ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

របាយការណ៍​គម្រោង​ស្ថិតិ​រួម​របស់​អង្គការ​នានា​ស្ដីពី​ការ​ជួញ​ដូរ​ធ្វើ​អាជីវកម្ម​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ឆ្នាំ ២០០៥-២០០៦

១.ខ្លឹមសារ​សង្ខេប

គម្រោង​ស្ថិតិ​រួម​របស់​អង្គការ​នានា​ ស្ដីពី​ការ​ធ្វើ​អាជីវកម្ម​ជួញដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ក្នុង​ឆ្នាំ​ ២០០៥-២០០៦​ បាន​ប្រមូល​ព័ត៌មាន​ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​២៥​ ដែល​តំណាង​ឱ្យ​មណ្ឌល​៦៣​ ភ្នាក់ងារ​បញ្ជូន​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ជំនួយ​ផ្នែក​ច្បាប់​នៅ​ក្នុង​ខេត្ត​ចំនួន​១៧។ បណ្ដា​អង្គការ​ដែល​ចូលរួម​បាន​ រាយការណ៍​នូវ​ការ​ធ្វើ​អាជីវកម្ម​កេងប្រវ័ញ្ច​ ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ សរុប​ ៥១៨​ករណី។ ក្នុង​ចំណោម​ ជនរងគ្រោះ​ទាំងអស់​មាន​ស្ត្រី​ និង​ក្មេង​ស្រី​១៧៩​នាក់​ (៣៤,៦%)​ ត្រូវ​បាន​វាយតម្លៃ​ថា​ជា​ជន​រងគ្រោះ​ដោយ​ការ​ធ្វើអាជីវកម្ម​ជួញដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ដែល​មាន​ ១១១​ករណី​ នៅ​ឆ្នាំ​ ២០០៥​ និង​ ៦៨​ករណី​ នៅ​ឆ្នាំ​ ២០០៦។​ តួលេខ​នេះ​មាន​ចំនួន​ទាប​ជាង​តួលេខ​ដែល​ប្រមូល​ដោយ​បណ្ដាញ​ COSECAM​ ដែល​បាន​ប៉ាន់ប្រមាណ​ថា​ មាន​កុមារ​ប្រកបរបរ​ផ្លូវ​ភេទ​ចន្លោះ​ពី​ ២០០​ ទៅ​ ៣០០​នាក់​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អង្គការ​នានា​ជា​រៀង​រាល់​ឆ្នាំ​ (មុន​ឆ្នាំ​ ២០០៥)។​ ការ​ធ្លាក់​ចុះ​ចំនួន​ករណី​ជួញ​ដូរ​ផ្លូវ​ភេទ​ដែល​អង្គការ​ នានា​បាន​ជួយ​សង្គ្រោះ​ មិន​មែន​ជា​សញ្ញា​នៃ​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​នៃ​ការ​ជួញដូរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ​ តែ​ជា​លទ្ធផល​នៃ​ការ​កាត់បន្ថយ​សេវាកម្ម​របស់​បណ្ដា​អង្គការ​នានា។​ ទិន្នន័យ​ពី​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ក្រសួង​មហាផ្ទៃ​ បាន​បញ្ជាក់​ថា​ចំនួន​ករណី​បាន​នឹង​កំពុង​បញ្ជូន​ត្រលប់​ទៅ​ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​មាន​ការ​កើន​ឡើង​ក្នុង​ខណៈ​ដែល​ករណី​បាន​នឹង​កំពុង​បញ្ជូន​ទៅ​អង្គការ​នានា​មាន​ការ​ធ្លាក់​ចុះ។​ ចំនួន​ស្ត្រី​ត្រូវ​គេ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ដែល​បាន​ប្រើប្រាស់​សេវា​អង្គការ​នានា​ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ពី​ឆ្នាំ​ ២០០៥​ ដល់​ឆ្នាំ​ ២០០៦​ យោង​តាម​គម្រោង​ស្ថិតិ​រួម​របស់​អង្គការ​នានា។

