កាលពីថ្ងៃទី ១១ កញ្ញា កន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយផ្សាយបន្តពីការិយាល័យកិច្ចការពលកម្មអន្តរជាតិនៃក្រសួងការងាររបស់ខ្លួនដែលបានចេញរបាយការណ៍ស្ដីពីពលកម្មកុមារ និងពលកម្មដោយការបង្ខិតបង្ខំនៅតាមប្រទេសនានាជុំវិញពិភពលោក ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
ការចេញសេចក្ដីប្រកាសនេះគឺស្ថានទូតបានផ្អែកលើរបាយការណ៍របស់ការិយាល័យកិច្ចការពលកម្មអន្តរជាតិដែលចេញផ្សាយនៅថ្ងៃទី ១០ កញ្ញា ថា កម្ពុជាត្រូវបានគេសង្ស័យថា មានការងារបួនប្រភេទគឺ ឥដ្ឋ ក្បឿង បង្គា កៅស៊ូ និងអំបិល ដែលប្រើពលកម្មកុមារ។
តើការសង្ស័យពីបញ្ហានេះពិតឬទេ?
ជាការពិត រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលុបបំបាត់រាល់ទម្រង់កិបកេងប្រវ័ញ្ចពលកម្មកុមារ ដោយខ្លួនបានតាក់តែងផែនការសកម្មភាពថ្នាក់ជាតិស្ដីពីទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារសម្រាប់ឆ្នាំ ២០០៨ - ២០១២។ ផែនការសកម្មភាពថ្នាក់ជាតិនេះមានបំណងកាត់បន្ថយចំនួនកុមារស្ថិតក្នុងអាយុពី ៥ ទៅ ១៧ ឆ្នាំ ឲ្យនៅត្រឹមចំនួន ១០.៦% ក្នុងឆ្នាំ ២០១០ និងនៅត្រឹមចំនួន ៨% ត្រឹមឆ្នាំ ២០១៥។
បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានគាំទ្រឲ្យមានការផ្សព្វផ្សាយស្ដីពីការទប់ស្កាត់មិនឲ្យមានពលកម្មកុមារ ជាប្រចាំ និងបានចូលរួមក្នុងការអបអរសាទររំលឹកទិវាពិភពលោកប្រឆាំងពលកម្មកុមារជារៀងរាល់ឆ្នាំនៅ ១២ មិថុនា ផងដែរ។
ជាងនេះទៅទៀត រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក៏បានចែងពីការការពារសិទ្ធិកុមារ និងការរំលោភបំពាននានាមកលើកុមារដែរ។ នៅក្នុងមាត្រាទី ៤៨ នៃរដ្ឋធម្មនុញ្ញបានចែងថា «រដ្ឋធានារក្សាការពារសិទ្ធិរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារ ក្នុងស្ថានការណ៍មានសង្គ្រាម និង ការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ។ រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារ ឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ»។
ទាំងនេះពិតជាកាយវិការ និងជាឆន្ទៈនយោបាយមួយគួរឲ្យកោតសរសើរដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការងារជួយសង្គ្រោះកុមាររបស់ខ្លួនឲ្យរួចចាកផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងមានឱកាសបានចូលរៀន ទទួលយកចំណេះដឹង ដើម្បីយកទៅអភិវឌ្ឍខ្លួនឯងផង អភិវឌ្ឍគ្រួសារ អភិវឌ្ឍសហគមន៍ និងដើម្បីអភិវឌ្ឍសង្គមជាតិទាំងមូលផង ។
ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងនេះក្ដី ក៏យើងនៅតែឃើញមានសកម្មភាពជាក់ស្ដែងជាច្រើនករណី ដែលកុមារកម្ពុជាមួយចំនួនមិនត្រូវបានគេយកចិត្តទុកដាក់ ហើយមិនបានទទួលនូវអ្វីដូចដែលរដ្ឋធម្មនុញ្ញបានចែងអំពីពួកគេឡើយ។
