែនដីវិទ្យា ភាសាអង់គ្លេស និងពលរដ្ឋវិជ្ជា។
លោក អ៊ូ អេង អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំ បានថ្លែងកាលពីថ្ងៃចន្ទថា ការសម្រេចចិត្តឈប់អនុវត្តកម្មវិធីសិក្សាកម្រិតខ្ពស់ គឺដោយសារតែមានការពិបាក ក្នុងការឆ្លុះបញ្ចាំងមេរៀនកម្រិតខ្ពស់ នៅក្នុងការប្រឡងកម្រិតជាតិ នៅថ្នាក់ការប្រឡងកម្រិតជាតិ នៅថ្នាក់ទី១២នៅក្នុងប្រទេសនេះ។ លោកមានប្រសាសន៍ថា «យើងត្រូវរៀបចំតាក់តែងវិញ្ញាសាផ្សេងគ្នា ហើយវាលំបាកសម្រាប់សិស្ស បើសិនយើងអនុវត្តតាមកម្មវិធីថ្មីនេះ»។
លោកបន្តថា ការឲ្យសិស្សសិក្សាតាមកម្មវិធីកម្រិតមូលដ្ឋានដូចគ្នានឹងជួយឲ្យមន្ត្រីអប់រំរៀបចំធ្វើការប្រឡងតែម្ដងទៅលើសិស្សទាំងអស់គ្នា។
កម្មវិធីសិក្សាកម្រិតខ្ពស់ ត្រូវបានបង្កើតឡើ កាលពីដើមឆ្នាំ២០០៥ ដើម្បីជួយសិស្សឲ្យប្រឹងប្រែងទៅលើមុខវិជ្ជា ដែលពួកគេសង្ឃឹមថា នឹងផ្ដោតនៅឯកម្រិតសាកលវិទ្យាល័យ ហើយសិស្សថ្នាក់ទី១២ថ្មី ក្នុងឆ្នាំសិក្សានេះនឹងក្លាយទៅជាសិស្សដំបូងគេដែលនឹងត្រូវគេសាកល្បងមេរៀនទាំងនេះ នៅក្នុងការប្រឡងបញ្ចប់ថ្នាក់របស់ពួកគេ។
លោក ញឹម សារឿន ដែលជាគ្រូបង្រៀនមុខវិជ្ជា គណិតវិទ្យា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ បានថ្លែងថា កម្មវិធីសិក្សាកម្រិតខ្ពស់ សំបូរដោយមេរៀន ដែលមានខ្លឹមសារល្អៗជាច្រើន ប៉ុន្តែវាលំបាកសម្រាប់គ្រូ និងសិស្ស ដើម្បីបញ្ចប់វា ក្នុងអំឡុងពេលនៃម៉ោងសិក្សារួមគ្នា។ លោកមានប្រសាសន៍ថា «វាវែងពេកសម្រាប់សិស្ស ហើយពួកគេគិតថា វិញ្ញាសា មានលក្ខណៈពិបាក»។
យុវសិស្ស ចាប ភាណានិមល សិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានថ្លែងថា សិស្សានុសិស្សមានការបារម្ភ ចំពោះថា តើមេរៀនកម្មវិធីកម្រិតខ្ពស់ និងត្រូវគេយកមកប្រឡងយ៉ាងដូចម្ដេច នៅពេលប្រឡងសញ្ញាបត្រថ្នាក់ទី១២។ កញ្ញាថ្លែងថា «ខ្ញុំមិនដឹងថា ការប្រឡងនឹងចេញក្នុងទម្រង់បែបណាឡើយ ឬពួកគេនឹងគណនាចំណាត់ថ្នាក់បែបណាសម្រាប់សិស្សឡើយបើក្រសួងនៅតែបន្តកម្មវិធីសិក្សាកម្រិតខ្ពស់នេះទៀត»។
លោក អ៊ឹម សមឫទ្ធី នាយកប្រតិបត្តិ អង្គការដៃគូអប់រំ បានថ្លែងថា ការជ្រើសរើសសិស្សឲ្យចូលរៀន តាមកម្មវិធីសិក្សាកម្រិតខ្ពស់អាចអនុញ្ញាតឲ្យពួកគេ ផ្ដោតកាន់តែស៊ីជម្រៅថែមទៀត ទៅលើមុខវិជ្ជា ដែលពួកគេពូកែនៅពេល ត្រៀមខ្លួន សម្រាប់ថ្នាក់មហាវិទ្យាល័យ។ យ៉ាងណាក្ដីលោក អ៊ឹម សមឫទ្ធី បានកត់សម្គាល់ថា ការបែងចែកថ្នាក់រៀនអាចធ្វើឲ្យសិស្ស ដែលមិនបានចូលរៀនថ្នាក់កម្រិតខ្ពស់មានការអាក់អន់ចិត្ត។
ប៉ុន្តែទោះបីជាបែបណាក៏ដោយលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជា ឯករាជ្យ បានថ្លែងថា ការផ្លាស់ប្ដូរគោលនយោបាយបង្ហាញថា មន្ត្រីក្រសួងអប់រំពុំបានគិតគួរពិចារណាឲ្យបានច្បាស់លាស់អំពីការអនុវត្តប្រព័ន្ធនេះ។ លោក រ៉ុង ឈុន មានប្រសាសន៍ថា «ក្រសួងអប់រំ ពុំមានផែនការច្បាស់លាស់។ តើឲ្យសិស្សានុសិស្ស មានទំនុកចិត្តលើពួកគេដូចម្ដេច?»។
ទោះបីជាកម្មវិធីសិក្សាកម្រិតខ្ពស់ លែងមានតទៅទៀតសម្រាប់សិស្សក្ដី លោក អ៊ូ អេង មានប្រសាសន៍ថា ក្រសួងពុំមានគម្រោងឈប់ប្រើសៀវភៅសិក្សា គណិតវិទ្យា កម្រិតខ្ពស់ ដែលត្រូវបានបញ្ចូលក្នុងកម្មវិធីសិក្សា ជាផ្នែកមួយ នៃកំណែទម្រង់កម្មវិធីសិក្សា កាលពីឆ្នាំ២០០៨ នោះទេ។ សិស្សានុសិស្សនិងគ្រូបង្រៀន បានតវ៉ាថា មេរៀនគណិតវិទ្យាថ្មី មានការលំបាក និងត្រូវការពេលវេលាច្រើនខ្លាំងណាស់។
លោក អ៊ូ អេង មានប្រសាសន៍ថា «ក្រសួងនៅតែកំពុងពិភាក្សាស្វែងរកវិធីយកសៀវភៅសិក្សានោះមកអនុវត្ត ប៉ុន្តែយើងនឹងធ្វើឲ្យវាមានភាពងាយស្រួលជាងមុនសម្រាប់ឲ្យសិស្សានុសិស្សអាចយល់បាន»៕





