សិក្ខាកាមចូលរួមសិក្ខាសាលាភ្នំពេញ៖ ក្រសួងមហាផ្ទៃសហការជាមួយអង្គការជនពិការអន្តរជាតិបែលហ្សិកកាលពីថ្ងៃពី២៧ ខែសីហា ឆ្នាំ២០០៨ បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីការគាំទ្រផែនការសកម្មភាពជាតិអនុវត្តច្បាប់ចរាចរផ្លូវគោកនៅកម្ពុជាក្រោមអធិបតីភាពលោក ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
លោក ឯម សំអាន បាននិយាយថា សិក្ខាសាលាដែលរៀបចំនាពេលនេះពិតជាមានសារៈសំខាន់ណាស់ដើម្បីរួមគ្នាពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយទៅលើស្ថានការណ៍អនុវត្តច្បាប់ចរាចរកន្លងទៅត្រួតពិនិត្យលើកត្តាផ្សេងៗដែលធ្វើឲ្យអត្រាបទល្មើសមានកំណើនខ្ពស់ព្រមទាំងការផ្ដល់បទពិសោធន៍ និងមតិយោបល់ល្អៗដែលជាដំណោះស្រាយរបស់អ្នកជំនាញបរទេសដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់សំដៅទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរ។





