ចាត់ទុកជាមោទនភាពរបស់កម្ពុជាផងដែរ នៅពេលដែលយុវតីខ្មែរមួយរូប បានក្លាយជាជ័យលាភីមេដាយប្រាក់ ក្នុងកម្មវិធី Olympiad ស្ដីពីការទ្រទ្រង់ពិភពលោក នៃថាមពលវិស្វកម្ម និងបរិស្ថាន ឈ្នះលើគូប្រជែង មកពី ៥២ ប្រទេស ក្នុងពិភពលោក ដែលរៀបចំធ្វើនៅរដ្ឋតិកសាស សហរដ្ឋអាមេរិក...។
កញ្ញា ឡាវ៉ន ម៉ូនីកា អាយុ១៧ឆ្នាំ ជាសិស្សនៅសាលា ZAMAN អន្តរជាតិ ដែលជាបេក្ខនារីតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា បានឈ្នះការប្រកួតក្នុងកម្មវិធីមួយដែលហៅកាត់ថា I Sweep Olympiad ដែលបានរៀបចំធ្វើកាលពីថ្ងៃទី០២ ដល់ ០៤ ឧសភា ២០០៨ កន្លងទៅនេះ នៅរដ្ឋតិកសាស សហរដ្ឋអាមេរិក ដែលមានបេក្ខជន បេក្ខនារីចំនួនជាង ៨០០ នាក់ មកពី ៥២ ប្រទេស ជុំវិញពិភពលោក ដោយកញ្ញាទទួលបានមេដាយប្រាក់ ជាកិត្តិយសជូនជាតិមាតុភូមិ។
ជាមួយទឹកមុខញញឹមរួសរាយរាក់ទាក់ កញ្ញា ឡាវ៉ន ម៉ូនីកា ការរៀបរាប់ថា បន្ទាប់ពីបញ្ចប់សិក្សានៅអនុវិទ្យាល័យចតុមុខមក នាងបានមកចូលរៀននៅសាលាអន្តរជាតិ ZAMAN វិញ និងរៀនបាន ៥ ឆ្នាំហើយ។ ក្នុងការសិក្សានេះ នាងមានចំណង់ចំណូលចិត្តខាងផ្នែកវិទ្យាសាស្ត្រ ដូចជាការពិសោធន៍ស្រាវជ្រាវពីបាតុភូតអ្វីមួយ ទោះបីរូបនាងជាស្រី ក៏នៅតែមានិស្ស័យលើមុខវិជ្ជានេះ។
ទាក់ទិនដល់ការប្រកួតប្រជែង នៅសហរដ្ឋអាមេរិកនេះ កញ្ញា បានឲ្យដឹងថា មុនដំបូង គេបានបិទសេចក្ដីប្រកាសជូនដំណឹងនៅតាមអាគារសិក្សាស្វែងរកនិស្សិតណា ដែលមានចំណូលចិត្តផ្នែកវិស្វកម្មចង់ក្លាយជាវិស្វករ ឲ្យចេញទៅប្រកួតប្រជែងយកស្នាដៃ ក្នុងកម្មវិធីថ្មីនេះ។ បន្ទាប់ពីយល់ជ្រួតជ្រាបពីលក្ខខណ្ឌនៃការប្រលងមក នាងបានដាក់ពាក្យសុំទន្ទឹមនោះ ការចម្រាញ់យកសិស្សពូកែសម្រាប់ចេញទៅប្រកួត ក៏ធ្លាក់មកលើរូបនាង។ នាងបានរៀបចំជានិក្ខេបបទ រួចជាស្រេច ដើម្បីត្រៀមឡើងការពារ ដោយសម្រេចធ្វើគម្រោងស្ដីពីការធ្វើជីវម៉ាស៊ូត ដោយបំប្លែងប្រេងដូង ឲ្យក្លាយទៅជាម៉ាស៊ូត ព្រោះប្រេងដូង វាងាយបំប្លែងជាងប្រេងសណ្ដែកសៀង។ សម្រាប់ប្រទេសកម្ពុជា សម្បូរដើមដូង អាចប្រមូលផ្លែទុំចម្រាញ់ធ្វើប្រេង និងកែច្នៃឲ្យទៅជាម៉ាស៊ូត ស្របនឹងសីតុណ្ហភាព ក៏ដូចជាបរិស្ថាន នៅតំបន់ត្រូពិក។
