លោក យ៉ាប៊ូគី គីម៉ីតុស៊ី អនុប្រធានក្រុមអ្នកសង្កេតការណ៍បោះឆ្នោតរបស់រាជរដ្ឋាភិបាលជប៉ុនបានប្រកាសកាលពីថ្ងៃ ចន្ទ ថា ក្រុមអ្នកសង្កេតការណ៍មើលការបោះឆ្នោតពីប្រទេសនេះចំនួន ២៣ នាក់ នឹងចុះទៅកាន់ខេត្ត - ក្រុង ចំនួន១១ របស់ប្រទេសកម្ពុជានៅថ្ងៃ អង្គារ នេះ ដើម្បីឃ្លាំមើលដំណើរការនៃការបោះឆ្នោតដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ខែ កក្កដា ខាងមុខនេះ។
ថ្លែងក្នុងសុន្ទរកថា នាពិធីទទួលស្វាគមន៍ក្រុមអ្នកសង្កេតការណ៍មើលការបោះឆ្នោតរបស់រាជរដ្ឋាភិបាលជប៉ុនដែលរៀបចំធ្វើនៅឯស្ថានទូតជប៉ុនប្រចាំទីក្រុងភ្នំពេញ លោក យ៉ាប៊ូគី គីម៉ីតុស៊ី បានមានប្រសាសន៍ថា ៖ "យើងសង្ឃឹមថា ក្រុមនេះនឹងធ្វើការវាយតម្លៃប្រកបដោយយុត្តិធម៌ និងមិនលម្អៀងដើម្បីចូលរួមក្នុងដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា"។ លោក យ៉ាប៊ូគី គីម៉ីតុស៊ី បានថ្លែងទៀតថា ៖ "ខ្ញុំគិតថា ក្រុមអ្នកសង្កេតការណ៍របស់យើងនឹងបំពេញការងារសង្កេតមើលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៤ នេះបានដោយសុវត្ថិភាព និងជោគជ័យដើម្បីឲ្យសហគមន៍ជាតិ និងអន្តរជាតិមានជំនឿទុកចិត្តលើការបោះឆ្នោតនេះថា ត្រឹមត្រូវ និងឆ្លុះបញ្ចាំងនូវឆន្ទៈរបស់ប្រជារាស្ត្រ"។
សូមបញ្ជាក់ថា សមាជិកទាំង ២៣ រូប ដែលរដ្ឋាភិបាលជប៉ុនបានដាក់ឲ្យឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៧ ខែ កក្កដា នោះមាន ៦ រូប មកពីក្រសួងការបរទេស ៥ រូប ជាប្រជាជនសាមញ្ញ ៥ រូប ជាមន្ត្រីមកពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ៤ រូប ជាប្រជាជនជប៉ុនសាមញ្ញដែលរស់នៅកម្ពុជា និង ៣ រូប មកពីអង្គការ JICA។
លោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ភ្លាមៗបានសម្ដែងការស្វាគមន៍ដល់ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតជប៉ុននេះ ប៉ុន្តែថា នេះមិនមែនជាលើកទី១ ទេ ដែលប្រទេសជប៉ុនបានបញ្ជូនអ្នកសង្កេតការណ៍មកកម្ពុជានោះ។ លោក អ៊ឹម សួស្ដី បានមានប្រសាសន៍ថា ៖ "ជាការពិតវត្តមាននៃអ្នកសង្កេតការណ៍ជប៉ុនមានសារៈសំខាន់ណាស់សម្រាប់វាយតម្លៃលើការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាការវាយតម្លៃអំពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែរ"។
គួររម្លឹកថា កាលពីឆ្នាំ ១៩៩៨ នៅពេលដែលប្រទេសកម្ពុជារៀបចំការបោះឆ្នោតជាលើកដំបូងដោយខ្លួនឯង ក្រោយពេលមានវត្តមានរបស់អាជ្ញាធរអ៊ុនតាក់មក ប្រទេសជប៉ុនធ្លាប់បានបញ្ជូនអ្នកសង្កេតការណ៍មកជួយសង្កេតមើលការបោះឆ្នោតនៅកម្ពុជាចំនួន ៤២នាក់ ហើយនៅក្នុងការបោះឆ្នោតជាតិឆ្នាំ ២០០៣ ប្រទេសនេះក៏បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមកចូលរួមចំនួន ៣៨ នាក់ដែរ។
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការដែលប្រទេសជប៉ុនបញ្ជូនអ្នកសង្កេតការណ៍មកកាន់ប្រទេសកម្ពុជាកាន់តែតិច ពីមួយអាណត្តិទៅមួយអាណត្តិ ប្រហែលជាប្រទេសនេះយល់ថា ដំណើរការបោះឆ្នោតនៅកម្ពុជាកាន់តែធ្វើបានប្រសើរជាងមុនហើយ។ លោកស្រី ពុង ឈីវកេក បានមានប្រសាសន៍ថា ៖ "យើងគិតថា សម្រាប់ការបោះឆ្នោតនីមួយៗ ការមានអ្នកសង្កេតការណ៍កាន់តែច្រើន កាន់តែប្រសើរ ព្រោះវត្តមានរបស់ពួកគេអាចជួយធ្វើឲ្យមានទំនុកចិត្តក្នុងចំណោមអ្នកបោះឆ្នោតកម្ពុជា"។
សូមបញ្ជាក់ថា ដើម្បីចូលរួមក្នុងការសង្កេតមើលការបោះឆ្នោតនៅកម្ពុជានៅឆ្នាំ ២០០៨ នេះ ប្រទេសជប៉ុនបានផ្ដល់មិនមែនត្រឹមតែអ្នកសង្កេតការណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការផ្ដល់នូវថវិកាផងដែរ។ លោក ស៊ីណូហារ៉ា តាតស៊ូហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជាបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានផ្ដល់ថវិកាដល់ដំណើរការបោះឆ្នោតនៅកម្ពុជានៅឆ្នាំនេះមានទឹកប្រាក់ប្រមាណ ៣ លានដុល្លារអាមេរិក។ លើសពីនេះទៀត ជប៉ុនក៏បានផ្ដល់ថវិកាសរុបចំនួន ១៤៨ ០០០ ដុល្លារអាមេរិកសម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពរបស់សង្គមស៊ីវិលផងដែរ។
គួររម្លឹកថា ដើម្បីចូលរួមក្នុងការសង្កេតមើលការបោះឆ្នោតនៅកម្ពុជានេះដែរ កាលពីខែមុនសហគមន៍អឺរ៉ុបបានប្រកាសថា គេក៏មានគម្រោងចំណាយប្រាក់ប្រមាណ ៤លានដុល្លារអាមេរិក និងអ្នកសង្កេតការណ៍សរុបចំនួន ១៣០ នាក់ផងដែរ។ លោក ហង្ស ពុទ្ធា ប្រធានគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជាបានមានប្រសាសន៍ថា ៖ "ខ្ញុំគិតថា ការដាក់ពង្រាយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិកាន់តែច្រើននឹងជួយជំរុញឲ្យការបោះឆ្នោតកាន់តែប្រសើរឡើងជាងការបោះឆ្នោតលើកមុនៗ។ វត្តមានរបស់អ្នកសង្កេតការណ៍ជប៉ុន និងសហគមន៍អឺរ៉ុបគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា"៕

