សៀមបានទទួលយកវប្បធម៌ខ្មែរហើយរួមគ្នាគោរព និងប្រតិបត្តិតាមកសាងជាគ្រួសារ កសាងជាសង្គមជាតិថ្មីមួយលើអតីតទឹកដីខ្មែរ និងមន បង្កឲ្យប្រទេសសៀមទទួលនូវការរីកចម្រើនជាខ្មែរដែលជាម្ចាស់វប្បធម៌ និងម្ចាស់ទឹកដី។ តើខ្មែរជាអ្នកណា? អ្វីខ្លះជាវប្បធម៌ខ្មែរ? តើសៀមជាអ្នកណា? មកពីណា?
ខ្មែរជាមនុស្សស្រឡាញ់សេចក្ដីសុខក្សេមក្សាន្ត មិនចូលចិត្តឈ្លោះគ្នាឡើយ និងជាជនជាតិមួយកើត និងរស់នៅលើទឹកដីជ្រោយសុវណ្ណភូមិតាំងពីយូរលង់ណាស់មកហើយ ដែលយោងតាមវត្ថុតាងនៅស្ថានីយបុរេប្រវត្តិល្អាងស្ពាន នាភាគពាយ័ព្យប្រទេសកម្ពុជាបង្ហាញឲ្យដឹងថា មនុស្សខ្មែរបានកើតនឹងរស់នៅតំបន់នេះតាំងពី៥០០០ឆ្នាំមុនគ្រិស្តសករាជ។ មនុស្សខ្មែរប្រតិបត្តិតាមវប្បធម៌ខ្មែរដែលជាវប្បធម៌បណ្ដុះពូជខ្មែរឲ្យមានអត្តចរិតល្អ ដឹងខុសត្រូវគោរពច្បាប់និងប្រពៃណីទំនៀមទម្លាប់គោរពប្រណិប័តន៍មេបា ពិសេសគោរពម៉ែឳ គ្រូអាចារ្យ ចាស់ទុំយ៉ាងខ្ជាប់ខ្ជួន។ វប្បធម៌ខ្មែរ គឺភាសាខ្មែរ អក្សរសាស្ត្រខ្មែរ ជំនឿអ្នកតា ព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់ខ្មែរ សិល្បៈ។ល។ វប្បធម៌ខ្មែរផលិតចំណេះឲ្យខ្មែរមានប្រាជ្ញាវៃឆ្លាត និងចូលចិត្តការបង្កបង្កើតមិនឈប់ឈរ។ វប្បធម៌ខ្មែរបណ្ដុះខ្មែរឲ្យក្លាយជាមនុស្សថ្លៃថ្នូរមានពូជពង្សវង្សត្រកូលជាអ្នកស្រុកមុនគេនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈការបង្កើតរដ្ឋនគរភ្នំ (ចិនហៅថា ហ្វ៊ូណន) នាដើមសតវត្សទី១ នៃគ្រិស្តសករាជដែលជាគ្រឹះអារ្យធម៌ខ្មែរនាំទៅដល់ការបង្កើតអារ្យធម៌ខ្ពង់ខ្ពស់ថ្កុំថ្កើងរុងរឿងបំផុតនាសម័យអង្គរ (ឆ្នាំ៨០២-១៤៣១)។ មនុស្សខ្មែរនិយាយភាសាខ្មែរ ជាអម្បូរភាសាមន-ខ្មែរមានវ័យចំណាស់ក្នុងតំបន់។ សម័យហ្វ៊ូណនភាសាខ្មែរបានទទួលនូវការរីកចម្រើនថ្មីដោយមានការបូកបញ្ចូលគ្នារវាងភាសាខ្មែរបុរាណ និងភាសាសំស្ក្រឹត។ មនុស្សខ្មែរបានបង្កើតអក្សរខ្មែរនៅដើមសតវត្សទី៧មានភស្តុតាងជាសិលាចារឹកអក្សរខ្មែរដំបូងបំផុតនាគ្រិស្តសករាជ៦១១ (លេខកា៦០០) នៅអង្គរបុរីខេត្តតាកែវ ហើយគឺអក្សរខ្មែរនេះហើយជាប្រភពដ៏មានតម្លៃបំផុតមានអត្ថន័យជាប្រវត្តិសាស្ត្រជួយអភិវឌ្ឍន៍សមត្ថភាពអ្នកស្រុកខ្មែរកាន់តែប្រសើរឡើងអាចបង្កបង្កើតទ្រព្យសម្បត្តិវប្បធម៌ជាច្រើនទុកឲ្យកូនខ្មែរជំនាន់ថ្មីធ្វើជាទុនអភិវឌ្ឍន៍មាតុភូមិរហូតសព្វថ្ងៃ។ ទ្រព្យសម្បត្តិទាំងនោះមានអក្សរសាស្ត្រខ្មែរសិល្បៈប្រពៃណីទំនៀមទម្លាប់ដ៏ល្អ។ល។ និងប្រសាទជាច្រើនពាសពេញព្រះរាជាណាចក្រកម្ពុជា ពិសេសប្រាសាទអង្គរវត្តដ៏ល្អវិចិត្រនាសតវត្សទី១២ និងប្រាសាទព្រះវិហារដ៏ល្អឯកនាសតវត្សទី៩-១១។
ឯសៀមវិញជាអ្នកណា? មកពីទីណា?
