ជំរុញ​​សមភាព​យេនឌ័រ​ក្នុង​សង្គម​មួយ​ដែល​ស្ត្រី​អាច​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​មាន​តុល្យភាព​និង​អាច​កសាង​សមត្ថភាព​ដើម្បី​ក្លាយ​ជា​អ្នក​មាន​​ភាព​​ម្ចាស់​ការ
 

រាជរដ្ឋាភិបាល​ដាក់​វិធានការ​ពង្រឹង​សន្តិសុខ​គ្រប់​ប្រភេទ​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ការ​បោះឆ្នោត​សកល

ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ខាង​មុខ​នេះ​ នឹង​មាន​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ធំ​មួយ​ មាន​សារសំខាន់​បំផុត​សម្រាប់​ប្រទេស​ជាតិ​ និង​ប្រជាពលរដ្ឋ​កម្ពុជា​ នោះ​គឺ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ សម្រាប់​​​​​​​​​​​​នីតិកាល​ទី​៤​ នៃ​រដ្ឋសភា​ដែល​នឹង​បង្ហាញ​អំពី​ដំណើរ​ឈាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​ និង​ឥត​ងាករេ​របស់​កម្ពុជា​នៅ​លើ​មាគ៌ា​នៃ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។

ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ បាន​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​អំពី​ភាព​រីក​ដុះដាល​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​សង្គម​កម្ពុជា​ ដែល​ប្រជាជន​កម្ពុជា​គ្រប់រូប​មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន​ តាម​រយៈ​ការ​បោះឆ្នោត​យ៉ាង​ទៀងទាត់​ដោយ​សេរី​ត្រឹមត្រូវ​ និង​យុត្តិធម៌។

យោង​លើ​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ធំ​មួយ​នេះ​ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​ ២៤​ មិថុនា​ នេះ​ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​សំខាន់
​ៗ​មួយ​ចំនួន​​សំដៅ​ពង្រឹង​សន្តិសុខ​គ្រប់​ប្រភេទ​ ដោយ​ការ​ប្ដេជ្ញា​ចិត្ត​ខិតខំ​ធានា​ឲ្យ​បាន​នូវ​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ក្នុង​បរិយាកាស​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ល្អ​ ព្រម​ទាំង​រក្សា​បាន​ស្ថិរភាព​សង្គម​ និង​ស្ថិរភាព​នយោបាយ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ការ​បោះឆ្នោត​ និង​ក្រោយ​ពេល​បោះឆ្នោត។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ទាំងមូល​ បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ គ្រប់​គណបក្ស​នយោបាយ​ សង្គម​ស៊ីវិល​ និង​ជន​រួម​ជាតិ​នៅ​ទូទាំង​ប្រទេស​ថា​ សូម​មេត្តា​ខិតខំ​អនុវត្ត​តាម​ប្រការ​ណែនាំ​មួយ​ចំនួន​ ចាប់​ពី​ថ្ងៃ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នា​ថ្ងៃ​ទី​ ២៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០០៨​ រហូត​ដល់​ថ្ងៃ​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​បញ្ចប់​ជា​ស្ថាពរ។

សេចក្ដី​អំពាវនាវ​នេះ​មាន​ចំនួន​៦​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម​នេះ​ ៖

១-​ កងកម្លាំង​សន្តិសុខ​គ្រប់​ប្រភេទ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ រួម​ទាំង​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ និង​មេភូមិ​ ត្រូវ​ធានា​ឯករាជ្យ​ភាព​ អព្យាក្រឹត្យ​ភាព​ ក្នុង​ការ​បំពេញ​ភារកិច្ច​ និង​តួនាទី​របស់​ខ្លួន​ប្រកបដោយ​ស្មារតី​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ដើម្បី​ធានា​បរិយាកាស​នយោបាយ​ប្រកបដោយ​សន្តិភាព​ សន្តិសុខ​ សុវត្ថិភាព​ សំដៅ​ផ្ដល់​ទំនុក​ចិត្ត​ និង​ភាព​កក់​ក្ដៅ​ដល់​ប្រជាជន​គ្រប់​រូប។