ស្ត្រី​ និង​កុមារ​ភាគ​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ផ្លូវ​ភេទ​មាន​ ៧០%​ជា​ជន​ជាតិ​ខ្មែរ​ ២៨%​ជា​ជន​ជាតិ​វៀតណាម​ និង​ ២%​ជា​ជន​ជាតិ​ចិន។ ជនជាតិ​ខ្មែរ​ត្រូវ​បាន​វាយតម្លៃ​ករណី​ថា​ ជា​ករណី​ជួញដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ (៨១%)​ ដែល​មិន​សមាមាត្រ​ទៅ​នឹង​ជនជាតិ​វៀតណាម​ (១៩%)​ ឬ​ជន​ជាតិ​ចិន​ (០%)។​ ដោយ​បំបែក​ទៅ​តាម​ខេត្ត​ ចំនួន​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ខេត្ត​គឺ​សម​មាត្រ​ទៅ​នឹង​ចំនួន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ លើក​លែង​តែ​ខេត្ត​សៀមរាប​ ដែល​គ្មាន​ករណី​ជួញដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ហើយ​មាន​តែ​ករណី​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​តែ​២​ករណី​ប៉ុណ្ណោះ​ដែល​ស្ត្រី​ និង​ក្មេង​ស្រី​មាន​ដើម​កំណើត​នៅ​ទីនោះ ។

អាយុ​នៃ​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ជា​មធ្យម​ គឺ​ ១៩.៩​ឆ្នាំ​ ហើយ​ ៤៤.៧%​ មាន​អាយុ​ក្រោម ១៨​ឆ្នាំ​ និង​ ១៤.៥%​ មាន​អាយុ​ ១៥​ឆ្នាំ​ ឬ​ក្រោម​ ១៥​ឆ្នាំ ។​ កម្រិត​វប្បធម៌​នៃ​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​បំណែង​ចែក​ទូទាំង​ប្រទេស ។​ ក្នុង​ចំណោម​ស្ត្រី​ និង​ក្មេង​ស្រី​រង​គ្រោះ​ទាំងអស់​ មាន​ ៣១.៦%​ ជា​អនក្ខរជន​ ហើយ​មាន​តែ​ ៣​ភាគ​ប៉ុណ្ណោះ​ដែល​រៀន​ ដល់​ថ្នាក់​ទី​ ៣​ និង​ទី​ ៥ ។ ក្នុង​ចំណោម​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ទាំងអស់​មាន​ ១៩%​ បាន​រៀបការ​នៅ​ពេល​ដែល​បាន​រួច ផុត​ពី​ស្ថានភាព​ជួញដូរ​ ដែល​ជា​ចំនួន​ទាប​ជាង​យ៉ាង​ខ្លាំង​ បើ​ប្រៀបធៀប​ទៅ​នឹង​អត្រា​រៀបការ​តាម​អាយុ​ទូទាំង​ប្រទេស។​ ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ ជា​ស្ត្រី​មេម៉ាយ​ច្រើន​ជាង​ចំនួន​មធ្យម​ទូទាំង​ប្រទេស។​ ទំហំ​ផ្ទះ​ជា​រួម​នៃ​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ គឺ​ស្ទើរ​តែ​ដូចគ្នា​ទាំងស្រុង​ទៅ​នឹង​ទំហំ​ផ្ទះ​ ជា​មធ្យម​ទូទាំង​ប្រទេស។

