-បានឃើញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
-បានឃើញ ព្រះរាជក្រឹត្យចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ស្ដីពីការតែងតាំងនាយករដ្ឋមន្ត្រីទី១ និងនាយករដ្ឋមន្ត្រីទី២
-បានឃើញ ព្រះរាជក្រឹត្យចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្ដីពីការតែងតាំងរាជរដ្ឋាភិបាលកម្ពុជា
-បានឃើញ ព្រះរាជក្រមលេខ០២ នស-៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
-បានឃើញ ព្រះរាជក្រឹត្យលេខ នស-រកត-១០៩៤-៨៣ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៩៤ ស្ដីពីការកែសំរួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
-បានឃើញ ព្រះរាជក្រឹត្យលេខ នស-រកត-១០៩៤-០៩ ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៤ ស្ដីពីការកែសំរួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជា
-បានឃើញ ព្រះរាជក្រមលេខ នស-រកម-០១៩៦-១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ស្ដីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-តាមសេចក្ដីក្រាបបង្គំទូលស្នើសុំអំពីសម្ដេចនាយករដ្ឋមន្ត្រីទាំងពីរ និងអំពីទេសរដ្ឋមន្ត្រីទទួលបន្ទុកនីតិសម្បទានិងអភិវឌ្ឍន៍ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ប្រកាសអោយប្រើ
ច្បាប់ស្ដីពីសារពើពន្ធ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៩៧ នាសម័យប្រជុំលើក ទី៧ នីតិកាលលើកទី១ដែលមានសេចក្ដីទាំងស្រុងដូចតទៅ :
ផ្នែកទី ១
បទប្បញ្ញត្តិទូទៅ
មាត្រា១: បទប្បញ្ញត្តិស្ដីពីពន្ធលើប្រាក់ចំណេញ ដូចមានចែងនៅក្នុង ច្បាប់ស្ដីអំពីហិរញ្ញវត្ថុសំរាប់ឆ្នាំ ១៩៩៤ ដែលប្រកាស អោយប្រើដោយព្រះរាជក្រមលេខ០២ នស ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៩៣ ច្បាប់ស្ដី ពីការកែតំរូវ នៃច្បាប់ហិរញ្ញវត្ថុ សំរាប់ ឆ្នាំ១៩៩៤ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ០៨ នស ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ច្បាប់ស្ដីពី ហិរញ្ញវត្ថុ សំរាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសអោយប្រើដោយព្រះរាជក្រមលេខ១១ នស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និង ច្បាប់ស្ដីពីការកែតំរូវនៃហិរញ្ញវត្ថុសំរាប់ការគ្រប់គ្រងឆ្នាំ ១៩៩៥ ដែលប្រកាសអោយប្រើ ដោយ ព្រះរាជក្រម លេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ត្រូវបានធ្វើវិសោធនកម្មដូចតទៅដើម្បីជាគុណប្រយោជន៍ដល់ថវិការដ្ឋ។
មាត្រា២: ពន្ធលើប្រាក់ចំណេញ គឺជាបំណុលរបស់បុគ្គលនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជានិងប្រាក់ចំណូលប្រភពបរទេស និងរបស់បុគ្គលអនិវាសនជនចំពោះប្រាក់ចំណូលប្រភពកម្ពុជា។
មាត្រា៣: សំរាប់គោលដៅនៃបទប្បញ្ញត្តិស្ដីពីសារពើពន្ធ :
១- ពាក្យ «អ្នកជាប់ពន្ធនិវាសនជន» សំដៅដល់
ក- រូបវន្តបុគ្គលដែលស្នាក់នៅ ឬមានកន្លែងស្នាក់នៅជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជាឬដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាលើសពី១៨២ថ្ងៃនៅក្នុងឆ្នាំប្រតិទិន