កញ្ញាបញ្ជាក់ថា សព្វថ្ងៃ ប្រេងម៉ាស៊ូត ដែលយើងប្រើប្រាស់ និងដាក់លក់នៅតាមស្ថានីយប្រេងឥន្ធនៈនានា គឺមានប្រភពចេញមកពីហ្វូសស៊ីល ដែលអនាគត ហ្វូសស៊ីលទាំងនោះ អាចនឹងត្រូវបាត់បង់ រកអ្វីជំនួសគ្មាន ដូច្នេះការយកប្រេងដូងទៅកែច្នៃ គឺជាចំណុចដែលគេចង់បាន។ ជាធម្មតា ហ្វូសស៊ីល វាបង្កើតឲ្យមានផ្សែង ប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសុខភាពមនុស្សសត្វ រុក្ខជាតិ និងធ្វើឲ្យកម្ដៅផែនដី កើនឡើងជាលំដាប់ព្រោះវាខូចខាតដល់ស្រទាប់អូហ្សូន។ នាងបានចំណាយពេល៣ខែ ក្នុងការរៀបចំ និងដោយមានការពន្យល់ណែនាំពីសាស្ត្រាចារ្យ ជាជនជាតិបរទេសផងនោះ ធ្វើឲ្យគម្រោងរបស់នាង កាន់តែមានសង្ឃឹម។ ក្រៅពីនោះ នាងបានទៅទាក់ទងជាមួយអាជ្ញាធរប្រេងកាតជាតិ ដកស្រង់បទពិសោធន៍ទៅវិញទៅមក រហូតដល់ថ្ងៃចេញដំណើរទៅសហរដ្ឋអាមេរិក។
ឡាវ៉ន ម៉ូនីកា ឲ្យដឹងទៀតថា ថ្ងៃប្រកួតប្រជែងចូលមកដល់ នាងត្រូវឡើងការពារគម្រោង ដោយត្រូវធ្វើសម្ភាសន៍ផ្ទាល់មាត់ តម្រូវឲ្យបេក្ខជន បេក្ខនារីឆ្លើយឆ្លង ក្រោមការសាកសួរដេញដោលពីសំណាក់គណៈកម្មការមេប្រយោគ ៦រូប ដែលសុទ្ធតែជាសាស្ត្រាចារ្យបណ្ឌិត ផ្នែកថាមពល។ ក្រោយពេលសាកសួរ មេប្រយោគ មាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយពុំនឹកស្មានថា យុវតីខ្មែរមួយរូប ដែលមាតុភូមិទើបងើបពីសង្គ្រាម ឈានទៅរកការអភិវឌ្ឍន៍ អាចការពារនិក្ខេបបទបានសុក្រឹតយ៉ាងនេះសោះ។ ទីបំផុត ការប្រកាសលទ្ធផល នាងត្រូវបានទទួលមេដាយប្រាក់ ជាកិត្តិយសសម្រាប់ខ្លួន និងជាមោទនភាពសម្រាប់មាតុភូមិផងដែរ។
លោក សាស្ត្រាចារ្យ Mustafa Dur បង្រៀននៅសាលា ZAMAN បានឲ្យដឹង រូបលោកជាអ្នកណែនាំផ្ទាល់ ក្នុងការស្រាវជ្រាវ ពិសោធន៍ និងជំរុញសិស្សនារី ឡាវ៉ន ម៉ូនីកា រហូតទទួលបានជោគជ័យជាស្ថាពរ។ នេះជាលើកទី១ ដែលម៉ូនីកា បានទទួលមេដាយប្រាក់ ចំណាត់ថ្នាក់លេខ២ ប៉ុន្តែសម្រាប់ថ្ងៃអនាគត លោកជឿជាក់ថា សិស្សពូកែរូបនេះ នឹងទទួលបានមេដាយមាស ចំណាត់ថ្នាក់លេខ១ ជាមិនខាន។ ទោះបែបនេះក្ដី លោករីករាយណាស់ ដោយបានរួមចំណែកក្នុងការបង្រៀនកុលបុត្រ កុលធីតាខ្មែរ ឲ្យមានចំណេះដឹងផ្នែកថាមពលការពារបរិស្ថាន និងព្យាយាមបណ្ដុះបណ្ដាលសិស្សដទៃទៀត ឲ្យចេះដឹងនូវមុខវិជ្ជានេះ ក្នុងន័យលើកស្ទួយកិត្តិយសជាតិខ្មែរ ឲ្យល្បីល្បាញក្នុងពិភពលោក៕