ពិតជាមិនអាចប្រកែកបានទេដែលថា នៅកម្ពុជាមានកុមារធ្វើការនៅឡឥដ្ឋឡក្បឿង នៅកន្លែងបកបង្គាបកក្ដាមតាមតំបន់សមុទ្រ នៅតាមចម្ការកៅស៊ូ និងនៅតាមតំបន់ស្រែអំបិល។ ដោយសារតែភាពក្រីក្រ កុមារទាំងនោះមិនបានចូលសាលា ឬក៏បោះបង់ចោលសាលាមកធ្វើពលកម្ម ដើម្បីបានប្រាក់ជួយជីវភាពគ្រួសារ។ មានកុមារខ្លះទៀតបានធ្វើចំណាកស្រុកតាមឪពុកម្ដាយរបស់ខ្លួនពីកន្លែងមួយទៅកន្លែងមួយ ដោយពួកគេគ្មានឱកាសបានចូលរៀនឡើយ។ ជាងនេះទៅទៀត កុមារទាំងនោះបានចូលធ្វើការជាមួយឪពុកម្ដាយរបស់គេ ដើម្បីបានកម្រៃខ្លះជាជាងនៅទំនេរ។
មិនមែនតែនៅកន្លែងខាងលើតែប៉ុណ្ណោះនោះទេដែលមានពលកម្មកុមារ ប៉ុន្តែនៅកន្លែងជាច្រើនទៀត ដូចជាសិប្បកម្មតូចៗ ការងារតាមផ្ទះ ការដ្ឋានសំណង់ និងតាមភោជនីយដ្ឋានជាដើមក៏មានដែរ។ ទន្ទឹមនឹងនេះ កុមារជាច្រើននាក់ទៀតក៏បានធ្វើពលកម្មដោយខ្លួនឯង ឬក៏តាមបញ្ជាពីឪពុកម្ដាយរបស់ខ្លួនឲ្យជួយរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ដូចជាករណីកុមារអូសរទេះដឹកទំនិញនៅតំបន់ប៉ោយប៉ែត និងការដើរលក់ផ្កា និងទំនិញផ្សេងៗទៀតនៅពេលយប់ៗជាដើម។
គួរឲ្យសង្វេគជាងនេះ កុមារខ្លះទៀតត្រូវបានឪពុកម្ដាយ ឬក៏មេខ្យល់បង្ខំឲ្យដើរសូមទានតត្រុកនៅតាមទីសាធារណៈ និងឈរនៅតាមកែងផ្លូវត្រង់ចំណុចភ្លើងស្តុប ហាលភ្លៀង ហាលខ្យល់ និងក្រោមកម្ដៅថ្ងៃហែងរហូតដល់ពេលយប់ក៏មានរង់ចាំសុំលុយពីអ្នកដំណើរ ខណៈដែលកុមារខ្លះទៀតបានរសាត់អណ្ដែតទៅប្រទេសជិតខាងធ្លាក់ខ្លួនក្នុងពលកម្មដ៏លំបាក និងដើរសូមទានគ្មានគោលដៅ។
ទាំងអស់នេះពិតជាបានធ្វើឲ្យកុមារបាត់ឱកាសរៀនសូត្រ មិនទទួលបានចំណេះដឹងជាមូលដ្ឋាន បាត់បង់សិទ្ធិរស់នៅជាមូលដ្ឋានរបស់ខ្លួន ហើយបាត់បង់ពេលវេលាក្នុងការអភិវឌ្ឍខ្លួនទាំងកាយសម្បទា និងប្រាជ្ញាស្មារតី ដែលប្រកានេះវាផ្ទុយស្រឡះពីអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិកុមារ ពិសេសសិទ្ធិជាមូលដ្ឋានទាំងបួន គឺសិទ្ធិរស់រានមានជីវិត សិទ្ធិក្នុងការអភិវឌ្ឍ សិទ្ធិក្នុងការចូលរួម និងសិទ្ធិទទួលបានការការពារជាមូលដ្ឋាន វាផ្ទុយស្រឡះពីសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
និងផ្ទុយស្រឡះពីច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាស្ដីពីការធានារក្សាការពារសិទ្ធិកុមារដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមារ។
ហេតុនេះ ដើម្បីជួយសង្គ្រោះកុមារស្រីប្រុសរបស់យើងឲ្យរួចចាកផុតពីពលកម្ម និងមានឱកាសបានចូលរៀនគ្រប់ៗគ្នា ដំបូងគឺយើងត្រូវបង្កើនការយល់ដឹងបន្ថែមទៀត និងឲ្យបានកាន់តែស៊ីជម្រៅដល់ពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន តាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខេត្ត និងរាជធានី ពីសិទ្ធិជាមូលដ្ឋានរបស់កុមារ។ ការកាត់បន្ថយភាពក្រីក្រដល់ពលរដ្ឋ ដោយជួយបង្កើនប្រាក់ចំណូលរបស់ពួកគេតាមរយៈការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច ដែលអាចមានរបរខ្នាតតូចនៅមូលដ្ឋានភូមិ ឃុំ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបំណិនជីវិតដល់កសិករ ផ្ដល់ការលើកស្ទួយវិស័យកសិកម្មតាមរយៈបង្កើនប្រព័ន្ធធារាសាស្ត្រនៅក្នុងតំបន់ជនបទឲ្យបានគ្រប់គ្រាន់ មានទឹកធ្វើស្រែចម្ការបានគ្រប់រដូវ ផ្ដល់ជំនាញបច្ចេកទេសកសិកម្មក្នុងការដាំដុះ និងការចិញ្ចឹមសត្វ ដោយចំណាយពេលនិងដើមទុនតិច តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ល។ និង។ល។
ទន្ទឹមនឹងនេះ ការលើកទឹកចិត្ត និងជំរុញឲ្យមាតាបិតាបញ្ឈប់ពលកម្មរបស់កូន ដោយទុកឱកាសឲ្យពួកគេបានរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងបទពិសោធន៍ ដើម្បីមានសមត្ថភាពអភិវឌ្ឍសង្គមគ្រួសារ និងប្រទេសជាតិទៅអនាគត។ ឥឡូវ បវេសនកាលថ្មីនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ គឺយើងត្រូវជំរុញឲ្យមាតាបិតាបញ្ជូនកូនស្រីប្រុសគ្រប់អាយុទៅសាលារៀនឲ្យបានគ្រប់ៗគ្នា និងលើកទឹកចិត្តពួកគេឲ្យបង្កលក្ខណៈងាយស្រួល ដើម្បីកូនទាំងពីរភេទបានរៀនសូត្រខ្ពង់ខ្ពស់ ខណៈដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងអប់រំ យុវជន និងកីឡាបង្កើតសាលារៀន និងបណ្ដុះបណ្ដាលគ្រូឲ្យបានគ្រប់គ្រាន់នៅតាមតំបន់ជនបទ។
បើសង្គមមួយមានកុមារច្រើនមិនបានចូលសាលា ហើយធ្លាក់ខ្លួនក្នុងពលកម្មទាំងវ័យមិនទាន់គ្រប់អាយុ នោះសង្គមមួយនេះពិតជានឹងមានបញ្ហាទៅថ្ងៃខាងមុខ ព្រោះថា កុមារជាសសរទ្រូង និងជាអ្នកស្នងការដឹកនាំ និងអភិវឌ្ឍប្រទេសជាតិ។ ចុះបើសសរទ្រូង និងអ្នកស្នងមិនមានសមត្ថភាពផ្នែកប្រាជ្ញាស្មារតី តើពួកគេអាចដឹកនាំ និងអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន រុងរឿងបានយ៉ាងដូចម្ដេច? ឬមួយក៏បណ្ដោយតាមយថាកម្ម ហើយទុកឱកាសឲ្យមានតែកុមារក្នុងត្រកូលអ្នកមានលុយ និងមានអំណាចប៉ុណ្ណោះទើបអាចចូលរៀនបាន?
ចំណុចមួយទៀតដែលមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ពលកម្មកុមារគឺការបង្កើនការអនុវត្តច្បាប់ ដោយចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់តាមច្បាប់កំណត់ដល់សហគ្រិន និយោជក ម្ចាស់សិប្បកម្មតូចធំគ្រប់ប្រភេទដែលឆក់ឱកាសយកចំណេញលើភាពក្រីក្ររបស់ពលរដ្ឋ ដោយទទួលយកកុមារឲ្យធ្វើពលកម្ម។ ការទទួលយកកុមារឲ្យធ្វើពលកម្មបែបនេះគឺទីមួយ ដោយសារតែឪពុកម្ដាយរបស់ក្មេងបានអង្វរពេក ហើយខ្លួនក៏យោគយល់និងមានចិត្តអាណិត។ ចំណុចទីពីរ អ្នកផ្ដល់ការងារឲ្យធ្វើនោះគិតថា តម្លៃឈ្នួលពលកម្មរបស់កុមារគឺថោក ហើយកុមារធ្វើការមិនហ៊ានត្អូញត្អែរ និងតវ៉ាដូចមនុស្សពេញវ័យនោះទេ។
យើងពិតជាកោតសរសើរ និងគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធឯទៀតៗ ដោយរួមទាំងម្ចាស់ជំនួយផង ក្នុងការចូលរួមចំណែកលុបបំបាត់ទម្រង់ពលកម្មកុមារធ្ងន់ធ្ងរឲ្យអស់ទាំងស្រុងនៅឆ្នាំ ២០១៦។
រួមគ្នាជួយសង្គ្រោះកុមាររបស់យើង ដើម្បីការអភិវឌ្ឍ និងអនាគតដ៏រុងរឿងរបស់ប្រទេសជាតិ៕