យោង​តាម​ស្ថិតិ​របស់​ក្រសួង​ផែនការ​ កុមារ​ចំនួន​ ៦.៤%​ នៃ​កុមារ​ទូទាំង​ប្រទេស​ដែល​មាន​អាយុ​ក្រោម​ ១៨​ឆ្នាំ​ បាន​ជួប​ប្រទះ​ការ​បាត់បង់​ឪពុក​ ហើយ​ ១.៧%​ បាន​បាត់បង់​ម្ដាយ។​ ក្នុង​ចំណោម​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ ទាំងអស់​ ២៥%​ បាន​បាត់បង់​ឪពុក​ និង​ ២៣%​ បាន​បាត់​បង់​ម្ដាយ​ មុន​ពេល​ដែល​ត្រូវ​គេ​ជួញដូរ​ បន្ថែម​ទៅ​លើ​ អត្រា​ដ៏​ខ្ពស់​ដែល​ឪពុក​ម្ដាយ​រត់​ចោល​ ។​ ជា​រួម​មាន​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ ៥៧%​ បាន​រាយការណ៍​ បាន​រស់​នៅ​ជាមួយ​ឪពុក​ និង​ ៥៦%​ បាន​រស់​នៅ​ ជាមួយ​ម្ដាយ​នៅ​ពេល​ដែល​មាន​ការ​ជ្រើសរើស។​ បើ​ពិនិត្យ​មើល​ទៅ​លើ​កង្វះ​ខាត​សេវា​សង្គម​ស្ទើរ​តែ​ទាំងស្រុង​ដែល​មាន​នៅ​ក្នុង​ប្រទេស​ ការ​បែកបាក់​ផ្ទះ​សម្បែង​ហាក់​នាំ​អោយ​មាន​ភាព​លំបាក​ខាង​សេដ្ឋកិច្ច​ និង​សង្គម​សម្រាប់​ក្រុម​គ្រួសារ។

មាន​ ៩.៣%​ នៃ​ករណី​ទាំងអស់​ ស្ត្រី​ និង​ក្មេង​ស្រី​រង​គ្រោះ​មាន​បងប្អូន​ដែល​ត្រូវ​គេ​ជួញដូរ។​ មាន​ ៤.៣%​ នៃ​ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​ត្រូវ​បាន​គេ​រំលោភ​មុន​ត្រូវ​បាន​គេ​ជួញដូរ។

ទិន្នន័យ​នៅ​លើ​មុខ​របរ​មុន​ការ​ជ្រើសរើស​ បាន​បញ្ជាក់​នូវ​កម្រិត​សំខាន់​មួយ​គឺ​ ស្ត្រី​ និង​ក្មេង​ស្រី​រងគ្រោះ​គ្មាន​ការងារ​ធ្វើ។​ ក្នុង​ចំណោម​ជនជាតិ​ខ្មែរ​ ៥៥.១%​ ជា​សិស្ស​ ឬ​គ្មាន​ការងារ​ធ្វើ​នៅ​ពេល​ដែល​ពួក​គេ​ត្រូវ​បាន​ជ្រើសរើស​ និង​ខណៈ​ដែល​ជនជាតិ​វៀតណាម​ មាន​រហូត​ដល់​ ៧២.៨%។ ភាព​ខុស​គ្នា​យ៉ាង​ធំ​នៅ​ក្នុង​មុខរបរ​នេះ​ គឺ​ថា​ ជន​ជាតិ​ខ្មែរ​ជាង​ ២២%​ ជា​កសិករ​ ប៉ុន្តែ​គ្មាន​ជន​ជាតិ​វៀតណាម​ជា​កសិករ​ទេ។

គោលដៅ​នៃ​អំពើ​ជួញដូរ​ក្នុង​ប្រទេស​គឺ​ ទីក្រុង​ភ្នំពេញ​ ខេត្ត​សៀមរាប​ និង​កោះកុង។​ មាន​ករណី​ជួញដូរ​ជាង​ ២០%​ បាន​ ឆ្លង​កាត់​ប្រទេស​ ភាគច្រើន​ ទៅ​ប្រទេស​ម៉ាឡេស៊ី​ និង​ថៃ។​ ប្រសិន​បើ​ជន​ជាតិ​វៀតណាម​ទាំងអស់​ពិត​ជា​ត្រូវ​បាន​គេ​ជួញ​ដូរ​ពី​ប្រទេស​វៀតណាម​ ដូច្នេះ​ ១៧.៣%​ នៃ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​ទាំង​អស់​ មាន​ដើម​កំណើត​នៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ​នៅ​តែ​មិន​ច្បាស់លាស់​នៅ​ក្នុង​ករណី​ជា​ច្រើន​ ថា​តើ​ជន​ជាតិ​វៀតណាម​ ពិត​ជា​មាន​ដើម​កំណើត​នៅ​ក្រៅ​ប្រទេស​ឬ​ទេ។