ខ- នីតិបុគ្គល ឬក្រុមអាជីវកម្មដែលត្រូវបានបង្កើត ឬត្រូវបានគ្រប់គ្រងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឬដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ គ្រឹះស្ថានអចិន្ត្រៃយ៍ត្រូវចាត់ទុកជានីតិបុគ្គលនិវាសនជនចំពោះតែប្រាក់ចំណូលប្រភពកម្ពុជា។
២- ពាក្យ «អនិវាសនជន» មានន័យថា ដែលមិនមែនជានិវាសនជនកម្ពុជា។
៣- ពាក្យ «នីតិបុគ្គល» សំដៅដល់សហគ្រាស ឬអង្គការនានា ដែលប្រកបអាជីវកម្ម ទោះបីជាបាន ឬមិនទាន់បានទទួលស្គាល់ជាផ្លូវការពីស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាលក្ដី។ ពាក្យ «នីតិបុគ្គល» រួមបញ្ចូលផងដែរ នូវស្ថាប័នរដ្ឋាភិបាល អង្គការសាសនា អង្គការសប្បុរសធម៌ ឬអង្គការមិនស្វែងរក ចំណេញ។ ចំពោះបុគ្គលអនិវាសនជន ពាក្យ «នីតិបុគ្គល» សំដៅដល់គ្រឹះស្ថានអចិន្ត្រៃយ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពាក្យ «នីតិបុគ្គល» ពុំរាប់បញ្ចូលទេ នូវក្រុមអាជីវកម្ម ឬសហគ្រាស ឯកបុគ្គល។
៤- ពាក្យ «គ្រឹះស្ថានអចិន្ត្រៃយ៍» សំដៅដល់ទីកន្លែងប្រកបអាជីវកម្មជាប់លាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សាខារបស់ក្រុមហ៊ុនបរទេស ឬភ្នាក់ងារនិវាសនជននៅព្រះរាជាណាចក្រកម្ពុជា ដែលតាមរយៈ នេះបុគ្គលអនិវាសនជនប្រកបអាជីវកម្មរបស់ខ្លួន។ ពាក្យ «គ្រឹះស្ថានអចិន្ត្រៃយ៍» រួមបញ្ចូលផងដែរ នូវសមាគម ឬរូបភាពទំនាក់ទំនងផ្សេងទៀត ដែលតាមរយៈនេះ បុគ្គលអនិវាសនជនធ្វើសកម្មភាពសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។
៥- ពាក្យ «ក្រុមអាជីវកម្ម» សំដៅដល់ក្រុមសមូហនាមដែលមានម្ចាស់ភាគទុនជារូបវន្តបុគ្គលនិវាសនជនយ៉ាងច្រើន១០នាក់ ហើយក្នុងនោះចំណែកសមាមាត្ររបស់ម្ចាស់ភាគទុននៅក្នុងខ្ទង់មូលធនប្រាក់ចំណេញ និងការខាតបង់ ត្រូវស្របតាមលក្ខណៈវិនិច្ឆ័យ ដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ក្នុងនិយម ន័យនេះ «ក្រុមអាជីវកម្ម» មិនអាចជាសមាជិករបស់ក្រុមហ៊ុនបុគ្គលណាមួយ ហើយក៏មិនរាប់បញ្ចូល ផងទេនូវក្រុមហ៊ុនដើមទុន គ្រឹះស្ថានអចិន្ត្រៃយ៍ ឬសហគ្រាសឯកបុគ្គល។
៦- ពាក្យ «សហគ្រាសឯកបុគ្គល» សំដៅដល់សហគ្រាសអាជីវកម្ម ដែលជាកម្មសិទ្ធិ១០០ភាគរយរបស់រូបវន្តបុគ្គលណាម្នាក់។ ក្នុងនិយមន័យនេះ ប្ដី ប្រពន្ធ និងកូនក្នុងបន្ទុក ត្រូវចាត់ទុកថាជារូបវន្តបុគ្គល តែម្នាក់។
៧- ពាក្យ «អាជីវកម្ម» សំដៅដល់សកម្មភាពសេដ្ឋកិច្ចរបស់បុគ្គល ដែលមានគោលដៅទាញយកប្រាក់ចំណូលអំពីការផលិត និងលក់ទំនិញ ការផ្គត់ផ្គង់សេវា ភតិសន្យា ការជួលឬការលក់ទ្រព្យសម្បត្តិឬសកម្មភាពផ្សេងទៀត។
៨- ពាក្យ «ភាគលាភ» សំដៅដល់ចំណែកជាសាច់ប្រាក់ ឬជាទ្រព្យដែលនីតិបុគ្គលបានចែកអោយអ្នកចូលហ៊ុនទៅតាមកំរិត នៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល លើកលែងតែភាគលាភជាប័ណ្ណភាគហ៊ុន និងការបែងចែកនានា ក្នុងពេលជំរះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង។ ចំណែកណាមួយដែលចាត់ទុកថាជាភាគលាភ ឬមិនមែនជាភាគលាភ ត្រូវផ្អែកតាមល័ក្ខខ័ណ្ឌខាងលើនេះ ដោយពុំគិតថានីតិបុគ្គលមាន ឬគ្មានប្រាក់ចំណូល ឬប្រាក់ចំណេញចរន្ត ឬលទ្ធផលយោងសារជាថ្មីឡើយ។