ចម្លើយត្រឹមត្រូវហើយងាយចាំបំផុត គឺសៀមជាមនុស្សខ្ចាត់ព្រាត់មករស់នៅលើអតីតទឹកដីរបស់ខ្មែរ។ ព្រោះយោងតាមលោក ហងរីប៉ាកម៉ង់ជេ HenriParmentier ជនជាតិបារាំងបានសរសេរសៀវភៅមានចំណងជើងថា "អង្គរ" បោះពុម្ពផ្សាយដោយបណ្ណាគារអេគ្លីព E.K.L.I.P នៅភ្នំពេញឆ្នាំ១៩៦០ បង្ហាញឲ្យដឹងក្នុងទំព័រទី៩ថា "ពួកសៀមមានឈាមជ័រជាថៃបានចុះពីប្រទេសចិនខាងត្បូងមករស់លើទឹកដីខ្មែរ ទទួលយកអារ្យធម៌ខ្មែរ ចាត់ទុកខ្មែរជាម្ចាស់លើពួកគេ តែពួកសៀមមិនបង្អង់យូរបានបះបោរប្រឆាំងនឹងម្ចាស់ខ្លួនឯង បង្កសង្គ្រាមជាបន្តបន្ទាប់ និងទីបំផុតដណ្ដើមយកទឹកដីកម្ពុជា"។ ចំណែកលោក ដូហ្វាំង ម៉ឺនីញេ A.Dauphin-Meunier ជាជនជាតិបារាំងដែរបានសរសេរសៀវភៅ "ប្រវត្តិសាស្ត្រកម្ពុជា" Que saia-je? Histoire du Cambodge បោះពុម្ពនៅក្រុងប៉ារីស ឆ្នាំ១៩៦៨ លោកបានសរសេរក្នុងទំព័រទី៥០បញ្ជាក់ថា "ពួកសៀមបានបង្កើតរដ្ឋណានចាវនាសតវត្សរ៍ទី៨ នៅយូណានប្រទេសចិន ក្រោយមកបានជ្រៀតចូលមករស់នៅតាមជ្រលងភ្នំនៃភាគកណ្ដាលឥណ្ឌូចិន និងភូមា។ ឆ្លៀតឱកាសដែលភូមាត្រូវផ្ដួលរំលំដោយពួកម៉ុងហ្គោល ដឹកនាំដោយគុប៊ីឡៃខាន់ សៀមបានកាន់កាប់ផ្នែកជាច្រើននៃទឹកដីភូមា ហើយរៀនសូត្រតាមពួកម៉ុងហ្គោលខាងក្បូនទ័ព និងចម្លងយកអក្សរជ្រៀងខ្មែរទៅប្រើប្រាស់ ធ្វើឲ្យពួកសៀមកាន់កាប់បានរដ្ឋបាលខ្មែរនៅតំបន់ទន្លេមេណាម។ អ្នកស្រុកខ្មែរបានតស៊ូប្រយុទ្ធប្រឆាំងការវាយលុកបំផ្លិចបំផ្លាញពីសំណាក់ពួកសៀម តែខ្មែរទទួលការខាតបង់ធំធេង ព្រោះពួកសៀមទទួលជោគជ័យ បង្កើតជារដ្ឋ និងរាជធានីសុខោទ័យលើអតីតក្រុងរបស់ខ្មែរ"។ សូម្បីតែលោកអនុម៉ាន រាចាថន Aunman Rajadhon ជាសាស្ត្រាចារ្យបណ្ឌិតសៀមម្នាក់នៃសកលវិទ្យាល័យជូឡាឡុងកន និងជាប្រធានគណៈកម្មាធិការពិនិត្យឡើងវិញប្រវត្តិសាស្ត្រថៃនាឆ្នាំ១៩៦៨ ក៏លោកបានសរសេរពីប្រវត្តិសាស្ត្រសៀមមានអត្ថន័យដូចលោក ប៉ាកម៉ង់ជេ និងលោក ម៉ឺនីញេដែរ។