ការ​វិភាគ​ករណី​ជួញដូរ​បាន​បង្ហាញ​នូវ​ក្រុម​៤​ផ្សេងៗ​គ្នា​ ដែល​បាន​បែងចែក​ទៅ​តាម​អាយុ​ និង​ថា​តើ​នាង​ស្ម័គ្រចិត្ត​ (ប៉ុន្តែ​ មិន​មាន​ឆន្ទៈ​មោះមុត)​ ចូល​បម្រើ​ការងារ​ផ្លូវ​ភេទ។

  • ករណី​ជួញដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ដែល​ជា​ក្មេង​ស្រី​ (ឧ.ក្រោម​អាយុ​ ១៨​ឆ្នាំ)​ ដែល​ត្រូវ​គេ​បង្ខំ​ ឬ​បោក​ប្រាស់​អោយ​បម្រើ​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ។
  • ករណី​ជួញដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ដែល​ជា​ក្មេង​ស្រី​ (ឧ.ក្រោម​អាយុ​ ១៨​ឆ្នាំ)​ ដែល​បាន​ចូល​បម្រើ​សេវា​ផ្លូវ​ភេទ​ដោយ​ចេតនា ។
  • ករណី​ជួញ​ដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ដែល​ជា​ស្ត្រី​ (ឧ.អាយុ​លើស​ ១៨​ឆ្នាំ)​ ដែល​ត្រូវ​គេ​បង្ខំ​ ឬ​បោកប្រាស់​ អោយ​បម្រើ​ការ​ កេងប្រវ័ញ្ច​ផ្លូវ​ភេទ។
  • ករណី​ជួញ​ដូរ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​ ដែល​ជា​ស្ត្រី​ (ឧ.អាយុ​លើស​ ១៨​ឆ្នាំ)​ ដែល​បាន​ចូល​បម្រើ​សេវា​ផ្លូវ​ភេទ​ដោយ​ចេតនា​

ចំពោះ​ក្មេង​ស្រី​ដែល​មាន​អាយុ​ក្រោម​ ១៨​ឆ្នាំ​ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ការងារ​ផ្សេង​ៗ​ (ឧ.កម្មការិនី​កាត់ដេរ,​ អ្នក​បម្រើ)​ ប៉ុន្តែ​បែរ​ជា​ត្រូវ​គេ​បង្ខំ​ ឬ​បោកប្រាស់​ឱ្យ​ធ្លាក់​ទៅ​ក្នុង​ការ​ជួញដូរ​ ដែល​ពួក​គេ​ភាគច្រើន​ជា​អ្នក​ដែល​រស់នៅ​តាម​ស្រុក​កំណើត​ របស់​ពួក​គេ​ ហើយ​ត្រូវ​បាន​ជ្រើសរើស​ដោយ​អ្នក​ដែល​ស្គាល់​គ្នា​ ឬ​សាច់ញាតិ។​ ពួក​គេ​ខ្លះ​បាន​ជួប​ប្រទះ​នូវ​ស្ថានភាព​គ្រួសារ​ ដែល​មាន​ម្ដាយ​ ឬ​ឪពុក​ស្លាប់,​ បោះបង់​ចោល​ ឬ​លែងលះ​គ្នា,​ ឬ​បញ្ហា​ក្នុង​គ្រួសារ​ផ្សេង​ទៀត។​ ក្រុម​នេះ​ភាគច្រើន​ត្រូវ​ការ​រកលុយ​ដើម្បី​ផ្គត់ផ្គង់​ដល់​គ្រួសារ​ដែល​ទី​ទ័ល​ក្រ​របស់​ពួកគេ​ និង​ចេតនា​គេច​ចេញ​ពី​ភាព​ក្រីក្រ​ ក៏​ជា​មូល​ហេតុ​សំខាន់​ដែល​ជំរុញ​ឱ្យ​មាន​ការ​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើការ​ផង​ដែរ។​ ក្មេង​ស្រី​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​ទទួល​រង​ការ​ចាប់​ពង្រត់​ និង​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ និង​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​បម្រើ​សេវា​ផ្លូវ​ភេទ​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ពួកគេ​នៅ​តាម​ទីកន្លែង​ជួញដូរ​ផ្លូវ​ ភេទ។​ មាន​ ៣៦​ករណី​ បាន​ធ្លាក់​ទៅ​ក្នុង​ប្រភេទ​នេះ​ ឬ​ស្មើ​ ២០%​ នៃ​ករណី​ជួញដូរ​ទាំងអស់។

ក្មេង​ស្រី​អាយុ​ក្រោម​ ១៨​ឆ្នាំ​ ដែល​ស្ម័គ្រចិត្ត​ប្រកបរបរ​ផ្លូវ​ភេទ​ទំនង​ជា​ត្រូវ​បាន​ជ្រើសរើស​ពី​ស្រុក​កំណើត​របស់​ពួក​គេ​ ប៉ុន្តែ​ ពួកគេ​ទំនង​ជា​មិន​ស្គាល់​ ឬ​ជា​សាច់ញាតិ​នឹង​មេខ្យល់​ឡើយ។ ​ក្រុម​នេះ​ស្ម័គ្រចិត្ត​ប្រកបរបរ​ផ្លូវ​ភេទ​ដោយសារ​តម្រូវ​ការ​ ផ្គត់ផ្គង់​គ្រួសារ​ដែល​ទី​ទ័ល​ក្រ​ និង​ចេតនា​គេច​ចេញ​ពី​ភាព​ក្រីក្រ​ ហើយ​ការ​ជំពាក់​បំណុល​ គឺ​ជា​កត្តា​ធំ​មួយ​ទៀត​ដែល​ត្រូវ​បាន​អោយ​ដឹង​ដែរ។​ មាន​ករណី​ខ្លះ​ ក្មេង​ស្រី​នៅ​ក្នុង​ក្រុម​នេះ​បាន​ធ្វើ​ចំណាក​ស្រុក​ដើម្បី​រក​ការងារ​ធ្វើ​ ដែល​នៅ​ពេល​នោះ​ ពួក​គេ​ត្រូវ​បាន​ឱ្យ​បម្រើ​ការងារ​ផ្លូវ​ភេទ​ជា​រឿយ​ៗ​ ដោយ​ស្ត្រី​ជា​មេខ្យល់​ដែល​ទាក់ទង​នឹង​របរ​ផ្លូវ​ភេទ​នោះ។​ វា​នៅតែ​មាន​ភាព​ស្រពេចស្រពិល​នៅ​ឡើយ​ ថា​តើ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​ដោយ​មាន​គោលបំណង​ប្រកបរបរ​ផ្លូវ​ភេទ​នេះ​ ឬ​យ៉ាង​ណា។​ ក្មេង​ស្រី​ជន​ជាតិ​វៀតណាម​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​ចាត់​ចូល​ទៅ​ក្នុង​ក្រុម​នេះ​ ជាពិសេស​អ្នក​ដែល​ធ្វើ​ចំណាក​ស្រុក​មក​ទីក្រុង​ ភ្នំពេញ​ និង​ខេត្ត​សៀមរាប។​ ក្រុម​អាយុ​ក្រោម​ ១៨​ឆ្នាំ​ ទាំងពីរ​ប្រភេទ​នេះ​ ត្រូវ​បាន​ឱ្យ​ដឹង​ថា​ ជួន​កាល​ឪពុក​ម្ដាយ​ជា​អ្នក​សម្រេច​ចិត្ត​ឱ្យ​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើការ​ ដែល​ជួន​កាល​ក៏​ដឹង​ ជួន​កាល​ក៏​មិន​ដឹង​ពី​លក្ខណៈ​នៃ​ការងារ​នោះ​ឡើយ។​ មាន​ ៤៤​ករណី​ ដែល​ធ្លាក់​ទៅ​ក្នុង​ប្រភេទ​នេះ​ ឬ​ស្មើ​ ២៥%​ នៃ​ករណី​ជួញ​ដូរ​ទាំង​អស់។

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ សុក្រ 13 Jun 2008