៩- ពាក្យ «អ្នកចូលហ៊ុន» សំដៅដល់បុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់នីតិ បុគ្គល។ សំរាប់គោលដៅនៃពន្ធនេះ នីតិបុគ្គលណាមួយ ទោះបីមិនមែនជាក្រុមហ៊ុនដើមទុនក្ដី ត្រូវចាត់ទុកដូចជាក្រុមហ៊ុនដើមទុន ហើយបុគ្គលដែលមានចំណែកភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់នីតិបុគ្គល ឬក៏បុគ្គលអាចបានទទួលប្រាក់ចំណូល ឬប្រាក់ចំណេញ ក្នុងឋានៈជាអ្នកបានចូលរួមក្នុងនីតិបុគ្គលនោះត្រូវចាត់ទុកថាជាអ្នកចូលហ៊ុនរបស់នីតិបុគ្គលដែរ។
១០- ពាក្យ «សហគ្រាសវិនិយោគ» សំដៅដល់សហគ្រាសដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានទទួលស្គាល់ថាជាសហគ្រាសវិនិយោគ និងដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ។
១១- ពាក្យ «បុគ្គលទាក់ទិន» សំដៅដល់:
ក- សមាជិកណាម្នាក់ក្នុងគ្រួសារអ្នកជាប់ពន្ធ
ខ- សហគ្រាសដែលគ្រប់គ្រងលើអ្នកជាប់ពន្ធ ឬសហគ្រាសត្រូវបានអ្នកជាប់ពន្ធគ្រប់គ្រង ឬក៏សហគ្រាសនោះ និងអ្នកជាប់ពន្ធស្ថិតនៅក្រោមការគ្រប់គ្រងរួមគ្នា។ ពាក្យ «គ្រប់គ្រង» មានន័យថាមានកម្មសិទ្ធិចាប់ពី៥១ភាគរយឡើងទៅលើតំលៃ ឬសិទ្ធិបោះឆ្នោតនៃភាគកម្មនៅក្នុងដើមទុនផ្ទាល់របស់សហគ្រាស។ ដើម្បីកំណត់ទំហំនៃការគ្រប់គ្រងរបស់អ្នកជាប់ពន្ធជារូបវន្តបុគ្គលណាម្នាក់ ត្រូវគិតបញ្ចូលទាំងអស់ នូវកម្មសិទ្ធិលើភាគកម្មនៅក្នុងដើមទុនផ្ទាល់សរបស់រូបវន្តបុគ្គលនោះ និងកម្មសិទ្ធិផ្ទាល់ ឬប្រយោលរបស់សហព័ន្ធអ្នកជាប់ពន្ធ។
មាត្រា៤: របបកំណត់ពន្ធមានដូចតទៅ :
១- ការកំណត់ពន្ធលើប្រាក់ចំណេញ ត្រូវអនុវត្តតាមរបបពិត របបបំព្រួញ និងរបបម៉ៅការ។
២- វិធាន និងនីតិវិធីដើម្បីចាត់បញ្ចូលអ្នកជាប់ពន្ធអោយស្ថិតក្នុងរបបកំណត់ពន្ធណាមួយ នៃរបបទាំង៣ខាងលើនេះ ត្រូវកំណត់ដោយអនុក្រឹត្យ ដោយផ្អែកលើទ្រង់ទ្រាយអាជីវកម្ម ប្រភេទសកម្មភាពអាជីវកម្មនិងកំរិតផលរបរ។
ប្រាក់ចំណេញជាប់ពន្ធ និងអត្រាពន្ធ
មាត្រា៥: ឆ្នាំជាប់ពន្ធត្រូវបានកំណត់ដូចខាងក្រោម:
១- ពន្ធលើប្រាក់ចំណេញអនុវត្តចំពោះរបបពិត ត្រូវគណនាចេញពីលទ្ធផលនៃតុល្យការសំរេចបានក្នុងឆ្នាំសារពើពន្ធកន្លងទៅ។
២- ប្រសិនជាពុំមានតុល្យការណាមួយបានបញ្ឈប់ក្នុងកំឡុងនៃឆ្នាំណាមួយទេនោះ ពន្ធដែលត្រូវបង់សំរាប់ឆ្នាំជាបន្ទាប់ ត្រូវគិតយកលើប្រាក់ចំណេញក្នុងរយៈវេលាដែលកន្លងទៅ ចាប់តាំងពីថ្ងៃផុតរយៈពេលជាប់ពន្ធដែលកន្លងហួសទៅនោះ។ ចំពោះសហគ្រាសថ្មី ត្រូវគិតចាប់តាំងពីថ្ងៃដែលផ្ដើមធ្វើ ប្រតិបត្តិការមកទល់នឹងថ្ងៃទី ៣១ ខែធ្នូ នៃឆ្នាំដែលត្រូវគិតពន្ធ។
៣- កាលបើមានធ្វើតុល្យការជាច្រើនតៗគ្នាក្នុងកំឡុងនៃឆ្នាំមួយដដែលនោះ លទ្ធផលនៃតុល្យការទាំងឡាយនេះ ត្រូវបូករួមគ្នាធ្វើជាមូលដ្ឋាន នៃពន្ធដែលត្រូវបង់។
៤- ពន្ធលើប្រាក់ចំណេញអនុវត្តចំពោះរបបបំព្រួញ និងរបបម៉ៅការ ត្រូវគណនាតាមវិធីគណនេយ្យ មូលដ្ឋានសាច់ប្រាក់នៅក្នុងឆ្នាំប្រតិទិនកន្លងមក។
៥- សេចក្ដីណែនាំនានា ស្ដីអំពីការធ្វើរបាយការណ៍ ការដាក់លិខិតប្រកាសចុងក្រោយសំរាប់សហគ្រាសដែលបញ្ឈប់អាជីវកម្ម ឬរៀបចំឡើងវិញ ឬត្រូវបានលក់ ឬផ្ទេរក្នុងឆ្នាំប្រតិទិន ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។