លោក អនុម៉ាន បានសរសេរសៀវភៅ "Essay on Thia Folklore" បោះពុម្ពផ្សាយនៅបាងកកឆ្នាំ១៩៦៨ បញ្ជាក់ឲ្យដឹងលើទំព័រទី៨-១១ថា សៀមមានប្រភពរស់នៅខាងត្បូងទន្លេយ៉ាងសេក្យាង Yang-tse Kiang ប្រទេសចិន ហើយចិនបានកត់ត្រាទុកក្នុងឯកសារហៅពួកសៀមថា "អ្នកព្រៃ"។ នាសតវត្សរ៍ទី៧ ឬ៨ ពួកសៀមបានបង្កើតរដ្ឋឈ្មោះ "ណានចាវ" ដែលជាឈ្មោះបូកផ្សំគ្នារវាងភាសាសៀម និងចិន។ ពាក្យណានតាមភាសាចិនមានន័យថា ទិសខាងត្បូង ឯពាក្យចាវតាមភាសាសៀមមានន័យថា ស្ដេច។ នាដើមសវត្សរ៍ទី១៣ ក្រោមការដឹកនាំរបស់មេដឹកនាំពីរនាក់ ពួកសៀមដណ្ដើមបានទឹកដីខ្មែរបង្កើតរដ្ឋសុខោទ័យយកក្រុងឈៀងម៉ៃធ្វើជារាជធានី។ ចុងសតវត្សរ៍ទី១៣នាឆ្នាំ១២៨៣ ស្ដេចទី៣នៃសុខោទ័យឈ្មោះរាមកំហែងបានកាឡៃអក្សរខ្មែរបង្កើតជាអក្សរសៀម ដែលសៀមចាត់ទុកថា ជាឆ្នាំប្រវត្តិសាស្ត្រនៃវប្បធម៌សៀម។ មុនមានអក្សររបស់ខ្លួន ពួកសៀមប្រើអក្សរខ្មែរ ហើយដោយសារតែគេប្រើប្រាស់អក្សរខ្មែរនោះហើយ ទើបសៀមអាចដណ្ដើម និងគ្រប់គ្រងបានសុខោទ័យ។ កើតបានជារដ្ឋហើយ ក៏សៀមនៅតែប្រើប្រាស់អក្សរខ្មែរក្នុងផ្នែកព្រះពុទ្ធសាសនាពិសេសសរសេរលើសាស្ត្រាស្លឹករឹតព្រោះសៀមមានជំនឿថា អក្សរខ្មែរជាអក្សរសក្ការៈ។ ទោះបីដណ្ដើមដីពីខ្មែរបង្កើតបានរដ្ឋ យកអក្សរខ្មែរកាឡៃបង្កើតបានអក្សរប្រើប្រាស់ហើយក៏ដោយ ក៏សៀមនៅតែលោភលន់បន្តប្រើកងទ័ពវាយដណ្ដើមដីខ្មែរបន្ថែមទៀតជាក់ស្ដែងនាឆ្នាំ១៤៣១ គឺ១៩៣ឆ្នាំបន្ទាប់ពីដណ្ដើមបានសុខោទ័យ សៀមវាយដណ្ដើមបាន និងកាន់កាប់ក្រុងអង្គរ លួចប្លន់យកសម្បត្តិវប្បធម៌ខ្មែរស្ទើរតែអស់នាំឲ្យកើតជាព្រឹត្តិការណ៍និរាសអង្គរមនុស្សខ្មែរនិរាសព្រាត់ប្រាស់បែកបាក់គ្រួសារទទួលការឈឺចាប់ជាពន់ពេករាប់រយឆ្នាំ។ តាំងពីពេលនោះមក កូនខ្មែរជំនាន់ក្រោយពុំសូវស្គាល់ និងយល់ដឹងដីវប្បធម៌ខ្មែរបានសព្វគ្រប់ឡើយ ជាហេតុនាំឲ្យមានឧបសគ្គចំពោះដំណើរអភិវឌ្ឍន៍នៃសង្គមខ្មែរ។ លោកអនុម៉ាន សរសេរនៅទំព័រ៨៥ក្នុង Essay on Thai Folklore ថា "ថៃបានទទួលយកបន្តិចម្ដងៗភាសាមន និងភាសាខ្មែរមួយចំនួនធំបញ្ចូលក្នុងភាសាថៃ និងអក្សរសិល្ប៍ថៃ"។ តាមពិតសៀមនិយាយភាសាថៃជាអម្បូរភាសាមួយនៅយូណានប្រទេសចិន តែសៀមបានខ្ចីពាក្យខ្មែរជាច្រើនយកទៅប្រើថែមទៀត ដូចជាពាក្យខ្មែរថា តិះដៀល សៀមថាទិតៀន កល សៀមថាកុន (ភាពយន្ត) កំពែង សៀមថា