២-​ កងកម្លាំង​សន្តិសុខ​គ្រប់​ប្រភេទ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ត្រូវ​បន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​​​​​​​​​​​​​​​​​​​គ្រប់​លំដាប់​ថ្នាក់​ និង​អង្គភាព​នានា​ក្នុង​ការ​រក្សា​ការពារ​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​សង្គម​ និង​ចាត់វិធានការ​ឲ្យ​បាន​ហ្មឺង​ម៉ាត់​បំផុត​ ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា​នូវ​រាល់​សកម្មភាព​ដែល​អាច​បង្ក​ឲ្យ​មាន​អស្ថិរភាព​សង្គម​ ព្រមទាំង​ឧបាយកល​គ្រប់​រូបភាព​ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ដល់​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត។

៣-​ កងកម្លាំង​សន្តិសុខ​គ្រប់​ប្រភេទ​ និង​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ពិនិត្យ​ដាក់​វិធានការ​ទប់ស្កាត់​ជាមុន​ ដើម្បី​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​វេលា​រាល់​ហេតុការណ៍​ សកម្មភាព​ដែល​អាច​កើត​មាន​ឡើង​ គិត​ទាំង​អំពើ​ឆក់ប្លន់​ អំពើ​គំរាមកំហែង​បំភិតបំភ័យ​លើ​ស្មារតី​ អំពើ​ហិង្សា​ និង​អំពើ​ឧក្រិដ្ឋ​នានា​ ដែល​បំពារ​បំពាន​លើ​រូបរាងកាយ​ ឬ​បង្ក​គ្រោះថ្នាក់​ដល់​បេក្ខជន​តំណាងរាស្ត្រ​ សកម្មជន​ និង​ឃោសនិក​របស់​គណបក្ស​នយោបាយ​អ្នក​សង្កេតការណ៍​ជាតិ​ អន្តរជាតិ​ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ និង​អ្នក​បោះឆ្នោត​គ្រប់​ៗ​រូប។​ សកម្មភាព​គ្រប់​រូបភាព​ដូច​បាន​រៀបរាប់​ខាង​លើ​ ទោះបី​ក្រោម​រូបភាព​ណា​ក៏​ដោយ​ ត្រូវ​តែ​ផ្ដន្ទាទោស​តាម​ច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​ ទោះបី​អ្នក​នោះ​មាន​ឋានៈ​ តួនាទី​ ឬ​ស្ថិត​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​ក៏​ដោយ។

៤-​ អង្គការ​សង្គម​ស៊ីវិល​ អង្គការ​មិន​មែន​រដ្ឋាភិបាល​ តំណាង​គណបក្ស​នយោបាយ​នានា​ អ្នក​សង្កេតការណ៍​ជាតិ​ អន្តរជាតិ​ ព្រម​ទាំង​ជន​រួម​ជាតិ​ទាំងមូល​គប្បី​ចូលរួម​សហការ​ គាំទ្រ​ដល់​អាជ្ញាធរ​ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ ក្នុង​ការ​រក្សា​សន្តិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ​ព្រមទាំង​ជួយ​ផ្ដល់​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​ជនល្មើស​ ការ​គំរាម​កំហែង​ និង​សកម្មភាព​មិន​ប្រក្រតី​របស់​ជន​ខិលខូច​ដែល​មាន​បំណង​បំពុល​បរិយាកាស​ក្នុង​ដំណាក់កាល​នៃ​យុទ្ធនាការ​ឃោសនា​ និង​ក្នុង​ពេល​បោះឆ្នោត។

៥-​ គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត​ទាំងអស់​ គប្បី​ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​ប្រកបដោយ​ភាព​ស្មោះត្រង់​ ថ្លៃថ្នូរ​ និង​កិត្តិយស​ឈរ​លើ​មូលដ្ឋាន​ប្រជាធិបតេយ្យ​ សេរី​ និង​នីតិ​រដ្ឋ​ ដោយ​គោរព​ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ និង​ហ្មឺង​ម៉ាត់​នូវ​ច្បាប់​ បទបញ្ជា​ នីតិវិធី​ដែល​បាន​កំណត់​ និង​ក្រមសីលធម៌​ក្នុង​ការ​បោះឆ្នោត​ ហើយ​ត្រូវ​ទទួល​យក​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ដែល​ឆ្លុះបញ្ចាំង​នូវ​ឆន្ទៈ​របស់​ប្រជាជន​ដែល​ជា​ម្ចាស់​សំឡេង​ឆ្នោត។