កាំផែង ថ្នល់សៀមថា ថាណុន រូបរាងសៀមថា រូបរ៉ាង សាលារៀន សៀមថា រោងរៀន ចម្រើន សៀមថាថារើនព្រះវិហារ សៀមថាព្រះវិហាន ដើមក្ទម្ពទេស សៀម ថាក្រៈទុំថេត។ល។ ពិសេសលោកអនុម៉ានសរសេរលើទំព័រទី៨៧ថា រាជស័ព្ទដែលកំពុងប្រើសព្វថ្ងៃក្នុងរាជវង្សានុវង្សថៃ គឺជារាជស័ព្ទខ្មែរ។ សៀមចម្លងយកប្រពៃណីទំនៀមទម្លាប់ល្អរបស់ខ្មែរ ដែលចេះគោរពម៉ែឪ គ្រូអាចារ្យចាស់ទុំ ស្រឡាញ់រាប់អានគ្នាជាបងប្អូន ប្រុសដណ្ដឹងស្រី ស្លៀកពាក់ផាមួងចងក្បិន អាវកត្រង់ ស្លៀកសំពត់សារុងចោមពុង ធ្វើផ្ទះរោងដាលរោងឌឿង។ ផ្នែកអក្សរសិល្ប៍ សៀមចម្លងយករឿងរាមកេរ្ដិ៍ខ្មែរទៅធ្វើជារ៉ាម៉ាកេន។ ម្ហូបស្ងោរជ្រក់បង្គា (សៀមប្ដូរហៅតុមយាំ) ហហ្មុក សម្លកកូរ ទឹកគ្រឿង...ក៏ជារបស់ខ្មែរតែខុសគ្នាលើចំណុចហិរខ្លាំង ព្រោះសៀមចូលចិត្តប្រើម្ទេសច្រើន។ ខ្មែរជាម្ចាស់ស្រុកមានទឹកដីនេសាទធ្វើស្រែចម្ការ មានទីលំនៅច្បាស់លាស់មិនមែនជាអ្នកផ្លាស់ទី មានម្ហូបអាហារស្រស់ឆ្ងាញ់គ្រប់គ្រាន់ទើបខ្មែរមិនប្រើម្ទេសច្រើនសម្រាប់ភូតអណ្ដាតលើករសជាតិម្ហូបឡើយ។ ផ្នែកសិល្បៈបុរាណសៀមបានចម្លងពីខ្មែរដូចជារបាំក្បាច់បុរាណ ស្បែកធំភ្លេងពិណពាទ្យ តែសៀមធ្វើមិនបានល្អដូចខ្មែរយើងឡើយ។ ជំនឿព្រហ្មញ្ញសាសនា ពិសេសពិធីក្នុងព្រះរាជវាំង និងពិធីបុណ្យទ្វារទសមាស ដូចជាព្រះរាជពិធីច្រត់ព្រះនង្គ័ល ព្រះរាជពិធីបុណ្យអុំទូក ព្រះរាជពិធីបុណ្យបង្ហោះខ្លែង។ល។ សៀមធ្វើតាមខ្មែរទាំងអស់។ លោក ពីទ័រ ចានសាន់ Peter Janssan សរសេរក្នុងកាសែត Hindustan Times ចេញផ្សាយថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០០៨ បានស្រង់សម្ដីលោក ស៊ូឡាក់ សិវៈរក្សា Sulak Sivaraksa ប្រវត្តិវិទូល្បីល្បាញរបស់សៀមស្ដីពីចក្រភពខ្មែរថា "ការរាតត្បាតរបស់សៀមលើទឹកដីខ្មែរ ធ្វើឲ្យខ្មែរចុះទន់ខ្សោយ តែសៀមទទួលយកប្រពៃណីទំនៀមទម្លាប់វប្បធម៌ខ្មែរ រួមទាំងជំនឿលើលទ្ធិទេវរាជ និងរបៀបរៀបចំពិធីនៅក្នុងវាំង ហើយជំនឿជាទីពេញចិត្តកំពុងពេញនិយមសព្វថ្ងៃ ពិសេសក្នុងជួរអ្នកនយោបាយសៀម គឺយ័ន្តមន្តអាគមគាថា"។
សេចក្ដីសង្ខេបប្រវត្តិសាស្ត្រដែលបានរៀបរាប់ខាងលើបង្ហាញឲ្យឃើញថា សុខោទ័យជាទីកំណើតរបស់រដ្ឋសៀមបានបង្កើតឡើងនាសតវត្សរ៍ទី១៣ គឺមានអាយុប្អូនប្រាសាទព្រះវិហារច្រើនសតវត្សរ៍។ ប្រវត្តិសាស្ត្រក៏បានបង្ហាញឲ្យឃើញថា សៀមជាពួកនៅយូណានខ្ចាត់ព្រាត់ចុះមករាតត្បាតដណ្ដើមទឹកដីខ្មែរ ហើយយកវប្បធម៌ខ្មែរជាកត្តាផ្ដល់ចំណេះឲ្យពួកគេកសាងរដ្ឋថ្មីមួយរីកចម្រើនជាប្រទេសថៃឡងដ៏សព្វថ្ងៃ។ បច្ចុប្បន្ននេះនាសតវត្សរ៍ទី២១ទៅហើយសៀមនៅតែបង្កើតព្រឹត្តិការណ៍បែបអនារ្យជនតាមព្រំដែនបង្ហាញឲ្យខ្មែរយើងឃើញជាក់នឹងភ្នែក គឺសកម្មភាពបន្តរាតត្បាតយកទឹកដី និងសម្បត្តិវប្បធម៌ខ្មែរទំនងជាសៀមមិនទាន់បញ្ចប់នៅឡើយទេ។ ស្របដូចលោកអនុម៉ាន បានសរសេរលើទំព័រទី១០ក្នុងសៀវភៅរបស់គាត់ "Essay on Thia Folklore" ថា The Thai never ceased to be on the move ថៃមិនដែលបានឈប់ធ្វើចលនាទៅមុខសោះ។ ដូច្នេះខ្មែរត្រូវតែជឿលើខ្លួនឯង ពង្រឹងខ្លួនឯងឲ្យរឹងមាំ ដោយផ្អែកលើវប្បធម៌ខ្មែរ គួបផ្សំជាមួយបច្ចេកវិទ្យាទំនើបខ្មែរមានប្រាជ្ញ បារមី ថាមពលខ្លាំងក្លា ការពារបានវប្បធម៌ជាតិ និងទឹកដី និងអាចអភិវឌ្ឍន៍ប្រទេសរីកចម្រើនឆាប់រហ័ស។ ខ្មែរត្រូវតែយល់ឲ្យច្បាស់ថា សត្វសារិកាចូលចិត្តស៊ីផ្លែម្ទេសទោះបីចេះនិយាយត្រាប់តាមភាសាខ្មែរបានពីរោះគួរជាទីស្រឡាញ់យ៉ាងណាក៏ដោយ ក៏សត្វស្លាបនេះពុំអាចក្លាយជាមនុស្សខ្មែរកើតឡើយ។ មនុស្សខ្មែរត្រូវតែប្រុងប្រយ័ត្នជានិច្ច និងជឿលើពាក្យប្រៀនប្រដៅរបស់ដូនតាយើងថា "ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ព្រាត់ កុំយកខ្លួនបៀត"៕





បារមីក្រុងខ្មែរ បាននឹងកំពុងការពារទឹកដឺខ្មែរមិនឲ្យមាននរណាមកមាក់ងាយបានឡើយ
តាមគំនិតរបស់ខ្ញុំ ជនជាតិខ្មែរជាជនជាតមានតាំងពីយូរយារណាស់មកហើ្យ ហើ្យជនជាតិមួយនេះបានកសាងនូវប្រាសាទទុកឲ្យកូនចៅរបស់ខ្លួនជាច្រើន ដែលមានមិនត្រឹម
តែលើទឹកដឺខ្មែរប៉ុណ្ណោះទេតែបានទៅដល់ទឹកដឺនៃប្រទេសជិតខាងរបស់ខ្មែរទៀតនេះ
ពិតជាបានបង្ហាញថាខ្មែរមិនមែនជាជនជាតិថោកទាបនោះឡើយ។ ដូច្នេះក្នុងនាមយើងជា
ជនជាតិខ្មែរសូមក្រោកឡើងដើម្បីការពារទឹកដីរបស់ជាតិយើង។