៦-​ ប្រជាជន​គ្រប់រូប​ គប្បី​ប្រកាន់​ភាព​ថ្លៃថ្នូរ​ ភាព​ខន្តី​ ទន់ភ្លន់​ សន្ដោស​ប្រណី​ អធ្យាស្រ័យ​ យោគយល់​គ្នា​ ដែល​ជា​អត្តសញ្ញាណ​ដ៏​ប្រពៃ​របស់​ជាតិ​យើង។​ រាល់​បញ្ហា​កើត​មាន​ទាំងឡាយ​ ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​ ចៀសវាង​ការ​ប្រើ​អំពើ​ហិង្សា​ ចេះ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅ​មក​ ជឿជាក់​លើ​បុគ្គល​ផ្ទាល់​ខ្លួន​ក្នុង​ការ​សម្រេច​ជ្រើសរើស​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញ​ចិត្ត​ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ​ គាបសង្កត់​ និង​ការ​គំរាម​កំហែង។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ដែង​នូវ​ជំនឿ​យ៉ាង​មុតមាំ​ថា​ ដោយ​សារ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ស្មារតី​យោគយល់​អធ្យាស្រ័យ​ និង​ទទួល​ខុសត្រូវ​ខ្ពស់​ ដោយ​ការ​ដាក់​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​ផលប្រយោជន៍​គណបក្ស​នយោបាយ​ យើង​នឹង​ទទួល​ខុស​ត្រូវ​ខ្ពស់​ ដោយ​ការ​ដាក់​ផល​ប្រយោជន៍​ជាតិ​ធំ​ជាង​ផលប្រយោជន៍​គណបក្ស​នយោបាយ​ យើង​នឹង​ទទួល​បាន​ការ​បោះឆ្នោត​មួយ​ដែល​មាន​លក្ខណៈ សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ គ្មាន​អំពើ​ហិង្សា​ តាម​បំណង​ប្រាថ្នា​ពិត​ប្រាកដ​របស់​ប្រជាជន​ ដែល​ជា​ម្ចាស់​សំឡេង​ឆ្នោត។

សូម​រំលឹក​ផង​ដែរ​ថា​ ការ​បោះឆ្នោត​សកល​បាន​ប្រព្រឹត្ត​ទៅ​ចំនួន​បី​លើក​រួច​មក​ហើយ​ គឺ​លើក​ទី​១​នៅ​ឆ្នាំ​ ១៩៩៣​ ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​បណ្ដោះអាសន្ន​នៃ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា​ (អ៊ុនតាក់)​ ហើយ​លើក​ទី​២​ និង​លើក​ទី​៣​ ត្រូវ​បាន​រៀបចំ​នៅ​ឆ្នាំ​ ១៩៩៨​ និង​២០០៣។​ នៅ​ឆ្នាំ​ ១៩៩៨​ ការ​បោះឆ្នោត​សកល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​កម្ពុជា​ផ្ទាល់​ និង​ត្រូវ​បាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​វាយ​តម្លៃ​ការ​រៀបចំ​ និង​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​នេះ​ «ជា​អច្ឆរិយៈ​តាម​ដង​ទន្លេ​មេគង្គ»។​ រី​ឯ​ការ​រៀបចំ​ និង​ដំណើរការ​នៃ​ការ​បោះឆ្នោត​នៅ​ឆ្នាំ​ ២០០៣​ ក៏​ត្រូវ​បាន​អ្នក​សង្កេតការណ៍​អន្តរជាតិ​វាយតម្លៃ​ផង​ដែរ​ថា​ «មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ឆ្នាំ ​១៩៩៨​ ទៅ​ទៀត»៕

ចែក​រំលែក​អត្ថបទ​នេះ​ដោយ​ប្រើ​ del.icio.us
 
ស្នើដោយ៖ syna  កាល​បរិច្ឆេទ៖ ព្រហស្បតិ៍ 26 Jun 2008